លោក សម រង្ស៊ី ចូល​រួម​តវ៉ា​​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​នៅ​ក្រុង​បាវិត

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​គណបក្ស​មួយ​​ចំនួន​​ទៀត បាន​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​ ​​ក្រុម​​កម្មករ​កម្មការិនី​រោងចក្រ​ប្រហែល ២​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan) នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង តវ៉ា​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​ម្នាក់​ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ។

0:00 / 0:00

​​​តំណាង​ក្រុម​កម្មករ​រៀបរាប់​ឲ្យ​ដឹង​ថា ពួកគេ​​ធ្វើ​កូដកម្ម​​ទាមទារ​សុំ​ដំឡើង​ប្រាក់​ខែ​យូរ​មក​ហើយ​ ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​នោះ​ទេ ហើយ​​កម្មករ​ជួប​ការ​លំបាក​ដោយ​សារ​ប្រាក់​ខែ​តិច​ដែល​មិន​សមស្រប​ទៅ​នឹង​តម្លៃ​ទំនិញ​ទី​ផ្សា​សព្វ​ថ្ងៃ​នោះ​ឡើយ។

ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក ប៉ាវ ស៊ីណា ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ព័ត៌មាន​ថា នឹង​មាន​ការ​ដំឡើង​ប្រាក់ខែ​​កម្មករ​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុន​នេះ។ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​ក្រុម​កម្មករ​រួម​កម្លាំង​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​ពួកគេ​នោះ៖ «ដែល​ពួក​គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​​តិច ដែល​ជា​​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។ ដូច្នេះ​ហើយ​ទើប​បណ្ដាល​ឲ្យ​ពួកគាត់​ហ្នឹង​ធ្វើ​ការ​ទាមទារ​ មិន​ចំពោះ​តែ​ខេត្ត​យើង​មួយ​នេះ​ទេ គឺ​ភ្នំពេញ​​ក៏​មាន​ការ​ទាមទារ​ដែរ»

ទាក់​ទង​នឹង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​នៅ​ក្រុង​បាវិត​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម​កម្មករ​ លោក​ សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​ចូល​រួម​ធ្វើ​កូដកម្ម​​ជា​ក្រុម​កម្មករ​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កម្មករ​ដែល​ពួកគេ​ជួប​ការ​លំបាក​កន្លង​មក​ ដោយ​សារ​ការ​បិទ​សិទ្ធិ​សេរីភាព​ពី​សំណាក់​ថៅកែ​រោងចក្រ និង​មួយ​វិញ​ទៀត​ដោយសារ​​ប្រាក់​ខែ​របស់​កម្មករ​តិចតួច​មិន​គ្រប់គ្រាន់​សម្រាប់​ដោះ​ស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ជាដើម។

លោក សម រង្ស៊ី៖ «ពី​ព្រោះ​គេ​គាប​សង្កាត់ សុំ​ច្បាប់​ពេល​ឈឺ​ពេល​អី ម្ដាយ​ឪពុក​​ស្លាប់ ឬ​មួយ​ខ្លួន​ឯង​មាន​បញ្ហា​សុខភាព​សូម្បី​តែ​ជិត​សម្រាល​កូន​ក៏​គេ​មិន​ឲ្យ​ឈប់​ងាយៗ​ទេ។ ហើយ​ឃើញ​ជាក់​ស្ដែង​ព្រឹក​មិញ​នេះ គេ​បិទ​ទ្វារ​ចាក់​សោ​មិន​ឲ្យ​កម្មករ​ចេញ​​ខ្លាច​ទៅ​ចូល​រួម​ធ្វើ​កូដកម្ម​ជាមួយ​កម្មករ​មួយ​ចំនួន​ធំ​ដែល​នៅ​ក្រៅ​រោងចក្រ ហើយ​ឃើញ​មាន​ការ​គាប​សង្កាត់​សម្លុត​មាន​ការ​ភ័យ​ខ្លាច​នៅ​តាម​រោងចក្រ»

លោក សម រង្ស៊ី ថ្លែង​បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កម្មករ​ និង​ជួយ​ទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ឲ្យ​បាន​ម្នាក់ ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ លោក សម រង្ស៊ី បាន​ចូល​រួម​បង្កើត​សហជីព​ថ្មី​មួយ​នៅ​ក្រុង​បាវិត​ ដោយ​មាន​ក្រុម​កម្មករ​ចូល​រួម​ចុះ​ឈ្មោះ​​ជា​សមាជិក​ក្នុង​សហជីព​យ៉ាង​ច្រើន​កុះករ ហើយ​​​អ្នក​ទទួល​ខុស​ត្រូវ​របស់​សហជីព​ថ្មី​មួយ​​នេះ​​​ជា​សហការី​នៃ​សហជីព​របស់​ លោក រ៉ុង ឈុង។ ក្នុង​នោះ​ដែរ​​​សហជីព​ថ្មី​នេះ​ បាន​បង្កើត​ឲ្យ​មាន​តំណាង​របស់​ខ្លួន​នៅ​តាម​បណ្ដា​រោងចក្រ​នានា នៅ​ក្រុង​បាវិត។ លោក​បន្ត​ថា សហជីព​នេះ​ជា​សហជីព​ថ្មី​មួយ​សេរី​​ឯករាជ្យ បម្រើ​ផល​ប្រយោជន៍​​កម្មករ​​ដោយ​គ្មាន​ការ​គាប​សង្កត់​ពី​​ស្ថាប័ន​ដទៃ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