វៀតណាម រារាំងកសិករខ្មែរ មិនឲ្យនាំស្រូវឆ្លងដែន តាមច្រកទ្វេភាគី

0:00 / 0:00

តម្លៃ​ស្រូវ​ប្រាំង​ ធ្លាក់​ថ្លៃ​ចុះ​ខ្លាំង​ ក្នុង​រដូវ​កំពុង​ពេញ​ប្រមូល​ផល។ ការ​ធ្លាក់​ថ្លៃ​នេះ ដោយសារ​​ អាជ្ញាធរ​វៀតណាម បាន​រារាំង​​​​​មិន​ឲ្យ​​កសិករ និង​អ្នក​ជំនួញ​ នាំ​ស្រូវ​ឆ្លង​ដែន​តាម​ច្រក​ទ្វេ​ភាគី ដូច​មុន​ក្រោម​ហេតុផល​បង្ការ​ជំងឺ​កូវីដ​១៩ (​Covid-19)។ អ្នក​ជំនាញ​កសិកម្ម លើក​ទឹកចិត្ត​​ឲ្យ​រដ្ឋាភិបាល​​បញ្ចេញ​ថវិកា​ជាតិ​ ប្រមូល​​ទិញ​ស្រូវ​របស់​កសិករ​​ ក្នុង​តម្លៃ​សមរម្យ។

​ក្ដី​បារម្ភ​ធំ​បំផុត​របស់​កសិករ នៅ​ពេល​ស្រូវ​ប្រាំង​ធ្លាក់​ថ្លៃ ក្រោម​មួយ​ពាន់​ (៨០០)​រៀល​ឡើង​​វិញ​នេះ គឺ​​លទ្ធភាព​សង​បំណុល​ធនាគារ។ ពួកគាត់​ ទទូច​ឲ្យ​រដ្ឋាភិបាល​​ចេញ​មុខ​ជួយ ដោះស្រាយ​បញ្ហា​នេះ ទាំង​ការ​ចរចា​ឲ្យ​ខាង​​វៀតណាម​​ បើក​ទទួល​ទិញ​ស្រូវ​វិញ និង​ការ​ជួយ​ផ្សេង​ទៀត ពី​រដ្ឋាភិបាល​​។

​កសិករ​ម្នាក់ នៅ​ស្រុក​អង្គរ​បូរី ខេត្ត​តាកែវ លោក ផាន់ ប៊ុនហ៊ាង ឲ្យ​ដឹង​ថា ​នៅ​ចុង​ខែ​មីនា​ ក្រុម​កសិករ និង​ឈ្មួញ​ស្រូវ​ខាង​ខ្មែរ​ នាំ​គ្នា​តវ៉ា និង​យក​ទូក ដាក់​តម្រៀប​​កាត់​ទទឹង​ស្ទឹង​ បិទ​ផ្លូវ មិន​ឲ្យ​ឈ្មួញ​វៀតណាម ដឹក​ទំនិញ​ចូល​​មក​ខាង​ស្រុក​អង្គរ​បូរី។ លោក​ ថា ការ​តវ៉ា​នេះ ព្រោះ​​កសិករ​ខ្មែរ មិន​សុខ​ចិត្ត ដោយ​ខាង​វៀតណាម អាច​ដឹក​ទំនិញ​ខ្លួន ចូល​មក​លក់​ខាង​កម្ពុជា​បាន តែ​វៀតណាម ហាមឃាត់​មិន​ឲ្យ​ដឹក​ស្រូវ ពី​ខ្មែរ ចូល​ទៅ​លក់​ខាង​វៀតណាម។

