អ្នករងគ្រោះ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ស្នើ​ឱ្យ​អាជ្ញាធរ​ជំរុញ​ទៅ​តុលាការ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់

ដោយ ខាន់ លក្ខិណា
2024.08.31
អ្នករងគ្រោះ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ស្នើ​ឱ្យ​អាជ្ញាធរ​ជំរុញ​ទៅ​តុលាការ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់ លោក ជា សារ៉ន ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ដែលមានពលរដ្ឋជាច្រើនចាញ់បោកនៅខេត្ត​កំពត។
រូប៖ ហ្វេសប៊ុកលោក ជា សារ៉ន

អ្នករងគ្រោះ​ដោយ​ការ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ទទូច​ឱ្យ​អភិបាល​ខេត្តកំពត ជួយ​ជំរុញ​ទៅ​តុលាការ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់ បើ​មិន​ដូច្នេះ ធនាគារ​នឹង​រឹបអូស​យក​ផ្ទះ និង​ដីស្រែ​ចម្ការ​របស់​ពួកគាត់​។ មន្ត្រី​មនុស្ស​លើកឡើង​ថា អាជ្ញាធរ​ក៏ដូចជា​តុលាការ​គួរ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ ដើម្បី​កុំឱ្យ​ពលរដ្ឋ​រងគ្រោះ​កាន់តែ​ធ្ងន់។

ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​ដាក់​លុយ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន ស្នើ​ទៅ​អភិបាលខេត្ត​កំពត​និង​តុលាការ​ពន្លឿន​ដំណោះស្រាយ ឬក៏​ដោះលែង​អតីត ឧកញ៉ា ជា សារ៉ន នៅ​ក្រៅ​ឃុំ​វិញ ដោយ​ពួកគាត់​ថា ដើម្បី​ឱ្យ​លោក ជា សារ៉ន ចេញ​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ។

ពលរដ្ឋ​រងគ្រោះ​វិនិយោគ​លុយ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​សីហា ថា ពួកគាត់​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ជាង ១​ឆ្នាំ​មក​ហើយ ។ លោកស្រី​ស្នើ​ឱ្យ​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ជួយ​ជំរុញ​ទៅ​តុលាការ​ពន្លឿន​ការ​ដោះស្រាយ​ដល់​ពួកគាត់​ឱ្យ​បាន​ឆាប់ ពីព្រោះ បច្ចុប្បន្ន​ពួកគាត់​ធ្លាក់​ខ្លួន​ក្រីក្រ និង​ជំពាក់​បំណុល​វ័ណ្ឌក ដោយសារតែ​រង់ចាំ ដំណោះស្រាយ​របស់​អាជ្ញាធរ និង​តុលាការ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «​មិនដឹង​យ៉ាងណា​ទេ​ទៅមុខ​ងាប់​អស់​មិនដឹង ពិបាក​ចិត្ត​ចង់​ងាប់​ហើយ​រាល់ថ្ងៃ​។ ចង់ឱ្យ​គាត់​ពន្លឿន​ការ​ដោះស្រាយ​ឱ្យ​បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​បាន រងគ្រោះៗ​ក៏​រងគ្រោះ​ជំពាក់​រឹតតែ​ច្រើន រឹត​ខ្លាំង​អាហ្នឹង អ្នកណា​ដូច​អ្នកណា​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​រងគ្រោះ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​សីហា​ថា លោក ជា សារ៉ន មាន​ទ្រព្យ​សម្បត្តិ​អាច​លក់ ឡាយឡុង​សង​ពួកគាត់​វិញ​បាន ប៉ុន្តែ​អាជ្ញាធរ​បែរជា​មិន​ទុក​ឱកាស​ឱ្យ​លោក ជា សារ៉ន នៅ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ទៅវិញ​។ លោក​ថា ចាប់តាំង​ពី​អាជ្ញាធរ ចាប់ខ្លួន​លោក ជា សារ៉ន ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជាង ១​ឆ្នាំ​មក​នេះ ពួកគាត់​មិន​ទទួល​បាន​ដំណឹង និង​ដំណោះស្រាយ​អ្វី​ពី​អាជ្ញាធរ​ឡើយ។

