ជនចាស់ជរាមួយចំនួនថ្លែងថា អំឡុងពេលនេះពួកគាត់គ្មានលទ្ធភាពធ្វើការងាររកប្រាក់ចំណូលចិញ្ចឹមជីវិតនោះទេ ខណៈដែលកូនចៅរបស់ពួកគាត់អត់ការងារនិងខ្លះទៀតនាំគ្នាធ្វើចំណាកស្រុក ដោយពុំបាននៅមើលថែពួកគាត់ឡើយ។
ពលរដ្ឋរស់នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ លោកស្រី ហ៊ា យ៉ាន រៀបរាប់ប្រាប់អាស៊ីសេរីថា លោកស្រីនិងប្ដីគាត់ពុំមានលទ្ធភាពធ្វើការងាររកប្រាក់ចំណូលចិញ្ចឹមជីវិតនោះទេ ព្រោះពួកគាត់មានវ័យចាស់ជរា ដោយឈឺដេកនៅលើកន្ទេលជាង ២ ឆ្នាំមកហើយ។ ស្ត្រីវ័យ ៦៦ ឆ្នាំរូបនេះបន្តថា អំឡុងពេលផ្ទុះការរាតត្បាតជំងឺកូវីដ១៩នេះ ជីវភាពរបស់ពួកគាត់កាន់តែដុនដាប ហើយសុខភាពទ្រុឌទ្រោម ដោយសារហូបអាហារមិនគ្រប់គ្រាន់។ បន្ថែមពីនេះកូនរបស់គាត់ក៏មិនបាននៅមើលថែដិតដល់ដូចពេលមុនៗដែរ ព្រោះពួកគេមានជីវភាពក្រីក្រហើយនាំគ្នាធ្វើចំណាកស្រុកនៅប្រទេសថៃ៖ «សុំនាយករដ្ឋមន្ត្រីជួយខ្ញុំផង ខ្ញុំទៅរកអីអត់រួចទេ ប្ដីក៏ចាស់ ប្រពន្ធក៏កើតរោគទឹកនោមផ្អែម ខ្ញុំទៅរកអីអត់រួច។ សុំឱ្យលោកជួយខ្ញុំផង សុំផ្ដល់ថវិកាជួយខ្ញុំផងគ្រាន់ទិញថ្នាំលេបរាល់ខែផង ខ្ញុំទៅបើករាល់តែខែហ្នឹងឯង តានេះក៏ទីរកអីមិនរួច ក៏នៅពីរនាក់យាយនឹងតាហ្នឹងឯងលោកគ្រូ» ។
ដូចគ្នានេះដែរ ប្រជាពលរដ្ឋនៅស្រុកពាមរោទ៍ ខេត្តព្រៃវែងលោក ឆាង ផន ថ្លែងថា សព្វថ្ងៃនេះលោកនិងប្រពន្ធរបស់គាត់ កំពុងឈឺដេកនៅផ្ទះ ដោយពុំមានលទ្ធភាពរកប្រាក់ចិញ្ចឹមជីវិត និងព្យាបាលជំងឺរបស់ខ្លួនឡើយ។ បុរសវ័យ ៨៦ ឆ្នាំរូបនេះ ប្រាប់ថា អាជ្ញាធរមិនបានបញ្ចូលឈ្មោះគ្រួសារគាត់ក្នុងបញ្ជីជនក្រីក្រ ដើម្បីទទួលប្រាប់ឧបត្ថម្ភពីរដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា រយៈពេលជាង ១ ឆ្នាំមកនេះ ពួកគាត់ពុំដែលបានហូបចំណីឆ្ងាញ់ៗនោះឡើយ៖ «សុខភាពខ្សោយណាស់លោកគ្រូ ខ្សោយទាំងយាយទាំងខ្ញុំ តែខ្ញុំនៅដើរបានបន្តិចបន្តួច។ បាទអត់ងងុយផង យាយគាត់អត់ស្រួលខ្លួនគាត់ ទាំងយប់ទាំងថ្ងៃ គាត់ពិការផង ដើរអត់រួចទេ។ រាល់ថ្ងៃខ្ញុំហូបតែទឹកស៊ីអ៊ីវទឹកត្រីហ្នឹង ជួនកាលបានម្ហូបបងប្អូនឱ្យមកហ្នឹងបានទទួលទាន បានប្អូនជិតខាងហ្នឹងឱ្យអង្ករឱ្យអីបន្តិចបន្តួច ខ្ញុំខ្វះខាតច្រើន»។

ចំណែកជនចាស់ជរាមួយក្រុមនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញ ពួកគាត់ប្រាប់ថា អំឡុងពេលនេះពួកគាត់ប្រឹងដើររើសអេតចាយលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ពលរដ្ឋទាំងនេះត្អូញត្អែរថា ពួកគាត់តូចចិត្តដែលអាជ្ញាធរមិនបានឧបត្ថម្ភស្បៀងអាហារជូនដល់ពួកគាត់អំឡុងពេលនេះ។ បន្ថែមពីនេះពួកគាត់ក៏ពុំមានកូនចៅនៅមើលថែ ឬផ្ដល់ប្រាក់ទិញអាហារហូបចុកដែរ៖ «បើយើងមិនរកវាអត់ស៊ីហើយអត់ហូបហើយ បើចាំគេបើកអំណោយអីហ្នឹងគ្មានទេ គេបើកបក្សពួកគេ អ្នកណាផ្ទះថ្មអ្នកហ្នឹងបានហើយ អ្នកណាផ្ទះស្បូវដូចពួកខ្ញុំគេមើលមិនឃើញទេ។ សូមឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យគាត់ជួយដល់ជនក្រីក្រផង ខ្ញុំទៅរកអីមិនបានដូចខ្ញុំនៅពីក្មេង ឥឡូវភ្នែកក៏កាន់តែងងិតកម្លាំងក៏ កាន់តែខ្សោយ រកអីមិនបានដិតដល់ទេខ្វះព្រឹកខ្វះល្ងាច»។
ប្រជាពលរដ្ឋទាំងនេះ អំពាវនាវដល់រដ្ឋាភិបាលផ្ដល់ប្រាក់សោធននិវត្តន៍ ឬគោលនយោបាយគាំពារសង្គមជូនដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពក្នុងវ័យជរានេះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាលោក ទូច ចាន់នី ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២ ខែមិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនមានលទ្ធភាពផ្ដល់ប្រាក់សោធននិវត្តន៍ ជូនដល់មនុស្សចាស់នោះទេ។ លោកបញ្ជាក់ទៀតថា រដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយអំឡុងពេលនេះឡើយ។ បន្ថែមពីនេះលោកក៏បានផ្ដាំផ្ញើដល់ជនចាស់ជរាទាំងអស់ គួរតែចេះផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតពួកគាត់ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់៖ «មនុស្សចាស់នេះគេបង្កើតសមាគមដើម្បីជួយគ្នាទៅវិញទៅមក ហើយមានអន្តរាគមន៍ពីស្ថាប័នមនុស្សធម៌នានា ដូចជា កាកបាទក្រហម សមាគមយុវជនសមាគមស្ត្រី សមាគមគ្រូបង្រៀនអីចឹងអាហ្នឹងវាមាន។ យើងបង្កើតបណ្ដើរៗឥឡូវហ្នឹងវាមានចង់គ្រប់អស់ហើយ តែជារួមការជួយហ្នឹងវាមិនបានដូចចិត្តយើងទេ។ អីចឹងទេបានលោកយាយលោកតាណាដែលជួបការលំបាក សូមឱ្យផ្ដល់ព័ត៌មានជាក់លាក់ទៅរដ្ឋអំណាចមូលដ្ឋានភូមិឃុំ »។
ទោះជាយ៉ាងណាក្រុមអង្គការសង្គមស៊ីវិលយល់ថា រដ្ឋាភិបាលគួរតែប្រញាប់ដាក់ចេញគោលនយោបាយគាំពារសង្គម និងផ្ដល់ប្រាក់សោធននិវត្តន៍ជូនដល់មនុស្សចាស់។

ប្រធានអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី មានប្រសាសន៍ថា សព្វថ្ងៃជនចាស់ជរាខ្លះរស់នៅគ្មានកូនចៅមើលថែ ខណៈដែលពួកគាត់មានជីវភាពក្រីក្រ ហើយមិនមានលទ្ធភាពរកប្រាក់ចិញ្ចឹមជីវភាពនោះឡើយ។ លោកយល់ថា ស្ថានភាពបែបនេះបានប៉ះពាល់ដល់សុខភាពរបស់មនុស្សចាស់ ប្រសិនបើរដ្ឋាភិបាលនៅតែមិនគិតគូដល់ពួកគាត់នោះ៖ «អត់ទាន់គ្រប់គ្រាន់ទេ នៅទីជនបទនៅភ្នំពេញជាដើមយើងឃើញថា បន្ទុកនៃការមើលចាស់ជរាហ្នឹងធ្លាក់មកលើកូនចៅ។បើសិនជាកូនចៅរបស់គាត់ហ្នឹងមានជីវភាពគួរសមមិនជាបញ្ហាទេ ក៏ប៉ុន្តែរដ្ឋក៏ត្រូវមានកាតព្វកិច្ច មើលមនុស្សចាស់ដែរជាពិសេស មនុស្សចាស់ដែលអត់ទីពឹង បានន័យថា កូនចៅគាត់គ្មានលទ្ធភាពជួយទេ។ អីចឹងយើងឃើញហើយ ចាស់ៗបច្ចុប្បន្នបើសិនមិនមានកូនចៅមើលថែទេ គឺគាត់ត្រូវពឹងទៅលើវត្តអារាម »។