​លោក ប៊ុនហ៊ាង បន្ត​ថា ​ច្រើន​ថ្ងៃ​មក​ហើយ វៀតណាម​ នៅ​តែ​មិន​ព្រម​អនុញ្ញាត​ឲ្យ​ខាង​ខ្មែរ ដឹក​ស្រូវ​ចូល​ទៅ​ខាង​វៀតណាម​ដដែល។ ចំណែក​ កសិករ និង​ឈ្មួញ​ស្រូវ​ខាង​ខ្មែរ​ខ្លះ បន្ត​ទុក​ស្រូវ​ទាំង​បាវៗ រាប់​ពាន់​តោន នៅ​លើ​ច្រាំង​ស្ទឹង និង​តាម​ផ្លូវ ដើម្បី​រង់ចាំ​ដំណោះស្រាយ​របស់​អាជ្ញាធរ។ ឯ​អ្នក​ខ្លះ​​ទៀត បាន​នាំ​គ្នា ជួល​ឡាន ដឹក​ស្រូវ យក​ទៅ​​​លក់​នៅ​តាម​ច្រក​​ផ្សេង​ទៀត ដោយ​សង្ឃឹម​ថា ខាង​វៀតណាម​នឹង​ទទួល​ទិញ​​។

«លំបាក​ថា អ្នក​ខ្លះ​ស្រូវ​តិចតួច​អ្វី​ គាត់​លក់​ភ្លាម​អ៊ីចឹង​ទៅ មាន​ឡាន​គេ​ទិញ​ទៅ ទៅ​ដឹក​គោយន្ត ដឹក​ឡាន​ច្នៃ​ យក​ទៅ​ដាក់​ក្បែរៗ​ផ្លូវ​យើង​នេះ។ ផ្លូវ​កៅស៊ូ​នេះ។ អ្នក​ខ្លះ​ស្រូវ​ច្រើន​អ៊ីចឹង​ទៅ គាត់​ដឹក​ចេញ​មិន​ទាន់​។ បាន​ន័យ​ថា ​ឈ្មួញ​​កណ្ដាល​វា​តិច ហើយ​ស្រូវ​វា​ច្រើន​។ វា​ច្រើន​លើស​លុប​ហើយ ពេល​គាត់​ទិញ​ ទិញ​ស្រូវ​​ណា នៅ​ជិត​ផ្លូវ​។ អា​ស្រូវ​ណា​នៅ​ឆ្ងាយ​ពី​ផ្លូវ​អ៊ីចឹង ពិបាក​អ្វី​។ ត្រូវ​ភ្លៀង​ ត្រូវ​ខ្យល់​អ្វី​ទៀត គាត់​ទម្លាក់​តម្លៃ។​ ដូច​ខ្ញុំ​ថា អ៊ីចឹង កាល​ពី​ដើម កាល​ពាក់​កណ្ដាល​ខែ​២ ខ្ញុំ​លក់​បាន​មួយ​គីឡូ ជាង​មួយ​ពាន់​ដែរ។ ឥឡូវ យើង​នៅ​បាន​៨០០​ទេ។ ហ្នឹង​តម្លៃ​ស្រូវ ដល់​ថ្ងៃ​ហ្នឹង បាន​៨០០ ហើយ​យប់​មិញ ភ្លៀង​មួយ​មេ​មក​ទៀត អ្នក​ខ្លះ ពិបាក​យំ​ក្នុង​ស្រែ។»​​​

​ស្រដៀងគ្នានេះ កសិករ​​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន​ម្នាក់​ទៀត រស់​នៅ​ស្រុក​កោះ​អណ្ដែត ខេត្ត​តាកែវ លោក មាន សារី ឲ្យ​ដឹង​ថា ​កាល​ពី​រីក​រាលដាល​ជំងឺ​កូវីដ​១៩​ ដំបូងៗ គឺ​ខាង​វៀតណាម ទទួល​ទិញ​កសិផល​របស់​ខ្មែរ តែ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ ចូល​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ជន​ជាតិ​វៀតណាម មក​ទទួល​ទិញ​ និង​ដឹក​ជញ្ជូន​ពី​ព្រំដែន​ទៅ។ តែ​មក​ដល់​ពេល​នេះ​ លោក​ថា ខាង​ភាគី​វៀតណាម​ មិន​ទទួល​ទិញ​កសិផល​ និង​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​កសិផល​ឆ្លង​ដែន​ទេ។

