វិទ្យាស្ថាន​នាំ​មុខ​នៅ​សិង្ហបុរី ជួយ​សិស្ស​កម្ពុជា​ក្នុង​វិស័យ​អប់រំ

0:00 / 0:00

វិទ្យាស្ថាន​ជាតិ​សិង្ហបូរី ផ្នែក​អប់រំ​អន្តរជាតិ (NIE International) សហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​ជំនាញ​របស់​សិស្ស ក្នុង​កម្មវិធី​សិក្សា ៣ឆ្នាំ។

កម្មវិធី​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​អប់រំ​កម្ពុជា ជាមួយ​ក្រសួង​អប់រំ​សិង្ហបុរី មូលនិធិ​អន្តរជាតិ ធីមម៉ាសេក (TFI) និង​វិទ្យាស្ថាន​ជាតិ​សិង្ហបុរី ផ្នែក​អប់រំ​អន្តរជាតិ (NIE International)។

កាសែត The ASEAN Post ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហបុរី​ប្រចាំ​កម្ពុជា លោក ម៉ៃខល តាន់ (Michael Tan) ឲ្យ​ដឹង​ថា កម្មវិធី​នេះ គឺ​ក្នុង​គោល​បំណង​ជួយ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ខ្មែរ ឲ្យ​មាន​ផ្នត់​គំនិត​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ។ លោក​ថា កម្មវិធី​រយៈ​ពេល ៣ឆ្នាំនេះ រួមមាន ផ្ដល់​សិក្ខាសាលា​ហ្វឹកហាត់​ដល់​សិស្ស​និស្សិត រៀបចំ​ជា​សន្និសីទ​ស្ដីពី​ប្រធាន​បទ​នានា ក្នុង​ការ​ពង្រឹង​ការ​យល់​ដឹង ក្នុង​នាម​ជា​អ្នក​ដឹក​នាំ និង​ចាត់ចែង​ក្នុង​វិស័យ​អប់រំ សំរាប់សតវត្សរ៍ទី២១ ព្រម​ទាំង​ប្រសិទ្ធភាព​នៃ​ការ​សិក្សា​អប់រំ តាម​រយៈ​ការ​សម្របសម្រួល និង​ផ្ដល់​វិជ្ជា​ជំនាញ​ជា​ដើម។

សន្ទស្សន៍​ប្រកួត​ប្រជែង​វិជ្ជា​ជំនាញ​ពិភព​លោក (INSEAD) សំរាប់ឆ្នាំ២០១៩ ប្រទេស​សិង្ហបុរី គឺ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​វិស័យ​អប់រំ នៅ​បណ្ដា​ប្រទេស​ទាំង ១០នៅ​សមាគម​អាស៊ាន និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ពិភព​លោក។ ចំណែក​ប្រទេស​កម្ពុជា​វិញ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១០៧ ក្នុង​ចំណោម​ប្រទេស ចំនួន ១២៥ នៅ​ទូទាំង​ពិភព​លោក។ ស្ថិតិ​របស់​អង្គការ​សម្រាប់​សហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OEGD) បង្ហាញ​ថា សិស្ស​ខ្មែរ​វ័យ​ក្មេង​ជា​ច្រើន​បាន​ឈប់​រៀន អត្រា​សិស្ស​ចុះ​ឈ្មោះ​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ មាន​ចំនួន​ជិត ២៨% ក្នុង ឆ្នាំ២០១៤ ដែល​បរិមាណ​សិស្ស​ស្រី តិច​ជាង​សិស្ស​ប្រុស ព្រមទាំង​ការ​កើន​ឡើង​នៃ​ពលកម្ម​កុមារ​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។