ចិន​មួយ​ចំនួន​នៅ​តែ​បង្ក​អសន្តិសុខ​សង្គម ខណៈ​រដ្ឋាភិបាល​រំពឹង​ទេសចរ​ចិន​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ

0:00 / 0:00

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រំពឹង​លើ​ភ្ញៀវ​ទេសចរ​ចិន​ជា​អ្នក​រួមចំណែក​សំខាន់​ជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ក្នុង​ឆ្នាំ​២០២៤ ខាងមុខ​ភាគី​កម្ពុជា និង​ចិន បាន​ឯកភាព​គ្នា​ផ្លាស់ប្ដូរ​ប្រជាជន​ដើម្បី​ឈាន​ដល់​ការ​កសាង​សេដ្ឋកិច្ច និង​ជោគវាសនា​ជាតិ​រួមគ្នា​ថែម​ទៀត​ផង។ ប៉ុន្តែ អ្នកឃ្លាំមើល​លើកឡើង​ថា ទន្ទឹម​រដ្ឋាភិបាល​ផ្ដោត​សំខាន់​តែ​ទេសចរ​ចិន​ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ចជាតិ​នោះ ជន​ជាតិចិន​មួយចំនួន​កំពុង​រស់នៅ​កម្ពុជា​បាន​បង្ក​អសន្តិសុខ​សង្គម​ដែល​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​បង្ក​ការភ័យខ្លាច​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកធ្វើការ​ផ្នែក​វិស័យ​ទេសចរណ៍​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹកនាំ​ផ្ទៃក្នុង លុបបំបាត់​អំពើពុករលួយ និង​លើកកម្ពស់​នីតិរដ្ឋ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ មក​ទស្សនា​កម្ពុជា​ក្នុង​ការ​រួមចំណែក​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ពួកគាត់​មិន​រំពឹង​ថា ភ្ញៀវ​ទេសចរ​ចិន​តែមួយ​អាច​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា បញ្ហា​បាញ់បោះ​ការ​កាប់​សម្លាប់​មនុស្ស​ដោយ​ជនបរទេស​មួយចំនួន​ក្នុង​សង្គម​កម្ពុជា​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​កេរ្តិ៍ឈ្មោះ និង​សេដ្ឋកិច្ចជាតិ​ធ្ងន់ធ្ងរ។ លោក​ព្រួយបារម្ភ​ថា បើ​កម្ពុជា​នៅតែ​មាន​បញ្ហា​អសន្តិសុខ​ច្រើន នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជាពិសេស​ភ្ញៀវ​ទេសចរ​លោកខាងលិច​នឹង​មិន​ហ៊ាន​មក​កម្សាន្ត​កម្ពុជា​ឡើយ។

លោក យង់ គិមអេង៖ «ការ​បាញ់​បោះ​ការ​សម្លាប់​នៅតែ​កើត​មាន​ជា​ហូរហែ យើង​មាន​ការ​ព្រួយបារម្ភ។ រដ្ឋាភិបាល​ថ្មី​ហ្នឹង​គួរតែ​ចាត់វិធានការ​ឱ្យ​មានរ​បៀ​ប​រៀបរយ​លើ​សណ្ដាប់ធ្នាប់ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ័យខ្លាច មិនមែន​មានតែ​បរទេស​អ្នកទេសចរ​ដែល​ត្រឹម​ត្រូវ​គេ​ខ្លាច សូម្បី​ខ្មែរ​ក៏​ខ្លាច អ៊ីចឹង​វា​ជា​រឿង​មួយ​សំខាន់​ណាស់ ត្រូវតែ​ពង្រឹង​គោលនយោបាយ​គ្រប់គ្រង​ជនបរទេស»។

ខណៈ​កម្ពុជា​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ចជាតិ​ក្នុង​គ្រា​ដែល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កំពុងតែ​ថយ​ចុះ​ស្រាប់​នោះ បញ្ហា​បាញ់បោះ​ដោយ​សេរី និង​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​ជនបរទេស​មួយ​ចំនួន​នៅ​តាម​ទីធ្លា​សាធារណៈ​នៅតែ​បន្ត​កើត​មាន​។ ជាក់ស្តែង កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ជន​ជាតិចិន​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ១០​នាក់​ប្រដាប់​ដោយ​កាំបិត និង​កាំភ្លើងខ្លី បាន​ដេញ​កាប់ និង​វាយ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ដូចគ្នា​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់ ២​នាក់ នៅ​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃទី​១៦ ខែធ្នូ​ថា ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ជនជាតិ​ចិន​សញ្ជាតិ​ខ្មែរ​ម្នាក់ និង​ជនជាតិ​ចិន ៩​នាក់​ពី​បទ​បង្ក​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ដោយ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​ពួកគេ​តាម​នីតិវិធី។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​ធ្នូ។