កសិករ​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​ករណី​នេះ ជា​បន្ទាន់ ព្រោះ​ខែ​នេះ ជា​រដូវ​ប្រមូល​ផល​ស្រូវ​​ប្រាំង។ លោក មាន សារី បារម្ភ​ថា ផល​លំបាក​នេះ អូស​បន្លាយ​កាន់​តែ​យូរ តម្លៃ​ស្រូវ​ប្រាំង នឹង​កាន់​តែ​ធ្លាក់​ថ្លៃ​ខ្លាំង ហើយ​កសិករ ប្រឈមនឹង​គ្មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ ដែល​ពួកគាត់​ នាំ​គ្នា​ខ្ចី យក​មក​ទិញ​ពូជ ទិញ​ជី នឹង​ការ​បូម​ទឹក​ដាក់​ស្រែ​ប្រាំង​ជាដើម។

«វា​ពិបាក​ដែរ ពិបាក​ត្រង់​ថា ត្រូវ​ដឹក​ជញ្ជូន​ពីរ​ បី កន្លែង។ ដឹក​ពី​ស្រែ មក​មួយ​សារ ឡើង​លើ​មួយ​សារ​មក បាន​ដង្ខៅ​គេ​យក​អ៊ីចឹង​ណា។ តម្លៃ​ដើម​ផង ដឹក​ផង​ អ្វី​ផង នៅ​សល់​៨០​ជាង​អ៊ីចឹង​ណា។»

​កសិករ បាន​ចាប់​ផ្ដើម​ប្រមូល​ស្រូវ​ប្រាំង តាំង​​​​​​​​​​ពី​ចុង​​ខែ​កុម្ភៈ​មក។ កាល​ពី​ចុង​ខែ​កុម្ភៈ និង​ដើម​ខែ​មីនា តម្លៃ​ស្រូវ​ប្រាំង ឡើង​ថ្លៃ​គ្រាន់​បើ ដែល​អាច​ធ្វើ​ឲ្យ​កសិករ​ខ្លះ រំពឹង​ថា នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​សង​បំណុល​ធនាគារ និង​មាន​ទឹក​ចិត្ត ក្នុង​ការ​ធ្វើ​ស្រែ​ប្រាំង នៅ​ឆ្នាំ​ក្រោយ​បន្ត​ទៀត។

ប៉ុន្តែ តម្លៃ​ស្រូវ​ប្រាំង បាន​​ចាប់​ផ្ដើមធ្លាក់​ចុះបណ្ដើរ​ៗ​វិញ នៅក្នុងខែមេសានេះ។ ស្រូវ​ប្រាំង​ ប្រភេទ​អង្ករ​ទន់​ ដែល​ធ្លាប់​លក់​បាន​មួយ​គីឡូក្រាម ជាង​មួយ​ពាន់​ (១.២០០)​រៀល ឥឡូវ​នេះ លក់​បាន​មិន​ដល់​មួយ​ពាន់​ (៨៥០)​រៀល​ទេ ហើយ​ត្រូវ​បន្ថែម​ថ្លៃ​ដឹក​ យក​ទៅ​ដល់​ព្រំដែន​ ឬ​ថ្លៃ​ដឹក​ឆ្លង​ដែន​បន្ថែម​ទៀត។

ការ​ធ្វើ​ស្រូវប្រាំង​​​ ​លំបាក ​ចំណាយ​ច្រើន និង​ទទួល​បាន​ទិន្នផល​តិច​ ជាង​ស្រែវស្សា​។ ថ្វីត្បិត​តំបន់​ខ្លះ ខ្វះ​ទឹក​ស្រោចស្រព​ស្រែ​ ក្នុង​ខែ​ប្រាំង តែ​កសិករ អះអាង​ថា ឲ្យ​តែ​តម្លៃ​ស្រូវ​មាន​ទីផ្សារ​ល្អ និង​លក់​បាន​តម្លៃ​សមរម្យ ពួកគាត់ នឹង​នៅ​តែ​ប្រថុយ​ធ្វើ​ស្រែប្រាំង​បន្ត​ទៀត ដោយ​សារ មិន​ចង់​ចំណាក​ស្រុក។

