កម្មកររោងចក្រកាត់ដេរ អែស.អិល (SL) ប្រមាណជិត ១ពាន់នាក់ ដង្ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទៅក្រសួងការងារនៅថ្ងៃទី១២ វិច្ឆិកា ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះអនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងគ្នាជាមួយកន្លងមក។ ក៏ប៉ុន្តែនៅពេលពួកគេហែក្បួនដល់មុខវត្តស្ទឹងមានជ័យ ស្រាប់តែក្រុមប៉ូលិសបានបិទផ្លូវបណ្ដាលឲ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នាំឲ្យមនុស្សស្លាប់ម្នាក់ និងរបួសជាច្រើននាក់ រួមទាំងឡានប៉ូលិសមួយគ្រឿង និងម៉ូតូប៉ូលិស ២គ្រឿងទៀត ត្រូវបាតុករចាប់បាន និងដុតកម្ទេចចោលនៅកន្លែងកើតហេតុ។
ក្រុមបាតុករបានគប់ដុំថ្មស្រោចលើឡានទឹកប៉ូលិសជាច្រើនគ្រឿង កំពុងបាញ់ទឹកបំបែកហ្វូងបាតុករ នៅមុខវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ធ្វើឲ្យក្រុមប៉ូលិសប្រដាប់ដោយដំបង និងខែលប្រហែល ២០០នាក់ ទប់ទល់មិនឈ្នះ រួចដកថយជាបន្ទាន់ បន្ទាប់ពីប្រឈមមុខជាមួយក្រុមបាតុករបានប្រហែល ៥នាទីរួចមក មានទាំងត្រូវរបួសដោយសារត្រូវដុំថ្មរមួយចំនួនផង។
ក្នុងពេលប៉ះគ្នាមួយប្រាវនេះ ធ្វើឲ្យប៉ូលិសប្រហែល ៤នាក់ រត់ពួនក្នុងកុដិលោក ព្រោះដកថយមិនទាន់ ហើយត្រូវក្រុមបាតុករព័ទ្ធជាប់ពីក្រៅអស់មួយព្រឹកធំ។ ក្រុមបាតុករក៏បានដុតឡានមួយគ្រឿង និងម៉ូតូពីរគ្រឿងដែលប៉ូលិសរត់ចោលនៅកន្លែងកើតហេតុ។

