លោក ហ៊ុន សែន ថាកាកបាទក្រហមសម្រាប់គ្រប់គ្នា ប៉ុន្តែពលរដ្ឋខ្លះថាអត់ដែលបានជំនួយ
2018.05.08

កាកបាទក្រហមកម្ពុជា ប្រារព្ធខួបលើកទី១៥៥ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» នៅព្រឹកថ្ងៃទី៨ ឧសភា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កាកបាទក្រហមកម្ពុជាដែលគ្រប់គ្រងដោយភរិយាលោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះ។ រីឯសង្គមស៊ីវិលនិងប្រជាពលរដ្ឋមួយចំនួន យល់ថា ជំនួយឧបត្ថម្ភរបស់កាកបាទក្រហម នៅមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយឡើយដូចជាពលរដ្ឋរង គ្រោះដីធ្លីនិងបាត់បង់ផ្ទះសម្បែងជាដើម កាកបាទក្រហម មិនសូវយកចិត្តទុកដាក់ចំពោះអ្នកទាំងនេះឡើយ។
នាឱកាសប្រារព្ធខួបលើកទី១៥៥ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកសរសើរ ថា ប្រធានបទ "កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល" នេះ គឺពិតជាមានន័យគ្រប់គ្រាន់សម្រាប់ សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជាដែលកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះ គឺកាកបាទក្រហម កម្ពុជា មិនទុកឲ្យនណាស្លាប់នោះទេ៖ «ខ្ញុំគិតថា ប្រធានបទនេះ វាមិនទៅណាឆ្ងាយទៀតទេ វានៅតែជាប្រធានបទដ៏សំខាន់ ព្រោះថា ទីកន្លែងដែលមានគ្រោះអាសន្ន ទីកន្លែងដែលមានគ្រោះថ្នាក់ គឺទីកន្លែងនោះមានកាកបាទក្រហមកម្ពុជា វាមិនមានតែនៅទីស្នាក់ការកាកបាទក្រហមនៅទីក្រុងភ្នំពេញនោះទេ ឬនៅតាម ខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាបាននៅគ្រប់ទីកន្លែងទាំងអស់»។
ខួបលើកទី១៥៥នេះ កាកបាទក្រហម ទទួលបានថវិកាពីសប្បុរសជនជាង ១៨លានដុល្លារអាមេរិក (១៨,0២៨,៦៦៨)។ លោក ហ៊ុន សែន ចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈនៃការចែករំលែក និងបានចូលរួមជួយដោះស្រាយដល់ប្រជាពលរដ្ឋដែលរងគ្រោះបំផុត និងសកម្មភាពមនុស្សធម៌ផ្សេងៗ ទៀតរួមទាំងគ្រោះធម្មជាតិនានា។
ប៉ុន្តែសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន នៅតែរិះគន់ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា កន្លងមក ដែលមានការឆ្លើយតបយឺត មានភាពខ្វះចន្លោះ និងមានការរើសអើងនយោបាយ ជាដើម។
អតីតអ្នកបុរីកីឡាចំនួន ១៤០គ្រួសារ ដែលអាជ្ញាធរបានយកទៅចាក់ចោលនៅតំបន់ភ្នំបាត ត្រង់ចំណុចភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ដោយសារផ្ទះរបស់ពួកគាត់ត្រូវក្រុម ហ៊ុន ផាន អ៊ីម៉ិច (Phan Imex) ឈូសបំផ្លាញចោលកាលពីឆ្នាំ២០១២នោះ អះអាងថា ពួកគាត់ មិនដែលទទួលបានជំនួយឧបត្ថម្ភណាមួយពីខាងកាកបាទក្រហមកម្ពុជាឡើយ។ ផ្ទុយទៅវិញពួកគាត់ តែងតែបានជំនួយខ្លះៗពីអង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជននៅក្រៅប្រទេសដែលឃើញទុក្ខលំបាកពួកគាត់តាមបណ្ដាញសង្គម។
តំណាងពលរដ្ឋរស់នៅភ្នំបាត អ្នកស្រី គឹម សារ៉ាន រៀបរាប់ថា ពួកគាត់តែងតែអំពាវនាវសុំជំនួយពី កាកបាទក្រហម ប៉ុន្តែកាកបាទក្រហម និងអាជ្ញាធរមិនដែលអើពើចំពោះពួកគាត់ឡើយ ទោះបីជា ដឹងថា សព្វថ្ងៃ ពួកគាត់រស់ទាំងត្រដាបត្រដួស រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក និងរហូតមានប្រជា ពលរដ្ឋចំនួន ១៣នាក់ បានស្លាប់ដោយសារដាច់បាយ និងផឹកទឹកមិនស្អាត៖ «ពួកខ្ញុំជួបការលំបាកវេទនាយ៉ាងខ្លាំង គ្មានជីវភាពធូរធារទេ មានតែដីក្បាល ៣ម៉ែត្រ បណ្ដោយ ១២ម៉ែត្រ អត់គ្រប់តាមកិច្ចសន្យារបស់ក្រុមហ៊ុនផង។ ពួកខ្ញុំទាំង ១៤០គ្រួសារនេះ មិនដែលឃើញអាជ្ញាធរណា និងកាកបាទក្រហមកម្ពុជា គាត់ទៅជួយដូចជាផ្ដល់ស្បៀងអាហារអី គឺអត់សោះ។ ពលរដ្ឋអត់ទាំងមានអ្វីៗទាំងអស់ អត់មានប្លង់ដី អ្នកខ្លះសុំទាន អ្នកខ្លះរើសអេតចាយ អ្នកខ្លះធ្វើសំណង់ អ្នកខ្លះធ្លាក់ខ្លួនធ្វើស្រីខូច បែកបាក់គ្រួសារ អ្នកខ្លះស៊ីឈ្នួលលាងចាន ហើយខ្ញុំ សុំតូបគេរស់នៅ គឺអត់អីចឹងតែម្ដង។ អត់ដែលមានកាកបាទក្រហម ផ្ដល់លុយកាក់ និងស្បៀង អាហារជួយប្រជាពលរដ្ឋនៅសហគមន៍ភ្នំបាតនោះទេ គឺជួយតែបក្ខពួកគាត់ប៉ុណ្ណោះ។ ពួកខ្ញុំសុំកុំឲ្យសហគមន៍ជាតិ អន្តរជាតិ និងអង្គការសហប្រជាជាតិ កុំជួយកាកបាទក្រហមបន្តទៀត។ ទីនោះងាប់អស់ ១៣ នាក់ហើយដោយសាររងគ្រោះទឹកអត់ស្អាត»។
ដោយឡែកប្រជាពលរដ្ឋក្រីក្ររងគ្រោះដីធ្លីនៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលឡើងមកស្នាក់នៅជាច្រើនថ្ងៃនៅវត្តចាស់ ក្នុងក្រុងភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយពីរបប លោក ហ៊ុន សែន នោះ ក៏ពួកគាត់មិនដែលទទួលបានជំនួយពីខាងកាកបាទក្រហមកម្ពុជាដែរ។
តំណាងពលរដ្ឋរងគ្រោះដីធ្លី លោក រួត សុផល រៀបរាប់ថា ពលរដ្ឋជាង ២រយនាក់ រងគ្រោះដីធ្លីជាង ១០ឆ្នាំ កំពុងដេកអត់បាយអត់ទឹកក្នុងវត្ត ដើម្បីតស៊ូទាមទារដីធ្លីពីក្រុមហ៊ុនចិន យូញៀន (Union Development Group) និងក្រុមហ៊ុនក្រុមហ៊ុនកោះកុង អេស.អ៊ី.ហ្សេត (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់៖ «កន្លែងណាដែលថាប៉ះពាល់ដីធ្លី គឺអត់ដែលឃើញកាកបាទក្រហមចុះទៅជួយទេ។ អ្នកនៅជនបទពិបាកណាស់ មិនដែលឃើញកាកបាទក្រហមចុះទៅដល់ទេ ហើយខ្ញុំមកទីក្រុងភ្នំពេញ ក៏អត់មានឃើញកាកបាទក្រហមមកជួយដែរ។ សូម្បីតែប្រជាពលរដ្ឋជាច្រើននាក់ កំពុងរស់នៅក្នុងចេតិយ ដែលពិបាកជាងពួកខ្ញុំទៀត ក៏អត់មានកាកបាទក្រហមមកជួយដែរ»។
ថ្វីដ្បិតតែកាកបាទក្រហម មានគោលការណ៍គ្រឹះទាំង៧ចំណុចរួមមាន ភាពមនុស្សធម៌ ភាពមិនលំ អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាពក្តី ប៉ុន្តែប្រជាពលរដ្ឋ មើលឃើញថា ស្ថាប័នមនុស្សធម៌មួយ មិនបានប្រកាន់ខ្ជាប់តាមគោលការណ៍របស់ខ្លួនឡើយ។
