មន្ត្រីប៉ូលិសចរាចរណ៍ បានអំពាវនាវអោយពលរដ្ឋគោរពច្បាប់ចរាចរណ៍អោយបានទាំងអស់គ្នា។ ការអំពាវនាវនេះ ធ្វើឡើងភ្លាមៗនៅក្រោយពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មករ ១នាក់ស្លាប់ និង ២៦នាក់ទៀតរបួសកាលពីថ្ងៃទី២០ ខែតុលា។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលរិះគន់ថា ការមិនគោរពច្បាប់ចរាចរណ៍កើតឡើងពីការអនុវត្តច្បាប់ធូររលុង មិនស្មើភាពគ្នា និងបើកបរស្ថិតក្នុងភាពស្រវឹង។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក លោក ស៊ិន សុវណ្ណធី មានប្រសាសន៍ថា ការបើករបរមិនគោរពច្បាប់ និងការខ្វះការប្រុងប្រយ័ត្នក្នុងការបើកបរ គឺជាដើមហេតុចម្បងដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ។
ទាក់ទងនឹងការលើកឡើងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គិមអេង មានប្រសាសន៍ថា ជាទូទៅការមិនគោរពច្បាប់ចរាចរណ៍កើតឡើងដោយសារភាពធូររលុងក្នុងការអនុវត្តច្បាប់ដោយមន្ត្រីសមត្ថកិច្ច និងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។
លោក យង់ គិមអេង បន្តថា ការពង្រឹងការងាររបស់សមត្ថកិច្ច និងបំពាក់សម្ភារៈចាំបាច់នានា នឹងអាចជួយអោយមានការអនុវត្តច្បាប់បានត្រឹមត្រូវ៖ «មន្ត្រីចរាចរណ៍ខ្លួនឯងហ្នឹងត្រូវតែប្ដេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ចរាចរណ៍ សំខាន់បំផុតត្រូវតែផាកពិន័យដោយមិនរើសមុខ»។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ លោក ស៊ិន សុវណ្ណធី អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២០ ខែតុលា បានបណ្ដាលឲ្យមនុស្ស ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងរបួស ២៦នាក់។ លោកបញ្ជាក់ថា ក្នុងចំណោមអ្នករបួសនោះមានបុរស ២នាក់។ អ្នករបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងអ្នករបួសធ្ងន់ ៤នាក់ ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
លោកបន្ថែមថា មន្ត្រីប៉ូលិសពុំទាន់ចាប់បានអ្នកបើកបររថយន្តដឹកទំនិញនៅឡើយនោះទេ៖ «គឺអ្នកបង្ករត់គេចខ្លួន ហើយយើងកំពុងស្រាវជ្រាវរកក្រុមហ៊ុន ប្រហែលជាក្រុមហ៊ុនឯកជន ហើយស្អែកប្រហែលជាដឹងហើយ»។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា រថយន្តដឹកទំនិញនោះបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ចំណែករថយន្តដឹកកម្មករធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនដែរ។ រថយន្តដឹកទំនិញនោះបានគេចម៉ូតូ ដែលនៅខាងមុខខ្លួន ហើយបានរេបុកគ្នាបញ្ឆិតនឹងរថយន្តដែលបានដឹកកម្មករបណ្ដាលឱ្យរថយន្តនោះក្រឡាប់។ រថយន្តដែលដឹកកម្មករជាប្រភេទរថយន្តទេសចរណ៍ ដែលមានគ្នាទាំងអស់ ២៧នាក់។
