ពលរដ្ឋរស់នៅអមសងខាងព្រែកតាហ៊ីងខេត្តកណ្ដាលភាគច្រើនលើកឡើងពីការព្រួយបារម្ភថាពួកគាត់កំពុងព្រួយបារម្ភពីការបាត់បង់ដីនិងផ្ទះខណៈដែលរដ្ឋាភិបាលប្រកាសចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណននៅចុងឆ្នាំ២០២៤។មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលគួរធានាអំពីការទូទាត់សំណងដល់ប្រជាពលរដ្ឋឱ្យបានសមរម្យមុននឹងចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនដើម្បីបញ្ចៀសការរំលោភសិទ្ធិមនុស្ស។
អ្នកភូមិព្រែកតាហ៊ីងក្នុងឃុំព្រែកថ្មី ស្រុកកោះធំ កំពុងខ្វល់ខ្វាយទាក់ទងនឹងរឿងប្រាក់សំណង ខណៈពួកគាត់ត្រូវប្រឈមនឹងការបង្ខំឱ្យផ្លាស់ប្ដូរទីលំនៅ នៅពេលរដ្ឋាភិបាលចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណននៅពេលខាងមុខ។
កំពុងរវល់ធ្វើកិច្ចការងារផ្ទះនិងមានទឹកមុខព្រួយបារម្ភ លោកស្រី គួយ ផៃ និយាយថាគ្រួសាររបស់លោកស្រីមានដីភូមិ២កន្លែងនិងដីចម្ការមួយកន្លែងនៅស្របតាមមាត់ព្រែកតាហ៊ីងដែលបូកបញ្ចូលគ្នាមានតម្លៃប្រមាណ ២០ម៉ឺនដុល្លារប៉ុន្តែបច្ចុប្បន្ននេះមិនមានឈ្មួញណាម្នាក់ហ៊ានទិញដីពីលោកស្រីនោះឡើយ។លោកស្រីបន្តថាតាំងពីប្រមុខរដ្ឋាភិបាលប្រកាសកសាងព្រែកជីកហ្វូណនមកលោកស្រីមិនដែលសម្រាន្តលក់ស្រួលមួយយប់ណាឡើយពីព្រោះលោកស្រីព្រួយបារម្ភខ្លាចប្រាក់សំណងមិនគ្រប់សម្រាប់ឱ្យលោកស្រីទិញដីនិងសាងសង់ផ្ទះសមរម្យមួយឡើងវិញ។
លោក គួយ ផៃ៖ «សុំឱ្យសំណងហ្នឹងឱ្យបានច្រើនៗបន្តិចមកក្រែងបានមានកន្លែងនៅ តាអ៊ីចឹងខ្ញុំអត់កន្លែងនៅទេ ហើយមួយទៀត ពេលដែលភ្លៀងមកដេកនឹកឃើញ ដេកអត់លក់ នឹកឃើញថាពេលដែលយើងនៅផ្ទះ មានផ្ទះនៅមានផ្លេកបន្ទោរមានអី យើងដេកផ្ទះ ដល់តែពេលយើងរុះអត់មានកន្លែងនៅ យើងនៅឯណា?មានភ្លៀងមានអីមកនេះ វាអត់មានអីតែម្ដង បងឯងមើលខ្ញុំមានតែដីផ្ទះប៉ុណ្ណឹង ទៅអស់តែម្ដង អត់មាននៅក្រោយនៅមុខអីហ្នឹងគេទៀតទេ មានតែប្រលោះហ្នឹង»។
រីឯពលរដ្ឋម្នាក់ទៀតដែលមានផ្ទះនិងដីនៅមាត់ព្រែកតាហ៊ីង តាំងពីដូនតាមកគឺលោកស្រី ស៊្រន បញ្ញា លើកឡើងថាដោយសារតែមិនមានព័ត៌មានច្បាស់លាស់ពីអាជ្ញាធរអំពីការផ្ដល់សំណងដល់ប្រជាពលរដ្ឋដូច្នេះលោកស្រីនិងប្រជាពលរដ្ឋរស់នៅអមសងខាងភូមិព្រែកតាហ៊ីងប្រមាណ៣០០គ្រួសារនៅតែព្រួយបារម្ភពីការបាត់បង់ដីធ្លីនិងផ្ទះសម្បែងដោយមិនអាចទទួលបានប្រាក់សំណងសមរម្យ។លោកស្រីបន្តថារដ្ឋាភិបាលគួរតែផ្ដល់សំណងឱ្យស្មើនឹងតម្លៃទីផ្សារព្រោះប្រជាពលរដ្ឋនឹងមិនត្រឹមតែត្រូវចំណាយពេលវេលាទិញដីនិងសង់ផ្ទះឡើងវិញនោះទេពោលគឺពលរដ្ឋថែមទាំងរងការប៉ះទង្គិចផ្លូវចិត្តដែលត្រូវបាត់បង់ទីកន្លែងធ្លាប់រស់នៅដែលមានអនុស្សាវរីយ៍តាំងពីតូចមក។
លោកស្រី ស៊្រន បញ្ញា៖ «ចេញជាសំណង សុំឱ្យរាជរដ្ឋាភិបាលសងដោយ គឺថាប្រជាពលរដ្ឋទាំងអស់ពេញចិត្ត មិនឱ្យដូចថាតិចតួចពេក ឬក៏ហួសសមត្ថភាពដែលខាងរាជរដ្ឋាភិបាលផ្ដល់ឱ្យអ៊ីចឹងទៅ។ បានជាផ្ទះនៅមួយសមរម្យវិញអ៊ីចឹងទៅ ព្រោះអីប្រជាពលរដ្ឋមានអ្នកខ្លះ ក៏អស់ដី អស់ផ្ទះដែរ»។
