តំណាង​បក្ស​​កាន់​​អំណាច​ប្រាប់​​កម្មករ​​កុំ​​​ឱ្យ​​សុំ​ស្បៀង​​ពី​អាជ្ញាធរ​​យក​​ទៅ​លក់​

0:00 / 0:00

គណបក្ស​កាន់​​អំណាច​​មិន​​ជឿ​ថា មាន​​កម្មករ​​ដាច់​​ស្បៀង​អាហារ​​នោះ​ទេ ទោះជា​​កម្មករ​​ខ្លះ​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ និង​ដង្ហោយ​សុំ​ស្បៀងពីអាជ្ញាធរ​យ៉ាងណាក្តី ពីព្រោះបក្ស​នេះ​​អះអាងថា អាជ្ញាធរ​បានបើក​យុទ្ធនាការ​ចែក​ស្បៀង​ដល់ពលរដ្ឋ​ជា​បន្តបន្ទាប់។

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ជឿជាក់​ថាកម្មករ​នឹង​មិន​ខ្វះខាត​ស្បៀងអាហារ​នោះទេ ប្រសិន​បើ​ពួក​គាត់​យក​​ស្បៀង​​ដែល​​អាជ្ញាធរ​​ចែក​ឱ្យ​​នោះ​ទៅ​បរិភោគ។ លោក​បន្តថា ទាល់តែ​ក្រុម​កម្មករ​ស្នើសុំ​ស្បៀងទាំងនោះ​យក​ទៅលក់ទើប​អាជ្ញាធរ​រក​ស្បៀង​ចែកឱ្យ​ពួកគាត់​មិន​បាន៖ « បើយើង​យក​ទៅ​ហូប​វា​អស់។ កុំឱ្យ​​តែ​យក​ជំនួយ​ហ្នឹង​ទៅលក់ ហើយ​ថា​ខ្វះ​អាហ្នឹង​មិន​បាន​ទេ។ អាហ្នឹង​ គឺ​គេ​មិន​អាច​រក​ជំនួយ​ឯណាទៅ​ចែក​បង​ប្អូន​គ្រប់​​​ទេ។ បើ​ថា​យក​ទៅលក់ យក​ទៅលក់ ឬ​ដោះដូរ​ស្អី អាហ្នឹង​មិន​បាន​ទេ។ យើង​ហូប​ម្នាក់ប៉ុន្មាន ? ម្នាក់​ពីរ​កំប៉ុង​ ឬកន្លះ​គីឡូ​ហ្នឹង ហើយ​អង្ករ​២៥ ឬ២៦ គីឡូ អាហ្នឹង​រឿង​អ្វី​ថា​ហូប​មួយថ្ងៃ ឬពីរថ្ងៃអស់។ វា​អត់​ត្រឹម​ត្រូវ​ទេ »

តំណាង​បក្ស​កាន់​អំណាចរូបនេះថ្លែង​ទៀតថា ការ​ចែក​ស្បៀង​នេះ​នឹង​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់ មិនមែន​ចែក​តែម្តង​នោះទេ។ លោក​​បន្ថែម​ថា ប្រសិន​បើ​កម្មករ​ជួប​បញ្ហា​​ខ្វះខាត​ស្បៀងអាហារ ពួ​កគាត់​អាចស្នើសុំ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រីក្រសួង​ការងារ ដើម្បីជួយរកដំណោះស្រាយ។ លោកចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ស្បៀង​អាហារ​ជូន​ក្រុម​កម្មករមួយ​ចំនួនដែល​កំពុង​ខ្វះខាត​នោះថា ជា​រឿងកំប៉ិកកំប៉ុក។