១-ក្រុមកម្មកររៀបចំហែក្បួនចេញពីរោងចក្រ។

២-ក្រុមកម្មករដង្ហែក្បួននៅតាមផ្លូវ។

៣-ក្រុមសមត្ថកិច្ចឈរត្រៀមរារាំងក្បួនកម្មករ។

៤-ក្រុមសមត្ថកិច្ចត្រៀមឡានទឹកទប់ទល់ជាមួយកម្មករ។

៥-ក្រុមសមត្ថកិច្ចឈរត្រៀមរារាំងក្បួនកម្មករ។

៦-ក្រុមសមត្ថកិច្ចប៉ះទង្គិចជាមួយកម្មករនៅម្ដុំវត្តស្ទឹងមានជ័យ។

៧-ក្រុមសមត្ថកិច្ចបាញ់ទឹកដាក់ក្រុមកម្មករ។

៨-ក្រុមកម្មករគប់តបតជាមួយសមត្ថកិច្ច។

៩-ទិដ្ឋភាពនៅម្ដុំវត្តស្ទឹងមានជ័យ។

១០-ក្រុមសមត្ថកិច្ចដកថយមករៀបក្បួននៅលើដងផ្លូវព្រះមុនីរ៉េត នៅក្បែរស្ពានស្ទឹងមានជ័យ។

១១-ក្រុមសមត្ថកិច្ចដើរសម្រុកចូលទៅតំបន់ជិតវត្តស្ទឹងមានជ័យ។

១២-ក្រុមបាតុករវាយកម្ទេចឡានប៉ូលិស។

១៣-ក្រុមបាតុករដុតឡានប៉ូលិសនៅខាងមុខវត្ត។

១៤-ក្រុមបាតុករដុតឡានប៉ូលិសនៅខាងមុខវត្ត។

១៥-ក្រុមបាតុករដុតឡានប៉ូលិសនៅខាងមុខវត្ត។

១៦-ឡានប៉ូលិស១គ្រឿង និងម៉ូតូ ២គ្រឿង ត្រូវក្រុមបាតុករដុតកម្ទេច។

១៧-ប៉ូលិសចាប់ក្រុមបាតុករមួយចំនួនក្រោយមានការប៉ះទង្គិច។

១៨-ព្រះសង្ឃមួយអង្គត្រូវចាប់ព្រះកាយក្រោយពេលប៉ះទង្គិច។

១៩-ប៉ូលិសបញ្ជូនក្រុមបាតុករដែលឃាត់ខ្លួនបានទៅក្នុងរថយន្តពន្លត់អគ្គិភ័យ។
តំណាងបាតុករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានចោទថា ប៉ូលិសបានបង្កហិង្សានេះឡើង ដោយវាយក្រុមបាតុករមុន។
ក្រុមបាតុករអះអាងថា ពួកគេធ្វើបាតុកម្មជាងបីខែមកហើយ ដើម្បីទាមទារឲ្យថៅកែរោងចក្រនេះ អនុវត្តកិច្ចសន្យាដែលបានព្រមព្រៀងគ្នាជាមួយកម្មករកន្លងមក។ កិច្ចព្រមព្រៀងនោះមាន ៥ចំណុច ដែលទាក់ទងលក្ខខណ្ឌការងារ ប្រាក់ឈ្នួលជាដើម។
ការប៉ះទង្គិចក្រុមបាតុកររោងចក្រកាត់ដេរ អែស.អិល ជាមួយប៉ូលិសលើកនេះ មានសភាពខ្លាំងក្លា និងហិង្សាខ្លាំងជាងមុន។
ក្រុមបាតុករបានដណ្ដើមកាន់កាប់ទីលានមុខវត្តស្ទឹងមានជ័យ ទាំងស្រុង។ ការធ្វើចរាចរណ៍សាធារណៈត្រូវកាត់ផ្ដាច់ បន្ទាប់ពីក្រុមប៉ូលិសដកថយរយៈពេលជាងមួយម៉ោង។ បាតុករខ្លះនាំគ្នាដុតឡាន ដុតម៉ូតូប៉ូលិសដែលរត់ចោល ខ្លះក៏ព័ទ្ធចាប់ប៉ូលិសដែលពួនក្នុងកុដិលោក។
បន្ទាប់មក កងម្លាំងជំនួយរបស់ប៉ូលិស និងប៉េអឹមប្រហែល ៥០០នាក់ទៀត ប្រដាប់ដោយកាំភ្លើង ខែល ដំបងឆក់ អមដោយឡានទឹក ១២គ្រឿងបានមកដល់។ លើកនេះការប៉ះទង្គិចគ្នាសាហាវជាងកាលពីព្រឹក ដោយប៉ូលិសបានបាញ់គ្រាប់កាំភ្លើងពិតលើកម្មករ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយចាប់មនុស្ស។
សាក្សីផ្ទាល់ភ្នែក និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខ្លះបានអះអាងថា ការបាញ់ប្រហារបស់ប៉ូលិសបានធ្វើឲ្យស្ត្រីម្នាក់ស្លាប់ និង ៨នាក់ទៀតរងរបួស និងចាប់ខ្លួនមនុស្សប្រហែល ៣០នាក់ ក្នុងនោះមានព្រះសង្ឃ ១២អង្គ។ ទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះខឹងយ៉ាងខ្លាំង ហើយក៏នាំគ្នាក្រោកតវ៉ាប្រឆាំងប៉ូលិសភ្លាមវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ ដើម្បីសុំបញ្ជាក់របាយការណ៍ស្លាប់ របួស និងចាប់ខ្លួន បានទេ នៅថ្ងៃទី១២ វិច្ឆិកា។
ទោះយ៉ាងណា របាយការណ៍ស្លាប់ និងរបួសក្នុងការប៉ះទង្គិចគ្នានេះខុសៗគ្នា។
បើតាមមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលឃ្លាំមើលព្រឹត្តិការណ៍នេះបានឲ្យដឹងថា មានមនុស្ស ៨នាក់របួស និងស្រ្តីម្នាក់ឈ្មោះ អេង សុខុម អាយុ ៤៩ឆ្នាំ ជាអ្នកលក់បាយនៅមុខសាលារៀនស្ទឹងមានជ័យ ស្លាប់ ដោយត្រូវគ្រាប់ចំដោះឆ្វេងធ្លាយទៅក្រោយ។ ចំណែកសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថាមានរបួស ១២នាក់ និងស្លាប់ម្នាក់។
អ្នកសង្កេតការណ៍បានសង្កេតឃើញថា ប៉ូលិសបានចាប់ខ្លួនមនុស្សច្រឡំមួយចំនួន ជាពិសេសយុវជនដែលជាអ្នកលក់ដូរ ឬរត់ម៉ូតូឌុបនៅចិញ្ចើមថ្នល់។ ជាក់ស្ដែងដូចជាយុវជនម្នាក់នេះ ស្រែកឲ្យបងជួយពេលប៉ូលិសចាប់ចងដាក់ឡាន (សំឡេងយុវជនស្រែកឲ្យគេជួយ)។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមអំពីព័ត៌មានចាប់ខ្លួនពលរដ្ឋ របស់លោក ម៉ម មុនីរតន៍ តាមរយៈការសាកសួររបស់លោក ទីន ហ្សាការីយ៉ា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