ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ប្រកាន់ជំហរបន្តការងាររបស់ខ្លួនដើម្បីសេរីភាពនិងប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនរុញរាឡើយ។ ការប្រកាសបែបនេះធ្វើឡើងក្រោយពីលោកត្រូវបានអង្គការសង្គមស៊ីវិល សហជីព និងក្រុមយុវជនជាច្រើននាក់បានបោះឆ្នោតឱ្យលោកធ្វើជាប្រធានសហភាពសហជីពកម្ពុជាជាថ្មីទៀតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន បានប្រកាសភ្លាមៗពីការប្តេជ្ញាចិត្តធ្វើការដើម្បីប្រជាធិបតេយ្យដោយគ្មានសេចក្តីភ័យខ្លាច ក្រោយពេលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសហជីពបន្តមួយអាណត្តិទៀត។

លោក រ៉ុង ឈុន មានប្រសាសន៍នៅក្នុងសមាជសហជីពលើកទី៣ថា លោកនឹងខិតខំធ្វើការងារឱ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីទាមទារសិទ្ធិសេរីភាពនិងដើម្បីឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា ដោយមិនរុញរាឡើយ បើទោះបីជាអាជ្ញាធរបានចាប់លោកដាក់ពន្ធនាគារជាច្រើនលើកច្រើនសារហើយក្ដី។ លោកបញ្ជាក់ថា ការដែលលោកហ៊ានលះបង់បែបនេះ ដោយសារលោកមើលឃើញពីទុក្ខលំបាករបស់កម្មករនិងប្រជាពលរដ្ឋ ដែលរងការរឹតត្បិតសិទ្ធិការងារពីសំណាក់ថៅកែរបស់ពួកគេ៖ «មិនមែនប្រើប្រាស់សិទ្ធិក្រោមគំនាប គាបសង្កាត់ពីសំណាក់អ្នកកាន់អំណាច។ អ្នកកាន់អំណាចកំពុងតែដើរផ្ទុយទៅនឹងអ្វីដែលបានសន្យាមុនពេលបោះឆ្នោត ផ្ទុយទៅនឹងអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនោះទេ។ នៅពេលដែលបោះឆ្នោតជិតមកដល់ គាត់ដើរសំពះអង្វរ ដោយចាត់ទុកថា ខ្លួនគាត់ជាអ្នកបម្រើរាស្ត្រ ប៉ុន្តែដល់ពេលគាត់បានអំណាចភ្លេចអ្វីដែលគាត់និយាយមុនពេលបោះឆ្នោត មិនទៅជាអ្នកបម្រើរាស្ត្រទៅជាអ្នកវាយរាស្ត្រទៅវិញ » ។

លោករ៉ុង ឈុន ប្រកាសបែបនេះ នៅក្នុងសមាជសហជីពលើកទី៣ធ្វើឡើងនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។ ពិធីនេះមានមន្ត្រីអង្គការសង្គមស៊ីវិល តំណាងសហជីព យុវជនខ្មែរថាវរៈ សកម្មជនបរិស្ថាន និងបុគ្គលិកណាហ្គាវើលដ៍សរុបប្រមាណ ៦០ នាក់ចូលរួម។ សមាជនេះបានបង្កើតគណៈកម្មការបោះឆ្នោតជ្រើសរើសលោក រ៉ុន ឈុន ធ្វើជាប្រធានសហភាពសហជីពកម្ពុជារយៈពេល ៥ ឆ្នាំបន្តទៅមុខទៀត ដើម្បីដឹកនាំសហជីព ការពារសិទ្ធិសេរីភាពនិងផលប្រយោជន៍របស់កម្មករ។

