រដ្ឋបាលខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តនេះ សហការគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងតាំងពិព័រណ៍ទំនិញរាប់រយប្រភេទរយៈពេល ៣ថ្ងៃ នៅឆ្នេរអូរឈើទាល ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរ ដែលចូលមកកម្សាន្តខេត្តជាប់សមុទ្រមួយនេះក្នុងពិធីឆ្លងឆ្នាំសកល ២០១៥-២០១៦។
បច្ចុប្បន្ននេះ អាជ្ញាធរខេត្តព្រះសីហនុ បានដាក់ពង្រាយកម្លាំងប្រដាប់អាវុធចម្រុះនៅតាមគោលដៅគ្រប់ច្រកល្ហក ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ហើយបានតាំងភ្លើងបំភ្លឺចម្រុះពណ៌នៅតាមផ្លូវសាធារណៈ ឬតាមមាត់សមុទ្រ ជាដើម ឲ្យមានសោភណភាពនាពេលរាត្រី។
ខ្យល់ត្រជាក់លាយឡំសំឡេងរលកសមុទ្រ ដែលបោកបក់ជាប់មិនដាច់ចាប់តាំងពីព្រលប់រហូតដល់រាត្រី ហើយគួបផ្សំអាជ្ញាធរខេត្តព្រះសីហនុ បានតុបតែងភ្លើងបំភ្លឺចម្រុះពណ៌ពាសពេញក្រុង ជំរុញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសគូស្នេហ៍ចាស់ក្មេង សប្បាយរីករាយនៅពេលពួកគេបានមកអង្គុយលំហែកាយស្រូបយកខ្យល់ជំនោរសមុទ្រនាពេលរាត្រី នៅមុនឆ្លងឆ្នាំសកល ២០១៥-២០១៦។
ដើម្បីផ្តល់ភាពរីករាយដល់ភ្ញៀវទេសចរដែលចូលមកកម្សាន្តខេត្តព្រះសីហនុ កាន់តែរីករាយថែមទៀតនៅក្នុងឱកាសឆ្លងឆ្នាំសកលឆ្នាំនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តនេះ កំពុងមមាញឹកចុះសម្អាតអនាម័យបរិស្ថាន និងដាក់តាំងភ្លើងបំភ្លឺនៅតាមផ្លូវសាធារណៈ ឬតាមមាត់សមុទ្រជាដើម រង់ចាំស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លោកបន្តថា អាជ្ញាធរខេត្តបានបង្កើតឲ្យមានកម្មវិធីប្រគំតន្ត្រីសម័យ និងសិល្បៈកំប្លែង មានតារាចម្រៀងល្បីៗ នឹងមកបង្ហាញខ្លួនអង្រួនអារម្មណ៍ភ្ញៀវទេសចរដែលចូលមកទស្សនា ឬលំហែកាយឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។
ថ្លែងក្នុងទឹកមុខញញឹមញញែម លោក យន្ត មីន បញ្ជាក់ថា ការប្រគំតន្ត្រីអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ ដែលនឹងចូលមកដល់ប៉ុន្មានថ្ងៃទៀតនេះ អាជ្ញាធរខេត្តបានត្រៀមកងកម្លាំងប្រដាប់អាវុធចម្រុះ ទាំងស្ថាប័នកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាល ជាដើម បានដាក់ពង្រាយនៅតាមគោលដៅគ្រប់ច្រកល្ហក ដើម្បីរង់ចាំការពារសន្តិសុខជូនភ្ញៀវទេសចរ។ លោកបន្តថា ពិធីឆ្លងឆ្នាំសកលឆ្នាំនេះ ក៏មានរៀបចំកម្មវិធីបាញ់កាំជ្រួចចេញពីលំហសមុទ្រមិនតិចជាង ៥០០ដើមទេ ជូនភ្ញៀវទស្សនានៅពេលរាត្រី។ ផ្ដើមពីភាពសម្បូរបែបនេះ លោកអភិបាលបានអំពាវនាវដល់សាធារណជនទាំងជាតិ និងអន្តរជាតិ ឲ្យចូលរួមអបអរសាទរពិធីឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ។
លោក យន្ត មីន៖ «យើងបានត្រៀមប៉ុន្មានថ្ងៃមកហើយ ហើយក៏បានណែនាំទាំងការលក់ដូរ សេវាស្នាក់នៅ និងបញ្ហារក្សាសុវត្ថិភាពសន្តិសុខជាដើម ជូនភ្ញៀវទេសចរដែលចូលមកកម្សាន្តសប្បាយនាខេត្តព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំសកល ២០១៥-២០១៦ មានភាពកក់ក្តៅ និងរីករាយ ជាដើម គឺមានការប្រុងប្រយ័ត្នបំផុត។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឱកាសសម្រាកចុងឆ្នាំ សូមអញ្ជើញមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើនកុះករ។ លោកធានាថា