តម្លៃ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ស៊េរី​ទំនើប​នឹង​កើន​ខ្ពស់​នៅ​ឆ្នាំ​២០១៤

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា តម្លៃ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ឬ​យានយន្ត​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ ត្រូវ​កែប្រែ​មួយ​ចំនួន។ តម្លៃ​ពន្ធ​អាច​នឹង​កើន​ខ្ពស់​សម្រាប់​​រថយន្ត​ស៊េរី​ទំនើបៗ ប៉ុន្តែ​អាច​ថយ​ចុះ​ចំពោះ​រថយន្ត​ស៊េរី​ចាស់ៗ ឬ​ស៊េរី​ទាប។

0:00 / 0:00

សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​ស៊េរី​ទាប បាន​សាទរ​ចំពោះ​ការ​កំណត់​តម្លៃ​បង់​ពន្ធ​លើ​មធ្យោបាយ​យានយន្ត​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០១៤ ខាង​មុខ។

មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់​បាន​ឲ្យ​ដឹង​ថា តម្លៃ​យក​​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​នៅ​ឆ្នាំ​២០១៤ ត្រូវ​​​កំណត់​ជា​ថ្មី និង​​ប្រែប្រួល​ខ្លះៗ​​​​តាម​​ស្ថានភាព​ជាក់ស្តែង។

មន្ត្រី​ដដែល​បាន​អះអាង​ថា ការ​បង់​ពន្ធ​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៤ បង្ហាញ​ថា រថយន្ត​ស៊េរី​ទំនើបៗ មាន​​អាយុ ៥​ឆ្នាំ ​គិត​ពី​ឆ្នាំ​ផលិត តម្លៃ​បង់​ពន្ធ​អាច​នឹង​កើន​ខ្ពស់។ ប៉ុន្តែ​នឹង​ថយ​ចុះ​ចំពោះ​រថយន្ត​ស៊េរី​ទាប មាន​អាយុ​​​លើស​​ពី ១០​ឆ្នាំ។

​​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បន្ត​ថា តាម​ច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៤ ស្តី​ពី​ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​បង្ហាញ​​ថា ការ​យក​ពន្ធ​ផ្លូវ​លើ​ប្រភេទ​រថយន្ត​ជា​លក្ខណៈ​គ្រួសារ​​ចែក​ជា​បី​ប្រភេទ។ សម្រាប់​រថយន្ត​មាន​ទំហំ​ស៊ីឡាំង ១.៥០០​សង់ទីម៉ែត្រ​គុប គិត​ចាប់​ពី​ឆ្នាំ​ផលិត​មាន​អាយុ ៥​ឆ្នាំ មាន​តម្លៃ​ពន្ធ ១៥​ម៉ឺន​រៀល។ រថយន្ត​​អាយុ​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ តម្លៃ​ពន្ធ ១០​ម៉ឺន​រៀល និង​រថយន្ត​អាយុ​លើស​ពី ១០​ឆ្នាំ ​​តម្លៃ​បង់​ពន្ធ ៨​ម៉ឺន​រៀល។

រី​ឯ​រថយន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី ១.៥០០​សង់ទីម៉ែត្រគុប​ ដល់ ២.០០០​សង់ទីម៉ែត្រគុប គិត​ពី​ឆ្នាំ​ផលិត​មាន​អាយុ ៥​ឆ្នាំ មាន​តម្លៃ ២០​ម៉ឺន​រៀល។ លើស​ពី ៥​ឆ្នាំ​ ដល់ ១០​ឆ្នាំ តម្លៃ ១៥​ម៉ឺន​រៀល និង​លើស​ពី ១០​ឆ្នាំ ​តម្លៃ ១០​ម៉ឺន​រៀល។ ទំហំ​ស៊ីឡាំង​លើស​ពី ២​ពាន់​សង់ទីម៉ែត្រ​គុប ដល់ ២.៩០០​សង់ទីម៉ែត្រ​គុប​ គិត​​ពី​ឆ្នាំ​ផលិត​មាន​អាយុ ៥​ឆ្នាំ តម្លៃ​ពន្ធ ៦០​ម៉ឺន​រៀល។ លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ តម្លៃ ៤០​ម៉ឺន​​រៀល និង​លើស​ពី ១០​ឆ្នាំ មាន​តម្លៃ ២៥​ម៉ឺន​រៀល។

