នាយក​សាលា​នៅ​ស្វាយរៀង​រង​ការ​ចោទ​ថា​ពុក​រលួយ​ក្នុង​ការ​ផ្ដល់​អាហារូបករណ៍

ដោយ ហ៊ុំ ចំរើន
2014.03.26

ពលរដ្ឋ​ជា​អាណាព្យាបាល​របស់​សិស្ស​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ចោទ​នាយក​អនុវិទ្យាល័យ ប្រាសាទ សង្កាត់​បាវិត ថា​ជ្រើស​សិស្ស​ក្រីក្រ​ផ្ដល់​អាហារូបករណ៍​លម្អៀង​ប្រកាន់​បក្ខពួក។ ពួក​គេ​អះអាង​ថា សិស្ស​ដែល​បាន​ទទួល​អាហារូបករណ៍ ភាគ​ច្រើន​ជា​កូន​អ្នក​មាន រីឯ​សិស្ស​ក្រីក្រ​ពិត​ប្រាកដ​នោះ ដែល​គ្មាន​សែស្រឡាយ ពុំ​បាន​ទទួល​បាន​អ្វី​ឡើយ។

អាណាព្យាបាល​របស់​សិស្ស​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធាន​ការ​ស្រាវជ្រាវ​លើ​បញ្ហា​ការ​ជ្រើស​សិស្ស​ផ្ដល់​អាហារូបករណ៍​របស់​នាយក​សាលា​នេះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​ក្មេង​បោះ​បង់​ការ​សិក្សា​ដោយសារ​រឿង​នេះ។

អាណាព្យាបាល​របស់​សិស្ស​រស់​នៅ​ភូមិ​កណ្ដាល សង្កាត់​ប្រាសាទ ក្រុង​បាវិត អ្នកស្រី ចាន់ សាបាន ថ្លែង​នៅ​ថ្ងៃ​ទី​២៥ មីនា ថា កូន​របស់​អ្នកស្រី​ជា​សិស្ស​ក្រីក្រ​រៀន​ថ្នាក់​ទី​៧ នៃ​សាលា​អនុវិទ្យាល័យ​ប្រាសាទ តែ​ពុំ​ត្រូវ​បាន​ជ្រើស​ឲ្យ​ទទួល​អាហារូបករណ៍​ដូច​សិស្ស​ដែល​មាន​ជីវភាព​ធូរធារ​នោះ​ទេ។

អ្នកស្រី ចាន់ សាបាន បញ្ជាក់​ថា កូន​អ្នកស្រី​មាន​ការ​អាក់​អន់​ចិត្ត ហើយ​ចង់​បោះ​បង់​ការ​សិក្សា​ដោយសារ​តែ​មិន​បាន​ទទួល​អាហារូបករណ៍​នេះ៖ «ធ្វើ​ហ្នឹង​ប៉ះពាល់​ក្មេង​មិន​ចូល​សាលា កូន​ផ្ទាល់​វា​មក​យំ​មក​ស្រែក​ថា ម៉ែ​ផ្ទះ​យើង​ក្រ​ម៉េច បាន​គេ​មិន​ឲ្យ ផ្ទះ​គេ​មាន​ជាង​ផ្ទះ​យើង ម៉េច​គេ​បាន។ ហើយ​បាន​មីង​ថា កូន! ចាំ​មើល​សិន ចាំ​មើល​ម៉ែ​សួរ​មើល ជួប​គ្រូ​មើល តើ​រឿង​ហ្នឹង​វា​របៀប​ម៉េច? ហើយ​បាន​ថា រឿង​ហ្នឹង​ខ្ញុំ​តាម​ដាន​សង្កេត​មើល អត់​យុត្តិធម៌​មែន អូន​ខ្ញុំ​ជា​មាតា​អាណាព្យាបាល​សិស្ស​ហ្នឹង មិន​អាច​ទទួល​យក​បាន​ទេ!»

ស្រដៀង​គ្នា​នេះ​ដែរ អាណាព្យាបាល​របស់​សិស្ស​រស់​នៅ​ភូមិ​កណ្ដាល ម្នាក់​ទៀត អ្នកស្រី ផុន ផល្លា ថ្លែង​ថា អ្នកស្រី​មាន​ជីវភាព​ក្រីក្រ​មូរ​អាចម៍​ក្របី​លក់ មាន​កូន​ជា​សិស្ស​រៀន​ថ្នាក់​ទី​៧ នៃ​សាលា​អនុវិទ្យាល័យ ប្រាសាទ ដែរ ប៉ុន្តែ​ពុំ​ត្រូវ​បាន​ជ្រើស​ឲ្យ​ទទួល​អាហារូបករណ៍​របស់​សាលា​បន្តិច​ណា​សោះ​ឡើយ។ ក្រោយ​ពី​មិន​បាន​ទទួល​អាហារូបករណ៍ ពេល​កូន​ត្រឡប់​មក​ផ្ទះ​វិញ ស្រែក​យំ​ត្អូញត្អែរ​ប្រាប់​ថា មិន​ចង់​ទៅ​សាលា​រៀន​ទេ។ អ្នកស្រី ផុន ផល្លា មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កូន​បោះ​បង់​ការ​សិក្សា​ខូច​អនាគត ព្រោះ​កន្លង​មក​ធ្លាប់​មាន​សិស្ស​បោះ​បង់​ការ​សិក្សា​របស់​ខ្លួន ដោយសារ​មិន​បាន​ទទួល​អាហារូបករណ៍​ជា​បន្តបន្ទាប់​មក​ហើយ។