ភ្ញៀវទេសចរទាំងអស់នឹងទទួលបាននូវភាពសប្បាយរីករាយជាក់ជាមិនខាន»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលបានចុះពិនិត្យការរៀបចំតុបតែងភ្លើងបំភ្លឺ និងចាត់ចែងសម្អាតអនាម័យដល់ទីកន្លែងប្រារព្ធពិធីនាឆ្នេរអូរឈើទាល នៅកណ្ដាលថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ លោកឲ្យដឹងថា ពិធីអបអរឆ្លងឆ្នាំថ្មីឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតឲ្យមានក្រុមការងារពិសេសមួយ ដើម្បីចុះរៀបចំអនាម័យ សោភណភាព សន្តិសុខ និងការលក់ដូរចំណីអាហារឲ្យមានរបៀបរៀបរយ ហើយរក្សាតម្លៃមុខម្ហូបឲ្យបានសមរម្យ។
ស្របពេលអាកាសធាតុមានផ្ទៃមេឃស្រឡះ និងមានខ្យល់ជំនោរត្រជាក់បក់មកត្រសៀកៗជាប់មិនដាច់ ចាប់ពីព្រឹកព្រលឹមទល់ព្រលប់ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានជំនឿថា នឹងផ្តល់ភាពសប្បាយរីករាយដ៏អស្ចារ្យមួយជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ក្នុងពិធីប្រគំតន្ត្រីអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ ជាមិនខាន។ លោកបន្តថា ភ្ញៀវទេសចរអាចមានជម្រើសសប្បាយរីករាយច្រើនបែបច្រើនយ៉ាង នៅពេលចូលមកដល់ទឹកដីខេត្តជាប់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាប់ជាសមាជិកក្លឹបស្អាតបំផុតនៅលើសកលលោក ហើយត្រូវរដ្ឋាភិបាលប្រសិទ្ធិនាមថាជាតារារះនាទិសនិរតី៖ «ពិធីអបអរសាទរឆ្លងឆ្នាំសកលឆ្នាំនេះ គឺយើងបានយកចិត្តទុកដាក់បំផុតទៅលើការងាររក្សាសុវត្ថិភាពសន្តិសុខ ព្រោះយល់ថា បើមានសន្តិសុខទើបយើងអាចមានអ្វីៗទាំងអស់។ ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើបញ្ហាសន្តិសុខនេះជាចម្បង ដោយបានពង្រាយកម្លាំងជំនាញទាំង ៣ស្ថាប័ន មានកងទ័ព កងរាជអាវុធហត្ថ និងកម្លាំងនគរបាលនៅតាមគ្រប់គោលដៅ ដើម្បីត្រៀមផ្តល់សុវត្ថិភាពជូនភ្ញៀវ និងអ្នកវិនិយោគទុន ទាំងពេលបច្ចុប្បន្ន និងបន្តពង្រឹងឲ្យបានខ្លាំងថែមទៀតទៅថ្ងៃអនាគត»។
បច្ចុប្បន្ននេះ គេសង្កេតឃើញមានវត្តមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានចំនួនច្រើននាក់បានបង្ហាញវត្តមាននៅតាមឆ្នេរសមុទ្រ និងបានចុះងូតទឹកកម្សាន្តនៅតាមឆ្នេរមួយចំនួន មានដូចជា ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល ឆ្នេរព្រែកត្រែង ឆ្នេរលំហែកាយ និងឆ្នេរឯករាជ្យ ជាដើម ដែលជាឆ្នេរមានអនាម័យ។
ទាក់ទិនពិធីអបអរសាទរឆ្លងឆ្នាំសកលនេះដែរ លោកឧកញ៉ា ឡាវ កាំង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដែលបានចុះចាត់ចែងការងារសម្អាតបរិស្ថាន និងតុបតែងភ្លើងចម្រុះព័ណ៌ ដើម្បីលំអការប្រគំតន្ត្រីស្វាគមន៍ឆ្លងឆ្នាំសកលនាឆ្នេរអូរឈើទាល ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ។ លោកបានឲ្យដឹងថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តឆ្លងឆ្នាំសកលនាមូលដ្ឋាននេះ នឹងទទួលបាននូវភាពរីករាយជាមួយជម្រើសដ៏សម្បូរបែប។ លោកថា មានស្តង់លក់ទំនិញទាំងក្នុងស្រុក និងនាំមកពីប្រទេសថៃ រាប់រយប្រភេទមុខទំនិញ បានដាក់លក់ ឬដាក់តាំងជូនភ្ញៀវទេសចរទស្សនាចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ។ លោកបន្តថា ក្រៅពីសិល្បករលិល្បការិនី និងតារាកំប្លែងល្បីៗ ប្រគំជូនភ្ញៀវទស្សនា ហើយអ្នកទេសចរក៏នឹងទទួលបានចំណីចក្ខុផ្សេងទៀត ផ្ដើមពីការបាញ់កាំជ្រួចចេញពីលំហសមុទ្រនៅពេលពិធីប្រគំតន្ត្រីសម័យ កក្រើកលំហសមុទ្រ ដោយដាក់ផ្សាយបន្តផ្ទាល់តាមស្ថានីយទូរទស្សន៍ក្នុងស្រុករហូតចប់កម្មវិធី។