ដោយឡែកប្រធានអង្គការមនុស្សចាស់កម្ពុជាលោក ទុំ វីរ៉ា វិញ លោកមានប្រសាសន៍ថា ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដមក គឺមនុស្សចាស់នៅកម្ពុជាជាច្រើននាក់មានជីវភាពកាន់តែវេទនា។ ក្នុងនោះពលរដ្ឋខ្លះកូនរបស់គាត់អត់ការងារធ្វើ និងអ្នកខ្លះទៀតខ្លួនគាត់ផ្ទាល់មិនហ៊ានទៅប្រកបរបរនៅទីក្រុងដូចពេលមុនៗ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។ លោកយល់ថា ដើម្បីជួយសម្រួលដល់ជនចាស់ជរា រដ្ឋាភិបាល គួរតែផ្ដល់ប្រាក់ឧបត្ថម្ភជូនដល់ពួកគាត់៖ «យើងថាម៉េចគឺទាក់ទងជាមួយគុណតម្លៃរបស់មនុស្សដែលគាត់វ័យចាស់ គាត់បានចូលរួមចំណែកច្រើនទៅដល់សង្គម បើទោះបីគាត់ស្ថិតក្នុងស្ថានភាពជីវភាពគាត់របៀបណាក៏ដោយ។ ប៉ុន្តែវាគឺជាគុណូបការៈមួយដែលយើងគួរតែទាំងរដ្ឋាភិបាល ក៏ជាកម្ពុជាយើងគួរតែគិតគូផ្ដល់ជូនគាត់ជាការតបស្នងទៅដល់ពួកគាត់»។
របាយការណ៍ជំរឿនក្រសួងផែនការណ៍កាលពីឆ្នាំ២០១៩ ឱ្យដឹងថា កម្ពុជាមានប្រជាពលរដ្ឋជាង ១៥ លាននាក់ (១៥.៣០០.០០០) ក្នុងនោះមនុស្សចាស់ដែលមានអាយុ ៦០ ឆ្នាំឡើងទៅ មានជាង ១លាន ៣សែននាក់(១.៣០០.០០០)។
ថ្មីៗនេះនាយកអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ប្រចាំនៅកម្ពុជាលោក នីក បេរេសហ្វ័ដ (Nick Beresford) ក៏ចង់ឃើញរដ្ឋាភិបាលដាក់ចេញប្រព័ន្ធសោធននិវត្តន៍ និងប្រព័ន្ធគាំពារសង្គមដល់មនុស្សចាស់ដែរ ព្រោះចំនួនប្រជាជនវ័យចំណាស់នៅកម្ពុជាបានកើនឡើង។ លោកព្រមានថា បើទោះបីជាពេលនេះកម្ពុជាមានប្រជាជនវ័យក្មេងច្រើនក៏ដោយ ប៉ុន្តែស្ថានភាពនឹងមិននៅបែបនេះរហូតនោះឡើយ។ លោកបញ្ជាក់ថា នៅពាក់កណ្តាលទសវត្សរ៍ ២០២១ កម្ពុជាអាចនឹងមានចំនួនមនុស្សចាស់កើនឡើងក្នុងល្បឿនលឿនជាងមនុស្សដែលឋិតក្នុងវ័យកម្លាំងពលកម្ម។ ដូច្នេះលោកស្នើឲ្យរដ្ឋាភិបាលគួរតែគិតគួរផ្ដល់ប្រព័ន្ធសោធននិវត្តន៍ និងប្រព័ន្ធគាំពារសង្គមសម្រាប់មនុស្សចាស់ ដើម្បីឲ្យពួកគាត់ទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋ។ បន្ថែមពីនេះ ចំនួនមនុស្សចាស់អាចនឹងកើនឡើងដល់ទៅ ២១% ក្នុងឆ្នាំ២០៥០ ខាងមុខ ហើយប្រសិនបើរដ្ឋាភិបាលដោះស្រាយបញ្ហានេះទេនោះ នឹងធ្វើឱ្យពលរដ្ឋក្នុងវ័យកម្លាំងពលកម្ម នឹងក្លាយជាអ្នកទទួលបន្ទុករ៉ាប់រងជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់ទាំងនោះដែលមានចំនួនកាន់តែច្រើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។