ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្តកណ្តាល​បារម្ភ​ពី​សកម្មភាព​កាប់​គ្នា និង​លួច​ទ្រព្យ​សម្បត្តិ​បង្ក​ឡើង​ដោយ​យុវជន​ប្រើ​គ្រឿងញៀន

0:00 / 0:00

ពលរដ្ឋ​នៅ​ឃុំ​មួយ​នៅ​ខេត្តកណ្តាល​លើក​ឡើង​ថា សកម្មភាព​លួច​ទ្រព្យ​សម្បត្តិ និង​ការ​បង្ក​អំពើ​ហិង្សា​ដោយ​ក្រុម​យុវជន​ប្រើប្រាស់​គ្រឿងញៀន​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ។ ករណី​នេះ មន្ត្រី​ប៉ុស្តិ៍​បញ្ជាក់​ថា ការ​បាត់​ទ្រព្យ​សម្បត្តិ​នោះ ដោយសារ​តែ​ពលរដ្ឋ ទុក ប្រហែស ដែល​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ជួយ​ថែរក្សា។

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បារម្ភ​ពី​បញ្ហា​សន្តិសុខ​ដោយសារ​តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ កើត​ឡើង​សកម្មភាព​ទាស់ទែង​កាប់​គ្នា និង​លួច​ទ្រព្យសម្បត្តិ ដែល​បង្ក​ឡើង​ដោយ​ក្រុម​យុវជន​ប្រើប្រាស់​គ្រឿង​ញៀន។

ពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​អំបិល លោក សី ហា ថ្លែង​ថា ចាប់​ពី​ដើម​ឆ្នាំ២០២៣ មក សកម្ម ភាព​ក្មេង​ទំនើង​ប្រើប្រាស់​ថ្នាំ​ញៀន​វាយដំ និង​ប្រើ​ដាវ​កាប់​គ្នា កើត​មាន​បន្ត​បន្ទាប់។ លោក​បន្ត​ថា ក្រៅ​ពី​ទាស់ទែង​គ្នា រវាង​ក្រុម​យុវជន​ដូច​គ្នា ហើយ​ពួក​គេ​បាន​លួច ឆក់​ទ្រព្យ​អ្នក​ភូមិ​ដោយ​គ្មាន​ការ​ខ្លាច​ញញើត​ទេ។

លោក សី ហា៖«ញឹក​តែ​ម្ដង។ មាន​ឆក់​ខ្សែ​ក ឆក់​ខ្សែ​ក​នៅ​ផ្លូវ​ឫស្សី​ដាច់ នៅ​ព្រែក​អំបិល​ហ្នឹង​ដែរ។ ឆក់​ទូរស័ព្ទ​ញឹក​ណាស់ នៅ​ឫស្សី​ដាច់​ហ្នឹង។ បើ​លួច​ប្រេង​វិញ លួច​ប្រេង​ម៉ាស៊ីន ដើរ​បូម​ប្រេង លួច​សឹងតែ​គ្រប់​ព្រែក​តែ​ម្ដង លួច​គ្រប់​មុខ។ និយាយ​ទៅ គេ​កាន់​ដាវ​គេ​ម្នាក់ៗ មួយ ដូច​អត់​មាន​ខ្លាច​អី​សោះ»។

ស្រដៀងគ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត ដែល​សុំ​លាក់​ឈ្មោះ ព្រោះ​បារម្ភ​អំពី​សុវត្ថិភាព ឱ្យ​ដឹង​ថា រូបលោក និង​អ្នកភូមិ​ផ្សេង​ទៀត​បាត់បង់​ប្រេង​ម៉ាស៊ីន​សម្រាប់​បូម​ទឹក ស្រោច​ដំណាំ​បន្ត​បន្ទាប់ ប៉ុន្តែ​ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​មាន ការ​ធ្វើបាប​ដល់​រូបកាយ ថែម​ទៀត ទើប​លោក និង​អ្នក​ភូមិ​មួយ​ចំនួន មិន​ហ៊ាន​និយាយ​ស្ដី។

