រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យកែសម្រួលច្បាប់ចរាចរណ៍ ដាក់ទោសធ្ងន់ធ្ងរ ដល់អ្នកបើកបរមានផ្ទុកសារធាតុគ្រឿងញៀន។ អ្នកឃ្លាំមើលសុវត្ថិភាព បង្ហាញការគាំទ្រ និងជំរុញឲ្យរឹតបន្តឹងការអនុវត្តច្បាប់ ពេលកែប្រែរួច។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោក ស ខេង បញ្ជាក់ថា មូលហេតុដែលចង់កែប្រែច្បាប់ចរាចរណ៍ដាក់ទោសអ្នកបើកបរមានផ្ទុកសារធាតុញៀនឲ្យធ្ងន់នេះ ដោយសាររបាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បង្ហាញថា អ្នកបើកបរឡានធំចូលក្រុងភាគច្រើន មានផ្ទុកសារធាតុញៀន។ ក្រៅពីនេះ លោក ស ខេង ក៏ណែនាំឲ្យសមត្ថកិច្ច បន្ថែមវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍នៅពេលយប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖ « ឮថា ភ្នំពេញទេ ឃួង ស្រេង រាយការណ៍មកម្សិលមិញ ឡាន ប៉ូលិសភ្នំពេញគេត្រួតពិនិត្យឡាន អាឡានធំៗ អ្ហា ធំៗ ចូល ចូលភ្នំពេញ សុទ្ធតែគ្រឿងញៀន អ្នកបើកបរសុទ្ធតែគ្រឿងញៀន។ អានេះ ធំណាស់ អ៊ីចឹង ដល់យើងកែប្រែច្បាប់អ្វីហ្នឹង ដាក់អានេះឲ្យខ្លាំងបន្តិច»។
លោក ស ខេង ថ្លែងបែបនេះ ក្នុងពិធី សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ កុម្ភៈ។ របាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមករា ដើមឆ្នាំនេះ កើតឡើងនៅពេលយប់ ច្រើនជាងពេលថ្ងៃ។
ពេញមួយខែមករា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៣៥៨លើក បណ្ដាលឲ្យស្លាប់ពលរដ្ឋ ២០៦នាក់ និងរបួស ៥៥៨នាក់។ តួលេខនេះ គឺកើនឡើងលើសខែមករា ឆ្នាំ២០១៩ ចំនួន ៨ភាគរយ ស្មើនឹង ២៧ករណី។ ឯអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពេញមួយខែមករា ឆ្នាំ២០២០ ក៏កើនឡើងជាងខែមករា ឆ្នាំ២០១៩ ដែរ គឺកើនអ្នកស្លាប់ ៥៨នាក់ កើនអ្នករបួស ៤១នាក់។
បន្ថែមពីលើការចង់កែប្រែច្បាប់ចរាចរណ៍ លោក ស ខេង ក៏ជំរុញជាថ្មី ឲ្យនគរបាលចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយហាមឃាត់ និងផាកពិន័យឲ្យបានស្មើភាពគ្នា រវាងពលរដ្ឋសាមញ្ញ និងមន្ត្រីរាជការ ឬឥស្សរជនមានអំណាចក្នុងជួររដ្ឋាភិបាល។ លោក ស ខេង សរសើរនគរបាលចរាចរណ៍ថា ធ្វើបានល្អ ក្នុងសកម្មភាពផាកពិន័យកន្លងមក ព្រោះបានធ្វើឲ្យអ្នកបើកបរខ្លាចរអា និងគោរពច្បាប់ចរាចរណ៍ ដោយពាក់មួកការពារសុវត្ថិភាពស្ទើរ ១០០ភាគរយ។