ទិន្នផល​ស្រូវ​ប្រាំង ភាគច្រើន គឺ​រំពឹង​​លើ​ការ​នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង គឺ​ថៃ និង​វៀតណាម ជាជាង​ទីផ្សារ​ក្នុង​ស្រុក​។ កសិករ​​ខ្លះ បាន​​​ខ្ចី​​លុយ​ពី​ធនាគារ ដើម្បី​ទិញ​ពូជ និង​ជី របស់​វៀតណាម និង​​ថៃ ដើម្បី​ដាំដុះ​ ​តម្រូវ​តាម​ទិន្នផល​​របស់​ឈ្មួញ​នៃ ប្រទេស​ទាំង​២។ តែ​ការ​ហាមឃាត់​ ការ​នាំ​ស្រូវ​ចូល​ប្រទេស​ជិត​ខាង​បែប​នេះ នឹង​បណ្ដាល​ឲ្យ​កសិករ​ខ្លះ កាន់​តែ​លំបាក។

​ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ការ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​នេះ កាល​ពី​ថ្ងៃ​ទី​២៥ មីនា ​អភិបាល​ស្រុក​អង្គរ​បុរី ​បាន​ផ្ញើ​របាយការណ៍ ​​ប្រាប់​ទៅ​អាជ្ញាធរ​ខេត្ត​ថា ការ​រឹត​បន្តឹង​ច្រក​ព្រំដែន​​នៃ​ប្រទេស​ទាំង​ពីរ​​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​នាំ​ស្រូវ​ពី​ស្រុក​អង្គរ​បុរី ទៅ​លក់​នៅ​ក្នុង​ស្រុក​អានភូ (An Phou) ខេត្ត​អានយ៉ាង(An Giang)។ របាយការណ៍ បន្ត​ថា ​​ស្រូវ​របស់​​កសិករ​ខ្មែរ​នៅ​ក្នុង​ស្រុក​នេះ​ចាប់​ផ្ដើម​ទុំ និង​កំពុង​ប្រមូល​ផល តែ​បែរ​ជា​មិន​អាច​នាំ​ចេញ ទៅ​លក់​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ទៅ​វិញ។

