សាច់ញាតិព្រះភិក្ខុ កើត សារ៉ាយ អះអាងថា ព្រះអង្គនៅតែប្រកាន់ចិត្តជាអ្នកបួសដដែល ទោះជាត្រូវបានមន្ត្រីសង្ឃ និងអាជ្ញាធរបកស្បង់ចេញទាំងកម្រោលយកទៅឃុំខ្លួនយ៉ាងណាក្តី។ គ្រួសារ និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យអាជ្ញាធរដោះលែងព្រះសង្ឃអង្គនេះវិញ ព្រោះព្រះអង្គមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
បងស្រីរបស់ព្រះភិក្ខុ កើត សារ៉ាយ លោកស្រី កើត យី ឱ្យអាស៊ីសេរីដឹងថា លោកស្រីបានចូលជួបប្អូនប្រុសនៅពន្ធនាគារព្រៃសហើយ នៅថ្ងៃទី២១ កញ្ញា ក៏ប៉ុន្តែការសន្ទនាគ្នាបានខ្លីបំផុត ព្រោះអ្នកជាប់ឃុំជាច្រើនផ្សេងទៀតក៏ត្រូវចេញមកជួបសាច់ញាតិរបស់ពួកគេដែរ។
លោកស្រី កើត យី ថ្លែងថា លោកស្រីស្លុតចិត្តជាខ្លាំង នៅពេលឃើញប្អូនប្រុសដែលធ្លាប់គ្រងស្បង់ចីវរតាំងពីក្មេង ត្រូវស្លៀកពាក់ជាអ្នកទោសក្នុងពន្ធនាគារ។ លោកស្រីចាត់ទុកការចាប់ផ្សឹក និងឃុំខ្លួនប្អូនប្រុសនេះថា ជារឿងអយុត្តិធម៌ ព្រោះព្រះអង្គ កើត សារ៉ាយ គ្មានកំហុសនោះទេ ទាំងផ្នែកពុទ្ធវិន័យ និងច្បាប់ជាតិ៖ « ធ្លាប់តែឃើញប្អូនតាំងពីតូច ១៣ឆ្នាំចេញពីផ្ទះទៅរៀន អត់ដែលឃើញប្អូនពាក់ខោអាវ ពាក់តែស្បង់ ទាល់តែឃើញលោកប្អូនពាក់ខោអាវអ្នកទោស ខ្ញុំស្លុតចិត្ត ខ្ញុំមានតែទឹកភ្នែក។ ខ្ញុំគិតថា អយុត្តិធម៌ ព្រោះលោកធ្វើត្រូវដើម្បីសង្គមជាតិ អត់មានអ្វីនឹងថាខុស ក្បត់អ្វីអត់មានសោះ ហើយផ្សឹកលោកដោយអយុត្តិធម៌។ គ្មានបារាជិកអ្វីនឹងត្រូវផ្សឹកលោក » ។
ទោះជាយ៉ាងណា លោកស្រីបញ្ជាក់ថា ព្រះអង្គ កើត សារ៉ាយ មានសុខភាពល្អជាធម្មតាទេ ចំណែកផ្លូវចិត្តវិញក៏នៅរឹងមាំដែរ ព្រោះព្រះអង្គបានត្រៀមចិត្តរួចហើយថា ព្រះអង្គនឹងត្រូវអាជ្ញាធរចាប់ព្រះកាយ។ លោកស្រីអះអាងទៀតថា ព្រះអង្គ កើត សារ៉ាយ នៅតែរក្សាចិត្តជាអ្នកបួសដដែល ដោយព្រះអង្គមិនឆាន់បាយល្ងាចនោះទេ៖ « ខ្ញុំសួរថា លោកប្អូនយ៉ាងម៉េចទៅហើយនៅក្នុងនោះ សុខសប្បាយ ឬអត់ ? លោកថា លោកសុខសប្បាយទ។ មានអ្វីហូប មានអ្វីចុកអត់ ? លោកថា មាន។ ( ខ្ញុំ ) សួរថា ចុះលោកម្ចាស់សឹកហើយឬនៅ ? លោកថា លោកអត់សឹកទេ លោកនៅតែអត់ឆាន់បាយល្ងាច។ ហើយលោកផ្កាំផ្ញើឱ្យបងមើលម៉ែឱ្យមែនទែន មើលញោម កុំភ័យពីអាត្មា។ អាត្មាអ្នកទោសមិនមែនសម្លាប់គេទេ ទោសអាត្មាទោសស្រឡាញ់ជាតិ ដើម្បីជាតិ » ។
លោកស្រីឱ្យដឹងទៀតថា លោកស្រីបានប្រគល់នំចំណីខ្លះ និងថវិកាចំនួន ៥សែនរៀល ដល់ប្អូនប្រុស ដែលថវិកាទាំងនេះបានមកពីញាតិញោម និងសប្បុរសជនមួយចំនួន។ ដោយឡែកចំពោះក្រុមគ្រួសារវិញ លោកស្រីថា មិនមានលទ្ធភាពជួយជាថវិកាដល់ព្រះអង្គទេ ព្រោះតែជីវភាពក្រីក្រ។
ព្រះភិក្ខុ កើត សារ៉ាយ គង់នៅវត្តដំរីស ក្រុងបាត់ដំបង នៅសល់ញោមស្រីវ័យចាស់ជរា អាយុ ៧៥ឆ្នាំ ចំណែកញោមប្រុសរបស់ព្រះអង្គបានទទួលអនិច្ចកម្មទៅហើយ។ ញោមស្រីរបស់ព្រះអង្គ គឺលោកស្រី ចាប យ៉ែម ប្រាប់អាស៊ីសេរីថា លោកស្រីនឹករលឹក និងចង់ឃើញមុខកូនប្រុសរូបនេះជាខ្លាំង តែលោកស្រីមានជំងឺប្រចាំកាយ មិនអាចធ្វើដំណើរទៅឆ្ងាយបានឡើយ ហើយម្យ៉ាងជីវភាពក៏ក្រីក្រទៀត។ អ្នកម្ដាយវ័យចំណាស់រូបនេះ ស្នើសុំយ៉ាងទទូចដល់អាជ្ញាធរដោះលែងកូនលោកស្រីឱ្យមានសេរីភាពវិញ៖ « ចង់តើ ចង់ជួបកូនដែរ នឹកកូន ចង់ពឹងពាក់អាជ្ញាធរ ដើម្បីឱ្យដោះលែងកូន ឱ្យកូនបួសវិញ » ។
អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់តំណាងក្រុមយុវជនខ្មែរថាវរៈ ព្រះភិក្ខុ កើត សារ៉ាយ កាលពីថ្ងៃទី៦ កញ្ញា ជាមួយនឹងអនុប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី បន្ទាប់ពីសកម្មជនទាំងពីរប្រកាន់ជំហរដឹកនាំបាតុកម្មដោយសន្តិវិធី ដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យ។ ក្រុមមន្ត្រីសង្ឃបានផ្សឹកព្រះអង្គភ្លាមៗ ក្រោមហេតុផលថា ព្រះអង្គចចេសមិនស្ដាប់គណៈសង្ឃ និងប្រព្រឹត្តខុសវិន័យត្រង់ប្រការហាមអ្នកបួសចូលរួមធ្វើបាតុកម្ម។ តុលាការបានចោទប្រកាន់ព្រះភិក្ខុរូបនេះពីបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ដូចសកម្មជន និងយុវជនជិត ២០នាក់ផ្សេងទៀត ដែលអាជ្ញាធរចាប់ខ្លួនរយៈពេលជាងមួយខែចុងក្រោយនេះដែរ។
ទាក់ទងនឹងការចាប់ផ្សឹកព្រះសង្ឃទាំងគ្មានកំហុសនេះ ព្រះភិក្ខុ ឡុញ សុខជា គង់នៅរាជធានីភ្នំពេញ មានថេរៈដីការិះគន់ថា ទង្វើបែបនេះ គឺខុសទាំងពុទ្ធវិន័យ និងច្បាប់រដ្ឋ ហើយបង្ហាញច្បាស់ថា គណៈសង្ឃស្ថិតក្រោមឥទ្ធិពលនយោបាយ។ ព្រះអង្គទាមទារឱ្យអាជ្ញាធរដោះលែងព្រះអង្គ កើត សារ៉ាយ ហើយស្នើដល់មន្ត្រីសង្ឃ និងអាជ្ញាធរ គោរពសិទ្ធិពលរដ្ឋ ដូចដែលមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ៖ « ការដែលយើងចាប់យកព្រះសង្ឃដែលកំពុងតែមានចេតនា មាននិស្ស័យនៅក្នុងពុទ្ធសាសនា មិនទាន់បានតាំងចិត្តលះបង់ យកទៅផ្សឹក គឺមិនបានដាច់ភេទជាព្រះសង្ឃទេ នៅតែជាព្រះសង្ឃដដែល។ អ៊ីចឹង ត្រូវតែផ្តល់នីតិសម្បទាហ្នឹងមកវិញ ដោយសារតែលោកមិនមានខុសវិន័យរហូតដល់ថ្នាក់ចាប់ផ្សឹកទេ។ លោកអត់បានបារាជិកទេ ទីមួយ។ ទីពីរ យោងតាមច្បាប់រដ្ឋ ក៏មិនមែនទោសព្រហ្មទណ្ឌអ្វីដែរ » ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបចំពោះសំណើសុំដោះលែងព្រះភិក្ខុ កើត សារ៉ាយ ពីប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី២២ កញ្ញា ដោយពួកលោកមិនលើកទូរស័ព្ទ។ ក៏ប៉ុន្តែ លោក ជិន ម៉ាលីន បានបញ្ជាក់លើហ្វេសប៊ុក (Facebook) នៅពេលថ្មីៗ នេះថា ការអំពាវនាវឱ្យទម្លាក់ចោលបទចោទ និងដោះលែងជនជាប់ឃុំណាម្នាក់ មិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារជននោះទេ ហើយក៏មិនមានឥទ្ធិពលអ្វីលើការសម្រេចរបស់តុលាការដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះអះអាងថា មានតែការចូលរួមក្នុងនីតិវិធីតុលាការ ហើយបង្ហាញភស្តុតាងរឹងមាំដើម្បីដោះបន្ទុកទេ ទើបជាមធ្យោបាយស្របច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ដែលបានតាមដានករណីធ្វើទុកបុកម្នេញលើព្រះអង្គ កើត សារ៉ាយ ជាហូរហែមកនោះ វាយតម្លៃថា ទង្វើរបស់អាជ្ញាធរប្រឆាំងនឹងព្រះអង្គ កើត សារ៉ាយ និងក្រុមសកម្មជនដទៃទៀត គឺជាការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ។ លោកជឿថា សកម្មភាពរបស់ព្រះសង្ឃ និងក្រុមយុវជនដែលគ្រាន់តែចង់សម្ដែងមតិនោះ មិនអាចបង្កឱ្យមានភាពវឹកវរនៅក្នុងសង្គម ដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ៖ « អ្វីដែលព្រះសង្ឃធ្វើ ទាំងព្រះសង្ឃ កើត សារ៉ាយ ទាំងព្រះសង្ឃផ្សេងៗទៀត គឺធ្វើដើម្បីឆន្ទៈសង្គមទេ ប្រយោជន៍សង្គមទេ។ អ៊ីចឹងសូមបើកសេរីភាពឱ្យទូលំទូលាយ ហើយសូមឱ្យមានការទម្លាក់បទចោទចំពោះព្រះអង្គ។ ឱ្យព្រះអង្គមានសេរីភាព ហើយក៏ដូចជាយុវជនដទៃទៀតដែរ សូមឱ្យទម្លាក់បទចោទទៅ ដោះលែងទៅ ហើយយើងរួមគ្នាដោយខ្មែរតែមួយ ដើម្បីកសាងប្រទេសយើងឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចដែលយើងកំពុងតែប្រឈមនឹងបញ្ហាកូវីដ - ១៩ ផង»។
គិតពីចុងខែកក្កដា រហូតមកដល់ថ្ងៃទី១៥ កញ្ញា អាជ្ញាធររបបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជន និងយុវជនចំនួន ១៨នាក់ ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយសារការរិះគន់រឿងព្រំដែន ការរិះគន់ភាពអយុត្តិធម៌ក្នុងសង្គម និងគម្រោងធ្វើបាតុកម្មដោយសន្តិវិធីជាដើម។
ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិវាយតម្លៃថា ស្ថានភាពនាពេលបច្ចុប្បន្ននេះ បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនអត់ឱនចំពោះគំនិតផ្ទុយពីខ្លួនឡើយ ហើយនេះក៏ស្ដែងឱ្យឃើញពីការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងជាសមាគមផងដែរ។ ឧត្ដមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងក្រុមសង្គមស៊ីវិលជាតិ-អន្តរជាតិ អំពាវនាវដល់របបលោក ហ៊ុន សែន ដោះលែងអ្នកត្រូវបានចាប់ឃុំខ្លួនទាំងនេះជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការបំភិតបំភ័យលើក្រុមអ្នកតវ៉ាដោយសន្តិវិធីតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។