ការ​លើក​ឡើង​​របស់តំណាង​​បក្ស​កាន់​អំណាច​នេះនាំឱ្យ​ក្រុម​កម្មករ​នៅ​តំបន់ក្រហមដែលកំពុង​ខ្វះខាត​ស្បៀងនោះ ​ផ្ទុះកំហឹង​ជា​ខ្លាំង។ ពួក​គាត់រិះគន់​មន្ត្រី​ចាស់​វស្សា​​​រូ​ប​នេះថា មិនយល់​ពី​សុខទុក្ខ​ពលរដ្ឋ ហើយ​ចេះ​តែ​និយាយ​ឱ្យ​រួច​តែពីមាត់។ ពួកគាត់​ខ្លះប្រតិកម្ម​ថា ប្រហែល​ជាលោក​ សុខ ឥសាន ខ្លួនឯង ធ្លាប់គិត​ ឬ​មាន​ប្រវត្តិ​យក​ស្បៀងរដ្ឋ​ទៅលក់ ទើប​បាន​ជាពោល​ពាក្យ​ខ្វះការ​ទទួល​ខុស​ត្រូវ​បែបនេះ។

កម្មករ​មួយ​រូប​នៅ​តំបន់បិទខ្ទប់ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញលោកស្រី សរ ហៀង ឱ្យដឹង​ថា រយៈពេល​ជាងមួយខែ​មក​នេះ លោក​ស្រី​ទទួលបាន​ជំនួយ​តែម្តង​គត់​ពីអាជ្ញាធរ ក្នុង​នោះ​រួម​មាន អង្ករ​ ២៥ គីឡូក្រាម ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និង​មីមួយកេ​សតូច។ លោកស្រី​បរិភោគតែ​ស្បៀងដែល​អាជ្ញាធរ​ចែក​ឱ្យ​នេះប៉ុណ្ណោះ មិនមាន​សម្ល ឬបន្លែហូប​ជាមួយបាយ​នោះទេ ព្រោះ​គ្មាន​លុយ​ទិញ ហើយស្បៀង​នោះ​នៅ​សល់​តែប្រហែល ៥ ថ្ងៃទៀតប៉ុណ្ណោះ។ ​លោកស្រីថា លោកស្រីនិង​កម្មករ​ដទៃទៀត សុំ​ត្រឹម​តែ​ស្បៀងអាហារ​ដោះទាល់មួយគ្រា គ្មាន​ចិត្ត​ឯណា​ចង់​បាន​ស្បៀងរដ្ឋ​​យក​ទៅលក់នោះទេ៖ « ចំណុច​ហ្នឹង មាន​អារម្មណ៍​ថា ធ្ងន់​ខ្លាំង​ណាស់។​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ដោយសារអ្វី ? រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ការ​ស្បៀងហូប​ ហើយ​ខ្ញុំ​អត់​មាន​អារម្មណ៍​ដល់ថ្នាក់​ថា យក​ស្បៀង​ទៅលក់​ទេ ពីព្រោះដំណាក់​កាល​នេះ ដំណាក់​កាល​ដែល​ខ្ញុំ​ជួយ​ជីវិត​ខ្លួន​ឯង​ឱ្យ​រស់​សិន »

