បុគ្គលិកមួយចំនួននៃបនល្បែងស៊ីសងអនឡាញរបស់ចិន ឌឹសិនឆឺរី (the Century) នៅក្រុងព្រះសីហនុ សង្ស័យថា ថៅកែហៅបុគ្គលិកខ្លះ ឲ្យចូលធ្វើការវិញស្ងាត់ៗ ដោយផាត់ចោលពួកគាត់ ព្រោះធ្លាប់ចេញមុខតវ៉ាកន្លងមក។ ការព្រួយបារម្ភនេះ កើតមានឡើងក្រោយបុគ្គលិក កំពុងបន្តរង់ចាំដំណោះស្រាយបញ្ហាមួយចំនួនពីខាងក្រុមហ៊ុន។
រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែតុលា ប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កនៅអគារស្នាក់នៅរបស់បុគ្គលិកនៃបនល្បែងស៊ីសងអនឡាញរបស់ចិនឌឹសិនឆឺរី (the Century) ក្រោយអះអាងថា បុគ្គលិកទាំងអស់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបង្គាប់ឲ្យបន្តធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅតាមផ្ទះរៀងខ្លួន។ ចំណែកឯអគារបនល្បែងស៊ីសងនេះវិញ អាជ្ញាធរខេត្តព្រះសីហនុ បានឲ្យផ្អាកដំណើរការបណ្តោះអាសន្ន ដោយអះអាងថា ដើម្បីស្រាវជ្រាវ និងបន្តនីតិវិធី។
ប៉ុន្តែ ក្នុងពេលដែលក្រុមហ៊ុនត្រូវផ្អាកអាជីវកម្ម និងមិនទាន់មានដំណឹងអ្វីជាក់លាក់អំពីដំណោះស្រាយសម្រាប់បុគ្គលិកផង ស្រាប់តែបុគ្គលិកជាច្រើន ត្រូវក្រុមហ៊ុនតេហៅឲ្យទៅធ្វើការវិញ។ ការតេហៅទៅធ្វើការវិញនេះ បើតាមបុគ្គលិកកាស៊ីណូ ឌឹសិនឆឺរី ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៨ ខែតុលា ថាគេហៅតែអ្នកដែលមិនធ្លាប់ចូលរួមធ្វើកូដកម្មតវ៉ាទាមទារអត្ថប្រយោជន៍កម្មករ។
ប្រការនេះ ធ្វើឲ្យពួកគាត់ ព្រួយបារម្ភអំពីការរើសអើង និងអំពើអយុត្តិធម៌ មកលើបុគ្គលិកដែលហ៊ានចេញតវ៉ាទាមទារសិទ្ធិកម្មករទាំងនោះ៖ «បុគ្គលិកកន្លែងខ្ញុំហ្នឹង មានគេតេហៅទៅធ្វើការវិញ ! គេប្រាប់ថា ខាងផ្នែកគ្រប់គ្រងខាងហ្នឹង គាត់ជាអ្នកតេហៅ ខាងរដ្ឋបាលជាអ្នកតេហៅ។ និយាយឲ្យចំ គឺអត់បើកកន្លែងចាស់ទេ គឺប្តូរកន្លែងថ្មី។ ក៏ប៉ុន្តែ បុគ្គលិកដែលគាត់ហៅ គឺសុទ្ធតែបុគ្គលិកដែលអត់មានបញ្ហាជាមួយក្រុមហ៊ុន ពិសេសអ្នកដែលអត់ធ្វើកូដកម្មជាមួយពួកខ្ញុំ គឺសុទ្ធតែគេហៅទៅធ្វើការវិញទាំងអស់»។
