ពលករខ្មែរមួយចំនួនដែលកំពុងរស់នៅប្រទេសថៃ ដើរបេះបន្លែតាមវាលស្រែ ព្រែក ព្រៃ យកទៅលក់ ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ បន្ទាប់ពីពួកគេមិនសូវមានការងារធ្វើ។ ពួកគាត់តែងតែដើរបេះបន្លែជាប្រចាំ ព្រោះបន្លែធម្មជាតិតាមវាលស្រែងាយស្រួលលក់ ហើយមិនបាច់ចំណាយដើមទុន គ្រាន់តែចំណាយកម្លាំងក៏អាចរកប្រាក់ចំណូលបានខ្លះ។
ពលករខ្មែរមួយចំនួននៅប្រទេសថៃដែលគ្មានការងារធ្វើទៀងទាត់បាននាំគ្នាដើរបេះបន្លែនៅតាមវាលស្រែ ព្រែក ឬក៏គុម្ពោតព្រៃ យកទៅលក់នៅផ្សារដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាព។ពួកគាត់ដើរបេះបន្លែមានដូចជា ត្រកួន ស្លឹកបះ និងផ្ទី ដែលដុះនៅតាមវាលស្រែនៅជាយក្រុង។
ពលការិនីខ្មែរម្នាក់ដែលរស់នៅប្រទេសថៃជាង៣ឆ្នាំដើរបេះបន្លែធម្មជាតិតាមមាត់ព្រែកមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោកស្រី ចាន់ វី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែវិច្ឆិកា ថា ពីមុនលោកស្រីធ្លាប់ធ្វើសំណង់និងធ្លាប់ធ្វើរោងចក្រតែឥឡូវគ្មានការងារធ្វើលោកស្រីនិងមិត្តភ័ក្ដិ៥នាក់ទៀតបានដើរបេះបន្លែយកមកលក់ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារក្នុងគ្រាលំបាកនេះ។លោកស្រីបន្តថាលោកស្រីអាចរកប្រាក់បានប្រមាណ៣០០បាតស្មើនឹង៨ដុល្លារដែរក្នុងមួយថ្ងៃដោយលោកស្រីត្រូវចេញទៅបេះតាំងពីព្រឹករហូតដល់រសៀលទើបយកមកលក់នៅផ្សារក្បែរផ្ទះ៖
«រឿងការងារហ្នឹងអ្នកណាៗក៏ធ្លាក់ការទាំងអស់មានអ្នកខ្លះស្ទើរតែរកអង្ករច្រកឆ្នាំងមិនបានអ៊ីចឹងណា។ ពួកខ្ញុំប្រហែលជា៤-៥នាក់នេះនាំគ្នាមកបេះបន្លែនៅម្ដុំនេះដើម្បីយកមកចិញ្ចឹមក្រពះ។ ចងជាដុំៗ ជួនកាលក៏ខ្ញុំច្រកថង់ ដើម្បីយកទៅឲ្យថៅកែថៃ ដែលគេទទួលទិញរបស់ថោកៗអ៊ីចឹង»។
ស្រដៀងគ្នានេះដែរពលការិនីខ្មែរម្នាក់ទៀតធ្វើការនៅប្រទេសថៃបាន២ឆ្នាំមកពីខេត្តបាត់ដំបង លោកស្រី នួន វ៉ិត ប្រាប់ថា លោកស្រីដើរបេះត្រកួននៅតាមវាលស្រែឬតាមដំបូកព្រៃដែលនៅឆ្ងាយពីភូមិជារៀងរាល់ថ្ងៃ។លោកស្រីបន្ថែមថាជីវភាពលោកស្រីលំបាកហើយមិនដឹងទៅរកការងារឯណាធ្វើបានក៏ទៅផ្សែផ្សំបន្លែតាមព្រៃយកមកលក់ដោយថ្ងៃខ្លះលោកស្រីអាចរកប្រាក់បានជាងបីរយបាតស្មើនឹង៩ដុល្លារដែរ។លោកស្រីបន្តថាលោកស្រីនឹងត្រឡប់ទៅស្រុកខ្មែរវិញបើសន្សំបានលុយគ្រប់សម្រាប់ចាយវាយ៖