​​បន្ទាប់​មក នៅ​ថ្ងៃ​ទី​២៦ មីនា អភិបាល​ខេត្ត​តាកែវ លោក អ៊ូច​ ភា ​បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អានយ៉ាង ​ដើម្បី​ស្នើសុំ​ឱ្យ​ភាគី​វៀតណាម ជួយ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នៅ​ច្រក​ព្រំដែន​បាក់​ដៃ​​និង​ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​កំពង់​ក្រសាំង ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​​កសិករ​ខ្មែរ​នាំ​ទំនិញ​ និង​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ក្នុង​​រដូវ​ប្រមូល​ផល​នេះ​។ ​នាយក​រដ្ឋបាល និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​តាកែវ លោក មាស អ៊ុយ ប្រាប់​អាស៊ី​សេរី​ថា ក្រោយ​ការ​ស្នើសុំនេះ​ ភាគី​វៀតណាម បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ទំនិញ​ឆ្លង​ដែន​​បាន​ តែ​ត្រូវ​ធ្វើ​ឡើង​តាម​ច្រក​តំបន់​តែ​មួយ​ប៉ុណ្ណោះ​ គឺ​ច្រក​​កំពង់ក្រសាំង ស្ថិត​នៅ​ក្នុង​ស្រុក​បូរីជលសារ។លោក​បន្ត​ថា ច្រក​បាក់ដៃ នៅ​ស្រុក​អង្គរ​បូរី​ គឺ​ជា​ច្រក​ទ្វេ​ភាគី ហើយ​ខាង​វៀតណាម មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ទំនិញ​ឆ្លង​ដែន​តាម​ច្រក​នេះ​ទេ ព្រោះ​បង្ការ​ជំងឺ​កូវីដ​១៩។ លោក ឲ្យ​ដឹង​​ទៀត​ថា ខាង​អាជ្ញាធរ​ បាន​ប្រកាស​ប្រាប់​ ទៅ​កសិករ​រួច​រាល់​អស់​ហើយ ដើម្បី​ឲ្យ​ពួក​គាត់ ដឹក​កសិផល ទៅ​លក់​នៅ​តាម​ច្រក​តំបន់​វិញ ហើយ​កសិករ​ខ្លះ ក៏​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​លក់​ដែរ។មន្ត្រី​សាលា​ខេត្ត​រូប​នេះ​​ ទទួល​ស្គាល់​ថា កសិករ នឹង​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន ព្រោះ​ត្រូវ​ចំណាយ​ថ្លៃ​​​ដឹក​ស្រូវ ពី​ស្រុក​អង្គរ​បូរី យក​ទៅ​​ស្រុក​បូរីជលសារ​វិញ តែ​ខាង​អាជ្ញាធរ គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​នេះ​ទេ ព្រោះ​​ខាង​វៀតណាម គេ​អនុញ្ញាត និង​ទទួល​ទិញ តែ​តាម​ច្រក​នេះ​ទេ​ ​។ លោក ថា ខាង​អាជ្ញាធរ​ខេត្ត ​មិន​មាន​លទ្ធភាព​ជួយ​ថ្លៃ​ដឹក​ជញ្ជូន​របស់​កសិករ​ទេ តែ​ខាង​ខេត្ត ​បាន​ហាម​ឃាត់​ សមត្ថកិច្ច​ទាំង​អស់ ​មិន​ឲ្យ​ដាក់​ប៉ុស្តិ៍​ ឬ​​ ធ្វើ​សកម្មភាព​យក​លុយ​ ពី​កសិករ ដែល​ដឹក​ស្រូវ​ យក​ទៅ​លក់​នៅ​ច្រក​កំពង់ក្រសាំង​នោះ​ទេ។ «ពាក់​ព័ន្ធ​ជាមួយ​ការងារ​ហ្នឹង​ យើង​ខិតខំ​ហើយ តែ​ឥឡូវ​កូវីដ​វា​អ៊ីចឹង យើង​ចេញ​ចូល​វា​អត់​បាន​ ទាក់​ទង​តែ​តាម​លិខិត​ ដល់​អ៊ីចឹង វា​ពិបាក​ ព្រោះ​វា​ពិបាក​ជួប​ប្រជុំ​ហៅ​ប្រជុំ​និយាយ​គ្នា ខេត្ត​ដៃគូ​អ៊ីចឹង​ទៅ។ យើង​មិន​សុំ​អ្វី ទេ គ្រាន់​តែ​ក្នុង​រដូវ​ហ្នឹង យើង​ចង់​សុំ​ឲ្យ​បើក​ទទួល​ទិញ ពីរ បី ថ្ងៃ​ទៅ តែ​វា​ពិបាក​ទាក់ទង អា​រឿង​កូវីដ​ហ្នឹង។»