ជាក់ស្ដែង កាលពីខែកក្កដា ឆ្នាំ២០១៤ កាកបាទក្រហមឧបត្ថម្ភប្រាក់ ៥លានរៀល និងគ្រឿងឧបភោគ បរិភោគផ្សេងៗទៀត ដល់កងសន្តិសុខសាលារាជធានីភ្នំពេញ ម្នាក់ៗដែលរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងហេតុការណ៍រំដោះទីលានប្រជាធិបតេយ្យដែលបណ្តាលឲ្យរបួសទាំងសង្ខាង។ ដោយឡែកសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលបានរងរបួសក្នុងការប៉ះទង្គិចនេះវិញ មិនត្រឹមតែមិនទទួលបានជំនួយពីកាកបាទក្រហមឡើយ ថែម ទាំងត្រូវតុលាការរបបលោក ហ៊ុន សែន ចាប់មនុស្សជាង១០នាក់ ដាក់ពន្ធនាគារចន្លោះពី៧ឆ្នាំទៅ ២០ឆ្នាំទៀតផង។
នៅមានជនរងគ្រោះជាច្រើនទៀត ដូចជាកម្មកររោងចក្រ និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្លាប់ត្រូវ បានកងកម្លាំងរបបលោកហ៊ុន សែន បាញ់បង្ក្រាបឲ្យបួសរហូតដល់ពិការ និងស្លាប់ក្នុងហេតុការណ៍ តវ៉ាដំឡើងប្រាក់ឈ្នួលកម្មករ ១៦០ដុល្លារក្នុងមួយខែ នៅលើកំណាត់ផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ ២០១៤ ក៏មិនដែលទទួលបានអំណោយ និងយុត្តិធម៌ដែរ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ អះអាងថា ក្រុមមនុស្សដែលកំពុងត្រូវការជំនួយដូចជាជនរងគ្រោះដីធ្លី និងបាត់បង់ផ្ទះសម្បែង ដោយសារក្រុមអ្នកមានរំលោភយកនោះ កាកបាទក្រហមមិនបានជួយនោះទេ។ លោកថា កាកបាទក្រហមកម្ពុជា គួរតែពិនិត្យមើលទៅលើការអនុវត្តការងារកន្លងមក និងពិភាក្សា ជាមួយភាគីពាក់ព័ន្ធ ដើម្បីឆ្លុះបញ្ចាំង និងកំណត់យុទ្ធសាស្ត្រសម្រាប់ឆ្លើយតបចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅពេលអនាគត ដូចជារងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរងគ្រោះដោយការបាត់បង់ដីធ្លីជាដើម៖ «នៅពេលដែលកាកបាទក្រហម បំពេញតួនាទីជាអង្គការសប្បុរសធម៌ ខ្ញុំយល់ថា ការផ្តល់សេវា ឬការបំពេញការងាររបស់ពួកគេ គឺចាំបាច់ណាស់ ត្រូវមានការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ហើយនឹងអ្នកទទួលផល ឬក៏ក្រុមគោល អីចឹងបើគ្មានការពិគ្រោះយោបល់អោយបាន ស៊ីជម្រៅទេ គឺប្រសិទ្ធភាពការងារជាពិសេសការផ្ដល់សេវាជួយសង្គ្រោះក្នុងលក្ខខណ្ឌដែលបានកំណត់នោះ គឺមិនឆ្លើយតបនឹងទិដ្ឋភាពជាក់ស្ដែង ឬក៏តម្រូវការពិតប្រាកដរបស់អ្នកទទួលផលទេ»។
ព្រះសង្ឃសុំមិនបញ្ចេញព្រះនាម មានថេរដីកាថា នៅក្នុងវត្តអារាមមួយចំនួន ត្រូវបានអាជ្ញាធរមូលដ្ឋានហាមឃាត់មិនឲ្យចែកបច្ច័យ និងសម្ភារៈដល់ជនក្រីក្រ និងជនរងគ្រោះផ្ទាល់ព្រះហស្តរបស់ព្រះអង្គឡើយ ពោលគឺអាជ្ញាធរបង្គាប់ឲ្យព្រះសង្ឃយកបច្ច័យ និងសម្ភារៈមួយចំនួន ទុកជូនកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនជំនួសក្នុងន័យបង្អួតបង្ហាញពីការយកចិត្តទុកដាក់របស់របបលោក ហ៊ុន សែន៕