កន្លងមកក្រុមហ៊ុននេះ រងការរិះគន់ពីមន្រ្តីសហជីពឯករាជ្យ ថាមានភាពមិនស្មោះត្រង់ចំពោះបុគ្គលិក និងចង់គេចវេសពីការទទួលខុសត្រូវ ព្រោះបានឲ្យបុគ្គលិកដាក់ពាក្យសុំលាឈប់ពីការងារ ក្នុងពេលក្រសួងតម្រូវឲ្យធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ។ បុគ្គលិករអ៊ូរទាំថា ក្រុមហ៊ុននេះ នៅតែមានភាពមិនស្មោះត្រង់ និងមិនផ្តល់ព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់ ដើម្បីឲ្យបុគ្គលិកអាចទទួលយកបាន ក្នុងពេលដែលរង់ចាំដំណឹងអំពីស្ថានភាពដំណោះស្រាយការងារ៖ «ពួកខ្ញុំអត់មានទាមទារអ្វីច្រើនទេ គ្រាន់តែពួកខ្ញុំចង់និយាយថា បើក្រុមហ៊ុនបើកដំណើរការឬមិនបើកដំណើរការ ចង់ឲ្យពួកគាត់ផ្តល់ដំណឹងឲ្យពួកខ្ញុំវិញស្រួលពួកខ្ញុំរកការងារធ្វើ អត់ចាំតទៅទៀត។ បើថា មិនហៅពួកខ្ញុំទេ ផ្តល់ដំណឹងឲ្យពួកខ្ញុំ ឬបញ្ឈប់ពួកខ្ញុំអី ឲ្យគាត់គិតគូរឲ្យពួកខ្ញុំតាមហ្នឹង ឲ្យវាចប់រឿងរ៉ាវ»។
រឿងរ៉ាវនេះ ប្រហែលជាមិនចប់ឆាប់ទេ ព្រោះខាងក្រុមហ៊ុនផ្អាកដំណើរការ ប៉ុន្តែតេហៅបុគ្គលិកចោះៗ ឲ្យចូលទៅធ្វើការវិញ ដោយទុកឲ្យបុគ្គលិកជាច្រើនទៀត ស្ថិតក្នុងភាពមិនច្បាស់លាស់ និងគ្មានដំណោះស្រាយជាក់លាក់នៅឡើយ។ រីឯអាជ្ញាធរមូលដ្ឋានវិញ ពួកគេបានត្រឹមតែអះអាងនៅក្នុងលិខិតរបស់ខ្លួន ថានឹងស៊ើបអង្កេតករណីនេះ ប៉ុន្តែមិនដឹងថា តើការស៊ើបអង្កេតនេះ អាចប្រព្រឹត្តទៅដោយជឿទុកចិត្តបានឬយ៉ាងណា ព្រោះកន្លងមកមន្រ្តីសហជីព បានស្នើឲ្យរដ្ឋាភិបាលបង្កើតគណកម្មការស៊ើបអង្កេតឯករាជ្យថ្នាក់ជាតិ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធដែរ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ណាមួយអំពីការបង្កើតគណៈកម្មការបែបនេះនោះទេ។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ឃាង ភិរម្យ ជាច្រើនដងដែរ ដើម្បីបំភ្លឺរឿងនេះ តែលោកមិនលើកទូរស័ព្ទ។ វិទ្យុអាស៊ីសេរី ក៏មិនអាចសុំការបំភ្លឺពីប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រះសីហនុលោក យ៉ូវ ខេមរា ដែរកាលពីថ្ងៃទី២៨ ខែតុលា ដោយលោកមិនលើកទូរស័ព្ទ។
បុគ្គលិកម្នាក់ទៀត ដែលកំពុងរងផលប៉ះពាល់ផ្នែកជីវភាព ដោយសារតែភាពអត់ការងារធ្វើ និងភាពមិនច្បាស់លាស់នៃដំណោះស្រាយករណីបនល្បែងចិននេះ ប្រាប់វិទ្យុអាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដែរថា ក្រុមហ៊ុននេះហាក់ដូចជាចង់ឲ្យបុគ្គលិកស្ងប់ចិត្ត ដោយសន្យាថា នឹងគិតគូរអំពីបញ្ហារបស់បុគ្គលិកដែរ។ ប៉ុន្តែ ភាពមិនច្បាស់លាស់ និងខ្វះព័ត៌មាន និងតម្លាភាព ធ្វើឲ្យបុគ្គលិកស្ថិតក្នុងស្ថានភាពវិលវល់៖ «ខាងក្រុមហ៊ុន កាលពួកខ្ញុំសួរ ពេលគេឲ្យក្រដាសឈឺហ្នឹង ខ្ញុំសួរថា ក្រុមហ៊ុនហ្នឹងបែបម៉េច គាត់ថាក្រុមហ៊ុនអត់បិទទេ គ្រាន់តែគាត់ថា គាត់ធ្វើតាមក្រសួង។ ក្រសួងឲ្យពួកខ្ញុំហ្នឹងធ្វើចត្តាឡីស័កនៅផ្ទះ។ ពួកខ្ញុំនិយាយថា ចុះឧទាហរណ៍ថា ក្រុមហ៊ុនអត់ហៅពួកខ្ញុំ ? ពេលនោះគាត់និយាយថា អត់ទេ។ គាត់ថា ក្រុមហ៊ុនគេនឹងហៅពួកខ្ញុំ។ ខ្ញុំក៏បានសួររឿងលុយអតីតភាព ខាងក្រុមហ៊ុនគាត់ថា លុយហ្នឹងអត់មានទេ ព្រោះអីក្រុមហ៊ុនអត់ទាន់បិទ។ គាត់និយាយអ៊ីចឹង។ ពួកខ្ញុំសួរទៀតថា បើក្រុមហ៊ុនអត់ហៅ តើយ៉ាងម៉េច ? ក្រុមហ៊ុនថាអត់ទេ ពួកគេប្រាកដជាហៅ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកគ្រប់គ្រងធនធានមនុស្សនៃបនល្បែងកាស៊ីណូ ឌឹសិនឆឺរី លោក ស សំណាងបានទេ កាលពីថ្ងៃទី២៨ ខែតុលា ដោយសារលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែ មកដល់ពេលនេះ ក្រុមហ៊ុនត្រូវផ្អាកដំណើរការ។ បុគ្គលិកខ្លះត្រូវក្រុមហ៊ុនហៅទៅធ្វើការវិញ។ អត់តែពួកគាត់ដែលធ្លាប់ចូលរួមតវ៉ានៅក្រុមហ៊ុន។ ការអះអាងរបស់ក្រុមហ៊ុននេះទៀតសោត ធ្វើឡើងដោយផ្ទាល់មាត់ និងគ្មានកិច្ចសន្យាអ្វីច្បាស់លាស់នោះឡើយ។ មន្រ្តីសហជីព ថាស្ថានភាពបែបនេះ ធ្វើឲ្យបុគ្គលិកទាំងនោះ ជួបបញ្ហាធំ ដោយក្រុមហ៊ុននឹងមិនយកគាត់ឲ្យចូលធ្វើការវិញក៏បាន ព្រោះគ្មានធ្វើកិច្ចសន្យាច្បាស់លាស់បែបនេះ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បារម្ភថា បុគ្គលិកគ្មានតំណាងសហជីព ធ្វើឲ្យថៅកែក្រុមហ៊ុនអាចកេងប្រវ័ញ្ចអត្ថប្រយោជន៍ និងសិទ្ធិពួកគាត់បានយ៉ាងងាយ។ លោកថា ក្នុងករណីបែបនេះ ស្ថាប័នអាណាព្យាបាល គឺមានតែក្រសួងការងារតែប៉ុណ្ណោះ ដែលអាចជួយដោះស្រាយបញ្ហាពួកគាត់បាន។ ទោះជាងយ៉ាងនេះក្ដី លោក អាត់ ធន់ លើកទឹកចិត្តឲ្យបុគ្គលិកដែលមានបញ្ហានាំគ្នាដាក់ពាក្យប្តឹង ដើម្បីសុំអន្តរាគមន៍៖ «កន្លងមកយើងឃើញថា បើមិនមានអន្តរាគមន៍ពីរដ្ឋមន្រ្តី ឬនាយករដ្ឋមន្រ្តី ឬពីខាងណាទេ គឺនៅមន្ទីរឬស្ថាប័នរដ្ឋមួយចំនួន ដូចជាធ្វើហ្នឹងដូចជាមិនសូវស្វាហាប់ទេ។ រឿងខ្លះក៏មានអន្តរាគមន៍ពីសហជីពពីខាងអង្គការហ្នឹង ក៏មានការដុតដៃដុតជើងខ្លះដែរ។ ដូច្នេះ បុគ្គលិកបើជាមន្ទីរមិនធ្វើការ គឺគេអាចប្តឹងមកសហជីព ឬអង្គការពាក់ព័ន្ធនឹង ឬប្តឹងទៅនាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តី ឬចៅហ្វាយខេត្តនោះទៅ ដើម្បីដាក់សម្ពាធឲ្យមន្ទីរធ្វើការ ឬក្រុមហ៊ុនហ្នឹងដោះស្រាយបញ្ហាហ្នឹង»។