ស្រដៀងគ្នានេះដែរពលរដ្ឋដែលទើបសាងសង់ផ្ទះរួចរាល់ លោកស្រី អ៊ិច ណាំអេង លើកឡើងថាបើទោះបីជាលោកស្រីត្រូវបាត់បង់ដីនិងផ្ទះដែលលោកស្រីនិងគ្រួសារធ្លាប់រស់នៅក្ដីក៏លោកស្រីមិនប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោនោះទេ។ទោះជាយ៉ាងណាលោកស្រីបញ្ជាក់ថាដោយសារមិនមានព័ត៌មានអំពីសំណងច្បាស់លាស់ដូច្នេះហើយលោកស្រីនិងអ្នកភូមិរស់នៅអមសងខាងព្រែកតាហ៊ីងភាគច្រើនបារម្ភខ្លាំងពីការមិនមានលទ្ធភាពទិញដីនិងផ្ទះរស់នៅសមរម្យដូចដើមឡើងវិញ។
លោកស្រី អ៊ិច ណាំអេង៖ «រដ្ឋាភិបាលឱ្យសំណងឱ្យវាគ្រាន់បើមក បានថាដូចជាខ្ញុំ បងប្អូនដែលខ្វះខាតហ្នឹងបានសំណងច្រើនមក អាចថាយើងរុះរើទៅវាមានថាយើងទៅធ្វើកន្លែងមួយទៀត បានគ្រាន់មានលុយកាក់អីទៅ បានធ្វើស្រួលណាក្មួយ ហើយបើថា សំណងតិចអត់មានកន្លែងនៅ វេទនាហើយ គ្រាន់តែសុំតែប៉ុណ្ណឹងទេ»។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តគម្រោងព្រែកជីកហ្វូណនកាលពីថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋអំណាចចិនឈ្មោះChina Road and Bridge Corporation (CRBC) ត្រូវគេរំពឹងថា នឹងចាប់ផ្ដើមសាងសង់ព្រែកជីកហ្វូណនដែលមានតម្លៃ ១ពាន់ ៧រយលានដុល្លារ នៅចុងឆ្នាំ២០២៤ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៨។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនCRBC និងទទួលសាងសង់គ្រប់គ្រងដំណើរការប្រើប្រាស់ឬធ្វើអាជីវកម្មលើព្រែកជីកហ្វូណនតេជោនេះរយៈពេល ៥០ឆ្នាំ ទើបផ្ទេរព្រែកជីកមកឱ្យរដ្ឋាភិបាលគ្រប់គ្រងវិញ។
ព្រែកជីកហ្វូណនតេជោមានប្រវែង១៨០គីឡូម៉ែត្រចាប់ផ្ដើមពីដៃទន្លេមេគង្គខាងត្បូងរាជធានីភ្នំពេញកាត់តាមខេត្តចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្ត កែប។ ព្រែកជីកនេះមានទទឹងមុខកាត់ទឹកផ្នែកខាងលើ ១០០ម៉ែត្រ ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រនិងផ្លូវ៥០ម៉ែត្រនៅអមសងខាងព្រែក។
នៅក្នុងបទបង្ហាញព័ត៌មានលំអិតពាក់ព័ន្ធគម្រោងព្រែកជីកហ្វូនណនកាលពីថ្ងៃទី៣ ខែឧសភា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC លោក ស៊ុន ចាន់ថុល អះអាងថាគម្រោងនេះប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង១ពាន់៥រយខ្នង (១,៥៨៥) ដីលំនៅឋានប្រមាណ ១៥០ហិកតារ (១៤៩.៥) និងដីស្រែចម្ការប្រមាណ ៣ពាន់ហិកតារ ។ ទោះជាយ៉ាងណាក្ដីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះមិនបាននិយាយអំពីការទូទាត់សំណងសមរម្យដល់ប្រជាពលរដ្ឋនោះឡើយផ្ទុយទៅវិញលោកបែរជាប្រៀបធៀបដីស្រែចម្ការប្រមាណ៣ពាន់ហិកតារមានទំហំតូចធៀបនឹងការធ្វើសម្បទានដីធ្លីដែលរដ្ឋាភិបាលធ្លាប់ផ្ដល់ឱ្យក្រុមហ៊ុនវិនិយោគទៅវិញ។
