លោក ស ខេង ចង់ឱ្យមានការធ្វើតេស្ដរកគ្រឿងញៀនលើពលរដ្ឋចាប់ពីអាយុ១៣ឆ្នាំដល់ក្រោម៤៥ឆ្នាំ
2023.03.22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ចង់ឱ្យមានការធ្វើតេស្ដរកសារធាតុញៀនលើក្រុមពលរដ្ឋទូទៅដែលមានអាយុចាប់ពី ១៣ឆ្នាំ ទៅដល់អាយុក្រោម ៤៥ឆ្នាំ។ លោកលើកឡើងថា វិធានការថ្មីនេះកំពុងស្ថិតក្នុងការសិក្សា ប៉ុន្តែអាចដាក់ជាកាតព្វកិច្ចសម្រាប់អនុវត្ត។ សង្គមស៊ីវិលគាំទ្រវិធានការនេះ ប៉ុន្តែព្រួយបារម្ភថា ខ្លាចមានការអនុវត្តមិនបានត្រឹមត្រូវ។
ស្របពេលបញ្ហាគ្រឿងញៀនបន្តរីករាលដាលកាន់តែធំឡើងនៅក្នុងប្រទេសរដ្ឋាភិបាលបានប្រកាសត្រៀមចេញវិធានការថ្មីទៀតដើម្បីតម្រូវឱ្យពលរដ្ឋត្រូវធ្វើតេស្ដរកសារធាតុគ្រឿងញៀន។
លោក ស ខេង លើកឡើងថា ក្រៅពីការរិះរកវិធានការថ្មីៗដើម្បីបង្ក្រាបការជួញដូរ និងចែកចាយគ្រឿងញៀនដែលកំពុងរីករាលដាលស្ទើរនៅទូទាំងប្រទេស រដ្ឋាភិបាលក៏បានគិតគូរដែរ ដើម្បីការពារពលរដ្ឋដែលងាយជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនមានអាយុចាប់ពី ១៣ឆ្នាំទៅដល់អាយុក្រោម ៤៥ឆ្នាំ តាមរយៈការតម្រូវឱ្យក្រុមពលរដ្ឋទាំងនេះត្រូវធ្វើតេស្ដរកសារធាតុញៀននៅពេលខាងមុខ។
លោក ស ខេង៖ «ធ្វើតេស្ដសារធាតុញៀនសម្រាប់មនុស្សគ្រប់រូប។ មនុស្សគ្រប់រូប ចង់និយាយថា ស្រទាប់ងាយរងគ្រោះដោយសារគ្រឿងញៀន ខ្ញុំមិនចង់និយាយលោកយាយលោកតានោះទេ ឬក៏ក្មេងកុមារកុមារីនោះទេ។ គឺអ្នកក្នុងចន្លោះអាយុ ១៣ ឬក៏ ១៥ឆ្នាំទៅដល់ក្រោម ៤៥ឆ្នាំ ឧទាហរណ៍។ អាហ្នឹង! អត់មានអីខុសទេ»។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ កាលពីថ្ងៃទី២១ មីនា។ លោកបន្តថា នេះជាវិធានការដែលត្រូវធ្វើបន្ទាប់ទៀត បន្ថែមលើវិធានការកំពុងអនុវត្តដូចជាតម្រូវឱ្យអ្នកបើកយានយន្ត និងអ្នកចូលបម្រើការងារក្នុងក្របខណ្ឌរាជការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធត្រូវធ្វើតេស្ដរកសារធាតុញៀនជាមុន។
លោក ស ខេង បានបញ្ជាក់ទៀតថា ថ្វីត្បិតវិធានការតម្រូវឱ្យពលរដ្ឋទូទៅត្រូវធ្វើតេស្ដរកសារធាតុញៀននេះកំពុងស្ថិតក្នុងការការសិក្សា និងផ្ដល់យោបល់បន្ថែមទៀតក្ដី ក៏វានឹងអាចដាក់ជាកាតព្វកិច្ច និងបន្ទុកសម្រាប់ឱ្យពលរដ្ឋអនុវត្ត មានន័យថាពលរដ្ឋត្រូវចំណាយលើថ្លៃធ្វើតេស្ដមិនមែនជាការចំណាយរបស់រដ្ឋាភិបាលឡើយ។
លោក ស ខេង៖ «ជាកាតព្វកិច្ច យើងចង់ដាក់អ៊ីចឹង អានេះជាយោបល់ទេ មិនទាន់ជាលិខិតបទដ្ឋានគតិយុត្តិ ឬក៏ច្បាប់អីទេ។ យោបល់ដាក់ថា ក្នុងកាតព្វកិច្ច អាហ្នឹងក្នុងន័យការពារសិស្សានុសិស្សនិស្សិតរបស់យើង ស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សីដែលជាអ្នកបន្តវេន ត្រូវការពារពួកគាត់ដើម្បីកុំឱ្យពាក់ព័ន្ធនឹងរឿងអ៊ីចឹង»។
ពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់ឃើញថា ជាវិធានការមួយល្អក្នុងការទប់ស្កាត់ក្រុមពលរដ្ឋជាយុវវ័យកុំឱ្យប្រើប្រាស់គ្រឿងញៀន ប្រសិនបើមានការអនុវត្តត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធ។ ប៉ុន្តែលោកព្រួយបារម្ភខ្លាចអាជ្ញាធរប្រើប្រាស់វិធានការនេះជាមធ្យោបាយមួយធ្វើបាបលើអ្នកសកម្មការងារសង្គម ឬលើពលរដ្ឋទូទៅ។ លោកបារម្ភខ្លាចអាជ្ញាធរធ្វើតេស្ដលើពលរដ្ឋមិនប្រើប្រាស់គ្រឿងញៀន ក្លាយទៅជាអ្នកប្រើប្រាស់ដើម្បីជាថ្នូរដោះដូរនឹងទទួលបានលុយកាក់។
លោក ស៊ឹង សែនករុណា៖ «សមត្ថកិច្ចលោកអនុវត្តតួនាទីរបស់ខ្លួនបានត្រឹមត្រូវអានោះជាការបង្ហាញមួយទៅដល់ សាធារណជន ឱ្យគេមានជំនឿទុកចិត្តហើយការទប់ស្កាត់ហ្នឹង នឹងមានប្រសិទ្ធភាពអ៊ីចឹងទៅ។ ក៏ប៉ុន្តែប្រសិនជាមានតែច្បាប់ ខ្ញុំថាអត់ប្រយោជន៍ទេ បើការអនុវត្តហ្នឹងអត់បានត្រឹមត្រូវផ្ទុយទៅវិញ វាកាន់តែបន្ថែមបន្ទុកទៅដល់សង្គមទៅវិញទេ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ចង់ឱ្យមន្ត្រីដែលមានទទួលនាទីត្រូវអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនមានភាពលម្អៀង ការស្អប់ ការគុំគួន ឬការទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីធ្វើបាបជនណាម្នាក់ឡើយ។ លោកបន្តថា អាជ្ញាធរត្រូវការពារសណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងសង្គមដើម្បីមនុស្សទូទៅទាំងអស់ព្រោះអ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើន មិនមានសតិស្មារតីគិតគូរឱ្យបានវែងឆ្ងាយ និងងាយប្រព្រឹត្តជាអំពើផ្សេងៗ ដូចជាការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ និងលួចឆក់ប្លន់ ដើម្បីបានលុយមកប្រើប្រាស់គ្រឿងញៀនជាដើម។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបង្ហាញថា នៅក្នុងឆ្នាំ២០២២ សមត្ថកិច្ចបានស្រាវជ្រាវនិងរឹបអូសគ្រឿងញៀនបានជាង ១៤តោន កើនជាង ៣០០ភាគរយធៀបនឹងឆ្នាំ២០២១ និងជាទំហំមួយច្រើនលើសលប់គួរឱ្យព្រួយបារម្ភ។ របាយការណ៍បន្តថា អ្នកប្រើប្រាស់គ្រឿងញៀនមានជាង ២ម៉ឺន ២ពាន់នាក់កើនជាង ៥ពាន់នាក់ ធៀបនឹងឆ្នាំ២០២១ ខណៈករណីបង្ក្រាបករណីគ្រឿងញៀន មានជាង ៦ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង ១ម៉ឺននាក់ ក្នុងនោះករណីធំៗ មាន ១៧៩ករណីហើយភាគច្រើនជាការបង្ក្រាបសារធាតុគីមីផ្សំ។
លោក ស ខេង បានបញ្ជាក់ដែរថា ករណីចែកចាយនិងជួញដូរគ្រឿងញៀន នឹងអាចកាន់តែរីករាលដាលនៅក្នុងប្រទេសបន្ថែមទៀត ប្រសិនបើគ្មានការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព ខណៈលោកអះអាងថា ជាមធ្យមក្នុងមួយថ្ងៃមានករណីជួញដូរ និងចែកចាយគ្រឿងញៀនកើតឡើង ពី១០ ទៅ ១៥ករណីនៅក្នុងបណ្ដាខេត្តចំនួន៨។
ស្របពេលប្រកាសវិធានការថ្មីតម្រូវឱ្យពលរដ្ឋទូទៅធ្វើតេស្ដនេះលោក ស ខេង ក៏បានជំរុញឱ្យអន្តរក្រសួងគួរពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនឱ្យបានចប់នៅត្រឹមចុងអាណត្តិនេះដោយលោកបានស្ដីបន្ទោសថា ការធ្វើវិសោធនកម្មហាក់ចំណាយពេលយូរពេកអស់ប្រហែល ២ឆ្នាំទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។