ពលរដ្ឋ៖«ដោយសារ​យើង​នៅ​ផ្លូវ​ភ្លឺ គេ​នៅ​ផ្លូវ​ងងឹត។ នៅ​ហ្នឹង​វា​បាត់​មែន។សូម្បី​តែ​អ្នក​ធ្វើ​ចម្ការ​នៅ​ជិតៗ ហ្នឹង ក៏​បាត់​គ្រប់​គ្នា​ដែរ ភាគ​ច្រើន​ប្រេង​គេ​លួច​បូម។ នៅ​ចម្ការ​យើង​ចាក់​ប្រេង​ពេញៗ ក្នុង​សាទែន ហើយ​គេ​លួច​បូម»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត លោក នី គឹមឆេង ថ្លែង​ដោយ​អារម្មណ៍​ខឹង​សម្បារ​ថា ការ​លួច​បូម​ប្រេង​ម៉ាស៊ីន​របស់​លោក​ប្រមាណ ១០ដង​ហើយ ក្នុង​ឆ្នាំ២០២៣ នេះ។ លោក​ថា លោក​មិន​ទុក​ចិត្ត​សមត្ថកិច្ច​ទេ បើ​លោក​ជួប ក្រុម​ចោរ​ទាំង​នោះ លោក​នឹង​ប្រើ​កម្លាំង​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​ហើយ។

លោក នី គឹមឆេង៖«សំខាន់​ពលរដ្ឋ​នៅ​ហ្នឹង បាត់​សឹង​តែ​គ្រប់​គ្នា ប៉ុន្តែ អាជ្ញាធរ​ធ្វើ​ការ​អត់​កើត ដោយសារ​ពេល​ដែល​បាត់​ហ្នឹង​អត់​មក​ជួយ​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​ទេ អត់​មក​ជួយ​គ្រប់គ្រង ពួក​អស់​ហ្នឹង​ទេ។ អ៊ីចឹង ទៅ​ពួក​ខ្ញុំ​មាន​ទុក​ចិត្ត ពី​ពួក​គាត់ ពី​អង្កាល់?គឺ​អត់​ទេ។ បើសិនជា​ខ្ញុំ​ទាន់ គឺ​ខ្ញុំ​អត់​ទុក​ទេ ខ្ញុំ​វៃ​ចោល​ហើយ»។

ទាក់ទង​នឹង​បញ្ហា​នេះ មេប៉ុស្តិ៍​នគរបាល​ព្រែកអំបិល លោកជ័យ សំអាត ប្រាប់ វិទ្យុ​អាស៊ី​សេរី​ថា លោក​ពិត​ជា​បាន​ដឹង​ថា មាន​ករណី​ចោរ​លួច​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​បន្ត​បន្ទាប់​មែន។ ប៉ុន្តែ លោក​ថា ការ​លួច​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ភូមិ​មាន​តិចតួច ចំណែក​ការ​លួច​បូម​ប្រេង​នៅ​តាម​ចម្ការ​នោះ​គឺ ជា​ការ​មិន​ប្រយ័ត្ន​របស់​ពលរដ្ឋ​ម្ចាស់​ទ្រព្យ ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​មិន​អាច​តាម​ការពារ​ដល់​ចម្ការ​បាន​ដែរ។

លោក ជ័យ សំអាត៖«អីវ៉ែអីវ៉ាន់​គាត់​ទុក​នៅ​វាល​ស្រែ​អី​អ៊ីចឹង បាន​ចុះ​ណែនាំ​គាត់ ឱ្យ​ទុក​ប្រយ័ត្នប្រយែង​អី​អ៊ីចឹង​ទៅ។ ជួន​ដុំ​ឆក់​គាត់​រាយ​នៅ​កណ្ដាល​វាលស្រែ នៅ​កណ្ដាល​ព្រៃ ហើយ​គាត់​បាត់​ចេះ​តែ​ថា ប៉ូលិស​អត់​ធ្វើការ ហើយ​ឱ្យ​ធ្វើការ​ម៉េច បើ​ក្នុង​ព្រៃ​សុទ្ធតែ​ដុំ​ឆក់​ដុំ​អី បើ​គាត់​ដាក់​អត់​ជួយ​មើល​ជួយ​អី​ផង គាត់​ដាក់​ចោល ហើយ​សម្រាន្ត​នៅ​ផ្ទះ​បាត់បង់​អស់​ហ្នឹង»។

លោក ជ័យ សំអាត បន្ថែម​ថា លោក​មិន​បាន​ចាំ​ទិន្នន័យ​បទ​ល្មើស​ជាក់​លាក់​ទេ តែ​បើ​ប្រៀបធៀប​គ្នា ៣ខែ​ដំបូង​នៃ​ឆ្នាំ២០២៣ ទៅ​នឹង​ឆ្នាំ២០២២ គឺ​លោក​ចាំ​ថា សកម្មភាព​ក្មេង​ទំនើង និង​គ្រឿង​ញៀន​មាន​ការ​ថយ ប៉ុន្តែ ករណី​លួច​បូម​ប្រេង​ម៉ាស៊ីន​មាន​ការ​កើន​ឡើង។

