ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ ​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ ប្រកាស​ឲ្យ​ប្រើប្រាស់​នៅថ្ងៃទី១៥​ខែកក្កដា

0:00 / 0:00

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​សង្ឃឹម​​ថា សកម្មភាព​ជួញដូរ​ផ្លូវភេទ​លើ​កុមារ​​តាម​​ប្រព័ន្ធអនឡាញ ​នឹង​អាច​កាត់​បន្ថយ​​បាន​​ច្រើន ក្រោយ​ការ​​ប្រកាស​​ឲ្យ​​ប្រើប្រាស់​​ជា​​ផ្លូវការ​​នូវ​​ផែនការ​សកម្មភាព​ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយតប​ការកេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ នៅ​ថ្ងៃទី​១៤ ខែកក្កដានេះ ខណៈ​អ្នក​ជំនាញ​បារម្ភ​អំពីការកើនឡើង​ខ្លាំង​ក្នុង​អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​-១៩​។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សអ្នកស្រី ជូ ប៊ុន​អេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរីថា​ ក្នុង​រយៈពេល​​នៃ​ការផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩មកសកម្មភាព​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អនឡាញ ត្រូវ​បាន​រក​ឃើញ​ថា មានការ​កើនឡើង​ជា​លំដាប់​ មិន​ថានៅ​ក្នុងប្រទេស​កម្ពុជា ឬនៅ​ជុំវិញពិភពលោក​នោះទេ។ អ្នកស្រី​បន្តថាសម័យ​វិទ្យាសាស្ត្រទំនើប​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធអនឡាញ​នេះជនល្មើស​ប្រើ​គ្រប់​រូបភាពដើម្បី​កេង​ប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ៖« នៅពេល​រងគ្រោះ​ហើយបាន​យើង​ដឹង​ថា គេទាក់ទង​គ្នា​តាម​អនឡាញ ទាក់ទង​គ្នាតាម​ទូរស័ព្ទ ជួនកាល​មិនដឹងថា​មុខអ្នក​និយាយ​យ៉ាង​ម៉េចផង។ សួម្បី​រូបភាព​ប្រើប្រាស់ គេក្រឡៃ​ទៀត ដែលនេះ​គឺជា​ភាព​រងគ្រោះ។ ជួនកាល​ដឹងខ្លួន​ហើយ​ ទម្រាំ​រក​មុខ​អ្នក​ប្រព្រឹត្តបទ​ល្មើស​ឃើញ ត្រូវប្រើពេល​ព្រោះពួក​គេ​ប្រើរូបភាព​និង​ឈ្មោះ​ក្លែងក្លាយ »

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃរូបនេះ​ឲ្យដឹង​ថាទម្រង់​នៃការ​ជួញដូរ​ផ្លូវភេទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត រួម​មាន ​ការកាន់​កាប់ការ​បង្ហោះនិង​ការ​ផលិត ​រូបភាព​អាសអាភាស​របស់​កុមារ ការកេង​ប្រវ័ញ្ចផ្លូវ​ភេទ​តាម​រយៈការ​រៀបអាពាហ៍ពិពាហ៍ និង​ការគំរាមកំហែង​តាម​ទម្រង់​ជាច្រើន​ទៀត ដែល​ធ្វើឱ្យ​កុមារ​ទទួល​រងគ្រោះ ហើយ​ប៉ះពាល់​ដល់​សតិអារម្មណ៍ និងការអភិវឌ្ឍរបស់​ពួកគេ​។

កម្មវិធី​ប្រកាស​ឱ្យ​ប្រើប្រាស់​ផែនការ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ សហការ​ជាមួយ ក្រសួងមហាផ្ទៃ និង​ជាមួយ​អង្គការ​អន្តរជាតិ​មួយចំនួន​ទៀតរួម​មាន​ អង្គការ​មូល​និធិកុមារ (ChildFund) អង្គការ​យូនីសេហ្វ (UNICEF) ​អង្គការ​សកម្មភាព​ដើម្បី​កុមារ (APLE) និង​អង្គភាពការពារកុមារ ​(CPU)ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។