ទូត​ចិន​បង្ហាញ​របាយការណ៍​​ថា ជនជាតិ​របស់​ខ្លួន​ជាង ១​ពាន់​នាក់​ត្រូវ​បាន​បណ្ដេញ​ពី​កម្ពុជា

0:00 / 0:00

ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បង្ហាញ​របាយការណ៍​ថា អាជ្ញាធរ​ខ្មែរ​បាន​បណ្ដេញ​ជនជាតិ​ខ្លួន​ជាង ១ពាន់​នាក់​ចេញ​ពី​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ទៅ​អាជ្ញាធរ​ថា គួរ​អនុវត្ត​ទោស ឬ​ដាក់​ពន្ធនាគារ​លើ​ជនជាតិ​ចិន ដែល​ប្រព្រឹត្តិ​ល្មើសច្បាប់​ទាំងនោះ​ជា​មុន​សិន​បណ្ដេញ​ចេញ​ពី​កម្ពុជា។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា ជនជាតិ​ចិន​ជាង ១ពាន់​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ចេញ​នោះ ព្រោះ​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​ពេស្យាចារ ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គ្រឿងញៀន សង្គម​ងងឹត និង​បទល្មើស​ផ្សេងៗ​ទៀត។

របាយការណ៍​ចុះផ្សាយ​ដោយ​ស្ថានទូត​ចិន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឱ្យ​ដឹង​ទៀត​ថា សមិទ្ធផល​នេះ គឺ​កើតឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ចិន និង​កម្ពុជា ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​សហប្រតិបត្តិ​ការអនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ។

ស្ថានទូត​ចិន​អះអាង​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​នេះ ធ្វើ​ឱ្យ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នៃ​ប្រទេស​ទាំងពីរ​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ​ថែម​មួយ​កម្រិត​ទៀត ក្នុង​ការ​ចុះ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង​នូវ​បទឧក្រិដ្ឋ​ណា ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ សុវត្ថិភាព ប្រជាពលរដ្ឋ​ប្រទេស​កម្ពុជា​-​ចិន។

អ្នក​សម្របសម្រួល​សមា​គម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធា​រី ឱ្យ​អាស៊ីសេរី​ដឹង​ថា សព្វថ្ងៃ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ជនជាតិ​ចិន​បាន​ប្រព្រឹត្ត​បទល្មើស​ច្រើន និង​សាហាវៗ​។ អ្នកស្រី​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ខ្លះ​នៅ​ពេល​អាជ្ញាធរ​ចាប់​ខ្លួនបាន ពួកគេ​គ្មាន​លិខិតឆ្លងដែន ឬ​ឯកសារ​ត្រឹមត្រូវ​នោះ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ត្រូវ​អនុវត្ត​ការងារ​របស់​ខ្លួន​ឱ្យ​សកម្ម ក្នុង​ការ​ត្រួតពិនិត្យ​លើ​វត្តមាន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ទីកន្លែង​ផ្សេងទៀត៖ «គួរតែ​ត្រួត​ពិនិត្យ​មើល​ការ​ស្នាក់នៅ​របស់​ពួកគាត់ ​ (​ ជនជាតិ​ចិន​ ) នៅ​តាម​បន្ទប់​ជួល នៅ​តាម​អគារ​ផ្សេងៗ ​ព្រោះ​​អី​នៅ​ពេល​បង្ក្រាប​បទល្មើស​ភាគ​ច្រើន​ពេល​ចាប់​ពួកគាត់​មក​យើង​ឃើញ​មាន​លិខិតឆ្លងដែន​តែមួយ​ហ្នឹង ហើយ​គ្នា​គាត់​ដល់​បួនដប់​នាក់ ដល់​ឃើញ​លិខិត​ឆ្លង​ដែន​​តែ​មួយ​​អ៊ីចឹង ​ខ្ញុំ​​មិន​​ដឹង​​ថា ពួកគាត់​ចេញចូល​តាម​ច្រក​ណា​ទេ»។

ទាក់ទង​ការ​បង្ហាញ​ចំនួន​ជនជាតិ​ចិន ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​របស់​ស្ថានទូត​ចិន និង​សំណើ​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នកទទួល។

ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​វីអូអេ (VOA) ថា សមត្ថកិច្ច​កម្ពុជា​កំពុង​ពង្រឹង​ការអនុវត្ត​ច្បាប់​ក្នុង​ការ​គ្រប់គ្រង​ជន​បរទេស។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​យក​ជនជាតិ​ចិន ដែល​ប្រព្រឹត្ត​ល្មើស​ទាំង​នោះ​មក​អនុវត្ត​ទោស ឬ​ជាប់ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​សិន មុននឹង​ត្រូវ​បញ្ជូន​ទៅ​ចិន​វិញ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់ថា ប្រទេស​ចិន​គួរ​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​បញ្ជូន​អ្នក​វិនិយោគ​របស់​ខ្លួន​មក​កម្ពុជា ដែល​លោក​យល់ថា គួរ​បញ្ជូន​អ្នក​វិយោគ​មាន​ប្រវត្តិ​ល្អ ដើម្បី​ចៀសវាង​ជន​ជាតិ​ចិន​បង្ក​បញ្ហា​ដូច​សព្វថ្ងៃ​នេះ៖ «រដ្ឋាភិបាល​ចិន​មក​ទទួល​អ្នកទោស​ទៅវិញ​មើល​ទៅ​ដូច​អ្នកទោស​លំដាប់​វីអាយភី (VIP) អ៊ីចឹង ឃើញ​មាន​យន្តហោះ​មានអី​មក​ទទួល​គគ្រឹកគគ្រេង បើ​ចង់​ប្រព្រឹត្តិ​បទល្មើស​នៅ​ស្រុក​ខ្មែរ​គួរ​ភ្លក់​រសជាតិ​ជាប់គុក​នៅ​ស្រុក​ខ្មែរ​មួយ​ឆមាស ឬ​ពីរ​ឆមាស​មើល​ថា​ស្រួល​ប៉ុណ្ណា រូបភាព​បែបនេះ​ក៏​អាច​ឱ្យ​ជនជាតិ​ចិន​បាន​ដឹង​ផលវិបាក​ជាប់គុក​នៅ​ស្រុក​ខ្មែរ​ដែរ»។

សព្វថ្ងៃ​ប្រទេស​ចិន​កំពុង​ស្ថិត​ក្នុង​តារាង​កំពូល ដែល​មាន​ទំហំ​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ដែល​មាន​ទឹកប្រាក់​ជាង ៧,៩​ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹម​គ្នា​នេះ ជនជាតិ​ចិន​ក៏​ជាប់​លេខ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ជនបរទេស ដែល​ប្រព្រឹត្ត​ល្មើស​ច្រើន​នៅ​កម្ពុជា​។ ពួកគេ​ទាំងនោះ​ច្រើន​បង្ក​បញ្ហា ដូចជា បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ភាព​រញ៉េរញ៉ៃ វាយ​កាប់​ចាក់ ពេស្យាចារ ល្បែងភ្នាល់​​តាម​ប្រព័ន្ធ​អ៊ីនធឹណិត គ្រឿងញៀន អំពើ​ប្លន់ និង​ការ​ចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។