បុគ្គលិក​​កាស៊ីណូ​​ចិន​​ក្រុង​ព្រះសីហនុ​ សង្ស័យ​​ថៅកែ​​ហៅ​​បុគ្គលិក​​ខ្លះ​​ចូល​​ធ្វើការ​​​វិញ​​ស្ងាត់​ៗ

ដោយ មួង ណារ៉េត
2021-10-28
Share
បុគ្គលិក​​កាស៊ីណូ​​ចិន​​ក្រុង​ព្រះសីហនុ​ សង្ស័យ​​ថៅកែ​​ហៅ​​បុគ្គលិក​​ខ្លះ​​ចូល​​ធ្វើការ​​​វិញ​​ស្ងាត់​ៗ បុគ្គលិកកាស៊ីណូអនឡាញរបស់​​ចិន​ ឌឹសិនឆឺរី​ (​the​ ​Century​) ​នៅ​ក្រុង​​ព្រះ​សីហនុ កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

បុគ្គលិក​មួយ​ចំនួន​នៃ​​បន​ល្បែង​ស៊ីសង​​អនឡាញ​​របស់​​ចិន​ ឌឹសិនឆឺរី​ (​the​ ​Century​) ​នៅ​ក្រុង​​ព្រះ​សីហនុ ​សង្ស័យ​ថា ​ថៅកែ​ហៅ​​បុគ្គលិក​ខ្លះ​ ​ឲ្យ​ចូល​ធ្វើការ​វិញ​ស្ងាត់ៗ​​ ​ដោយ​ផាត់ចោល​​ពួកគាត់​ ​ព្រោះ​ធ្លាប់​ចេញមុខ​​តវ៉ា​កន្លង​មក​។​ ​ការ​ព្រួយបារម្ភ​នេះ​ ​កើតមានឡើង​ក្រោយ​​បុគ្គលិក​ ​កំពុង​បន្ត​រង់ចាំ​​ដំណោះស្រាយ​​បញ្ហា​មួយ​​ចំនួន​​ពី​ខាង​​ក្រុមហ៊ុន​។

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ​កាលពី​ថ្ងៃ​ទី​​២​៨​ ​ខែ​​តុលា​ ​ប្រកាស​បិទ​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​នៃ​បន​ល្បែងស៊ីសង​អនឡាញ​របស់​ចិន​ឌឹសិនឆឺរី​​ (​the​ ​Century​) ​ក្រោយ​​អះអាង​ថា​ ​បុគ្គលិក​ទាំងអស់​​បាន​​ជាសះស្បើយ​​ពី​​ជំងឺ​កូវីដ​-​១៩​ ​និង​​បង្គាប់​ឲ្យ​បន្ត​ធ្វើ​ចត្តាឡី​ស័ក​ ​១៤​ ​ថ្ងៃ​នៅ​តាម​ផ្ទះ​រៀងខ្លួន​។​ ​ចំណែក​​ឯ​អគារ​​បន​ល្បែងស៊ីសង​នេះ​វិញ​ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ​បានឲ្យ​ផ្អាក​​ដំណើរការ​បណ្តោះ​អាសន្ន​ ​ដោយ​អះអាង​ថា​ ​ដើម្បី​ស្រាវជ្រាវ​ ​និង​បន្ត​នីតិវិធី​។​

ប៉ុន្តែ​ ​ក្នុងពេលដែល​ក្រុមហ៊ុន​ត្រូវ​ផ្អាក​អាជីវកម្ម​ ​និង​មិនទាន់​មានដំណឹង​អ្វី​ជាក់លាក់​អំពី​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​ផង​ ​ស្រាប់តែ​បុគ្គលិក​ជាច្រើន​ ​ត្រូវ​ក្រុមហ៊ុន​​តេ​​ហៅ​ឲ្យទៅ​ធ្វើការ​វិញ​។​ ​ការ​តេ​ហៅ​ទៅ​ធ្វើការ​វិញ​នេះ​ ​បើ​តាម​បុគ្គលិក​កាស៊ីណូ ឌឹសិនឆឺរី​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​​២​៨​ ​ខែតុលា​​ ​ថា​គេ​ហៅ​តែ​អ្នក​ដែល​មិនធ្លាប់​ចូលរួម​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​កម្មករ​។​

