មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា យុត្តិធម៌សង្គមជាគោលការណ៍មូលដ្ឋានសំខាន់ សម្រាប់ពលរដ្ឋរស់នៅក្នុងសង្គមប្រកបដោយសន្តិភាពពិតប្រាកដនិងវិបុលភាពទាំងនៅក្នុងប្រទេសជាតិ និងក្នុងចំណោមប្រជាជាតិនានា។
យុត្តិធម៌សង្គមពិភពលោកនេះ គេប្រារព្ធជារៀងរាល់ឆ្នាំចាប់តាំងថ្ងៃទី២០ កុម្ភៈឆ្នាំ២០០៧មក។ សម្រាប់កម្ពុជាវិញ មិនទាន់ត្រូវគេចាត់ថា ជាប្រទេសដែលមានយុត្តិធម៌សង្គមនៅឡើយទេ។ កម្ពុជាមានយុត្តិធម៌សង្គមនោះ លុះត្រាតែ មានលក្ខខណ្ឌការងារសមរម្យ ឱកាសការងារស្មើភាពគ្នា គោរពសិទ្ធិសេរីភាពជាមូលដ្ឋាន សមភាព និងការមិនរើសអើង ការលុបបំបាត់ភាពក្រីក្រ និងការគោរពសិទ្ធិមនុស្សពីសំណាក់ធុរកិច្ច ឬអាជីវកម្មផ្សេងៗ។
នៅក្នុងទិវាយុត្តិធម៌សង្គមពិភពលោកនៅថ្ងៃទី២០ កុម្ភៈ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR អំពាវនាវឱ្យភាគីពាក់ព័ន្ធ រួមគ្នាលើកកម្ពស់យុត្តិធម៌តាមរយៈ ការប្រយុទ្ធប្រឆាំងនឹងការរើសអើងផ្អែកលើ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញនូវទំនោរយេនឌ័រនិងលក្ខណៈភេទ។ លើកកម្ពស់សមភាពយេនឌ័រ ធានាថា ធុរកិច្ច ឬការធ្វើពាណិជ្ជកម្ម អភិវឌ្ឍន៍ត្រូវគោរពសិទ្ធិមនុស្សព្រោះថា បញ្ហាជម្លោះដីធ្លីនៅកម្ពុជា គឺជាឧបសគ្គដ៏ចម្បងមួយក្នុងការអភិវឌ្ឍប្រកបដោយចិរភាព ហើយប៉ះពាល់ដល់យុត្តិធម៌សង្គម ពិសេសការបណ្ដេញចេញដោយគ្មានដំណោះស្រាយសមរម្យជាដើម។
រដ្ឋត្រូវការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ពីព្រោះថា ការរឹតត្បិតសិទ្ធិមូលដ្ឋានគឺជាំការគំរាមកំហែងដល់យុត្តិធម៌សង្គមនៅកម្ពុជា ពិសេសការរឹតត្បិតលើអ្នកការពារសិទ្ធិមនុស្ស មេដឹកនាំសហជីព កម្មករ សហគមន៍ សកម្មជននយោបាយ អ្នកសារព័ត៌មាន និងអ្នកតវ៉ាដោយសន្តិវិធី។ លុបបំបាត់ការរើសអើងជាតិសាសន៍ ជនជាតិដើមភាគតិច និងជនជាតិភាគតិច ។ល។
ប្រព័ន្ធតុលាការកម្ពុជារងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ថា មិនមែនជាស្ថាប័នដែលផ្ដល់យុត្តិធម៌ដោយស្មើភាពនៅចំពោះមុខច្បាប់ឡើយ។ ប្រព័ន្ធដោះស្រាយទំនាស់នៅក្នុងរបបសព្វថ្ងៃ មិនសូវមានប្រសិទ្ធភាពរាប់ទាំងមន្ត្រីនគរបាលយុត្តិធម៌ ពិសេសតុលាការដែលគេរកឃើញថា តុលាការមិនឯករាជ្យ។ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ធ្លាប់ចេញរបាយការណ៍ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការធ្វើជាឧបករណ៍ដើម្បីគាបសង្កត់បក្សប្រឆាំង និងអ្នកដែលហ៊ាននិយាយរិះគន់រដ្ឋាភិបាល។ របាយការណ៍កម្រាស់ ៤០ទំព័រមានចំណងជើងថា "តុលាការនៃភាពអយុត្តិធម៌" ការបង្ក្រាប ភាពសកម្មតាមរយៈប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះក៏រៀបរាប់ពីការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការដាក់គំនាបទៅលើសកម្មជនដីធ្លី មន្ត្រីនិងសកម្មជនបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់យុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។