ពលករខ្មែរមួយចំនួននៅប្រទេសថៃយកកូនទៅធ្វើការជាមួយដោយមិនបានរៀន
2023.12.08
ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃនាំកូនទៅរស់នៅជាមួយដោយមិនបានចូលសាលារៀនទាំងវ័យក្មេង។ ពួកគេព្រួយបារម្ភពីអនាគតកូនខ្លាចមានវាសនាដូចឪពុកម្ដាយដែលឃ្លាតឆ្ងាយពីស្រុកកំណើតទៅធ្វើការនៅស្រុកគេ។ តើមានមូលហេតុអ្វីខ្លះបានជាពលករទាំងនោះចាំបាច់យកកូនទៅធ្វើការជាមួយ ដោយមិនបានរៀនសូត្របែបនេះ?
ពលករខ្មែរធ្វើការនៅប្រទេសថៃលើកឡើងថា ពួកគេមិនចង់នាំកូនទៅធ្វើការជាមួយដោយមិនបានរៀនសូត្រនោះទេ ក៏ប៉ុន្តែដោយសារជីវភាពខ្វះខាត និងគ្មានការងារធ្វើនៅក្នុងស្រុកទើបសម្រេចចិត្តនាំកូនចាកចោលផ្ទះសម្បែងទៅរស់នៅប្រទេសគេបែបនេះ។
ពលករវ័យ ៤៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោក ម៉ុច ម៉ុល ប្រាប់វិទ្យុអាស៊ីសេរីថា ដំបូងឡើយលោកមកធ្វើការជាកម្មករសំណង់ជាមួយប្រពន្ធ ដើម្បីរកប្រាក់សងបំណុលធនាគារ និងសន្សំប្រាក់ ដើម្បីធ្វើដើមទុនដាំដុះ និងប្រកបមុខរបរនៅស្រុកកំណើត។ លោកបន្តថា អ្វីៗមិនបានដូចក្ដីស្រមៃឡើយ ហើយថែមទាំងមានបន្ទុកកាន់តែធ្ងន់ដោយសារបាននាំកូនមកធ្វើការជាមួយ ហើយបញ្ចប់ការសិក្សាទាំងវ័យក្មេង។សព្វថ្ងៃពលកររូបនេះធ្វើការសំណង់នៅទីក្រុងបាងកកជាមួយប្រពន្ធនិងកូនអាយុក្រោម១៦ឆ្នាំចំនួន៣នាក់បានប្រាក់ឈ្នួលប្រមាណ១ម៉ឺនបាត(១០,០០០)ឬស្មើប្រមាណ៣០០ដុល្លារក្នុងមួយខែ។ លោក ម៉ុច ម៉ុល ប្រាប់ថា កូនប្រុសច្បងឈប់រៀនតាំងតែពីអាយុ១៣ឆ្នាំ ដើម្បីមកធ្វើការរកប្រាក់ជាមួយឪពុកម្ដាយនៅប្រទេសថៃ ចំណែកកូន២នាក់ទៀត មិនទាន់បានចូលសាលារៀននៅឡើយទេ បើទោះបីជាពួកគេមានអាយុ៨ឆ្នាំ និងអាយុ៣ឆ្នាំហើយក៏ដោយ។ លោកព្រួយបារម្ភពីអនាគតកូន ខ្លាចដូចពាក្យចាស់លោកពោលថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ដែលពួកគេអាចនឹងមានវាសនាដូចឪពុកម្ដាយ ដែលធ្វើកម្មករនៅស្រុកគេឃ្លាតឆ្ងាយពីផ្ទះសម្បែង ដោយសារគ្មានចំណេះដឹង។
លោក ម៉ុច ម៉ុល៖ «អាណិតកូន ប៉ុន្តែធ្វើម៉េចបើជីវភាពយើងអីចឹងហើយកូនថា ឈប់រៀនអីចឹង យើងមិនដឹងថា ធ្វើម៉េចជាមួយកូន មានតែតាមវាសនាកូន។ មានតែបង្រៀនចំណេះវិជ្ជាធ្វើការរកស៊ីហ្នឹងឯងដើម្បីចិញ្ចឹមជីវភាពគ្រួសារទៅមុខទៀត។ ខ្ញុំគិតថា ចង់ទៅស្រុក ប៉ុន្តែណាមួយជីវភាពវាខ្វះខាត ណាមួយការងារវាអត់ដិតដល់អីចឹង អត់មានលុយទៅ។ ណាមួយសោហ៊ុយចុះទៅក៏ថ្លៃអាជ្ញាធរគាបសង្កត់ តាមច្រកក៏គាត់គាបសង្កត់ ឡានក៏ថ្លៃអីចឹងទៅ អត់ទាន់មានសមត្ថភាពចុះទៅ»។
ស្រដៀងគ្នានេះពលការិនី ជាស្ត្រីមេម៉ាយវ័យ ៣៨ឆ្នាំ ម្នាក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង លោកស្រី រ៉េន បញ្ញា រៀបរាប់ថា លោកស្រីធ្វើការផ្នែកកាត់ដេរនៅខេត្តជាប់ទីក្រុងបាងកក(Bangkok) អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ ដោយបានប្រាក់ឈ្នួលចំនួន៩ពាន់បាត(៩,០០០) ឬស្មើប្រមាណ២៨០ដុល្លារក្នុងមួយខែ។ សព្វថ្ងៃពលការិនីរូបនេះរស់នៅជាមួយកូន២នាក់ ដោយកូនប្រុសអាយុ១៣ឆ្នាំនិងកូនស្រីអាយុ១១ឆ្នាំ ហើយពួកគេមិនបានចូលសាលារៀនភាសាជាតិនៅកម្ពុជានោះទេ ដោយសារជីវភាពក្រីក្រនិងគ្មានអ្នកមើលថែ។លោកបន្ថែមថា ពួកគេរស់នៅប្រទេសថៃខុសច្បាប់តាំងពីអាយុ២ឆ្នាំ ហើយរៀនភាសាថៃតាមវត្តអារាម ដោយមិនចេះអក្សរខ្មែរឡើយ។ លោកស្រីព្រួយបារម្ភពីអនាគតកូន ដោយខ្លាចពួកគេមិនចេះអក្សរជាតិ ដែលមិនអាចរកការងារល្អធ្វើបាន និងមានជីវភាពក្រលំបាកដូចលោកស្រី។
លោកស្រី រ៉េន បញ្ញា៖ «ខ្ញុំមានការព្រួយបារម្ភតែខ្ញុំអត់មានជម្រើសណាថា បើសិនជាគាត់ទៅខ្ញុំគិតថាគាត់គ្រោះថ្នាក់ទី១អាហារហូបចុករបស់គាត់ ទី២ខ្ញុំមិនបាននៅមើលថែគាត់ ខ្ញុំបានត្រឹមតែធ្វើការផ្ញើលុយពីថៃទៅ ប៉ុន្តែការហូបចុកការរស់នៅរបស់គាត់អត់មានសុវត្ថិភាព។ ដឹងសម្រាប់ហើយស្រុកខ្មែរយើងពោរពេញទៅដោយគ្រឿងញៀន គ្រឿងស្រវឹងសព្វបែបយ៉ាង អីចឹងខ្ញុំអត់មានជម្រើសខ្ញុំចាំបាច់ត្រូវតែយកគាត់មកនៅជាមួយ»។
លោកស្រីបន្ថែមថា ពួកគេក្រៅអំពីមិនបានចូលសាលារៀនភាសាជាតិហើយ ក៏មិនមានអ្នកនៅមើលថែពួកគេដិតដល់ដែរ ដោយសារលោកស្រីរវល់ធ្វើការរកប្រាក់ដោះស្រាយជីវភាព។ លោកស្រីបន្តថា កូនមិនសូវចេះនិយាយភាសាខ្មែរច្បាស់នោះទេ ព្រោះពួកគេទៅរៀននៅទីវត្តជាមួយជនជាតិថៃ តាំងពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៦រសៀល ទើបត្រឡប់មកដល់ផ្ទុះវិញ។ លោកស្រីថា នៅពេលថ្ងៃឈប់សម្រាកក៏មិនសូវបានបង្រៀនកូនដែរ ដោយសារលោកស្រីរវល់ធ្វើការ ហើយទុកពួកគេឱ្យសិក្សារៀនសូត្រដោយខ្លួនឯងនៅក្នុងបន្ទប់។
លោកស្រី រ៉េន បញ្ញា៖ «ប៉ុន្តែឱ្យខ្ញុំគិតម៉េចបើសិនជាប្រទេសខ្មែរមានការរៀបចំឱ្យប្រជាជនរស់នៅរៀនសូត្របានបានល្អដូចប្រទេសគេខ្ញុំគិតថា ខ្ញុំនឹងទៅរស់នៅស្រុកខ្មែរវិញហើយ រៀបចំឱ្យពួកគាត់បានរៀនសូត្រ។ ហើយមិនចង់ឱ្យពួកគាត់នៅប្រទេសគេទេ វាលំបាកសព្វបែបយ៉ាង យើងមិនមែនជាជនជាតិគេ សិទ្ធិសេរីភាពចង់ធ្វើអីវាមិនដូចនៅស្រុកយើងទេ។ ប្រទេសថៃយើងចង់បើកមុខរបរអីជារបស់ខ្លួនស្អីជារបស់យើងគឺអត់បាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីសាកសួរជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៧ វិច្ឆិកា។
ជុំវិញរឿងនេះ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា កន្លងមកអង្គការសង់ត្រាល់បានចុះសិក្សាករណីពលករធ្វើការនៅប្រទេសថៃ ដែលយកកូនទៅជាមួយនេះ ភាគច្រើនជាពលករធ្វើការផ្នែកនេសាទ ផ្នែកកសិកម្ម និងធ្វើការសំណង់ជាដើម។ លោកបន្តថា កុមារទាំងនោះភាគច្រើនរស់នៅអនាថា ដោយមិនមានការមើលថែដិតដល់ និងមិនបានចូលសាលារៀនត្រឹមត្រូវឡើយ។ លោកថា កុមារទាំងនោះបើទោះបីជាពួកគេមួយចំនួនត្រូវបានឪពុកម្ដាយបង្ហាត់បង្រៀន និងរៀនតាមសាលាក្នុងវត្តអារាមនៅប្រទេសថៃក៏ដោយក៏មិនអាចជួយពួកគេឱ្យមានចំណេះដឹងដូចកុមារដែលបានរៀនសូត្រនៅសាលាក្នុងប្រទេសបានដែរ។ ជាងនេះទៅទៀតលោកថា ការសិក្សាបែបនេះនឹងធ្វើឱ្យកុមារទាំងនោះ ក្លាយជាមនុស្សមិនយល់ដឹងប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឡើយ។
លោក ឌី ថេហូយ៉ា៖ «ជាពិសេសគឺពលរដ្ឋក្រីក្រហ្នឹងគឺកាន់តែក្រីក្រគឺអត់មានឱកាសក្នុងការអភិវឌ្ឍន៍ចំណេះជំនាញ និងកាយសម្បទាអីល្អដូចប្រទេស ដែលគេមានការពារនិងផ្ដល់ឱកាសកុមារបានសិក្សារៀនសូត្រ។ វាជាវិបត្តិនៃការអភិវឌ្ឍផ្នែកធនធានមនុស្សហើយក៏ជាវិបត្តិនៃសង្គមពូជសាសន៍ ឬជាតិសាសន៍មួយដែរ ដែលធម្មតាកាលណាធនធានមនុស្សត្រូវរីងក្រិន មិនលូតលាស់ការអភិវឌ្ឍប្រទេសក៏ទៅតាមហ្នឹងដែរ»។
កន្លងទៅអង្គការយូនីសេហ្វ (UNICEF) បានរកឃើញថា មានផលប៉ះពាល់ដោយប្រយោលពីការធ្វើចំណាកស្រុករបស់ឪពុកម្ដាយ ទៅលើកុមារ ក្នុងនោះរួមមាន ផលប៉ះពាល់លើផ្នែកការរស់នៅ ការអប់រំ កិច្ចការពារកុមារសុខុមាលភាព ផ្លូវអារម្មណ៍ និងផ្លូវចិត្តកុមារ។
អង្គការយូនីសេហ្វ បានប្រមូលទិន្នន័យដោយធ្វើឡើងតាមរយៈការពិភាក្សាក្រុមគោលដៅចំនួន២៩ មានអ្នកចូលរួមចំនួន ២៥១នាក់ ដែលមានមនុស្សពេញវ័យ ជាឪពុកម្ដាយ អាណាព្យាបាល និងជីដូនជីតា ចំនួន៦២នាក់ និងកុមារ១៨៩នាក់ ទាំងកុមារធ្វើចំណាកស្រុកជាមួយឪពុកម្ដាយ និងត្រូវទុកចោលតាមភូមិ។ ការសិក្សានេះធ្វើនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ មានបាត់ដំបង ប៉ោយប៉ែត បន្ទាយមានជ័យ ព្រៃវែង និងសៀមរាប។
អង្គការយូនីសេហ្វបានរកឃើញថា កុមារអាយុច្រើន ច្រើនធ្វើចំណាកសុកទៅជាមួយឪពុកម្ដាយ។ ផលប៉ះពាល់លើសុខុមាលភាព របស់កុមារដែលធ្វើចំណាកស្រុកទៅជាមួយឪពុកម្ដាយ គឺខុសពីកុមារដែលទុកចោលក្នុងភូមិ។ សម្រាប់កុមារដែលធ្វើចំណាកស្រុកជាមួយឪពុកម្ដាយ បញ្ហាធំជាងគេគឺការបន្តការរៀនសូត បញ្ហាការពារកុមារ នឹងពលកម្មកុមារផងដែរ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែស្រាវជ្រាវរកតួលេខជាក់លាក់អំពីពលករធ្វើចំណាកស្រុកដែលយកកុមារទៅជាមួយ ដើម្បីជួយពួកគេឱ្យបានចូលរៀន ។ បន្ថែមពីនេះរដ្ឋាភិបាល ក៏គួរពង្រឹងប្រព័ន្ធតាមដានទីតាំងសិស្ស ពង្រឹងសេវាពិសេសអប់រំមូលដ្ឋានសម្រាប់កុមារចំណាកស្រុក និងបង្កើតសាលារៀនសហគមន៍នៅតាមតំបន់របស់ជនចំណាកស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។