អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទនៅមុនម៉ោងផ្សាយនេះបន្តិចថា គិតមកទល់ពេលនេះ ក្រសួងប្រៃសណីយ៍ នៅមិនទាន់ទទួលបានការជូនដំណឹងណាមួយ ពីសំណាក់ភាគីចិន ជុំវិញរឿងចិនគ្រោងបាញ់បង្ហោះផ្កាយរណបនៅប្រទេសខ្លួន ហើយកម្ទេចកំទីពីការបាញ់បង្ហោះនេះ អាចធ្លាក់ចូលមកក្នុងដែនអាកាសកម្ពុជា៖ «ខ្ញុំមិនដឹងថា នៅស្រុកចិនហ្នឹង គាត់បង្ហោះនៅគន្លងណាទេ។ ប៉ុន្តែជាទូទៅ បើយើងនៅប្រទេសជិតគ្នា ដូចជាឡាវ វៀតណាម អីហ្នឹង គឺយើងតែងតែជូនព័ត៌មានឱ្យគ្នាទៅវិញទៅមក សូម្បីតែដំឡើងស្ថានីយផ្កាយរណបនៅលើដី ក៏យើងត្រូវតែជូនព័ត៌មានគ្នាដែរ ហើយយើងត្រូវមានច្បាប់ពី ITU ដែរ។ គេមាន Forms គេដែលត្រូវបំពេញ ត្រូវជូនព័ត៌មាន។ ប៉ុន្តែ ដោយឡែកនៅប្រទេសចិន ខ្ញុំមិនបានព័ត៌មានហ្នឹងទេ»។
ការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍រូបនេះ កើតមានក្រោយពីមានសារព័ត៌មានអនឡាញផ្សាយជាភាសាអង់គ្លេស ឈ្មោះ រ៉ុកកែត រ៉ាន់ដោណ (Rocket Rundown) មានប្រភពនៅសហរដ្ឋអាមេរិក ផ្សាយកាលពីថ្ងៃទី១ តុលា ថា ចិនគ្រោងបាញ់រ៉ុកកែតបង្ហោះផ្កាយរណបឈ្មោះ Long March 4C នៅថ្ងៃទី៣ តុលា នៅវេលាម៉ោង ១៨៖៤៤ នាទីល្ងាច ម៉ោងសាកល ត្រូវនឹងម៉ោង ១៖៤៥នាទីទាបភ្លឺ ថ្ងៃទី៤ តុលា នៅកម្ពុជា។
សារព័ត៌មានដដែលនេះ រាយការណ៍បន្តថា កម្ទេចកំទីពីការបាញ់បង្ហោះផ្កាយរណបនេះ អាចនឹងធ្លាក់ចូលក្នុងតំបន់ព្រំដែនកម្ពុជា-ឡាវ។ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាក់លាក់នៅឡើយ សារព័ត៌មានដដែលនេះ រាយការណ៍ថា ការបាញ់រ៉ុកកែតនេះ គឺដើម្បីបាញ់បង្ហោះផ្កាយរណបប្រមូលព័ត៌មានអំពីអាកាសធាតុ។ ការបាញ់បង្ហោះផ្កាយរណបនេះ នឹងធ្វើឡើងចេញពីស្ថានីយ៍បាញ់បង្ហោះផ្កាយរណបឈ្មោះ Taiyuan Satellite Launch Center មានមូលដ្ឋាននៅខេត្តសានឈី (Shanxi) ភាគខាងជើងប្រទេសចិន មានចម្ងាយប្រមាណជាង ២ពាន់ ៦រយគីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ។អាស៊ីសេរីកំពុងព្យាយាមទាក់ទងស្ថានទូតចិននៅកម្ពុជា និងពីស្ថាប័ន សហព័ន្ធទូរគមនាគមន៍អន្តរជាតិ ហៅកាត់ថា ITU ដើម្បីសុំព័ត៌មានបន្ថែមជុំវិញបញ្ហានេះ។
យ៉ាងណាក៏ដោយ លោក មាស ប៉ូ ថា ខាងក្រសួងនឹងធ្វើការស្រាវជ្រាវបន្ថែមពីករណីនេះ ដើម្បីជូនដំណឹងទៅពលរដ្ឋពាក់ព័ន្ធ ប្រសិនបើមានរឿងនេះកើតមានឡើងមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។