ពលរដ្ឋ​ខេត្ត​សៀមរាប​ថា ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍

ដោយ សេក បណ្ឌិត
2024.08.21
ពលរដ្ឋ​ខេត្ត​សៀមរាប​ថា ការ​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ទេសចរណ៍ ​កងកម្លាំងនគរបាល និង​យោធា កំពុង​ត្រួតពិនិត្យ​ឡាន​អ្នក​ដំណើរ នៅ​​ទីរួមខេត្តសៀមរាប នា​យប់​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០២៤។
រូប៖ ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​សម្ញែង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដើរ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់​ស្កាត់​ពលរដ្ឋ​មិន​ឱ្យ​នាំ​គ្នា ​ធ្វើ​បាតុកម្ម​តវ៉ា​មិន​ពេញ​ចិត្ត​នឹង​ត្រីកោណ​អភិវឌ្ឍន៍​បី​ប្រទេស គឺ​កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)

ពលរដ្ឋ​បារម្ភ​ថា​ ទង្វើ​របស់​អាជ្ញាធរ​ប៉ះពាល់​វិស័យ​ទេសចរណ៍​មួយ​កម្រិត​ទៀត ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពួកគាត់។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ ដើរ​ល្បាត​គ្រប់​តំបន់​មិន​ត្រឹម​តែ​ហាម​ពលរដ្ឋ​មិន​ឱ្យ តវ៉ា​មិន​ពេញ​ចិត្ត​ នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ CLV-DTA ប៉ុណ្ណោះ​ទេ ​សូម្បី​តែ​ពលរដ្ឋ និង​ក្រុម​និស្សិត​ដែល​ចួបជុំ​គ្នា​ច្រើន ធ្វើ​កិច្ច​ការ​សាលា​ ក៏​អាជ្ញាធរ​រារាំង​ដែរ ​ក្រោម​ហេតុ​ផល ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ ព្រោះ​ខ្លាច​ពួកគាត់​បបួល​គ្នា​ធ្វើ​បាតុកម្ម។

ពលរដ្ឋ និង​អ្នក​បម្រើ​សេវាកម្ម​ផ្នែក​ទេសចរណ៍​បាន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា ធ្វើ​ឱ្យ​បរិយាកាស​សង្គម​មាន​ភាព​រញ៉េរញ៉ៃ ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា​ខេត្ត​សៀមរាប និង​តំបន់​ផ្សេង​ទៀត។

ពលរដ្ឋ​រស់​នៅ​ក្រុង​សៀមរាប លោក ម៉ាលី សានី សង្កេត​ឃើញ​ថា អាជ្ញាធរ​តែងតែ​លើក​ហេតុផល​ថា ការ​ពង្រាយ​សមត្ថកិច្ច​ល្បាត ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សង្គម ​តែ​បង្កប់​ន័យ​គំរាម​កំហែង​ដល់​ស្មារតី​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា ដែល​ជា​ផ្នែក​មួយ ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​មួយ​កម្រិត​ទៀត។

លោក​ថា អាជីវក​លក់​ដូរ​តាម​ដង​ផ្លូវ​មួយ​ចំនួន​ត្អូញត្អែរ​លក់​មិន​សូវ​ដាច់ ព្រោះ​ខ្សត់​ភ្ញៀវ ប៉ះពាល់​ជីវភាព​គ្រួសារ ដោយសារ​អាជ្ញាធរ​រឹតត្បិត​ពលរដ្ឋ​មិន​ឱ្យ​ជួបជុំ​គ្នា​ច្រើន។

លោក ម៉ាលី សានី៖ «គ្មាន​អ្នក​លក់​ដូរ​ធំ​ដុំ​តែ​មនុស្ស​គ្នា​ទៅ​ញ៉ាំ​អី​វា​ជា​រឿង​ធម្មតា គាត់​ទៅ​រឹត​បន្តឹង​ការ​ជួប​ជុំ​អ៊ីចឹង​ទៀត វា​កាន់​តែ​ធ្វើ​ឱ្យ​មាន​បញ្ហា​សេដ្ឋកិច្ច បញ្ហា​ទេសចរណ៍​ច្រើន»

អាជីវក​លក់​ដូរ​ម្នាក់​ទៀត​ក្នុង​ក្រុង​សៀមរាប លោកស្រី សម្បត្តិ ចាន់ធឿន ត្អូញត្អែរ​ថា ក្នុង​ពេល ដែល​អាជ្ញាធរ​រឹត​បន្តឹង​មិន​ឱ្យ​ពលរដ្ឋ​ចួប​ជុំ​គ្នា​ច្រើន លោកស្រី​លក់​ដូរ​មិន​សូវ​ដាច់​នោះ​ទេ ហើយ​កាន់​តែ​ខ្សត់​ភ្ញៀវ​ថែម​ទៀត​។ 

លោកស្រី​ថា ពលរដ្ឋ​ខ្លះ​ភ័យ​ខ្លាច​មិន​ហ៊ាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ និង​សម្ងំ​ដេក​នៅ​ផ្ទះ​ ព្រោះ​ខ្លាច​ក្រែង​មាន​រឿងរ៉ាវ​ជា​មួយ​អាជ្ញាធរ។