ក្រៅពីនេះក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ក៏បានចេញរបាយការណ៍ស្តីអំពីសកម្មភាពរបស់សហជីពកម្ពុជារយៈពេល ៩ ឆ្នាំ គឺចាប់ពីឆ្នាំ២០១៣ ដល់២០២១។ ក្នុងនោះបានរំលឹកអំពីវីរភាពរបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់ជីវិតដើម្បីតស៊ូតំឡើងប្រាក់ខែ ដល់កម្មករ គ្រូបង្រៀន មន្ត្រីរាជការ និងប៉ូលិស ផងដែរ។
ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនចាប់អារម្មណ៍នឹងការប្ដេជ្ញារបស់លោក រ៉ុង ឈុន នោះទេ ពីព្រោះលោកថា មិនយល់ពីគោលការណ៍របស់សហជីពមួយនេះ៖ «ខ្ញុំអត់យល់អំពីស្ថានភាពការងាររបស់សហជីពទេ ព្រោះអត់ដឹងផ្ទៃក្នុងសហជីពដែលគាត់ទទួលខុសត្រូវហ្នឹង មិនដឹងគាត់ ជាសកម្មជននយោបាយក្នុងការកសាងលទ្ធិប្រជាធិបតេយ្យ ឬគាត់ជាសកម្មជនការពារផលប្រយោជន៍កម្មករ។ អាហ្នឹងជារឿងចម្ងល់របស់ខ្ញុំ មិនដឹងគាត់ឈរនៅកន្លែងត្រង់ណាមួយ។ ព្រោះពីរហ្នឹងពិបាកឈរជាមួយគ្នាណាស់»។

យ៉ាងណា ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេសថា IDEA លោក វន់ ពៅ ដែលបានចូលរួមក្នុងពិធីនោះ ថ្លែងថា លោក រ៉ុង ឈុន គឺជាវីរជនខ្មែរដ៏ឆ្នើមម្នាក់ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ជាតិធំធេង ជាពិសេស គឺតែងតែការពារសិទ្ធិសេរីភាពរបស់កម្មករ។ លោកបន្តថា កន្លងមកលោក រ៉ុង ឈុន តែងតែងចេញថ្លែងការណ៍ ធ្វើសន្និសីទកាសែត ការពារសិទ្ធិរបស់កម្មករដោយមិនគិតពីការនឿយហត់ ដែលពុំមានប្រធានសហជីពរបស់រដ្ឋាភិបាលណាម្នាក់ហ៊ាននិយាយបញ្ហាសង្គមដូចលោកនោះទេ៖ «ខ្ញុំហ៊ាននិយាយថា នៅទីនេះ គឺមានតែលោកគ្រូ រ៉ុង ឈុន តែមួយគត់ដែលហ៊ានលះបង់កិច្ចការ លះបង់សេចក្ដីសុខផ្ទាល់របស់គាត់ សម្រាប់កម្មករ សម្រាប់ប្រជាជាតិខ្មែរទាំងមូល។ ខ្ញុំមានការភ្ញាក់ផ្អើលដែលយើងទាំងអស់គ្នាទៅទទួលលោកគ្រូ គាត់ថា កាលណាយើងឈប់ខ្លាចគុក គឺគេលែងធ្វើបាបយើងទៀតហើយ។ អានេះវាជាការដាស់តឿនការពង្រឹងស្មារតីរបស់ប្រជាពលរដ្ឋជាពិសេសសកម្មជនទាំងអស់ឱ្យមានស្មារតីរឹងមាំ តស៊ូដើម្បីជាតិ ដើម្បីសង្គម តស៊ូដើម្បីកម្មករ » ។

ចាប់តាំងពីបង្កើតសហជីពនៅឆ្នាំ២០០៦មក លោក រ៉ុង ឈុន បានជាប់ជាប្រធានសហភាពសហជីពកម្ពុជាចំនួន៣លើកហើយ ដោយលើកចុងក្រោយនេះលោកធ្វើការប្រធានចាប់ពីនេះរហូតដល់ឆ្នាំ២០២៧។ លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារព្រៃសចំនួន២លើក ពាក់ព័ន្ធការរិះគន់បញ្ហាព្រំដែនកម្ពុជាវៀតណាម ដោយលើកទី១ នៅឆ្នាំ២០០៥ និងលើកទី២ ជាប់រយៈពេលជាង១ឆ្នាំ ចាប់ពីកក្កដា ឆ្នាំ២០២០ ដល់ខែចុងឆ្នាំ២០២១។
ក្នុងនាមប្រធានសហភាពសហជីពកម្ពុជា កន្លងមកលោកតែងតែចេញមុខចូលរួមជាមួយក្រុមកម្មករជាច្រើនលើកច្រើនសារ។ ថ្មីៗនេះលោក រ៉ុង ឈុន បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យតុលាការដោះលែងបុគ្គលិកណាហ្គាវើលដ៍ពីពន្ធនាគារដោយឥតមានលក្ខខណ្ឌ និងស្នើឱ្យភាគីក្រុមហ៊ុននេះដោះស្រាយបញ្ចប់វិវាទការងារជាមួយកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។