លោកឧកញ៉ា ឡាវ កាំង ដែលបានចុះផ្ទាល់ដល់ទីតាំងដំឡើងឆាកប្រគំតន្ត្រីនៅឆ្នេរអូរឈើទាល ទល់មុខវិមានលំហែកាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយប្រាប់វិទ្យុអាស៊ីសេរី ថា ការរៀបចំពិធីប្រគំតន្ត្រីនេះឡើង គឺមានគោលបំណងផ្តល់ភាពរីករាយជូនភ្ញៀវទេសចរ និងដើម្បីជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ព្រមទាំងអ្នកវិនិយោគទុនឲ្យចូលមកទស្សនា ឬធ្វើជំនួញនាមូលដ្ឋាននេះឲ្យបានច្រើនថែមទៀត។
ចំណែកក្រុមអាជីវករដែលមានតូប ឬទីកន្លែងលក់ដូរនៅតាមឆ្នេរសមុទ្រ បានឲ្យដឹងថា ពួកគេបានត្រៀមលក្ខណៈជាស្រេច ដើម្បីរង់ចាំបម្រើភ្ញៀវទេសចរចូលមកកម្សាន្តឆ្លងឆ្នាំសកល។ អាជីវករលក់ដូរនៅឆ្នេរអូរឈើទាល ថ្លែងទាំងទឹកមុខរីករាយថា បានត្រៀមមុខម្ហូបសមុទ្រស្រស់ៗជាស្រេចរង់ចាំបម្រើសេចក្តីត្រូវការជូនភ្ញៀវទេសចរ ហើយបានអះអាងថា នឹងលក់ជូនភ្ញៀវក្នុងតម្លៃដ៏សមរម្យបំផុត។
ទាក់ទងការលក់ដូរនេះដែរ កាលពីថ្ងៃទី២៣ ខែធ្នូ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីណែនាំដោយបានដាក់លក្ខខណ្ឌ ៥ចំណុច តម្រូវឲ្យម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់នាខេត្តជាប់សមុទ្រមួយនេះ អនុវត្តឲ្យមានប្រសិទ្ធភាពទាក់ទងការបម្រើសេវាលក់ដូរឲ្យមានភាពត្រឹមត្រូវ នៅមុនពិធីបុណ្យឆ្លងឆ្នាំ២០១៥ ចូលមក។ សេចក្តីណែនាំនេះ អាជ្ញាធរខេត្តបានស្នើដល់ក្រុមអាជីវករ ត្រូវសហការជាមួយអាជ្ញាធរដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងការកំណត់តម្លៃម្ហូបអាហារក្នុងតម្លៃសមរម្យ និងមុខម្ហូបត្រូវតែមានគុណភាព។ ជាងនេះទៀត ក៏ដើម្បីរួមចំណែកផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍ឲ្យបានទូលំទូលាយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការចូលរួមចលនាប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ ជាងនេះទៀត ក៏ជាការបំផុសការចូលរួមទស្សនៈ ភាពស្អាត និងបៃតង ឲ្យស័ក្តិសមប្រសិទ្ធិនាមជា តារារះនាទិសនិរតី នៃប្រទេសកម្ពុជា សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា និងវិនិយោគឲ្យបានកាន់តែច្រើន។
ត្រង់ចំណុចនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏ទទូចដល់ក្រុមអាជីវករ ត្រូវចូលរួមសម្អាតបរិស្ថានទាំងក្នុង និងខាងក្រៅបរិវេណលក់ដូររៀងៗខ្លួនឲ្យមានអនាម័យ និងសោភណភាព ព្រមទាំងដាក់ភ្លើងតាំងបំភ្លឺចម្រុះព័ណ៌ឲ្យបានគ្រប់គ្នា ដើម្បីអបអរឆ្លងឆ្នាំសកលឆ្នាំនេះឲ្យបានរីករាយទាំងអស់គ្នា។ ជាងនេះ ម្ចាស់អាជីវកម្មសេវាស្នាក់នៅ និងបម្រើសេវាចំណីអាហារ ត្រូវរក្សាតម្លៃឲ្យបានសមរម្យ និងផ្តល់ឱកាសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តនេះបានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ លោកឧកញ៉ា ឡាវ កាំង បានឲ្យដឹងថា ការរៀបចំពិធីប្រគំតន្ត្រីរយៈពេល ៣ថ្ងៃ ដើម្បីអបអរឆ្លងឆ្នាំសកល ២០១៥-២០១៦ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ខាងមុខ រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តនេះ គ្រោងចំណាយថវិកាជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។