មន្ត្រី​ពន្ធដារ​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​រថយន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី ២.៩០០​សង់ទីម៉ែត្រ​គុប ដល់ ៤.០០០​​សង់ទីម៉ែត្រ​គុប គិត​​ពី​ឆ្នាំ​ផលិត​មាន​អាយុ ៥​ឆ្នាំ តម្លៃ​បង់​ពន្ធ​ចំនួន ១​លាន ៦​សែន​រៀល។ ឆ្នាំ​ផលិត​លើស​​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ តម្លៃ​ពន្ធ ១​លាន​រៀល និង​លើស​ពី ១០​ឆ្នាំ តម្លៃ​ពន្ធ​ ៦០​ម៉ឺន​រៀល។ ទំហំ​ស៊ីឡាំង​លើស​ពី ៤​ពាន់​សង់ទីម៉ែត្រ​គុប​​ឡើង​ទៅ​ គិត​ចាប់​ពី​ឆ្នាំ​ផលិត​មាន​អាយុ ៥​ឆ្នាំ តម្លៃ​ពន្ធ​ ២​លាន​រៀល។ អាយុ​លើស​ពី ៥​ឆ្នាំ ដល់ ១០​ឆ្នាំ មាន​តម្លៃ ១​លាន ២​សែន​រៀល និង​អាយុ​លើស​ពី ១០​ឆ្នាំ មាន​តម្លៃ ៨០​ម៉ឺន​រៀល។

​​មន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​តារាង​តម្លៃ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​បែងចែក​ប្រភេទ​រថយន្ត​ស៊េរី​ទំនើប និង​រថយន្ត​ស៊េរី​ទាប​ពេល​នេះ។

លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​ជា​អ្នក​ឃ្លាំមើល​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​នៅ​កម្ពុជា។ លោក​បាន​ចាត់​ទុក​ការ​កំណត់​តារាង​​តម្លៃ​​ពន្ធ​ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច​ ថា​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ប្រើ​រថយន្ត​ស៊េរី​​ចាស់ៗ៖ «ការ​គិត​លើក​មុន គេ​គិត​លើ​កម្លាំង​ម៉ាស៊ីន​សុទ្ធ​តែម្ដង គេ​អត់​ខ្វល់​ពី​ឆ្នាំ​ផលិត​ទេ។ ប៉ុន្តែ​ដល់​ពេល​ឥឡូវ​នេះ គេ​កែ​​ប្រែ កម្លាំង​ម៉ាស៊ីន​ក៏​គេ​គិត ហើយ​គេ​គិត​ពី​គុណភាព​ឡាន ពី​ឆ្នាំ​ផលិត​របស់​វា​ទៀត។ អ៊ីចឹង​បើ​រថយន្ត​កាន់​តែ​ចាស់ ឬ​រថយន្ត​ស៊េរី​ទាប តម្លៃ​បង់​ពន្ធ​ក៏​កាន់​តែ​ទាប»

​ដូច​គ្នា​ដែរ សម្រាប់​ពលរដ្ឋ​មាន​រថយន្ត​ស៊េរី​ទាប ហើយ​ដែល​ធ្លាប់​បង់​តម្លៃ​ពន្ធ​ខ្ពស់ ក៏​បាន​សាទរ​ចំពោះ​ការ​កំណត់​តម្លៃ​ពន្ធ​ជា​ថ្មី​របស់​ក្រសួង​សេដ្ឋកិច្ច​នេះ​ដែរ៖ «រថយន្ត​ស៊េរី​ទាប​ហើយ​ទម្លាក់​ពន្ធ​ខ្ញុំ​គាំទ្រ។ ក៏​ប៉ុន្តែ​រថយន្ត​ទំនើបៗ ថ្លៃៗ​ហ្នឹង ពន្ធ​ថ្លៃ​វា​ត្រឹមត្រូវ​ហើយ។ សម្រាប់​ខ្ញុំ ខ្ញុំ​មាន​រថយន្ត​កាម៉ារី ឆ្លាម ៩៧ ថ្លៃ​បង់​ពន្ធ គឺ​មាន​តម្លៃ ៣៧ ទៅ ៣៨​ម៉ឺន។ តាម​ខ្ញុំ​គួរ​តែ​ទាប​ជាង​នេះ ព្រោះ​ជាង ១០​ឆ្នាំ​ហើយ រថយន្ត​ស៊េរី ៩៧ ឆ្លាម របស់​ខ្ញុំ ១៦​ឆ្នាំ​ហើយ តម្លៃ​បង់​ពន្ធ​ត្រឹមតែ​ជាង ១០​ម៉ឺន ដូច​ឡាន ១២​កៅអី​ដែល​មាន​ពន្ធ ១២​ម៉ឺន ទៅ ១៥​ម៉ឺន​ទើប​សម»

​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​ផ្លាស់ប្ដូរ ឬ​ការ​កំណត់​តម្លៃ​បង់​ពន្ធ​ជា​ថ្មី​ទៅ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ នៅ​ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច ឬ​រដ្ឋាភិបាល​ពេល​នេះ អាច​ជា​ផ្នែក​មួយ​នៃ​សំណើ​របស់​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​​នៅ​ឆ្នាំ​កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