កម្មករ​មួយរូប​ទៀត​នៅ​​តំបន់​ក្រហម​ក្នុង​រាជធានីភ្នំពេញ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​ឱ្យដឹង​ថា​ លោកស្រី​និង​កម្មករ​ដទៃទៀត ទាល់ខ្លាំង​មែន​ទែន​ ទើបដាច់​ចិត្ត​ហាមាត់​សុំ​ស្បៀង​ពីអាជ្ញាធរ។ លោក​ស្រី​បន្តថា កម្មករដែល​​ទទួល​បាន​ស្បៀងអាហារមុន សុខចិត្ត​ចែក​រំលែកទៅកាន់​អ្នក​ដែល​មិន​ទាន់​ទទួល​បាន ដើម្បីចែក​គ្នា​​រស់​ក្នុង​គ្រាដ៏​លំបាក​នេះ ហើយគ្មានអ្ន​ក​ណា​ម្នាក់មាន​ចិត្ត​ចង់​បាន​ស្បៀងរដ្ឋយក​ទៅលក់​នោះទេ។ លោកស្រីងឿងឆ្ងល់ជាខ្លាំង​ថា តើមន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​​យក​អ្វី​មក​គិត បាន​ជាពោលពាក្យ​ប្រមាថទឹក​ចិត្ត​កម្មករ​យ៉ាង​ដូច្នេះ?៖ « គាត់​មិន​ដែល​យល់ថា ពេល​ដែល​អត់ស៊ី​ហ្នឹង វា​វេទនា​ប៉ុនណា​ទេ ព្រោះ​គាត់​មិន​ដែល​ខ្វះ​ហូប​ទេ។ គាត់​ហូប​ឡើង​ដុះពោះ មួយៗ​ហូប​ឡើង​ដុះពោះ ដើរ​លែង​ចង់​រួច​ផង​​ហ្នឹង ទៅដែល​ខ្វះ​អ្វី។ ពេល​អ៊ីចឹង​បាន​គាត់​និយាយ​ថា បើ​យក​មក​ស៊ី​វា​មិន​ខ្វះទេ តែ​បើ​យកទៅ​លក់​បាន​វា​ខ្វះ។ អាហ្នឹង​វា​ត្រូវហើយ មាន​តែ​គាត់​ធ្លាប់​ធ្វើ​អ៊ីចឹង​។ របស់​ដែល​គេឱ្យ​ចែក​ប្រជាជន​ គាត់​មិន​ចែក​ គាត់​ចង់យក​ទៅលក់​អ៊ីចឹង អាហ្នឹងវា​​គំនិត​របស់​គាត់ »

មិន​ត្រឹម​តែ​កម្មករនោះទេ សូម្បី​តែ​មេដឹកនាំ​សហជីព ក៏​ហួស​ចិត្ត​នឹង​ការ​ថ្លែង​របស់​តំណាង​គណបក្ស​កាន់​អំណាច​នេះដែរ។

ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ កត់​សម្គាល់ថា ជំនួយ​របស់​អាជ្ញាធរ​​សម្រាប់​កម្មករ​មាន​បរិមាណ​តិច​តួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​សមាជិក​គ្រួសាររបស់កម្មករ ហើយ​ជំនួយ​ទាំងនោះ​ទៀតសោត​ អាជ្ញាធរ​ផ្តល់​ឱ្យពួក​គាត់​បាន​តែម្តង​ប៉ុណ្ណោះ។ លោក​ស្រី​ថា នៅ​កន្លែង​ខ្លះ​សូម្បី​តែ​ជំនួយ​លើក​ទីមួយ​នេះ ក៏​ពួកគាត់​មិន​ទាន់​ទទួល​បានផង។ លោក​ស្រី​ស្នើ​ឱ្យ​តំណាង​​គណបក្ស​កាន់​​អំណាច គិតមុន​នឹង​និយាយ​ ឬក៏សាកល្បង​រស់នៅ​ក្នុង​ស្ថានភាព​ដូចកម្មករជាមុនសិន៖ « ធម្មតា​កម្មករ​មា្នក់ គាត់​មិន​មែន​ចិញ្ចឹ​មតែម្នាក់​ឯង​ឯណា ? គាត់​មាន​អ្ន​កនៅក្នុង​​បន្ទុកគ្រួសារ​របស់​គាត់​ទៀត។ ហើយ​ការ​ហូប​ចុក សួរ​ថា តើ​មួយ​ថ្ងៃ​យើង​ហូប​ប៉ុន្មាន​ពេល ? មួយ​ថ្ងៃយើង​ហូប​បីពេល។ ការ​ដែល​និយាយ ប្រើភាសា​មួយថា គាត់​យក​ទៅលក់​អីហ្នឹង វា​ជា​ភាសាមួយ​ដែល​យើង​ទទួល​យក​អត់​បាន​ទេ។ គាត់​ត្រូវ​ការ​ត្រឹម​តែ​មួយ​រស់ទេ ហើយ​ការ​ដែល​រស់​ហ្នឹង​ គឺ​រស់​ដោយ​លំបាក​ទៅ​ទៀត។ ប្រាក់​ខែ​គាត់អត់​បាន​ទទួល​ផង ហើយ​គាត់​តម្រូវ​ការ​សព្វ​បែប​យ៉ាង។ ការ​ចំណាយរបស់​​គាត់សព្វ​បែប​យ៉ាង​​នៅ​តែ​ចំណាយ​ដដែល ការ​ហូប​ចុក​របស់​គាត់​នៅហូប​​ដដែល អ៊ីចឹង​សួរ​ថា តើ​មាន​​អ្វីមក​ទ្រទ្រង់​គ្រួសារ​របស់​គាត់​ហ្នឹង

អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​អះអាង​កាល​ពីសប្តាហ៍​មុន​ថា អាជ្ញាធរ​បាន​ផ្តល់​ស្បៀងអាហារ​បាន​ជិត ៣ សែន​កញ្ចប់ (២៨៤.៤០៦) ដល់​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម លឿងទុំ និង​តំបន់លឿង​ក្នុង​រាជធានី​ភ្នំពេញ។ អាជ្ញាធរ​ទទួល​ស្គាល់ថា ការ​ស្រង់ឈ្មោះ​ដើម្បីផ្តល់ស្បៀងអាហារ​នេះនៅ​មាន​ភាព​ខ្វះ​ចន្លោះ ព្រោះកន្លែង​ខ្លះ ជាពិសេស​នៅ​តំបន់​ក្រហម ពលរដ្ឋ​រស់​នៅ​ក្នុងបន្ទប់​ជួល​ច្រើន​ជាង​អ្នក​រស់​នៅ​អចិន្ត្រៃយ៍។

ចំណែក​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន វិញ លោក​ក៏​ទទួល​ស្គាល់ដែរថា ពលរដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​ក្រហម​មិន​ទាន់​បាន​ទទួល​អំណោយនៅ​ឡើយ។ លោកបកស្រាយ​​ថា មូលហេតុគឺ​ដោយសារ​ការ​វេចខ្ចប់ និង​ដឹកជញ្ជូន​ស្បៀងអាហារដើម្បី​ចែក​ជូន​ពលរដ្ឋ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ដោយ​ត្រូវ​ប្រើ​កម្លាំង​រាប់ពាននាក់​ដើម្បី​ធ្វើ​កិច្ច​ការនេះ។

ទោះជាយ៉ាងនេះក្តី ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិពិនិត្យ​ឃើញថា របបលោក ហ៊ុន សែន មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​សហគមន៍​ក្រីក្រ និង​ងាយ​រងគ្រោះឱ្យ​មាន​ប្រសិទ្ធភាព​នោះឡើយ។ ពួកគេ​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​ធានា​បាន​នូវ​សន្តិសុខស្បៀង​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​តំបន់​ក្រហម​ដែល​ឆ្លង​ខ្លាំង​ជាងគេ ហើយ​ដែល​ពលរដ្ឋ​ជាច្រើនកំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ។

ជុំវិញរឿង​នេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ បាន​អំពាវនាវ​ដល់​ស្ថាប័នមនុស្ស​ធម៌ជាតិ និង​អន្តរជាតិ​ ឱ្យ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឈម​នឹង​ការ​ដាច់​ស្បៀង។​ ជាមួយគ្នានេះ លោក​ផ្តួច​ផ្តើម​គំនិត និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ សរសេរលិខិត​​ស្នើសុំ​ស្បៀង​អាហារ​ទៅកាន់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ​របស់​អង្គការ​សហប្រជាជាតិ និង​កាកបា​ទក្រហម​អន្តរជាតិ ដោយ​កុំ​រំពឹង​តែ​ទៅលើ​ជំនួយ​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។