លោកស្រី សម្បត្តិ ចាន់ធឿន៖ «បើ​ភ្ញៀវ​គាត់​មក​គាត់​ច្រើន​តែ​មក​លេង​នៅ​ទន្លេ​ស្រូប​ខ្យល់ គេ​ជិះ​ទូក ជិះ​កាណូត អី​អ៊ីចឹង! តែ​ឥឡូវ​ស្ងាត់​ជ្រាប​អត់​មាន​ភ្ញៀវ អត់​មាន​អី​ទេ​គឺ​ស្ងាត់»

ចាប់​តាំង​ពី​ថ្ងៃ​ទី១៨ ខែសីហា មក​ទល់​ពេល​នេះ សមត្ថកិច្ច​ចម្រុះ​ពាក់​ឯក​សណ្ឋាន​ប្រដាប់​ដោយ​អាវុធ ​ខ្លះ​ស្លៀក​ពាក់​ស៊ីវិល និង​ប្រជា​ការពារ​ភូមិ បាន​ដើរ​ល្បាត​គ្រប់​តំបន់​ ដោយ​ពង្រាយ​បណ្ដាញ​ចាប់​ពី​ថ្នាក់​ភូមិ​ រហូត​ដល់​ខេត្ត មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ជួបជុំ​គ្នា​ច្រើន សម្ដែង​មតិ និង​ជជែក​ពិភាក្សា​គ្នា​នោះ​ឡើយ។ 

សមត្ថកិច្ច​ខ្លះ​ជិះ​ឡាន​សារ៉ែន​ទាំង​ហ្វូង និង​ម៉ូតូ​ដើរ​ល្បាត ខុស​ពី​សព្វ​មួយ​ដង ខ្លះ​យាម​តាម​គោលដៅ ​ខ្លះ​ស្លៀកពាក់​ស៊ី​វិល​ជិះ​ម៉ូតូ ដើរ​លបៗ ចាំ​ស្ទាក់​ថត​ពលរដ្ឋ​ជជែក​គ្នា និង​ថត​រូប​ពលរដ្ឋ​នៅ​ពេល​ដែល​ពួកគាត់​ជួបជុំ​គ្នា​ច្រើន។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​លោក ហួត សុធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ សីហា។ រីឯ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ​អ្នក​សម្រប​សម្រួល​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយ មានជ័យ និង​សៀមរាប លោក អ៊ិន គង់ជិត យល់ថា ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព និង​ការ​ប្រកប​មុខ​របរ​របស់​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ ដែល​ពួកគាត់​តែងតែ​លក់​ដូរ​ម្ហូប​អាហារ​ដាក់​តុ​ឱ្យ​ភ្ញៀវ​ចួប​ជុំ​គ្នា​ច្រើន​ជជែក​កម្សាន្ត។

លោក​ស្នើ​ដល់​អាជ្ញាធរ​ថា គួរតែ​ពិចារណា​បន្ធូរបន្ថយ​ស្ថានភាព​នេះ ចៀស​វាង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​កាន់​តែ​ធ្ងន់។

លោក អ៊ិន គង់ជិត៖ «អ្វី​ដែល​ជា​ការ​បង្ហាញ​កម្លាំង​គគ្រឹក​គ្រេង​ កាត់​បន្ថយ​កម្លាំង​នៅ​រក្សា​គោលដៅ​សំខាន់ៗ ដូច​ជា​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​សំខាន់​វា​ទាក់ទង​នឹង​ជ្រុង​នេះ​វិញ គឺ​ពួក​បរទេស​គាត់​ចូល​មក​មាន​ការ​ភ័យខ្លាច​ ហើយ​គាត់​គិត​ថា​ប្រទេស​យើង​មាន​សន្តិភាព​សោះ​ហេតុ​អ្វី​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ច្រើន»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ​ភ្ញៀវ​ទេសចរ​អាច​នឹង​ភិតភ័យ​នៅ​ពេល​ពួក​គេ​ប្រទះឃើញ សមត្ថកិច្ច​ពង្រាយ​កម្លាំង​​ប្រដាប់​អាវុធ​ចម្រុះ​ច្រើន​ដូច្នេះ​ ហើយ​ពលរដ្ឋ​នៅ​ខេត្ត​ដទៃ​ទៀត​ក៏​ខ្លាច​រអា​មិន​ហ៊ាន​មក​លេង​ខេត្ត​សៀមរាប​ដែរ។

មិន​ត្រឹមតែ​នៅ​ខេត្ត​សៀមរាប​ប៉ុណ្ណោះ​ទេ នៅ​ឯ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយ​មាន​ជ័យ ក៏​មាន​សេចក្ដី​រាយ​ការណ៍​ពី​ពលរដ្ឋ​ដែរ​ថា អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​រឹតត្បិត​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា ប្រឆាំង​នឹង​ត្រីកោណ​អភិវឌ្ឍន៍​បី​ប្រទេស គឺ​កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA)ដែរ។

ពលរដ្ឋ​បន្ថែម​ថា ទង្វើ​របស់​អាជ្ញាធរ ជា​រូបភាព​គំរាម​កំហែង​សេរីភាព​ដើរ​ហើរ របស់​ពលរដ្ឋ​ បំពាន​រដ្ឋ​ធម្មនុញ្ញ ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍ ដែល​កំពុង​តែ​ធ្លាក់​ដុនដាប​ស្រាប់ ហើយ​អ្នក​ដែល​ទទួល​ប្រយោជន៍​គឺ​ប្រទេស​ជិត​ខាង៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។