ពាក់ព័ន្ធ​បញ្ហា​អសន្តិសុខ​សង្គម និង​បញ្ហា​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនបរទេស​នេះ​ដែរ ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិតជា​មាន​បញ្ហា​បទល្មើស​ឧក្រិដ្ឋ​មួយ​ចំនួន​។ ប៉ុន្តែ លោក​អះអាង​ថា បញ្ហា​នេះ​ពុំបាន​ជះ​ផល​អវិជ្ជមាន​ដល់​កម្ពុជា​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «យើង​ទទួលស្គាល់​ថា មាន​បញ្ហា​មួយចំនួន គ្មាន​ប្រទេស​ណា​គ្មាន​បញ្ហា​ឧក្រិដ្ឋកម្ម​ទេ​។ ប្រទេស​នីមួយៗ​មាន​ល្មើស​ឧក្រិដ្ឋកម្ម​។ ប៉ុន្តែ​សកម្មភាព​ឧក្រិដ្ឋកម្ម​ទាំងនោះ មិន​បាន​ជះឥទ្ធិពល​ដល់​កម្ពុជា​ទាំងមូល​នោះ​ទេ ក្រៅពី​បញ្ហា​តូចតាច​ក្នុង​វិស័យ​មួយចំនួន​នៅ​កម្ពុជា​។ ប្រទេស​មាន​សន្តិភាព ជា​ប្រទេស​មាន​សន្តិសុខ»។

លោក ហ៊ុន ម៉ាណែត កាលពី​ខែតុលា​កន្លងទៅ បាន​ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍​ចិន​ដោយ​រំពឹង​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​មក​កម្សាន្ត​កម្ពុជា​ច្រើន ខណៈ​នៅមុន​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទេសចរ​ចិន​មក​កម្សាន្ត​កម្ពុជា​នៅ​មាន​ចំនួន​ដល់​ទៅ​ជាង ២​លាន​នាក់។

ដោយឡែក ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​កាល​ពី​ដើម​ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក សុខ ចិន្តាសោភា បាន​ឯកភាព​ជាមួយ​ភាគី​ចិន​កសាង​ជោគវាសនា​រួមគ្នា និង​កំណត់​ឆ្នាំ​២០២៤ ខាងមុខ ដើម្បី​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ជំរុញ​ឱ្យ​ទេសចរ​ចិន​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ លើស​ពី​នេះ​ទៀត តាមរយៈ​ការ​លើកតម្កើង​ទេសចរ​ចិន​នេះ កម្ពុជា​បាន​ផ្គាប់ចិត្ត​ប្រទេស​ចិន​មួយ​កម្រិត​ទៀត​ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ចិន​ដែល​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា​អាច​ចាយវាយ​លុយ​យ័ន​របស់​ចិន​តាម​ប្រព័ន្ធ​ទូទាត់​ឌីជីថល ឬ QR Code​ដោយ​ពុំ​ចាំ​ចាប់​ប្ដូរ​ជា​ប្រាក់​ដុល្លារ និង​ប្រាក់​រៀល ដូច​មុន​ឡើយ​។ ក្រៅ​ពី​នេះ រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​គ្រាក់ៗ​ក៏​តែងតែ​ធ្វើ​ពិធី​ទទួល​ស្វាគមន៍​ទេសចរ​ចិន​នៅ​តាម​ព្រលាន​យន្តហោះ​ផង​ដែរ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា លោក ម៉ម រិទ្ធី មាន​ប្រសាសន៍ថា យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ហាក់​បរាជ័យ ខណៈ​លោក​មើល​ឃើញថា រដ្ឋាភិបាល​រំពឹង និង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ទេសចរ​ចិន​តែមួយ​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ប្រទេស​ដោយ​ធានា​ពី​សន្តិសុខ​សុវត្ថិភាព និង​ពង្រឹង​ការអនុវត្ត​ច្បាប់​លុបបំបាត់​អំពើពុករលួយ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ទេសចរ​ពី​លោកខាងលិច​ឱ្យមក​កម្ពុជា​កាន់តែ​ច្រើន។