ប្រការ​នេះ​ ​ធ្វើឲ្យ​ពួកគាត់​ ​ព្រួយបារម្ភ​អំពី​ការរើសអើង​ ​និង​អំពើ​អយុត្តិធម៌​ ​មក​លើ​បុគ្គលិក​ដែល​ហ៊ាន​ចេញ​តវ៉ា​ទាមទារ​សិទ្ធិ​កម្មករ​ទាំងនោះ៖ «បុគ្គលិក​កន្លែង​ខ្ញុំ​ហ្នឹង​ ​មាន​គេ​តេ​ហៅ​ទៅ​ធ្វើការ​វិញ​! ​គេ​ប្រាប់​ថា ​ខាង​ផ្នែក​គ្រប់គ្រង​ខាង​ហ្នឹង​ ​គាត់​ជា​អ្នក​តេ​ហៅ​ ​ខាង​រដ្ឋបាល​ជា​អ្នក​តេ​ហៅ​។​ ​និយាយ​ឲ្យ​ចំ​ ​គឺ​អត់បើ​ក​កន្លែង​ចាស់​ទេ​ ​គឺ​ប្តូរ​កន្លែង​ថ្មី​។​ ​ក៏ប៉ុន្តែ​ ​បុគ្គលិក​ដែល​គាត់​ហៅ​ ​គឺ​សុទ្ធតែ​បុគ្គលិក​ដែល​អត់មាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ ​ពិសេស​អ្នក​ដែល​អត់​ធ្វើ​កូដកម្ម​ជាមួយ​ពួក​ខ្ញុំ​ ​គឺ​សុទ្ធតែ​គេ​ហៅ​ទៅ​ធ្វើការ​វិញ​ទាំងអស់​»។

កន្លងមក​ក្រុមហ៊ុន​នេះ​ ​រង​ការរិះគន់​ពី​មន្រ្តី​សហជីព​ឯករាជ្យ​ ​ថា​មាន​ភាព​មិន​ស្មោះត្រង់​ចំពោះ​បុគ្គលិក​ ​និង​ចង់​គេច​វេស​ពី​ការទទួលខុសត្រូវ​ ​ព្រោះ​បានឲ្យ​បុគ្គលិក​​ដាក់​ពាក្យ​សុំ​លាឈប់​ពី​ការងារ​ ​ក្នុង​ពេល​ក្រសួង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​បន្ត​នៅ​តាម​ផ្ទះ​។​ ​បុគ្គលិក​រអ៊ូរទាំ​ថា​ ​ក្រុមហ៊ុន​នេះ​ ​នៅតែ​មាន​ភាព​មិន​ស្មោះត្រង់​ ​និង​មិន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ ​និង​គ្រប់គ្រាន់​ ​ដើម្បីឲ្យ​បុគ្គលិក​អាច​ទទួលយក​បាន​ ​ក្នុងពេលដែល​រង់ចាំ​ដំណឹង​អំពី​ស្ថានភាព​ដំណោះស្រាយ​ការងារ៖ «ពួក​ខ្ញុំ​អត់​មាន​ទាមទារ​អ្វី​ច្រើន​ទេ​ ​គ្រាន់តែ​ពួក​ខ្ញុំ​ចង់និយាយ​ថា​ ​បើ​ក្រុមហ៊ុន​បើក​ដំណើរការ​ឬ​មិន​បើក​ដំណើរការ​ ​ចង់ឲ្យ​ពួកគាត់​ផ្តល់​ដំណឹង​ឲ្យ​ពួក​ខ្ញុំ​វិញ​ស្រួល​ពួក​ខ្ញុំ​រក​ការងារ​ធ្វើ​ ​អត់​ចាំ​តទៅទៀត​។​ ​បើ​ថា ​មិន​ហៅ​ពួក​ខ្ញុំ​ទេ​ ​ផ្តល់​ដំណឹង​ឲ្យ​ពួក​ខ្ញុំ​ ​ឬ​បញ្ឈប់​ពួក​ខ្ញុំ​អី​ ​ឲ្យ​គាត់​គិតគូរ​ឲ្យ​ពួក​ខ្ញុំ​តាម​ហ្នឹង​ ​ឲ្យ​វាច​ប់​រឿងរ៉ាវ​»។

