មនុស្ស​ ២​នាក់​ស្លាប់​ក្នុងករណី​ផ្ទុះអាវុធ​នៅ​ក្នុង​បុរី​១​កន្លែង​នៅ​ខណ្ឌ​ច្បារអំពៅ

ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ ក្នុង​បុរី​បឹងស្នោរ​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ២​នាក់​បាត់​បង់ជីវិត និង​មនុស្ស​ម្នាក់ទៀត​រង​របួស​ធ្ងន់​។ ក្នុង​នោះ​ជនរងគ្រោះ​ជា​បុរស​ម្នាក់ បាន​បាត់​បង់ជីវិត​ភ្លាមៗ នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ទីតាំង​កន្លែង​កើតហេតុ ខណៈ​ពេល​ខ្មាន់កាំភ្លើង​ចូល​បាញ់​ដល់​ក្នុងផ្ទះ និង​ជនរងគ្រោះ​ជា​គូ​ដណ្ដឹង​បាន​បាត់បង់​ជីវិត​ នៅ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។

ជនរងគ្រោះ​ម្នាក់ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​ថា ហេតុការណ៍​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​នេះ គឺ​បណ្ដាល​មក​ពី​ទំនាស់​អ្នកជិតខាង និង​ការ​ប្រើប្រាស់​ស្នួល​ហាល​ខោអាវ នៅក្នុង​បុរី​ដដែល​នោះ។

អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ លោក ម៉ៅ សឿត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃទី១៧ ខែមិថុនា​ថា អាជ្ញាធរ​បាន​កំណត់​អត្តសញ្ញាណ និង​ឃាត់ខ្លួន​ជនសង្ស័យ​នៅក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល​។ ចំណែកឯ​ព័ត៌មាន​លម្អិត​ក្នុង​ករណី​នេះ លោក​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ។

តាម​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល ហ្វ្រេសញ័រ (FreshNews) ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង មាន​ឈ្មោះថា ស្រី ស៊ីណា អាយុ ៥០​ឆ្នាំ និង​ជនសង្ស័យ​ចំនួន​ ២​នាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះអាវុធ​នៅក្នុង​ខណ្ឌ​ច្បារអំពៅ។

ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​ខាងលើ​នេះ មាន​គោរមងារ​ជា ឧកញ៉ា មាន​បន្ទប់​ជួល​រាប់​រយ​បន្ទប់ ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។