កម្ពុជា និង​វៀតណាម​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ប្រទេស​ទាំង​ពីរ ប្រព្រឹត្ត​ទៅ​ដោយ​រលូន

កម្ពុជា និង​វៀតណាម​អះអាង​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន និង​កំណត់​ខណ្ឌសីមា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​គណៈកម្មការ​ព្រំដែន​ចម្រុះ (JBC) នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ភាគី​ទាំង​ពីរ​ក៏​បាន​ស្វាគមន៍​ចំពោះ​កំណត់ហេតុ​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ ដែល​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ។

ក្នុង​កំណត់ហេតុ​នោះ ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​បន្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​គ្នា ដើម្បី​ស្វែង​រក​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង ចំពោះ​ការ​បោះ​បង្គោល​ព្រំដែន​គោក ដែល​នៅ​សេសសល់​ប្រមាណ ១៦%។

ការ​លើក​ឡើង​បែប​នេះ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​ទី២១ ខែមករា ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ និង​ទី២០ ខែមករា។

ការ​សម្រេច​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ ធ្វើ​ឡើង​ទាំង​ចម្រូងចម្រាស​នឹង​ពាក្យ​រិះគន់ ពី​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន និង​មាន​ការ​ប្រឆាំង​ដាច់ខាត​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស ក៏​បាន​បញ្ជាក់​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប៊ូយ ថាញ់សឺន នៅ​កម្ពុជា​នា​ពេល​នេះ ក្រៅ​ពី​ជជែក​អំពី​បញ្ហា​ព្រំដែន ក៏​សំដៅ​លើក​កម្ពស់ និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។

លោក ប៊ូយ ថាញ់សឺន បាន​ចូល​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ក្នុង​នោះ​រួម​មាន ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន ជា​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។