រឿងរ៉ាវ​នេះ​ ​ប្រហែលជា​មិន​ចប់​ឆាប់​ទេ​ ​ព្រោះ​ខាង​ក្រុមហ៊ុន​ផ្អាក​ដំណើរការ​ ​ប៉ុន្តែ​តេ​ហៅ​បុគ្គលិក​ចោះ​ៗ​ ​ឲ្យ​ចូល​ទៅ​ធ្វើការ​វិញ​ ​ដោយ​ទុកឲ្យ​បុគ្គលិក​ជាច្រើន​ទៀត​ ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ​និង​គ្មាន​ដំណោះស្រាយ​ជាក់លាក់​នៅឡើយ​។​ ​រីឯ​អាជ្ញាធរ​មូលដ្ឋាន​វិញ​ ​ពួកគេ​បាន​ត្រឹមតែ​អះអាង​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ ​ថា​នឹង​ស៊ើប​អង្កេត​ករណី​នេះ​ ​ប៉ុន្តែ​មិន​ដឹង​ថា ​តើ​ការស៊ើបអង្កេត​នេះ​ ​អាច​ប្រព្រឹត្តទៅ​ដោយ​ជឿ​ទុកចិត្ត​បាន​ឬ​យ៉ាងណា​ ​ព្រោះ​កន្លងមក​ម​ន្រ្តី​សហជីព​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​​បង្កើត​គណ​កម្ម​ការស៊ើបអង្កេត​ឯករាជ្យ​ថ្នាក់​ជាតិ​ ​ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដែរ​ ​ប៉ុន្តែ​គ្មាន​សេចក្តីរាយការណ៍​ណាមួយ​អំពី​ការ​បង្កើត​គណៈកម្មការ​បែប​នេះ​នោះ​ទេ​។

វិទ្យុ​អាស៊ី​សេរី​ ​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះ​សី​ហ​នុ ​ឃាង​ ​ភិរម្យ​ ​ជាច្រើន​ដង​ដែរ​ ​ដើម្បី​បំភ្លឺ​រឿង​នេះ​ ​តែ​លោក​មិន​លើក​ទូរស័ព្ទ​។​ ​វិទ្យុ​អាស៊ី​សេរី​ ​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធានមន្ទីរ​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុលោក​ យ៉ូវ​ ​ខេមរា​ ​ដែរ​កាលពី​ថ្ងៃ​ទី​​២៨​ ​ខែ​​តុលា​ ​ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​

