សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបដិសេធមិនទទួលយករបាយការណ៍របស់អង្គការលីកាដូ ដែលមានចំណងជើងថា “ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន” ដោយចាត់ទុកថា របាយការណ៍អង្គការសង្គមស៊ីវិល រឿងមិនត្រឹមត្រូវ។ ប៉ុន្តែលោក អំ សំអាត បានថ្លែងការពារថា អ្វីដែលបានលើកឡើងនៅក្នុងរបាយការណ៍អង្គការលីកាដូសុទ្ធសឹងជាការពិត។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ កាលថ្ងៃទី០៣ កក្កដា បានវាយប្រហារទៅអង្គការលីកាដូថា ចេញរបាយការណ៍មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពរួម ដោយផ្អែកតែលើផ្នែកអវិជ្ជមាន ហើយការសិក្សានេះទៀតសោត ក៏មិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញបាន។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោក តាំង តុងងី ប្រាប់អាស៊ីសេរីថា អង្គការលីកាដូយកចំណុចអវិជ្ជមានមកពង្រីកផ្សព្វផ្សាយធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលហាក់បីដូចជាខ្មៅងងឹត។លោកថា ស្ថាប័នលោកបានចូលរួមខ្លាំងមែនទែនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៖ «អ្វីដែលយើងលើកយកមកបង្ហោះនេះ ដោយសារតែកន្លងមកការសិក្សារបស់គាត់ គឺអត់បានបញ្ចេញព័ត៌មានលម្អិតទេដែកធ្វើឱ្យយើងពិបាកក្នុងការជឿថា តើគាត់ពិតជារកឃើញបែបហ្នឹងមែន ឬក៏មានអ្វីនៅពីក្រោយហ្នឹង។ អ៊ីចឹងទាក់ទងនឹងការសិក្សាលើកទីពីររបស់គាត់ គឺយើងរកឃើញអ្នកដែលគាត់សម្ភាសន៍»។
កាលពីខែឧសភា អង្គការលីកាដូ បានចេញផ្សាយនូវរបាយការណ៍មួយ អមដោយវីដេអូខ្លី ដែលមានចំណងជើងថា “ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយអំពីបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកឆ្លងដែន”។ ប៉ុន្តែ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមិនបានឆ្លើយតបភ្លាមៗនោះទេ រហូតមកទល់ពេលនេះ។
របាយការណ៍អង្គការលីកាដូសិក្សាស្រាវជ្រាវលើពលរដ្ឋចំនួន ៣០គ្រួសារ កាលពីខែកញ្ញា ឆ្នាំ២០១៩ គឺមុននៃការរីករាលនៃជំងឺកូវីដ-១៩ បង្ហាញពីលើទិដ្ឋភាពនៃការរស់នៅរបស់ពលរដ្ឋក្នុងភូមិមួយក្នុងខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ ដោយរកឃើញថា ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនលើសលប់ គឺជាកត្តាចម្បងលើកទឹកចិត្តនាំឱ្យមានការធ្វើចំណាកស្រុក។ ការស្រាវជ្រាវដែលចុះផ្សាយក្នុងខែឧសភាឱ្យដឹងថា សមាជិកគ្រួសារដែលបានផ្ដល់បទសម្ភាសបានរៀបរាប់ថា មន្ត្រីឥណទានមួយចំនួនបានលើកទឹកចិត្តដល់ពលរដ្ឋធ្វើការចំណាកស្រុកដែលជាលក្ខខណ្ឌដំបូង មុនពេលទទួលបានប្រាក់កម្ចីពីមីក្រូហិរញ្ញវត្ថុ។ ជាងនេះទៅទៀត កម្ចីជាច្រើនផ្ដល់ឱ្យពលរដ្ឋជាលុយបាតរបស់ថៃ។