​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​កសិករ ស្វាគមន៍​ការ​ជួយ​អន្តរាគមន៍​នេះ តែ​យល់​ថា ​ការ​ជួយ​អន្តរាគមន៍​ត្រឹម​ប៉ុណ្ណេះ មិន​អាច​​ឲ្យ​កសិករ​ មាន​លទ្ធភាព​លក់​ស្រូវ បាន​លុយ​សង​បំណុល​ធនាគារ​គ្រប់​ទេ។ តំណាង​បណ្ដាញ​ពហុ​វិស័យ (CGCN) លោក ជា សុភ័ក្ក ជំរុញ​ឲ្យ​អាជ្ញាធរ​ខិតខំ ចរចា​ជាមួយ​វៀតណាម​បន្ថែម​ទៀត ដើម្បី​ទទួល​ទិញ​ស្រូវ និង​កសិផល​ផ្សេង​ទៀត ក្នុង​តម្លៃ​សមរម្យ និង​ត្រូវ​ជួយ​សម្រួល ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ដោយ​រលូន ដូច​ករណី​អាជ្ញាធរ​ខ្មែរ​តែងតែ​បាន​ជួយ​សម្រួល ដល់​ខាង​ភាគី​វៀតណាម នាំ​ទំនិញ​ចូល​ខ្មែរ ដូច្នេះ​ដែរ។លោកបន្ថែម​ថា រដ្ឋាភិបាល​​មិន​គួរ​ព្រងើយ​កន្តើយ​​​ ​ឈរ​មើល​តម្លៃ​កសិផល​ធ្លាក់​ចុះ និង​គ្មាន​ទី ផ្សារ​លក់​ចេញ​ កាន់​តែ​ច្រើន​ទៅ​បែប​នេះ​ទេ។ លោក ជា សុភ័ក្ក ​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ទទួល​ទិញ​កសិផល​របស់​កសិករ ក្នុង​តម្លៃ​សមរម្យ​។ អ្នក​ជំនាញ​កសិកម្ម​រូប​នេះ យល់​ថា ការ​បញ្ចេញ​ថវិកា​រដ្ឋ​ ទិញ​​ស្រូវ​ និង​កសិផល​ផ្សេង​ទៀត ជា​ដំណោះស្រាយ​ប្រសើរ​បំផុត ក្នុង​ការ​ជួយ​កសិករ ​ជួយ​ពលរដ្ឋ ដែល​កំពុង​ប្រឈម​ជីវភាព​ និង​អ្នក​កំពុង​ខ្វះ​ខាត​ស្បៀង​អាហារ ជាដើម។ «ខ្ញុំ​យល់​ឃើញ​ថា បើ​សិន​ជា​ចង់​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន លុះ​ត្រា​តែ​រដ្ឋាភិបាល​យើង​ទទួល​ទិញ ស្ដុក​​ទុក ករណី​ដែល​ប្រទេស​នាំ​ចេញ​ មិន​បាន​ ឬ​មាន​បញ្ហា​អ្វី​មួយ យើង​ស្ដុក​ទុក​សិន។ មិន​គួរ​នាំ​ចេញ​ស្រូវ​​ទេ គួរ​នាំ​អង្ករ​វិញ។ នេះ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ។ បើ​សិន​ទុក​ដូច​រាល់​ថ្ងៃ​ប្រជាជន​ ប្រជាពលរដ្ឋ​យើង​ឃើញ តម្លៃ​ក៏​ថោក ហើយ​អត់​មាន​អ្នក​ទិញ​ទៀត។ តម្លៃ​ធ្លាក់​ចុះ​រាល់​ថ្ងៃ។» ជុំវិញ​ករណី​​នេះ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ លោក ស្រី វុឌ្ឍី និង​អ្នក​នាំ​ពាក្យ​​ក្រសួង​ពាណិជ្ជកម្ម លោក សេង ថៃ បាន​ទេ នៅ​ថ្ងៃ​ទី​០៣ មេសា។ កាលពី​ឆ្នាំ​២០២០ កម្ពុជា ធ្វើ​ស្រែប្រាំង សម្រេច​បាន​ជិត​ប្រាំមួយ​សែន (៥៩៧.៥០៨)​ហិកតារ​ផ្ទៃដី និង​ប្រមូល​ផល​ស្រូវប្រាំង​បាន​ចំនួន​ជាង​ពីរ​លាន​(២.៦១៦.២៥៣)​តោន។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ចេញ​តារាង​បង្ហាញ​​តម្លៃ​ស្រូវ​ប្រាំង តាម​ខេត្ត​មួយ​ចំនួន​​ដែរ នៅ​ដើម​ខែ​មេសា​នេះ ដោយ​តម្លៃ​ស្រូវ​ប្រភេទ​ក្រអូប មួយ​គីឡូ​ក្រាម ពី​​មួយ​ពាន់ (១.០០០)​រៀល ដល់​មួយ​ពាន់​ហាសិប (១.០៥០)​រៀល។ ឯ​តម្លៃ​ស្រូវ​រឹង ប្រភេទ​អ៊ីអ៊ែរ (IR) មួយ​គីឡូក្រាម ក្រោម​មួយ​ពាន់​ (៧៨០ ដល់​៩០០)​រៀល៕​​​​​