ពលរដ្ឋ​ថ្លែង​លាក់​ឈ្មោះ៖ «យើង​នៅតែ​ដេក​មិន​លក់ បក់​មិន​ល្ហើយ ដោយសារតែ យើង​មិន​ដឹង​ថ្ងៃ​ណា​គេ ដោះស្រាយ​អ៊ីចឹង ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​យល់ គឺ​គាត់​យល់​ថា នៅ​ពេល​គាត់​បើក​វេទិកា​ជាមួយ​អភិបាលខេត្ត គាត់​សន្យា ខ្ញុំ​ឆ្ងល់​គាត់​សន្យា​ហើយ ហេតុ​អី​បាន​ចាប់​គាត់​ទៅ​អ៊ីចឹង មិន​ទុក​ពេល​មិន​ទុក​ពេល​ឱ្យ​គាត់​ធ្វើតាម​សន្យា​សិន​ទៅ បើ​ធ្វើ​មិន​បាន​ចាំ​ចាប់​គាត់​ទៅ​។ ខ្ញុំ​ឆ្ងល់​អ៊ីចឹង​។ អ្វី​ដែល​ខ្ញុំ​ដឹង​ទ្រព្យ​មាន​ច្រើន​មាន​ជាក់ស្ដែង​ពិតប្រាកដ ពីព្រោះ​ខ្ញុំ​នៅ​ឃុំ​ហ្នឹង ខេត្ត​ហ្នឹង ខ្ញុំ​ដឹង​ទាំងអស់ ខ្ញុំ​ដឹង​ច្រើន ព្រោះ​ទ្រព្យ​គាត់​ល្អៗ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បញ្ហា​នេះ ពី​អភិបាល​ខេត្ត​កំពត​លោក ម៉ៅ ធនិន និង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពត លោក ម៉ាន់ បូរេត បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

លោក ជា សារ៉ន និង​បក្ខពួក ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៣ នៅក្នុង​វេទិកាសា​ធារណៈ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ខេត្តកំពត តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​តវ៉ា​ពី​រឿង​ចាញ់បោក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សរុប​ជា​ទឹកប្រាក់​ជិត ៤០​លាន​ដុល្លារ។

ក្រោយ​ការ​ចាប់ខ្លួន​តុលាការ​បាន​ឃុំខ្លួន​លោក ជា សារ៉ន និង​បក្ខពួក​នៅ​ពន្ធនាគារ បណ្ដោះអាសន្ន ពាក់ព័ន្ធ​ករណី​ឆរ​បោក​ប្រជាពលរដ្ឋ​ក្រោម​រូបភាព​វិនិយោគ​ដី​ឡូតិ៍។

ក្រៅពី​ឃុំខ្លួន​នោះ នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ សាលាដំបូង​ខេត្តកំពត សម្រេច​បង្កក​គណនី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ជា សារ៉ន ចំនួន​៩៥ គណនី រួម​នឹង​បង្កក​អចលនវត្ថុ​ប្រភេទ​ដីធ្លី​ចំនួន ១.៧៩១​ក្បាលដី។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​(Licadho) លោក អំ សំអាត យល់ថា រដ្ឋាភិបាល​គួរ​ផ្ដល់​មេធាវី​ដល់​ពួកគាត់ សម្រាប់​ការពារ​តាមផ្លូវ ច្បាប់ ជាពិសេស​ពិនិត្យមើល​ទ្រព្យសម្បត្តិ និង​ធនធាន​ដែល​ក្រុមហ៊ុន សារ៉ន មាន ដើម្បី​លក់​ឡាយឡុង​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ។

លោក អំ សំអាត៖ «មិនមែន​ចាំបាច់​តែ​ទៅ​ដល់​ដោះលែង ដើម្បី​ធ្វើ​ការ​ដោះស្រាយ​ទេ ដូច​ក្រុមហ៊ុន​ពិភព​ដី​មាស​អី​ជាដើម យើង​ឃើញថា មានការ​ដោះលែង​ប៉ុន្តែ​អ្វី​ដែល​ជា​ដំណោះស្រាយ​នៅតែ​មិនទាន់​ឃើញ​មាន​។ ប៉ុន្តែ សំខាន់​បំផុត អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដូចជា​តុលាការ​ត្រូវ​ចាត់វិធានការ ទាំងអស់​ហ្នឹង ហើយនឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​។ អាហ្នឹង​ជា​រឿង​មួយ​ដែល​ចាំបាច់»

ប្រជាពលរដ្ឋ​ដែល​ដាក់​លុយ​ជាមួយ​ក្រុមហ៊ុន ជា សារ៉ន លើកឡើង​ថា បើ​ការ​ដោះស្រាយ នៅតែ​អូស​បន្លាយ​យូរ​ទៀត ធនាគារ​ចេះតែ​គុណ​ការប្រាក់​បន្ថែម​រហូត​នោះ ពួកគាត់​មុខជា​មិន​មាន​លទ្ធភាព​សង​ហើយ​អាច​ធនាគារ​រឹបអូស​ដី​និង​ផ្ទះ​របស់​ពួកគាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។