អ្នកស្រី ផុន ផល្លា៖ «គ្រូ​បាន​ឆ្លើយ​ដែរ​ឆ្លើយ​ថា សិស្ស​មួយ​ហ្នឹង​គ្រូ​អត់​ឲ្យ​ទេ ព្រោះ​អី​ថា​ទ្រព្យ​សម្បត្តិ​គេ​មាន​ហូរហៀរ​សម្បូរសប្បាយ​អ៊ីចឹង​ណាស់! គេ​អត់​ឲ្យ​កូន​ខ្ញុំ​ទេ។ ហើយ​វា​ក៏​ឆ្លើយ​ដែរ​ឆ្លើយ​ថា​ម៉ែ​អើយ​យើង​ពូត​អាចម៍​ហាល​លក់​រាល់​ថ្ងៃ ហើយ​យើង​មាន​អី? បាន​គ្រូ​មិន​ឲ្យ​អាហារូបករណ៍​ដល់​កូន។ ខ្ញុំ​មិន​សូវ​ចេះ​អក្សរ ខ្ញុំ​ថា​មក​ពី​កូន​ឯង​ទៅ​រៀន​មិន​ចេះ​ទេ​ដឹង បាន​គ្រូ​មិន​ឲ្យ! វា​ថា​ម៉ែ​ឯង​ចេះ​តែ​និយាយ​ហើយ បង​ក៏​ថា​ឲ្យ តាម​ការ​ពិត​កូន​រៀន​បាន​ចំណាត់​ថ្នាក់​ទី​៧ លោកគ្រូ!»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយក​អនុវិទ្យាល័យ ប្រាសាទ លោក រ័ត្ន សាម៉េត មាន​ប្រសាសន៍​ថា ការ​ជ្រើស​នេះ គឺ​ផ្ដោត​លើ​សិស្ស​ស្រី​ដែល​មាន​ជីវភាព​ក្រីក្រ​ជាង​គេ ហើយ​រៀន​នៅ​ថ្នាក់​ទី​៧ គឺ​អនុវត្ត​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ។ លោក​ថា ពុំ​មាន​ចេតនា​ជ្រើស​សិស្ស​ផ្ដល់​អាហារូបករណ៍​លម្អៀង​ប្រកាន់​បក្ខពួក​ដូច​ការ​លើក​ឡើង​របស់​អាណាព្យាបាល​នោះ​ឡើយ៖ «រាង​ខ្ពស់​ជាង​គេ​បន្តិច​ជីវភាព ដល់​ពេល​គាត់ៗ​សម្លឹង​អា​ផ្ទះ​សិស្ស​ស្រី​ក្បែរ​ផ្ទះ​គាត់​ហ្នឹង​អ៊ីចឹង។ ដល់​អ៊ីចឹង​យើង​ថា កុំ​ឲ្យ​ប្រៀបធៀប​ជាមួយ​នឹង​សិស្ស​ស្រី ព្រោះ​សិស្ស​ស្រី​តែ​១៩ ហើយ​គេ​ឲ្យ​១៨ អ៊ីចឹង​ឲ្យ​ខ្ញុំ​រើស​ម៉េច។ អ៊ីចឹង​ចេះ​តែ​ខ្ញុំ​លម្អៀង​រហូត ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែន​ដី​អី​អស់​ហើយ ព្រោះ​អា​សិស្ស​ខ្លះ​គ្នា​កំព្រា​នៅ​ជាមួយ​យាយ​ជាមួយ​អី​ទេ ១០​នាក់​ហ្នឹង អស់​រលីង ១០​ហ្នឹង»

អាហារូបករណ៍​ដែល​សាលា​ផ្ដល់​ឲ្យ​សិស្ស​ក្រីក្រ​នេះ​ជា​ថវិកា ភី.បី (PB) ឬ​ហៅ​ថា​ប្រាក់​អាទិភាព​សម្រាប់​ចាយ​វាយ​ក្នុង​សាលា​ប្រចាំ​ឆ្នាំ ដែល​ជា​ប្រាក់​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ អាហារូបករណ៍​របស់​អនុវិទ្យាល័យ ប្រាសាទ ផ្ដល់​ឲ្យ​សិស្ស​ក្រីក្រ​ដែល​រៀន​ថ្នាក់​ទី​៧ មួយ​ឆ្នាំ ២​ដង គឺ​នៅ​ឆមាស​ទី​មួយ និង​ឆមាស​ទី​២។ ដោយ​ក្នុង​ឆមាស​ទី​១ នេះ​ផ្ដល់​ឲ្យ​សិស្ស​ចំនួន ៣០​នាក់ គឺ​សិស្ស​ស្រី ១៨​នាក់ និង​សិស្ស​ប្រុស ១២​នាក់ ក្នុង​នោះ​សិស្ស​ម្នាក់​ទទួល​បាន​ប្រាក់​អាហារូបករណ៍​ចំនួន ៩​ម៉ឺន​រៀល។ ហើយ​សិស្ស​ណា​ដែល​ត្រូវ​សាលា​ជ្រើស​រើស នឹង​មាន​ឈ្មោះ​ទទួល​អាហារូបករណ៍​រៀង​រាល់​ឆ្នាំ​រហូត​ដល់​ថ្នាក់​ទី​៩៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។