របាយការណ៍ដដែលបង្ហាញថា ពលរដ្ឋដែលជំពាក់បំណុលភាគច្រើនមានអារម្មណ៍ភ័យខ្លាចចំពោះមីក្រូហិរញ្ញវត្ថុ ដោយសារពួកគេប្រើប្រាស់ដីធ្លីរបស់ពួកគេធ្វើជាទ្រព្យធានា ឬបញ្ចាំដើម្បីទទួលបានប្រាក់កម្ចី។ ភូមិនេះ ក៏ស្ទើរតែគ្មានមនុស្សពេញវ័យរស់នៅ គឺមានតែសមាជិកគ្រួសារដែលមានវ័យចាស់ៗ ចាំមើលថែក្មេងតូចៗប៉ុណ្ណោះ។ អង្គការលីកាដូបញ្ជាក់ថា ការបែកបាក់គ្រួសារគឺជាប្រភពនៃការព្រួយបារម្ភ សម្រាប់អ្នកដែលផ្ដល់បទសម្ភាសន៍ក្នុងរបាយការណ៍។
នាយករងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្កការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អ្វីដែលបានចេញផ្សាយនៅក្នុងរបាយការណ៍គឺ ពិនិត្យទៅលើស្ថានភាពជាក់ស្ដែង និងផលប៉ះពាល់ផ្ទាល់របស់ពលករចំណាកស្រុក។
លោកបានបញ្ជាក់ថា មានពលករចំណាកស្រុករាប់សែននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃកំពុងជួបវិបត្តិអត់ការងារធ្វើ និងរកប្រាក់ចំណូលសងមីក្រូហិរញ្ញវត្ថុ ដោយសារតែវិបត្តិជំងឺកូវីដ១៩៖ «នៅក្នុងរបាយការណ៍ កាលពីខែឧសភា គឺជាតថភាពដែលយើងរកឃើញជាក់ស្ដែង ទី១គឺបទពិសោធន៍នៃចំណាកស្រុក ហើយនិងការចំណាកស្រុកដោយសារការជំពាក់មីក្រូហិរញ្ញវត្ថុ។ ការចំណាកស្រុកនោះ គឺដើម្បីរកប្រាក់ដើម្បីសងទៅលើមីក្រូហិរញ្ញវត្ថុហ្នឹង»។
អាស៊ីសេរីក៏បានព្យាយាមសុំការបំភ្លឺពីអគ្គនាយកបច្ចេកទេស និងជាអ្នកនាំពាក្យធនាគារជាតិ អ្នកស្រី ជា សិរី តាមទូរស័ព្ទជាច្រើនដង កាលពីថ្ងៃទី៣ ខែកក្កដា ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកឯរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែលធ្វើការងារផ្នែកពលករចំណាកស្រុកមិនអាចសុំការអត្ថាអធិប្បាយបានដែរ ដោយទូរស័ព្ទត្រូវបានបិទ។
ទាក់ទងនឹងរបាយការណ៍អង្គការលីកាដូនេះដែរ ធនាគារអេស៊ីលីដា កាលពីថ្ងៃទី០២ កក្កដា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ របាយការណ៍របស់អង្គការលីកាដូដែលទើបតែចេញកាលពីថ្ងៃទី៣០ មិថុនា ថា ជាការសរសេរដោយប្រយោល មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅកម្ពុជា ហើយគ្មានការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈតាមបែបវិទ្យាសាស្ត្រនោះទេ។
អង្គការលីកាដូ កាលពីថ្ងៃទី៣០ មិថុនា ក៏បានចេញផ្សាយរបាយការណ៍សង្ខេបរួមមួយផ្សេងទៀត ស្តីពី «ភាពជំពាក់បំណុលច្រើនលើសលប់ក្នុងវិស័យកាត់ដេរ» នៅកម្ពុជា។ អង្គការនេះបានធ្វើការរួមគ្នាជាមួយសហព័ន្ធសហជីពកម្ពុជា និងអង្គការសង់ត្រាល់ ស្ទង់មតិទៅលើកម្មករ-កម្មការិនីចំនួន ១៦២នាក់ មកពីរោងចក្រកាត់ដេរចំនួន៣ ដែលបានព្យួរការងារកម្មករ នៅចន្លោះខែមីនា និងខែឧសភា។
បើតាមអង្គការលីកាដូ គិតត្រឹមដំណាច់ឆ្នាំ២០១៩នេះ ពលរដ្ឋកម្ពុជាសរុបជាង ២លាន ៦សែននាក់ កំពុងជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលមានតម្លៃ សរុបជាង ១០ពាន់លានដុល្លារ ឬស្មើនឹងជិត ៤ពាន់ដុល្លារក្នុងមួយគ្រួសារ។ អង្គការនេះថា តួលេខជំពាក់បំណុលនេះ គឺច្រើនជាងគេនៅលើពិភពលោក ព្រោះពលរដ្ឋខ្មែរខ្ចីបុលខ្ពស់ជាងចំណូលប្រចាំឆ្នាំរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។