បនល្បែងកាស៊ីណូអនឡាញចិននេះ ស្ថិតនៅភូមិ ៥ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ មានបុគ្គលិកបម្រើការ ៤៣៧ នាក់ ដែលឆ្លងជំងឺកូវីដ-១៩ និងស្លាប់ម្នាក់ កាលពីចុងខែ កញ្ញា។ ក្រុមគ្រួសារសពកំពុងរង់ចាំយុត្តិធម៌។ រដ្ឋាភិបាលបានបិទបនល្បែងអនឡាញ តាំងពីខែសីហា ឆ្នាំ២០១៩។ ប៉ុន្តែ បនល្បែងអនឡាញនេះ នៅតែបើកដំណើរការបាននៅកណ្ដាលក្រុងព្រះសីហនុ រហូតធ្វើឲ្យបុគ្គលិកឆ្លងជំងឺកូវីដ-១៩ ពេញកាស៊ីណូ ទើបតែអាជ្ញាធរខេត្តប្រកាសឲ្យផ្អាកដំណើរការបណ្តោះអាសន្ន កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅ។
ឥឡូវបុគ្គលិកកម្មករ កំពុងប្រឈមបញ្ហាជីវភាព និងបំណុលធនាគារ ក្នុងពេលដែលពួកគាត់មិនបានទទួលដំណឹងច្បាស់លាស់អំពីការស៊ើបអង្កេត និងដំណោះស្រាយរឿងការងារនេះ។ មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ស្នើឲ្យភាគីពាក់ព័ន្ធបង្ហាញព័ត៌មានឲ្យបានទូលំទូលាយ និងច្បាស់លាស់ ដើម្បីឲ្យបុគ្គលិកអាចសម្រេចចិត្តត្រឹមត្រូវ ដើម្បីដោះស្រាយជីវភាព។ អ្នកស្រីបន្ថែមថា បើក្នុងករណីកាស៊ីណូនេះ មានសាខាថ្មី ដែលត្រូវការបុគ្គលិក ក្រុមហ៊ុនគួរផ្តល់ភាពស្មើគ្នាដល់បុគ្គលិកទាំងអស់ ដោយមិនត្រូវរើសអើងពួកគាត់នោះឡើយ៖ «ដូច្នេះគួរតែផ្តល់ឱកាសដែរប្រសិនបើពួកគាត់នៅតែស្ម័គ្រចិត្តធ្វើការងារនៅកន្លែងហ្នឹង ព្រោះច្បាប់កម្ពុជាយើងក៏បានចែងដែរថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជ្រើសរើសមុខរបរ និងការងារ ធ្វើតាមសមត្ថភាព និងចំណេះដឹងរបស់ពួកខ្លួន និងធនធានដែលគាត់មាន។ ខ្ញុំសូមឲ្យមានការយកចិត្តទុកដាក់ នៅពេលបច្ចុប្បន្ននេះ ឲ្យគោរពទៅតាមច្បាប់ការងារ ព្រោះប្រទេសកម្ពុជាយើងមានច្បាប់ការងារមួយដែលមានលក្ខណៈស្តង់ដារអន្តរជាតិដែរ។ ប៉ុន្តែសំខាន់ថា ក្នុងការអនុវត្តហ្នឹង វាមិនទាន់បាន ១០០ % ទេ»។
មន្រ្តីសង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សរូបនេះ ថាបើរដ្ឋយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ការងាររបស់កម្ពុជាឲ្យបានម៉ឺងម៉ាត់ នោះបុគ្គលិកកម្មករខ្មែរ នឹងទទួលបានឱកាស អត្ថប្រយោជន៍ និងកិច្ចគាំពារជាច្រើនពីច្បាប់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។