ក្នុងមាត្រា ៨៥ នៃច្បាប់ចរាចរណ៍ថ្មីបានចែងថា អ្នកបើកបរដែលបង្កអោយមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យពី ៤លាន ទៅ ១៥លានរៀល។ ទោសនេះនឹងត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យពី ១០លានរៀល ដល់ ២៥លានរៀល ប្រសិនបើបណ្ដាលអោយមានអ្នកស្លាប់ច្រើននាក់ ឬករណីផ្សេងៗមួយចំនួនទៀត។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍នេះ ប្រធានផ្នែកការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស លោក ជាវ ប៊ុណ្ណរិទ្ធ មានប្រសាសន៍ថា គ្រោះថ្នាក់នៅពេលទៅបំពេញការងាររបស់កម្មករត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែល ប.ស.ស ទទួលខុសត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ ទាំងអ្នកដែលបាត់បង់ជីវិត និងអ្នករបួសពិការ។
លោក ជាវ ប៊ុណ្ណរិទ្ធ៖ «ជាគោលការណ៍ក្នុងមួយសព ៤លានរៀល។ ជនរងគ្រោះដល់ស្លាប់នេះ បើសិនជាគាត់មានប្ដី ឬមានប្រពន្ធ និងមានកូន ប.ស.ស នឹងផ្ដល់ប្រាក់ឧបត្ថម្ភចិញ្ចឹម។ បើសិនជាកូន គឺចិញ្ចឹមរហូតដល់អាយុ ២១ឆ្នាំ»។
លោកបន្តថា ចំពោះជនរងគ្រោះដែលរបួសធ្ងន់ និងស្រាល ប.ស.ស នឹងផ្ដល់ប្រាក់សម្រាប់សេវាដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ សេវាសង្គ្រោះបន្ទាន់ ផ្ដល់ការព្យាបាលរហូតដល់ជាសះស្បើយ ផ្ដល់ប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាកព្យាបាល គិតពីថ្ងៃទី២ ទៅ ផ្ដល់ប្រាក់វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍ ផ្ដល់ជូនប្រាក់ឧបត្ថម្ភអ្នកថែទាំអ្នកជំងឺ ផ្ដល់ឧបករណ៍រណប ដៃ ជើង អវយវៈ សិប្បនិមិត្ត ផ្ដល់ការបណ្ដុះបណ្ដាលជំនាញ និងវិជ្ជាជីវៈ ស្របតាមកាយសម្បទា។
លោកបញ្ជាក់ទៀតថា ក្រៅពីសំណងទាំងនេះ ក្រុមគ្រួសារជនរងគ្រោះអាចដាក់ពាក្យប្ដឹងទាមទារសំណងពីអ្នកបើកបរ ឬពីក្រុមហ៊ុនដឹកជញ្ជូន។
ជុំវិញបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកំពង់ស្ពឺ លោក សន សិទ្ធសីហា និយាយថា លោកនឹងផ្ដល់ការប្រឹក្សាស្ដីពីការដាក់ពាក្យប្ដឹង ប្រសិនបើកម្មករទាំងនោះត្រូវការជំនួយផ្នែកច្បាប់។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា សមាជិករបស់សហជីពលោកក៏ឋិតក្នុងចំណោមមនុស្សទាំង ២៧នាក់ ដែលគ្រោះថ្នាក់ក្នុងហេតុការណ៍នោះដែរ។
លោក អាត់ ធន់ បន្តថា កម្មករបន្តជិះប្រជ្រៀតគ្នាដោយផ្ទុយនឹងច្បាប់កំណត់នោះ គឺដោយសារពួកគេពុំមានជម្រើស ដ្បិតប្រាក់ឈ្នួលទាប៖ «ហើយបន្ទាប់មកយើងជំរុញឱ្យពួកគេបង់ប្រាក់ឱ្យគ្រួសារសព ដូចជាកូន ប្ដី ឬប្រពន្ធ និងម្ដាយចាស់ជរាក្នុងករណីដែលពួកគេជាសមាជិកនៃរបបសន្តិសុខសង្គម»។
ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានអ្នករបួសច្រើនបែបនេះមិនធ្លាប់កើតមានទេនៅក្នុងខេត្តកំពង់ស្ពឺ នៅឆ្នាំ២០១៥នេះ។ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជារៀងរាល់ថ្ងៃនៅទូទាំងប្រទេស។ របាយការណ៍ជាបឋមរបស់បេឡាជាតិរបបសន្តិសុខសង្គមបានអោយដឹងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅរយៈពេល ៤ខែដើមឆ្នាំ២០១៥ មានចំនួន ១.៨៨៤ករណី គឺបានកើនឡើងចំនួន ៧៧ករណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។