បុគ្គលិក​ម្នាក់ទៀត​ ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ផ្នែក​ជីវភាព​ ​ដោយសារតែ​ភាព​អត់​ការងារ​ធ្វើ​ ​និង​ភាព​មិន​ច្បាស់លាស់​នៃ​ដំណោះស្រាយ​ករណី​បនល្បែង​ចិន​នេះ​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា​ ​ក្រុមហ៊ុន​នេះ​ហាក់ដូចជា​ចង់ឲ្យ​បុគ្គលិក​ស្ងប់ចិត្ត​ ​ដោយ​សន្យា​ថា​ នឹង​គិតគូរ​អំពី​បញ្ហា​របស់​បុគ្គលិក​ដែរ​។​​ ​ប៉ុន្តែ​ ​ភាព​មិន​ច្បាស់លាស់​ ​និង​ខ្វះ​ព័ត៌មាន​ ​និង​តម្លា​ភាព​ ​ធ្វើឲ្យ​បុគ្គលិក​ស្ថិត​ក្នុង​ស្ថានភាព​វិលវល់៖ «ខាង​ក្រុមហ៊ុន​ ​កាល​ពួក​ខ្ញុំ​សួរ​ ​ពេល​គេ​ឲ្យ​ក្រដាស​ឈឺ​ហ្នឹង​ ​ខ្ញុំ​សួរ​ថា ​ក្រុមហ៊ុន​ហ្នឹង​បែប​ម៉េច​ ​គាត់​ថា​ក្រុមហ៊ុន​អត់​បិទ​ទេ​ ​គ្រាន់តែ​គាត់​ថា​ គាត់​ធ្វើតាម​ក្រសួង​។​ ​ក្រសួង​ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​។​ ​ពួក​ខ្ញុំ​និយាយ​ថា​ ​ចុះ​ឧទាហរណ៍​ថា ​ក្រុមហ៊ុន​អត់​ហៅ​ពួក​ខ្ញុំ​? ​ពេល​នោះ​គាត់​និយាយ​ថា​ អត់ទេ​។​ ​គាត់​ថា ​ក្រុមហ៊ុន​គេ​នឹង​ហៅ​ពួក​ខ្ញុំ​។​ ​ខ្ញុំ​ក៏បាន​សួរ​រឿង​លុយ​អតីតភាព​ ​ខាង​ក្រុមហ៊ុន​គាត់​ថា ​លុយ​ហ្នឹង​អត់មាន​ទេ​ ​ព្រោះអី​ក្រុមហ៊ុន​អត់​ទាន់​បិទ​។​ ​គាត់​និយាយ​អ៊‍ីចឹង​។​ ​ពួក​ខ្ញុំ​សួរ​ទៀត​ថា បើ​ក្រុមហ៊ុន​អត់​ហៅ​ ​តើ​យ៉ាងម៉េច​? ​ក្រុមហ៊ុន​ថា​អត់ទេ​ ​ពួកគេ​ប្រាកដជា​ហៅ»។

វិទ្យុ​អាស៊ី​សេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង​ធនធានមនុស្ស​នៃ​បន​ល្បែងកាស៊ីណូ​ ឌឹសិនឆឺរី​ ​លោក​ ​ស​ ​សំណាង​បានទេ​ ​កាលពី​ថ្ងៃ​ទី​​២៨​ ​ខែ​​តុលា​ ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។​

ប៉ុន្តែ​ ​មកដល់ពេលនេះ​ ​ក្រុមហ៊ុន​ត្រូវ​ផ្អាក​ដំណើរការ​។​ ​បុគ្គលិក​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ហៅ​ទៅ​ធ្វើការ​វិញ​។​ ​អត់​តែ​ពួកគាត់​ដែល​ធ្លាប់​ចូលរួម​តវ៉ា​នៅ​ក្រុមហ៊ុន​។​ ​ការ​អះអាង​របស់​ក្រុមហ៊ុន​នេះ​ទៀតសោត​ ​ធ្វើឡើង​ដោយ​ផ្ទាល់មាត់​ ​និង​គ្មាន​កិច្ចសន្យា​អ្វី​ច្បាស់លាស់​នោះ​ឡើយ​។​ ​មន្រ្តី​សហជីព​ ​ថា​ស្ថានភាព​បែប​នេះ​ ​ធ្វើឲ្យ​បុគ្គលិក​ទាំងនោះ​ ​ជួប​បញ្ហា​ធំ​ ​ដោយ​ក្រុមហ៊ុន​នឹង​មិន​យក​គាត់​ឲ្យ​ចូល​ធ្វើការ​វិញ​ក៏បាន​ ​ព្រោះ​គ្មាន​ធ្វើ​កិច្ចសន្យា​ច្បាស់លាស់​បែប​នេះ​។​

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ ​អាត់​ ​ធន់​ ​បារម្ភ​ថា ​បុគ្គលិក​គ្មាន​តំណាង​សហជីព​ ​ធ្វើឲ្យ​ថៅកែ​ក្រុមហ៊ុន​អាច​កេងប្រវ័ញ្ច​អត្ថប្រយោជន៍​ ​និង​សិទ្ធិ​ពួកគាត់​បាន​យ៉ាង​ងាយ​។​ ​លោក​ថា ​ក្នុង​ករណី​បែប​នេះ​ ​ស្ថាប័ន​អាណាព្យាបាល​ ​គឺ​មានតែ​ក្រសួងការងារ​តែប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ដោះស្រាយបញ្ហា​ពួកគាត់​បាន​។​ ​ទោះ​ជាង​យ៉ាងនេះ​ក្ដី​ ​លោក​ ​អាត់​ ​ធន់​ ​លើកទឹកចិត្ត​ឲ្យ​បុគ្គលិក​ដែល​មាន​បញ្ហា​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ ​ដើម្បី​សុំ​អន្តរាគមន៍៖ «កន្លងមក​យើង​ឃើញ​ថា​ ​បើ​មិន​មាន​​អន្តរាគមន៍​​ពី​​រដ្ឋ​មន្រ្តី ​ឬ​នាយក​រដ្ឋ​មន្រ្តី ​ឬ​ពី​ខាងណា​ទេ​ ​គឺ​​នៅ​មន្ទីរ​ឬ​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ ​ដូចជា​ធ្វើ​ហ្នឹង​ដូចជា​មិនសូវ​ស្វាហាប់​ទេ​។​ ​រឿង​ខ្លះ​ក៏មាន​អន្តរាគមន៍​ពី​សហជីព​ពី​ខាង​អង្គការ​ហ្នឹង​ ​ក៏​មានការ​ដុតដៃដុតជើង​ខ្លះ​ដែរ​។​ ​ដូច្នេះ​ ​បុគ្គលិក​បើជា​មន្ទីរ​មិន​ធ្វើការ​ ​គឺ​គេ​អាច​ប្តឹង​មក​សហជីព​ ​ឬ​អង្គការ​ពាក់ព័ន្ធ​នឹង​ ​ឬ​ប្តឹង​ទៅ​​នាយក​រដ្ឋមន្រ្តី ​ឬ​រដ្ឋមន្រ្តី ​ឬ​ចៅហ្វាយខេត្ត​នោះ​ទៅ​ ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​មន្ទីរ​ធ្វើការ​ ​ឬ​ក្រុមហ៊ុន​ហ្នឹង​ដោះស្រាយបញ្ហា​ហ្នឹង»។

បន​ល្បែងកាស៊ីណូ​អនឡាញ​ចិន​នេះ​ ​ស្ថិតនៅ​ភូមិ​ ​៥​ ​សង្កាត់​លេខ​ ​៤​ ​ក្រុង​ព្រះ​សីហនុ ​មាន​បុគ្គលិក​បម្រើ​ការ​ ​៤៣៧​ ​នាក់​ ​ដែល​ឆ្លង​ជំងឺ​កូវីដ​-​១៩​ ​និង​ស្លាប់​ម្នាក់​ ​កាល​ពី​​ចុងខែ​ ​កញ្ញា​។​ ​ក្រុម​គ្រួសារ​សព​កំពុង​រង់ចាំ​យុត្តិធម៌​។​ ​រដ្ឋាភិបាល​បាន​បិទ​បនល្បែង​អនឡាញ​ ​តាំងពី​ខែ​សីហា​ ​ឆ្នាំ​​២០១៩​។​ ​ប៉ុន្តែ​ ​បនល្បែង​អនឡាញ​នេះ​ ​នៅតែ​បើក​ដំណើរការ​បាន​នៅកណ្ដាល​ក្រុង​ព្រះសីហនុ ​រហូត​ធ្វើឲ្យ​បុគ្គលិក​ឆ្លង​ជំងឺ​កូវីដ​-​១៩​ ​ពេញ​កាស៊ីណូ ​ទើប​តែ​អាជ្ញាធរ​ខេត្ត​ប្រកាស​ឲ្យ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ ​កាលពី​ថ្ងៃ​ទី​​២២​ ​ខែ​​តុលា​កន្លងទៅ​។​