«អូ!ខ្ញុំអត់បានធ្វើការទេដោយសារអត់មានការងារធ្វើទេប៉ុន្មានចង់តាំងពីកូវីដមកនេះចូលជិត១ឆ្នាំដែរ។អត់មានផងអត់ទាន់មានការងារច្បាស់លាស់ពិតប្រាកដធ្វើទេដោយសារយើងអត់មានគេថាអត់មានប័ណ្ណអត់មានប៉ាស្ព័រ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។
ប៉ុន្តែទំព័រហ្វេសប៊ុកស្ថានទូតខ្មែរប្រចាំប្រទេសថៃផុសកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅឲ្យដឹងថាអនុព័ន្ធការងារអមស្ថានទូតកម្ពុជាបានសហការជាមួយអភិបាលខេត្តអយុធ្យានិងស្ថាប័នពាក់ព័ន្ធនានានាំយកម្ហូបអាហារនិងប្រដាប់ប្រើប្រាស់មួយចំនួនទៅចែកជូនដល់ពលករខ្មែរដែលរងផលប៉ះពាល់ពីភ្លើងឆេះកន្លែងស្នាក់នៅស្ថិតក្នុងបរិវេណរោងចក្រ Pravit Group ក្នុងស្រុកបាងសៃ(Bang Sai) ខេត្តអយុធយា (Ayudhya)។ ភ្លើងឆាបឆេះនេះបានធ្វើឲ្យខូចខាតរបស់របរមានតម្លៃរបស់ប្រើប្រាស់របស់ពលករខ្មែរតែមិនបណ្ដាលឲ្យពលកររបួសនិងប៉ះពាល់ដល់អាយុជីវិតឡើយ។
ជុំវិញរឿងនេះដែរមន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សអង្គការសង់ត្រាល់(CENTRAL) លោក លឹង សុផុន លើកឡើងថា ពលករខ្មែរខ្លះរកការងារធ្វើមិនបានពិតមែនតាំងពីវិបត្តិកូវីដ-១៩ផ្ទុះមកហើយពួកគាត់ចេះតែដើរប្រមែប្រមូលបន្លែបង្ការតិចតួចយកទៅលក់ដោះស្រាយជីវភាពបានមួយគ្រាដែរ។ លោកបន្តថា ពលករខ្មែរត្រូវចំណាយច្រើនលើថ្លៃហូបចុករាល់ថ្ងៃ ថ្លៃបន្ទប់ និងថ្លៃបន្តសុពលភាពទិដ្ឋាការ ហើយប្រាក់ចំណូលបានតិចតួចធ្វើឲ្យពួកគាត់រស់ដោយលំបាកនៅក្នុងប្រទេសថៃ៖
«នៅក្នុងស្ថានការណ៍បច្ចុប្បន្នហ្នឹងវាលំបាកមែនវាលំបាកច្រើនជាងឆ្នាំមុនៗនោះណាប្រហែលជាវាទាក់ទងទៅហ្នឹងសេដ្ឋកិច្ចពិភពលោក ឬក៏ជាយ៉ាងម៉េចទេ ប្រាក់ចំណូលវាមិនដូចមុននោះណាបាទ ហើយមួយទៀតខ្ញុំសម្លឹងឃើញអញ្ចេះដែរ ខ្ញុំសម្លឹងឃើញថា របស់របរឡើងថ្លៃកាលណាយើងបានប្រាក់ចំណូលមក យើងត្រូវចំណាយទៅលើការចាយវាយប្រចាំថ្ងៃផង ធ្វើឲ្យប្រាក់ចំណូលរបស់យើងហ្នឹងចាយមិនគ្រប់ណា»។
ពលករខ្មែរមួយចំនួនដែលកំពុងធ្វើការក្នុងប្រទេសថៃមានជីវភាពក្រីក្រហើយពួកគាត់ចេះតែស្រវេស្រវារកមុខរបរបណ្ដោះអាសន្នដើម្បីដោះស្រាយបញ្ហាក្រពះដូចជាដើររើសអេតចាយដើរបេះបន្លែតាមព្រែក វាលស្រែ ដើររើសបន្លែសេសសល់តាមផ្សារមកបរិភោគរហូតពលករខ្លះដាច់ចិត្តអង្គុយសុំទាននៅតាមចិញ្ចើមថ្នល់ក៏មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។