លោករដ្ឋមន្ត្រីក៏ជំរុញឲ្យនគរបាលចរាចរណ៍ផ្លូវគោក ពង្រឹងសីលធម៌ វិជ្ជាជីវៈ និងវិន័យ ដោយត្រូវលើកដៃគោរព ចំពោះអ្នកបើកបរទូទៅ ទាំងឥស្សរៈជនធំៗ និងពលរដ្ឋសាមញ្ញ មុននឹងអនុវត្តនីតិវិធីផាកពិន័យ។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ យល់ថា បើត្រឹមតែការកែប្រែច្បាប់ចរាចរណ៍ មិនទាន់មានភាពប្រសើរទេ សំខាន់គឺការអនុវត្តច្បាប់ឲ្យបានពេញលេញ ទើបអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ លោកថា អ្នកបើកបរឡានធំៗ មានផ្ទុកសារធាតុញៀន មានចំនួនច្រើនជាងរបាយការណ៍របស់អាជ្ញាធរ ដែលបានបញ្ជូនទៅថ្នាក់លើ។
អ្នកឃ្លាំមើលសុវត្ថិភាពចរាចរណ៍រូបនេះសង្កេតឃើញថា ការអនុវត្តច្បាប់ចរាចរណ៍ ចំពោះពលរដ្ឋ និងអ្នកមានអំណាច មិនទាន់មានភាពពេញលេញ និងស្មើភាពគ្នាទេ។ ចំណែកគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់កើតឡើងច្រើន មិនមែនដោយសារអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ឬនគរបាលចរាចរណ៍ មិនសូវរឹតបន្តឹងទេ គឺបណ្ដាលមកពីគ្រឿងស្រវឹង។
លោក គង់ រតនៈ បន្តថា របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលយប់កន្លងមក ច្រើនដាក់ថា ដោយសារបើកហួសល្បឿនកំណត់។ តែលោករកឃើញថា ឫសគល់ នៃការបើកបរលឿន ភាគច្រើន ដោយសារអ្នកបើកបរសេពគ្រឿងស្រវឹង។ លោកថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលយប់ រដ្ឋាភិបាលត្រូវដាក់ចេញវិធានការទប់ស្កាត់គ្រឿងស្រវឹង និងរឹតបន្តឹងការត្រួតពិនិត្យការអនុវត្តច្បាប់៖ « ដើម្បីពង្រឹងអាហ្នឹងបាន សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ហ្នឹង ត្រូវរឹតបន្តឹងច្បាប់ ឲ្យបាន ជាប់លាប់ ហើយជាពិសេសនៅពេលយប់តែម្ដង ពីព្រោះថា ខ្ញុំគិតថា អ្នកដែលមិនពិសាស្រា អត់មានហេតុផលអ្វី ដើរយប់ច្រើនទេ លើកលែងករណីចាំបាច់ សុខភាពអ្វីផ្សេងៗ។ ក៏ប៉ុន្តែអ្នកដើរលេងយប់ហ្មង គាត់ប៉ះពាល់ជាមួយនឹងគ្រឿងញៀន គ្រឿងស្រវឹងហ្នឹង ខ្ញុំជឿជាក់ថា គាត់ចរាចរណ៍ពេលយប់ច្រើន។ ផលលំបាក គឺក្រុមគាត់ហ្នឹងហើយ។ យើងគួរតែរឹតបន្តឹងឲ្យបានជាប់លាប់ អាហ្នឹងយើងធានាបាននូវសុវត្ថិភាពទាំងអស់គ្នា»។
លោក ស ខេង ក៏ធ្លាប់ផ្ដល់យោបល់ថា គ្រោងនឹងកែអនុក្រឹត្យ ដើម្បីអនុញ្ញាតឲ្យសមត្ថកិច្ច មានសិទ្ធិព្រមានអ្នកបើកបរមានជាតិស្រវឹងចំនួន ៣ដង រួចត្រូវដកសិទ្ធិបើកបររយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ។ ដោយឡែក អ្នកបើកបរទាំងឡាន និងម៉ូតូ ដែលមានសារធាតុគ្រឿងញៀនវិញ លោកប្រាប់សមត្ថកិច្ច កុំបាច់និយាយច្រើន គឺត្រូវដកហូតសិទ្ធិបើកបរពេញមួយជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។