ឥឡូវ​បុគ្គលិក​កម្មករ​ ​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ ​និង​បំណុល​ធនាគារ​ ​ក្នុងពេលដែល​ពួកគាត់​មិនបាន​ទទួល​ដំណឹង​ច្បាស់លាស់​អំពី​ការស៊ើបអង្កេត​ ​និង​ដំណោះស្រាយ​រឿង​ការងារ​នេះ​។​ ​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​  ​ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី​ ​ជៀប​ ​សុធារី​ ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្ហាញ​ព័ត៌មាន​ឲ្យបាន​ទូលំទូលាយ​ ​និង​ច្បាស់លាស់​ ​ដើម្បីឲ្យ​បុគ្គលិក​អាច​សម្រេច​ចិត្ត​ត្រឹមត្រូវ​ ​ដើម្បី​ដោះស្រាយ​ជីវភាព​។​ ​អ្នកស្រី​បន្ថែម​ថា​ ​បើ​ក្នុង​ករណី​កាស៊ីណូ​នេះ​ ​មាន​សាខា​ថ្មី​ ​ដែល​ត្រូវការ​បុគ្គលិក​​ ​ក្រុមហ៊ុន​គួរ​ផ្តល់​ភាព​ស្មើគ្នា​ដល់​បុគ្គលិក​ទាំងអស់​ ​ដោយ​មិន​ត្រូវ​រើសអើង​ពួកគាត់​នោះ​ឡើយ៖ «ដូច្នេះ​គួរតែ​ផ្តល់​ឱកាស​ដែរ​ប្រសិនបើ​ពួកគាត់​នៅតែ​ស្ម័គ្រចិត្ត​ធ្វើការងារ​នៅកន្លែង​ហ្នឹង​ ​ព្រោះ​ច្បាប់​កម្ពុជា​យើង​ក៏បាន​ចែង​ដែរ​ថា ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​មុខរបរ​ ​និង​ការងារ​ ​ធ្វើតាម​សមត្ថភាព​ ​និង​ចំណេះ​ដឹង​របស់​ពួក​ខ្លួន​ ​និង​ធនធាន​ដែល​គាត់​មាន​។​ ​ខ្ញុំ​សូមឲ្យ​មានការ​យកចិត្តទុកដាក់​ ​នៅ​ពេល​បច្ចុប្បន្ននេះ​ ​ឲ្យ​គោរព​ទៅ​តាមច្បាប់​ការងារ​ ​ព្រោះ​ប្រទេស​កម្ពុជា​យើង​មានច្បាប់​ការងារ​មួយ​ដែល​មាន​លក្ខណៈ​ស្តង់​ដារ​អន្តរជាតិ​ដែរ​។​ ​ប៉ុន្តែ​សំខាន់​ថា​ ក្នុង​ការ​អនុវត្ត​ហ្នឹង​ ​វា​មិនទាន់​បាន​ ​១០០​%​ទេ»។

មន្រ្តី​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ ​ថាបើ​រដ្ឋ​យកចិត្តទុកដាក់​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ការងារ​របស់​កម្ពុជា​ឲ្យបាន​ម៉ឺងម៉ាត់​ ​នោះ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នឹង​ទទួល​បានឱកាស​ ​អត្ថប្រយោជន៍​ ​និង​កិច្ច​គាំពារ​ជាច្រើន​ពី​ច្បាប់​នេះ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល