លោក​​ សម ​រង្ស៊ី​​ អំពាវនាវ​​ដល់​​សហគមន៍​​អន្តរជាតិ​​ឱ្យ​ផ្ដល់​​ស្បៀង​​អាហារ​​ដល់​​ពលរដ្ឋ​​អត់ឃ្លា​ន​​ក្នុង​​តំបន់​​បិទ​ខ្ទប់​

ដោយ អាស៊ីសេរី
2021-04-27
Share
លោក​​ សម ​រង្ស៊ី​​ អំពាវនាវ​​ដល់​​សហគមន៍​​អន្តរជាតិ​​ឱ្យ​ផ្ដល់​​ស្បៀង​​អាហារ​​ដល់​​ពលរដ្ឋ​​អត់ឃ្លា​ន​​ក្នុង​​តំបន់​​បិទ​ខ្ទប់​ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ​​អំពាវនាវ​​ដល់​​សហគមន៍​​អន្តរជាតិ​​ឱ្យ​ផ្ដល់​​ស្បៀង​​អាហារ​​ដល់​​ពលរដ្ឋ​​អត់ឃ្លា​ន​​ក្នុង​​តំបន់​​បិទ​ខ្ទប់​។
រូប៖ ហ្វេសប៊ុក Sam Rainsy

ប្រធាន​​ស្ដីទី​​គណបក្ស​​សង្រ្គោះជាតិ​លោក​ សម រង្ស៊ី​ ​​អំពាវនាវ​​ឱ្យ​​សហគមន៍​​អន្តរជាតិ​ ជា​​ពិសេស​​ កាក​​បាទ​​ក្រហម​​អន្តរជាតិ (ICRC) និង​កម្មវិធី​ចំណីអាហារ​ពិភព​លោក (WFP) ផ្តល់​ជំនួយ​បន្ទាន់​ ជា​ស្បៀង​អាហារ​ជូនដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុង​ព្រះសីហនុ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើហ្វេសប៊ុក​នៅ​ថ្ងៃទី​២៦ ខែ​មេសា​ថាការ​បិទខ្ទប់​ទីក្រុង​ទាំង​ ៣​នេះ មាន​សភាព​តឹងរឹង​ជ្រុលហួសហេតុបាននាំមក​នូវ​ទុក្ខលំបាក​រហូត​ដល់​មាន​ទុរ្ភិក្ស ឬ​ធ្វើ​ឱ្យ​អត់​ឃ្លាន​ ដោយ​ខ្វះ​អាហារ​ហូបចុកសម្រាប់​ប្រជាពលរដ្ឋ​រង​គ្រោះ

លោក សម រង្ស៊ី សរសេរ​បញ្ជាក់​ថា​​ការ​អំពាវនាវ​នេះ គឺ​ក្នុង​នាម​ប្រជាជន​កម្ពុជា​ ដែល​លោក​បាន​ជាប់​ឆ្នោត​ធ្វើជា​តំណាង​រយៈពេល​ ២៥ឆ្នាំ​មក​ហើយ។

លោកអំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ​ជាពិសេស ​កាកបាទ​ក្រហម​អន្ដរជាតិ​ និង​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​ឱ្យជួយ​ប្រជាជន​នៅរាជធានី​ភ្នំពេញ ​​ជា​កន្លែងដែល​សា្ថនភាព​ស្បៀង​អាហារ​កំពុង​មាន​សារៈសំខាន់​ ជាពិសេស ​ក្នុងចំណោម​អ្នក​ក្រ​បំផុត

លោក​ថា ​ក្នុងបរិបទ​នៃ​ការ​រាតត្បាត​ជំងឺកូវីដ-១៩ ការ​បង្ខាំង​ប្រភេទ​តឹងរ៉ឹង​បំផុត​ជា​របៀប​មិន​បានគិត​គូរ​ត្រឹមត្រូវ និង​​អាជ្ញាសឹក​ត្រូវ​បាន​ដាក់​ភ្លាមៗ​ កាលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ នៅក្នុង​ទីក្រុង​ចំនួន គឺ​រាជធានី​ភ្នំពេញ ក្រុងតាខ្មៅ និង​ខេត្តព្រះសីហនុ។ ក្នុង​នោះ​ប្រជាជន​ភាគច្រើន​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពីផ្ទះទេ​ ចាប់តាំង​ពីថ្ងៃនោះ​មក​ដោយ​ប៉ូលីស​ប្រើ​អំពើ​ហឹង្សា​ ដើម្បី​អនុវត្ត​ច្បាប់​រីឯការ​ផ្គត់ផ្គង់​ស្បៀង​អាហារបា​ន​ធ្លាក់​ចុះភ្លាមៗ​ ដល់​សូន្យ​សម្រាប់​ប្រជាជន​ភាគ​ច្រើន ​ជាពិសេស ​ប្រជាជន​ក្រីក្រ​ ដែល​រក​មួយ​ថ្ងៃ​សម្រា​ប់​មួយ​ថ្ងៃលើស​ពី​នេះប្រព័ន្ធ​ចែកចាយ​ស្បៀង​អាហារ​ដែល​អាជ្ញាធរ​បាន​ដាក់​ឱ្យ​ដំណើរការ​ដូចជា​ស្តង់លក់​គ្រឿងទេស​ចល័ត​របស់​រដ្ឋ​ គឺ​មិនមាន​លទ្ធភាព និង​មិន​អាច​ទៅ​ដល់​ជនក្រីក្រប្រជាជន​ទាំងនេះ​លែង​មាន​មធ្យោបាយ​ក្នុងការ​ទិញម្ហូប​ ពីព្រោះ​ពួកគេ​ធ្វើការ​ក្នុង​វិស័យ​ក្រៅផ្លូវការ ​ហើយ​ក្នុងមួយ​ថ្ងៃ​រក​ប្រាក់​បាន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រចាំថ្ងៃ

អតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​ សរសេរទៀត​ថា នៅក្រោមការ​បិទ​ខ្ទប់​នៅ​ពេល​នេះ ​និង​ការ​ហាមឃាត់​ដាច់ខាត​ក្នុងការ​ចាកចេញ​ពីផ្ទះ​ពលរដ្ឋ​ងាយ​នឹង​រងគ្រោះ​ថ្នាក់​ដល់កា​រ​ខ្វះ​ជីវជាតិ និង​ទុរ្ភិក្ស ឬ​អត់ឃ្លាន។

អាស៊ីសេរី​នៅ​មិនទាន់​អាចសុំការ​ឆ្លើយតប​រឿង​នេះពី​កាកបាទ​ក្រហម​អន្តរជាតិ​បាន​ទេ។

ចំណែក​នាយ​កកម្មវិធី​​ស្បៀង​អាហារ​ពិភពលោក (WFP) ប្រចាំ​កម្ពុជា​អ្នកស្រី ក្លែរ កូណង់ (Claire CONAN) បាន​ប្រាប់​អាស៊ីសេរី​តាម​សារអេឡិចត្រូនិច ឬ​អ៊ីម៉េល​ថា មក​ដល់​ពេល​នេះ​ព័ត៌មាន​នានា​ ទាក់​ទង​នឹង​​ផលប៉ះពាល់​ទៅ​លើ​សន្តិសុខ​ស្បៀងរបស់​ក្រុម​ពលរដ្ឋ ដែល​ងាយរងគ្រោះ​បំផុតដែល​កើត​ចេញ​ពី​វិធានការបិទ​ខ្ទប់​របស់​រដ្ឋាភិបាល​នោះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដោយ​សារ​​តែ​វិធានការ​នោះដាក់​ចេញ​ភ្លាមៗ​ បន្ទាន់ និង​ដោយ​សារ​ពិបាក​ចេញ​ចូល​ទៅ​តំបន់​ក្រហម។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ចាប់​តាំង​ពីមាន​ការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ-១៩​ មក ដោយ​បាន​សិក្សា ប៉ាន់​ប្រមាណ​ពី​ផលប៉ះពាល់​នៃវិបត្តិ​នេះ​ទៅ​លើ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ។ ជាមួយគ្នានេះ​ក៏​បាន​បន្ត​តាមដានបញ្ហា​​ជាទៀង​ទាត់​រួមទាំង​នៅ​ក្នុង​តំបន់​ដែលបិទខ្ទប់​ផងដែរ។ ម្យ៉ាងវិញ​ទៀត​អ្នកស្រី​ថា​អង្គការ​នេះ​បាន​ចូលរួមការងារ​តស៊ូមតិ​ ដើម្បីឱ្យ​​មាន​ការ​ធានា​ឱ្យ​​ពលរដ្ឋ​នៅ​ក្នុង​តំបន់បិទខ្ទប់​​​ពិសេសក្រុមងាយ​រងគ្រោះ មាន​ស្រ្តីមាន​ផ្ទៃពោះ ស្រ្តីកំពុង​​បំបៅ​ដោះកូន ចាស់ជរា ជាដើម​ អាចទទួល​បាន​អាហារមាន​សុវត្ថិភាព និង​ជីវជាតិ។

តែទោះជា​យ៉ាង​ណា​ក្ដី អងការ​ស្បៀង​អាហាររបស់​អង្គការសហប្រជាជាតិ​មួយ​នេះ ​នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​​ច្បាស់​ទេ​ថា ​នឹង​មាន​ជំនួយ​ស្បៀងអាហារ​ទៅ​ដល់​ពលរដ្ឋ​ ដែល​ប្រឈម​នឹង​ដាច់​ស្បៀងអាហារ​នោះយ៉ាងណា​នៅ​ឡើយទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល