កម្ពុជាជាប់ជាប្រទេសដែលមានភាពរីករាយតិចជាងគេក្នុងបណ្ដាប្រទេសអាស៊ាន
2024.03.23
កម្ពុជាគឺជាប្រទេសដែលពលរដ្ឋមានភាពរីករាយតិចជាងគេក្នុងចំណោមប្រទេសនៅក្នុងតំបន់អាស៊ាន។ របាយការណ៍សុភមង្គលពិភពលោក (WHR) ឆ្នាំ២០២៤ ដែលចេញផ្សាយកាលពីថ្ងៃទី២០ មីនា បានចំណាត់ថ្នាក់កម្ពុជាលេខ ១១៩ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ទាបបំផុតនៅក្នុងតំបន់អាស៊ាន ក្នុងចំណោមប្រទេសទាំងអស់ចំនួន១៤៣ ប្រទេសនិងដែនដី។
ចំណាត់ថ្នាក់របស់កម្ពុជានេះ គឺទាបជាងប្រទេសឡាវ (Laos) ដែលជាប់លេខ៩៤ និងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមាដែលជាប់លេខ១១៨ ទៅទៀត។
ចំណែកប្រទេសក្នុងតំបន់អាស៊ានដែលមានចំណាត់ថ្នាក់ល្អជាងគេគឺប្រទេសសិង្ហបុរីដែលជាប់ចំណាត់ថ្នាក់លេខ៣០នៅលើពិភពលោក ដោយឡែកប្រទេសវៀតណាម និងប្រទេសថៃជាប់លេខ ៥៤ និង៥៨ នៅលើពិភពលោក និងលេខ៣ និងលេខ៤ នៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។
ការវាយតម្លៃអំពីភាពរីករាយរបស់របាយការណ៍សុភមង្គលពិភពលោក (WHR) គឺផ្ដោតទៅលើកត្តាសំខាន់ៗចំនួនប្រាំមួយ រួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗ អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ ការគាំទ្រសង្គម សេរីភាព សប្បុរសធម៌ និងការយល់ឃើញអំពីអំពើពុករលួយជាដើម។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ បានទេ នៅថ្ងៃទី២២ ខែមីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
ទោះជាយ៉ាងណា របាយការណ៍នេះ បង្ហាញថាពលរដ្ឋកម្ពុជាកំពុងទទួលបានភាពរីករាយ និងសុភមង្គលតិចតួចបំផុត គឺផ្ទុយពីអ្វីដែលរដ្ឋាភិបាលតែងបានអួតថា ពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ និងភាពសប្បាយរីករាយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។