ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី អំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេស កាកបាទក្រហមអន្តរជាតិ (ICRC) និងកម្មវិធីចំណីអាហារពិភពលោក (WFP) ផ្តល់ជំនួយបន្ទាន់ ជាស្បៀងអាហារជូនដល់ប្រជាពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ។
លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែមេសាថាការបិទខ្ទប់ទីក្រុងទាំង ៣នេះមានសភាពតឹងរឹងជ្រុលហួសហេតុបាននាំមកនូវទុក្ខលំបាករហូតដល់មានទុរ្ភិក្ស ឬធ្វើឱ្យអត់ឃ្លានដោយខ្វះអាហារហូបចុកសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។
លោក សម រង្ស៊ី សរសេរបញ្ជាក់ថាការអំពាវនាវនេះ គឺក្នុងនាមប្រជាជនកម្ពុជាដែលលោកបានជាប់ឆ្នោតធ្វើជាតំណាងរយៈពេល ២៥ឆ្នាំមកហើយ។
លោកអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេស កាកបាទក្រហមអន្ដរជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ឱ្យជួយប្រជាជននៅរាជធានីភ្នំពេញ ជាកន្លែងដែលសា្ថនភាពស្បៀងអាហារកំពុងមានសារៈសំខាន់ ជាពិសេស ក្នុងចំណោមអ្នកក្របំផុត។
លោកថា ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ការបង្ខាំងប្រភេទតឹងរ៉ឹងបំផុតជារបៀបមិនបានគិតគូរត្រឹមត្រូវ និងអាជ្ញាសឹកត្រូវបានដាក់ភ្លាមៗ កាលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ នៅក្នុងទីក្រុងចំនួន៣គឺរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ។ក្នុងនោះប្រជាជនភាគច្រើនមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះទេ ចាប់តាំងពីថ្ងៃនោះមកដោយប៉ូលីសប្រើអំពើហឹង្សាដើម្បីអនុវត្តច្បាប់។ រីឯការផ្គត់ផ្គង់ស្បៀងអាហារបានធ្លាក់ចុះភ្លាមៗ ដល់សូន្យសម្រាប់ប្រជាជនភាគច្រើន ជាពិសេស ប្រជាជនក្រីក្រដែលរកមួយថ្ងៃសម្រាប់មួយថ្ងៃ។ លើសពីនេះប្រព័ន្ធចែកចាយស្បៀងអាហារដែលអាជ្ញាធរបានដាក់ឱ្យដំណើរការដូចជាស្តង់លក់គ្រឿងទេសចល័តរបស់រដ្ឋគឺមិនមានលទ្ធភាពនិងមិនអាចទៅដល់ជនក្រីក្រ។ ប្រជាជនទាំងនេះលែងមានមធ្យោបាយក្នុងការទិញម្ហូប ពីព្រោះពួកគេធ្វើការក្នុងវិស័យក្រៅផ្លូវការ ហើយក្នុងមួយថ្ងៃរកប្រាក់បានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។
អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ សរសេរទៀតថា នៅក្រោមការបិទខ្ទប់នៅពេលនេះនិងការហាមឃាត់ដាច់ខាតក្នុងការចាកចេញពីផ្ទះពលរដ្ឋងាយនឹងរងគ្រោះថ្នាក់ដល់ការខ្វះជីវជាតិនិងទុរ្ភិក្ស ឬអត់ឃ្លាន។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីកាកបាទក្រហមអន្តរជាតិបានទេ។
ចំណែកនាយកកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជាអ្នកស្រី ក្លែរ កូណង់ (Claire CONAN) បានប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិច ឬអ៊ីម៉េលថា មកដល់ពេលនេះព័ត៌មាននានាទាក់ទងនឹងផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមពលរដ្ឋ ដែលងាយរងគ្រោះបំផុត ដែលកើតចេញពីវិធានការបិទខ្ទប់របស់រដ្ឋាភិបាលនោះនៅមានកម្រិតនៅឡើយ ដោយសារតែវិធានការនោះដាក់ចេញភ្លាមៗ បន្ទាន់ និងដោយសារពិបាកចេញចូលទៅតំបន់ក្រហម។ អ្នកស្រីបញ្ជាក់ទៀតថា កម្មវិធីស្បៀងអាហារពិភពលោកបានសហការជាមួយរដ្ឋាភិបាលចាប់តាំងពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ មក ដោយបានសិក្សាប៉ាន់ប្រមាណពីផលប៉ះពាល់នៃវិបត្តិនេះទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយគ្នានេះក៏បានបន្តតាមដានបញ្ហាជាទៀងទាត់រួមទាំងនៅក្នុងតំបន់ដែលបិទខ្ទប់ផងដែរ។ ម្យ៉ាងវិញទៀតអ្នកស្រីថាអង្គការនេះបានចូលរួមការងារតស៊ូមតិ ដើម្បីឱ្យមានការធានាឱ្យពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ពិសេសក្រុមងាយរងគ្រោះ មានស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន ចាស់ជរា ជាដើម អាចទទួលបានអាហារមានសុវត្ថិភាព និងជីវជាតិ។
តែទោះជាយ៉ាងណាក្ដី អងការស្បៀងអាហាររបស់អង្គការសហប្រជាជាតិមួយនេះ នៅមិនទាន់បញ្ជាក់ឱ្យច្បាស់ទេថា នឹងមានជំនួយស្បៀងអាហារទៅដល់ពលរដ្ឋ ដែលប្រឈមនឹងដាច់ស្បៀងអាហារនោះយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។