ពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដាក់​តាំង​ពិព័រណ៍​ទំនិញ​ខ្មែរ​ឱ្យ​បាន​ច្រើន​ក្នុង​ពិធីបុណ្យ​ទន្លេ

0:00 / 0:00

ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​នេះ ឱ្យ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​របស់​ខ្មែរ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ឱ្យ​បាន​ច្រើន ដើម្បី​លើកស្ទួយ​ជីវភាព​កសិករ​ខ្មែរ។ ក្រសួង​ទេសចរ​គ្រោង​រៀបចំ​ពិធីបុណ្យ​ទន្លេ លើក​ទី​៦ នៅ​មាត់​ស្ទឹង​សង្កែ ក្នុង​ក្រុង​បាត់ដំបង​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី១៥ មីនា​ខាងមុខ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​បាត់ដំបង លោក ជា តុងហាន់ ថ្លែង​នៅ​ថ្ងៃ​ទី​៦​មីនា​ថា ពិធី​បុណ្យ​ទន្លេ​ឆ្នាំនេះ គឺជា​ឱកាស​ល្អ​របស់​កសិករ​នៅ​ខេត្ត​បាត់ដំបង ដើម្បី​លក់​ផលិតផល​ជាពិសេស​ផ្លែឈើ ពីព្រោះ​ពិធីបុណ្យ​នេះ​នឹង​មាន​មនុស្ស​គ្រប់ទិសទី​ចូលរួម​ទស្សនា។ លោក​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​នេះ គួរតែ​យក​ឱកាស​ដ៏​ល្អ​នេះ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​របស់​កសិករ​ឱ្យ​បាន​ច្រើន ដើម្បី​លក់​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​។​

៖ «តាមពិត​រដូវ​នេះ​ការ​បរិភោគ​ឪឡឹក​ហ្នឹង​វា​ក្ដៅ​អីចឹង​បុណ្យ​ទន្លេ​ហ្នឹង ឪឡឹក​រាប់​សិប​តោន​យើង​អាច​នឹង​លក់ដាច់​បើ​សិន​យើង​ចេះ​ផ្សព្វផ្សាយ​ពី​អាជ្ញាធរ​ខេត្ត​ទៅ​។ សូម​ឱ្យ​អភិបាល​ស្រុក​អភិបាល​ខេត្ត​បាត់ដំបង​ចេះ​ឈឺឆ្អាល​ផង កុំ​ឱ្យ​បាន​តំណែង​បាន​អំណាច​នៅតែ​មួយ​កន្លែង​អីចឹង​វា​អត់​ត្រឹមត្រូវ​ទេ ។​យើង​ប្រជាពលរដ្ឋ​ស្រលាញ់​មេដឹកនាំ​ណាស់ តែ​មេដឹកនាំ​ក៏​ត្រូវ​ចេះ​ស្រលាញ់​ប្រជាពលរដ្ឋ​វិញ​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង​ម្នាក់ទៀត កញ្ញា ភឿង ស៊ីវ៉ាង អះអាង​ថា កសិករ​ដាំ​ឪឡឹក​នៅ​ស្រុក​ឯក​ភ្នំ​កំពុង​ប្រមូល​ផល តែ​គ្មាន​អ្នកទិញ​ឪឡឹក​របស់​កសិករ​នោះ​ទេ ហើយ​អ្នកខ្លះ​បាន​ទុក​កសិផល​ចោល​ពេញ​ចម្ការ។ កញ្ញា​បន្ត​ថា ក្រៅ​អំពី​ផ្លែ​ឪឡឹក​នៅ​មាន​ផ្លែឈើ​ជាច្រើន​មុខ​ក៏​កសិករ​ខេត្ត​នេះ​ដាំ​ដុះ​បាន​ដែរ ដូចជា​ក្រូច​ពោធិ៍សាត់ ចេក ស្វាយ និង ម្នាស់​ជាដើម ។ កញ្ញា​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដាក់​បង្ហាញ​ផ្លែឈើ​ទាំងនេះ​ដាក់​លក់​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ពិធីបុណ្យ​ដ៏​ធំ​នេះ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​ចង់​ឱ្យ​គេ​ជួយ​ទិញ​ផ្លែឈើ​ពី​កសិករ​យើង ដូច​ថា​ឈ្មួញ​ធំៗ​អី​ជួយ​ទិញ​របស់​ហ្នឹង​ផង បើ​គាត់​អត់​បាន​លក់​អីចឹង​ទៅ​វា​ខូចខាត​អត់​បាន​អត់​បាន​ទាំង​ដើម​មកវិញ​ផង គាត់​ខំ​ចំណាយ​កម្លាំង​អត់​បាន​សល់​អី​មកវិញ ហើយ​លុយ​ក៏​មិន​បាន​ដែរ ជំពាក់​គេ​អី​ទៅ​វា​កាន់តែ​ធ្ងន់​ទៀតហើយ បើ​លក់​អត់​ដាច់​វា​មិន​បោះចោល»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អភិបាលខេត្ត​លោក ងួន រតនៈ និង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នេះ​បានទេ​នៅ​ថ្ងៃ​ទី​៦ មីនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ គេហទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង បាន​ចុះផ្សាយ​ថា ក្រសួង​ទេសចរណ៍​គ្រោង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ នៅ​ទី​រួម​ខេត្ត​បាត់ដំបង ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ មីនា​ខាងមុខ​។ ពិធី​នេះ​មាន​ការ​ប្រគំ​តន្ត្រី តាំង​ពិព័រណ៍​ទំនិញ​គ្រប់​ប្រភេទ នៅ​អម​ដងស្ទឹង​សង្កែ ជា​រៀងរាល់ថ្ងៃ ដើម្បី​ឱ្យ​អ្នកទេសចរ​ទៅ​ចូលរួម​ទស្សនា​កម្សាន្ត​។ ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ពិធី​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ជំរុញ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​ដង​ទន្លេ​របស់​កម្ពុជា​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​នៅ​ថ្ងៃ​ទី​១៤ មីនា។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់សំគាល់​ថា កន្លងទៅ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​តែងតែ​រៀបចំ​ពិធីបុណ្យ​ផ្សេងៗ​នៅ​មាត់​ស្ទឹង​សង្កែ​ក្រុង​បាត់ដំបង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​កម្សាន្ត​ជា​រៀងរាល់​ឆ្នាំ​ដែរ ក៏ប៉ុន្តែ​អាជ្ញាធរ​មិនសូវ​ដាក់​តាំង​ពិព័រណ៍​ទំនិញ​ខ្មែរ ដើម្បី​អ្នកទេសចរ​ជួយ​ទិញ​ទាំង​នោះ​ឡើយ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​បែរជា​អនុញ្ញាត​ឱ្យ​ទំនិញ​បរទេស​ដាក់​លក់​យ៉ាង​សប្បាយ​នៅ​ក្នុង​ពិធី​នោះ​ទៅវិញ ដែល​ធ្វើ​ប៉ះពាល់​ទំនិញ​របស់​ប្រជាពលរដ្ឋ​៖ «គេ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​របស់​គេ​ណាស់ យើង​គិត​មើល​ផ្លែ​ស្វាយ​គេ​យក​ទៅ​កែច្នៃ​អស់​លទ្ធភាព​ប្រើប្រាស់​ក្នុងស្រុក​គេ គ្រប់​ពី​តម្រូវការ​ទើប​គេ​នាំគ្នា​ប្រើប្រាស់​ផលិតផល​របស់​បរទេស​។​អីចឹង​យើង​គប្បី​តែ​នាំគ្នា​ប្រើប្រាស់​ផលិតផល​របស់​យើង​ដាក់​តាំង​ផលិតផល​របស់​យើង​ធ្វើ​ឱ្យ​ហ្នឹង​វា​មានតម្លៃ ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណូល និង​ធ្វើ​ឱ្យ​ផលិតផល​ហ្នឹង​វា​ចុះ​ហើយ​យក​ទៅ​បោះចោល»។

កាលពី​ឆ្នាំ​កន្លងទៅ​អាជ្ញាធរ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៥០​ម៉ឺន​(៥០០.០០០)​ទៅ​ទស្សនា។

លោក យិន ម៉េងលី រំពឹង​ថា ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ គឺ​ប្រជាពលរដ្ឋ​អាច​នឹង​លក់​កសិផល​របស់​ខ្លួន​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជា​មិនខាន ប្រសិនបើ​អាជ្ញាធរ​បើក​ឱ្យ​កសិករ​ដាក់​លក់​ទំនិញ​ឱ្យ​បាន​ច្រើន​នោះ ពីព្រោះ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ នឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅលេង​កម្សាន្ត ស្រប​ពេល​ដែល​កសិករ​មួយ​ចំនួន​ក៏​កំពុង​ប្រមូល​ផលដំណាំ​របស់​ខ្លួន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។