លោក ស៊ុន ចាន់ថុល៖ «អ៊ីចឹងអត់មានផលប៉ះពាល់អីធ្ងន់ធ្ងរទេគម្រោងនេះ ផ្ទុយទៅវិញប៉ះពាល់តិចណាស់បើប្រៀបធៀបផ្លូវល្បឿនលឿនក្រុងភ្នំពេញ ព្រះសីហនុ ភ្នំពេញ បាវិត ប៉ះពាល់តិចដោយសារសុទ្ធតែវាលស្រែ សុទ្ធបឹងបួរធម្មជាតិ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេកាលពីថ្ងៃទី១២ខែឧសភា។
គម្រោងព្រែកជីកហ្វូណនតេជោនេះត្រូវមតិទូទៅមើលឃើញថាអាចលើកស្ទួយសេដ្ឋកិច្ចកម្ពុជាតាមរយៈផ្លូវនាវាចរណ៍ដែលអាចដឹកផលិតផលនិងទំនិញទៅវិញទៅមកតាមផ្លូវទឹកសមុទ្រដោយផ្ទាល់មកដល់កំពង់ផែទឹកសាបនៅរាជធានីភ្នំពេញ ពោលគឺជួយឱ្យកម្ពុជាកាត់បន្ថយការពឹងពាក់លើវៀតណាម។ ទោះជាយ៉ាងណាក្ដីអ្នកជំនាញតំបន់ទន្លេមេគង្គនិងវិទ្យាសាស្ត្រនយោបាយយល់ឃើញថាយ៉ាងហោចណាស់ហានិភ័យធំៗចំនួន៤អាចនឹងកើតឡើងតាមរយៈការជីកផ្លូវទឹកចេញពីទន្លេមេគង្គទៅកាន់សមុទ្រនេះ។ហានិភ័យទាំងនេះរួមមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន លំហូរទឹក និងប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គ លទ្ធភាពដែលចិនអាចប្រើប្រាស់ព្រែកជីកនេះសម្រាប់បម្រើឱ្យផលប្រយោជន៍យោធារបស់ខ្លួននិងជាពិសេសការបម្លាស់ទីរបស់ពលរដ្ឋដែលរស់នៅជុំវិញតំបន់គម្រោងនេះ។រដ្ឋាភិបាលអះអាងថា ពលរដ្ឋរស់នៅជុំវិញគម្រោងនេះយ៉ាងហោចណាស់ ជាង១លាន៦សែននាក់ នឹងទទួលបានផលប្រយោជន៍ពីគម្រោងនេះ។
ជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង យល់ឃើញថាដោយសារតែគម្រោងព្រែកជីកហ្វូណនតេជោអាចនឹងក្លាយទៅជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលដូច្នេះហើយរដ្ឋាភិបាលគួរផ្ដល់សំណងឱ្យបានសមរម្យទៅដល់ប្រជាពលរដ្ឋ។លោកបន្តថាក្រៅពីបញ្ចៀសមិនឱ្យប្រជាពលរដ្ឋរងគ្រោះពីការអភិវឌ្ឍហើយនោះការផ្ដល់សំណងសមរម្យដល់ពលរដ្ឋក៏អាចធានាអំពីដំណើរការសាងសង់ព្រែកជីកនេះដោយមិនមានការរំខានពីការតវ៉ារបស់ពលរដ្ឋផងដែរ។
លោក យង់ គិមអេង៖ «គម្រោងនេះ យើងហៅថាគម្រោងធំ ហើយជាគម្រោងដែលអាចចារទុកនៅក្នុងប្រវត្តិសាស្ត្រដែរ អ៊ីចឹងបើសិនជាការដោះស្រាយផលប៉ះពាល់នេះ ឱ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ឱ្យបានអស់នៅក្នុងចិត្ត ខ្ញុំយល់ថា ជារឿងមួយសំខាន់ណាស់ ហើយក៏ដើម្បីបង្ហាញអំពីគំរូនៃការអភិវឌ្ឍនៃគម្រោងធំៗនេះ អាចទុកជាមេរៀន ជាបទពិសោធន៍កម្ពុជាទៅថ្ងៃអនាគត»។
អ្នកភូមិព្រែកតាហ៊ីងលើកឡើងថាដោយសារតែព្រែកជីកហ្វូនណននឹងចាប់ផ្ដើមជីកនៅចុងឆ្នាំ២០២៤ដូច្នេះរដ្ឋាភិបាលគួរចាប់ផ្ដើមផ្ដល់សំណងឱ្យពលរដ្ឋឱ្យបានលឿនដើម្បីពលរដ្ឋមានពេលវេលាគ្រប់គ្រាន់សាងសង់ផ្ទះឬរកទីស្នាក់អាស្រ័យថ្មីឱ្យបានឆាប់រហ័ស។មន្ត្រីអង្គការសង្គមស៊ីវិលរំពឹងថារដ្ឋាភិបាលនឹងមិនបណ្ដេញពលរដ្ឋចេញពីដីធ្លីរបស់ពួកគាត់ដោយមិនបានផ្ដល់សំណងសមរម្យដូចដែលបានធ្វើកន្លងមកនៅតំបន់ផ្សេងៗនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។