ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ត្អូញត្អែរ​រឿង​សមត្ថកិច្ច​យឺតយ៉ាវ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារឆ្មារ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដើម្បី​យក​ទៅ​ធ្វើ​ការងារ​រោងចក្រ និង​ប្រើប្រាស់​ក្នុង​ការងារ​ចាំបាច់​ផ្សេង​ទៀត។ ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ថា ពលរដ្ឋ ៧​ភូមិ​នៃ​ឃុំ​ខ្នារឆ្មារ បាន​ថត​រូប​ធ្វើ​អត្តសញ្ញាណប័ណ្ណ​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​បាន​ទៀត។

អ្នក​ភូមិ​នៃ​ឃុំ​ខ្នារឆ្មារ មួយ​ចំនួន ទន្ទឹង​រង់ចាំ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ខណៈ​សមត្ថកិច្ច​នគរបាល​នៅ​ក្នុង​មូលដ្ឋាន​នេះ​បញ្ជាក់​ថា មាន​ពលរដ្ឋ​ក្នុង​ឃុំ​ជាង ២​ពាន់​នាក់ បាន​ថត​រូប​រួច ប៉ុន្តែ​មិន​ទាន់​ចេញ​ប័ណ្ណ។

បុរស​វ័យ ៥០​ឆ្នាំ​ម្នាក់​រស់នៅ​ភូមិ​វត្ត គឺ​លោក សាយ ភារិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ថា សមាជិក​គ្រួសារ​គាត់​ចំនួន ៥​នាក់ និង​ប្អូន​ថ្លៃ​ពីរ​នាក់​ទៀត​ដែល​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នៅ​សាលា​ឃុំ​ដំណាល​គ្នា​កាល​ពី​ជាង ៦​ខែ​មុន​នោះ មិន​ទាន់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នៅ​ឡើយ។ លោក​ថា មាន​ពលរដ្ឋ​ជាច្រើន​ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​របស់​សមត្ថកិច្ច​ក្នុង​ការ​ចេញ​ប័ណ្ណ៖ « ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ឬ​សម្ដេច​នាយក​រដ្ឋមន្ត្រី មេត្តា​ជួយ​ចាត់​វិធានការ​កន្លែង​ថត​ឲ្យ​បាន​លឿន ព្រោះ​ប្រជាពលរដ្ឋ​ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ​ទៅ​ធ្វើ​តេស្ត​នៅ​រោងចក្រ ហើយ​រោងចក្រ​ហ្នឹង​បើ​អត់​មាន​អា​ថ្មី​ហ្នឹង គេ​អត់​យក​ទៀត។អ៊ីចឹង​ចង់​សំណូមពរ​ថា បើ​អា​ថ្មី​ចេញ​អត់​ទាន់​ទេ សូម​ឲ្យ​ចាស់​ប្រើ​បាន​សិន​ទៅ »

ទាក់ទង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ លោក ឈឹម សំអាត ថា​ភាព​យឺតយ៉ាវ​នេះ មិន​បណ្ដាល​មក​ពី​សមត្ថកិច្ច​ថ្នាក់​ឃុំ ឬ​ស្រុក​ទេ ព្រោះ​ឯកសារ​ពាក់ព័ន្ធ​នឹង​អ្នក​ធ្វើ​អត្តសញ្ញាណប័ណ្ណ បាន​បញ្ជូន​ទៅ​ថ្នាក់​លើ​ជា​បន្តបន្ទាប់​ក្រោយ​ពី​ថត​រួច។លោក​ថា ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ បាន​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៥ និង​ដើម​ឆ្នាំ​២០១៦ មាន​ជាង ២​ពាន់​នាក់៖ « អត់​ទាន់​ធ្លាក់​មក​ដល់​ដៃ​យើង​នៅ​ឡើយ​ទេ។ តែ​គ្រាន់​ថា​ប៉ុន្មាន​ហ្នឹង​ដោយ​តាម​ឃុំ​គេ​មក​មួយ​ពីរ​អ៊ីចឹង​ទៅ​ណា​ក្មួយ ដល់​ធ្លាក់​មក​ដុំ​កំភួន​អត់​ទាន់​មាន »

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា មិន​អាច​ទាក់ទង​ស្នងការ​រង​ខេត្ត​កំពង់ឆ្នាំង លោក ឡូវ ម៉ាលី ទទួល​បន្ទុក​អត្តសញ្ញាណកម្ម ដើម្បី​សាកសួរ​បញ្ហា​នេះ​បាន​ទេ ខណៈ​ស្នងការ លោក ប្រាក់ វុឌ្ឍី មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ លោក​ស្នងការ​នឹង​ទាក់ទង​ទៅ​ក្រសួង​មហាផ្ទៃ ផ្ទាល់​ពី​បញ្ហា​អត្តសញ្ញាណប័ណ្ណ​នេះ៖ « តាម​តួលេខ​របស់​លោក ឡូវ ម៉ាលី នៅ​អត់​ដល់​ពីរ​នាក់​ទេ នៅ​ឃុំ​ខ្នារឆ្មារ ហ្នឹង ព្រោះ​ធ្លាប់​ចែក​ម្ដង​រួច​ហើយ។កន្លង​មក អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ណាស់​បញ្ហា​អត្តសញ្ញាណប័ណ្ណ បាន​លោក​ចុះ​ចែក​ផ្ទាល់ៗ »

មន្ត្រី​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ ប្រកាស​ពី​ភាព​យឺតយ៉ាវ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជិត ២០​ម៉ឺន​ប័ណ្ណ​នៅ​ទូទាំង ២៤​រាជធានី-ខេត្ត បាន​បោះពុម្ព​រួច ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​បាន​មក​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ដកស្រង់​ដោយ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី(VOD)បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៦ តាម​បណ្ដា​ស្នងការដ្ឋាន​រាជធានី-ខេត្ត​ចំនួន​២៤ លើក​លែង​តែ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប មិន​ទាន់​បាន​មក​យក​អត្តសញ្ញាណប័ណ្ណ​ទាំង​នោះ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នៅ​ឡើយ​ទេ។

សម្រាប់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​មាន​ចំនួន ២៩០​ប័ណ្ណ ខេត្ត​កណ្ដាល ជាង ១​ពាន់​ប័ណ្ណ (១.៣៤៩​ប័ណ្ណ) ខេត្ត​កំពង់ស្ពឺ ជិត ២​ម៉ឺន​ប័ណ្ណ (១៩.២៤០​ប័ណ្ណ) ខេត្ត​កំពង់ឆ្នាំង ជាង ១​ពាន់​ប័ណ្ណ (១.៤២៥​ប័ណ្ណ) ខេត្ត​ព្រៃវែង ជិត ៦​ពាន់​ប័ណ្ណ (៥.៦៨៧​ប័ណ្ណ) ខេត្ត​កំពង់ចាម ៧០៤​ប័ណ្ណ ខេត្ត​ក្រចេះ ជិត ១​ម៉ឺន​ប័ណ្ណ (៩.៧៨២​ប័ណ្ណ) ខេត្ត​ស្ទឹងត្រែង ជិត ២​ពាន់​ប័ណ្ណ (១.៨២០​ប័ណ្ណ) ខេត្ត​ស្វាយរៀង ជាង ៥​ពាន់​ប័ណ្ណ (៥.១៦៩​ប័ណ្ណ) ខេត្ត​តាកែវ ជាង ១​ម៉ឺន​ប័ណ្ណ (១១.១៨១​ប័ណ្ណ) ខេត្ត​កំពត ជិត ១​ម៉ឺន​ប័ណ្ណ (៩.៨២៨​ប័ណ្ណ) ខេត្ត​ព្រះសីហនុ ជិត ២​ពាន់​ប័ណ្ណ (១.៨៣០​ប័ណ្ណ) ខេត្ត​កោះកុង ជាង ២​ពាន់​ប័ណ្ណ (២.២៥២​ប័ណ្ណ) ខេត្ត​កំពង់ធំ ជាង ២​ម៉ឺន​ប័ណ្ណ (២៤.៨៣៥​ប័ណ្ណ) ខេត្ត​ពោធិ៍សាត់ ជិត ៣​ពាន់​ប័ណ្ណ (២.៨៥៤​ប័ណ្ណ) ខេត្ត​បាត់ដំបង ជាង ១​ម៉ឺន​ប័ណ្ណ (១១.២៦៩​ប័ណ្ណ) ខេត្ត​សៀមរាប ជាង ១​ម៉ឺន​ប័ណ្ណ (១.៤០៥៦​ប័ណ្ណ) ខេត្ត​បន្ទាយមានជ័យ ជិត ២​ម៉ឺន​ប័ណ្ណ (១៥.៨០៥​ប័ណ្ណ) ខេត្ត​ឧត្តរមានជ័យ ជាង ២​ពាន់​ប័ណ្ណ (២.១០៥​ប័ណ្ណ) ខេត្ត​ប៉ៃលិន ២៤៥​ប័ណ្ណ ខេត្ត​ព្រះវិហារ ជាង ២​ពាន់​ប័ណ្ណ (២.៤១៦​ប័ណ្ណ) ខេត្ត​មណ្ឌលគិរី ២៨៨​ប័ណ្ណ ខេត្ត​រតនគិរី ជាង ១​ពាន់​ប័ណ្ណ (១.៣៣៤​ប័ណ្ណ) និង​ខេត្ត​ត្បូងឃ្មុំ ជាង ៥​ម៉ឺន​ប័ណ្ណ (៥០.៤៩២​ប័ណ្ណ)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។