ចំណែក​របាយការណ៍​សន្តិសុខ​ទូទាំង​ខេត្ត​របស់​រដ្ឋបាល​ខេត្ត​កណ្ដាល ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៣ បង្ហាញ​ថា បទល្មើស​ទូទៅ​នៅ​ក្នុង​ឆ្នាំ២០២២ បាន​ថយ​ចុះ ៧៨ភាគ​រយ បើ​ប្រៀបធៀប​ឆ្នាំ២០២១។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្តកណ្តាល លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា ករណី​នេះ​អាជ្ញាធរ ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ពី​ដើម​ហេតុ​នៃ​ការ​បង្ក​បញ្ហា​គឺ ឈ្មួញ​លក់ដូរ​គ្រឿងញៀន។ លោក​បន្ត​ថា បញ្ហា​នៅ​ឃុំព្រែកអំបិល​នេះ ក៏​ដូច​បញ្ហា​នៅ​ក្នុង​ឃុំ ផ្សេងៗ ជា​ច្រើន​ទៀត​ដែរ គឺ​បង្ក​ឡើង​ដោយ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន ដែល​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់ និង​បង្កើន​ការ​អប់រំ។

លោក យី សុខសាន្ត៖«ចំណុច​មួយ ដែល​រសើប​ដល់​ពលរដ្ឋ​រស់នៅ​ទូទាំង​ប្រទេស​ហ្នឹង គឺ​ថា កន្លែង​ណា​ក៏​មាន​កន្លែង​ចែកចាយ​ថ្នាំ​ញៀន​ដែរ​ឱ្យ​តែ​មាន​អ្នក​ញៀន​គឺ​ដើរ​ទិញ​បាន​ទាំង​អស់ គ្រប់​ទីកន្លែង​គ្រប់​ច្រក​ល្ហក។ កន្លែង​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ខេត្តកណ្តាល ឃុំ​មួយ ដែល​ពលរដ្ឋ​បាត់បង់​អីវ៉ែអីវ៉ាន់ ដែល​គាត់​ទុក​ដាក់​កំប៉ិកកំប៉ុក ក៏​ក្មេង​គ្រឿង​ញៀន​ហ្នឹង ក៏​គាត់​រើស​យក​ទៅ​លក់​អស់​ហើយ។ មិន​តែ​ប៉ុណ្ណឹង​ទេ មាន​ជា​ច្រើន​ណាស់ ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ម៉ែឪ​នៅ​ពេល​ដែល​ពួក​គេ​ញៀន​ខ្លាំង»។

កាល​ពី​ឆ្នាំ២០១០ រដ្ឋាភិបាលដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពចំនួន ៥ចំណុច បន្ទាប់​មក​នៅ​ឆ្នាំ២០១២ បង្កើន​ដល់ ៩ចំណុច រហូតដល់កែប្រែចុងក្រោយ នៅឆ្នាំ២០២១ បន្ថយ​មក​ត្រឹម ៧ចំណុច​វិញ។ ចាប់តាំង​ពី​ការបង្កើតនិងកែប្រែបន្ត បន្ទាប់​មក​ខ្លឹមសារសំខាន់នៃ​គោល​នយោបាយ​នេះ​នៅតែ​ផ្តោត​សំខាន់ គឺពង្រឹង​នៅតាមមូលដ្ឋានឱ្យមានសុវត្ថិភាពការ​មិនមានការ​លួចឆក់ ហិង្សា​ការ​ប្រើប្រាស់ និង​លក់​ដូរ​គ្រឿង​ញៀន​ជា​ដើម។

ប៉ុន្តែ តាំង​ពី​ការ​បង្កើត​គោល​នយោបាយ​នេះ​ឡើង នៅ​តាម​ភូមិ​ឃុំ​មិន​មាន​អ្វី​ប្រសើរ​ឡើង​ទេ រហូត​ដល់​លោក ស ខេង រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​គ្រឿង​ញៀន​បច្ចុប្បន្ន​ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន។

លោក ជ័យ សំអាត ឱ្យ​ដឹង​ថា នៅ​ឃុំព្រែក​អំបិល​មាន​ភូមិ​ចំនួន១៦ មាន​ប្រជាពលរដ្ឋ ប្រមាណ ៣ម៉ឺន​នាក់ ចំណែក​កម្លាំង​នគរបាល មាន​តែ ៧នាក់ ហើយ​សុទ្ធតែ​មាន​វ័យ ចាស់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពិបាក ក្នុង​ការ​យាម​ល្បាត​ពង្រឹង សន្តិសុខ​នៅ​ក្នុង​ឃុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។