លោក ម៉ម រិទ្ធី៖ «អ្វី​ដែល​ជាប់​គាំង​នោះ​រដ្ឋាភិបាល​ត្រូវតែ​រៀបចំ​វិធីសាស្ត្រ ដើម្បី​លុប​ទៅវិញ​នូវ​អ្វី​ដែល​ជា​ការ[​ត្អូញត្អែរ​] (complain)របស់​ភ្ញៀវ ក៏ដូចជា​ព័ត៌មាន​មិនល្អ​ពី​ប្រទេស​កម្ពុជា ចេញ​ព័ត៌មាន​មិនល្អ​ដូចជា​រឿង​គុន ការរិះគន់​ពី​ប្រទេស​កម្ពុជា សំខាន់​រក​វិធីសាស្ត្រ​លុប​ទៅវិញ ដើម្បី​ស្ដារ​កិត្តិយស​មក​វិញ។ ទីពីរ វិធីសាស្ត្រ​ទាំងអស់​គួរតែ​បូក​ផ្សំ​ជាមួយ​អ្នក​នៅ​ខាងក្រោម ប្រជាជន អ្នក​រកស៊ី​ខាង​វិស័យ​ទេសចរណ៍ ឬ​អ្នក​មគ្គទេសក៍​វិស័យ​ទេសចរណ៍ ត្រូវ​ទទួល​យក​យោបល់​គាត់​ថា កន្លង​មក​ជួប​ផល​ប៉ះពាល់​អី​ខ្លះ ដើម្បី​ធ្វើជា​ធាតុ​ផ្សំ​ដាក់​ចូល​កម្មវិធី​យុទ្ធសាស្ត្រ​ស្ដារ​សេដ្ឋកិច្ច​លើ​វិស័យ​ទេសចរណ៍​ហ្នឹង»។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុប សុភ័ក អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) កាលពី​ថ្ងៃទី​១៦ ខែធ្នូ​ថា រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៤​លាន ៩​សែន​នាក់ ដែល​លោក​ថា​កើនឡើង ១៥៦​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​អះអាង​ថា រយៈពេល ១១​ខែ​ឆ្នាំ​២០២៣​នេះ រក​ចំណូល​បាន​ជាង ៣២​លាន​ដុល្លារ​តាមរយៈ​ការ​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។ ក្នុង​នោះ​មាន​ទេសចរ​ចិន​ជាង ១០​ភាគរយ។

ទោះជា​ការ​អះអាង​បែបនេះ​ក្ដី ប្រជាពលរដ្ឋ អាជីវករ អ្នក​ប្រកប​របរ​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ​មួយ​ចំនួន​កំពុង​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ និង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក​។ ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​មួយ​ភាគ​ធំ​ដែល​បម្រើ​វិស័យ​ទេសចរណ៍​តាម​តំបន់​ទេសចរណ៍​សំខាន់ៗ​ដូចជា​នៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​ជាដើម នៅតែ​ត្អូញត្អែរ​ពី​ការ​រក​ចំណូល​ពុំ​សូវ​បាន​ពី​វិស័យ​ទេសចរណ៍។

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកធ្វើការ​ផ្នែក​វិស័យ​ទេសចរណ៍​លើកឡើង​ថា កម្ពុជា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់​ញាំញី​ទៅ​ដោយ​រឿងរ៉ាវ​អាស្រូវ​ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន អំពើ​ជួញដូរ​មនុស្ស និង​បញ្ហា​ឧក្រិដ្ឋកម្ម​នានា រួម​ទាំង​កង្វះ​តម្លាភាព​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ​ជាដើម​។ ពួកគាត់​លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ចាត់វិធានការ​លើ​បញ្ហា​ទាំងនេះ​ដោយ​គ្មាន​ប្រសិទ្ធភាព នោះ​កម្ពុជា​នឹង​មិនអាច​រីកចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍​បានទេ​។ ពួកគាត់​ថា ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​កាន់តែ​ប្រឈម​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ចំណែកឯ​ពលរដ្ឋ​កាន់​តែ​រង​ទុក្ខ​លំបាក​ក្នុង​ការ​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ដោះបំណុល​ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។