ពលករខ្មែរដែលកំពុងជាប់គាំងនៅព្រំដែនជាប់ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យឱ្យដឹងថា ពួកគាត់រស់នៅក្នុងព្រៃតំបន់ព្រំដែនថៃតាមយថាកម្មយ៉ាងលំបាកវេទនា ហើយប្រឈមនឹងសត្វសាហាវខាំជារៀងរាល់យប់។ ក្នុងនោះមានពលករម្នាក់ត្រូវពស់ខៀវចឹកក្នុងពេលគាត់កំពុងសម្រាន្តលក់នៅយប់ថ្ងៃទី១១ ខែសីហា ហើយអាជ្ញាធរខ្មែរបានបញ្ជូនពលកររងគ្រោះរូបនោះ ទៅសង្គ្រោះបន្ទាន់នៅកម្ពុជាទាំងយប់។
ពលករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យលោកស្រី ប៉ុង ស៊ីម រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ស្ត្រីរងគ្រោះនោះអាយុជាង៣០ឆ្នាំ ត្រូវបានពស់ខៀវចឹកចំជើងក្នុងពេលគាត់សម្រាន្តលក់នៅក្នុងតង់កៅស៊ូ។ លោកស្រីបន្តថា ភ្លាមៗក្រោយពេលកើតហេតុលោកស្រីនិងពលករដទៃទៀតភ័យខ្លាច ហើយនាំគ្នាងើបអង្គុយទាំងយប់ ដើម្បីការពារខ្លួន ដោយមិនបានសម្រាន្តនោះទេ។ ពលករវ័យ ៣៩ ឆ្នាំរូបនេះ បន្តថា លោកស្រីនិងពលករខ្មែរជាង ៥០ នាក់ ដែលកំពុងជាប់គាំងនៅក្នុងព្រៃនោះ គ្រោងនាំគ្នាធ្វើបាតុកម្មតវ៉ាដោយសន្តិវិធីដើរត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី១៣ ខែសីហានេះ ដើម្បីទាមទារឱ្យអាជ្ញាធរខ្មែរបញ្ជូនពួកគាត់ទៅធ្វើចត្តាឡឺស័កនៅខាងកម្ពុជាវិញ។ លោកស្រីប្រាប់ថា ពួកលោកស្រីមិនអាចទ្រាំនៅវេទនាបែបនេះបន្តទៅទៀតបានទេ ពីព្រោះព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ផងនិងខ្លាចពស់ចឹកផង៖ «ពួកខ្ញុំថា បើសិនបន្តឱ្យនៅទៀត ពួកខ្ញុំលីឥវ៉ាន់ឆ្លងទៅដីខ្មែររកពេទ្យរកសាលារៀនទាំងអស់គ្នា។ ព្រោះលំបាកភ្លើងក៏អត់ ពេលមេឃភ្លៀងមកនាំគ្នាអង្គុយ ហើយម្យ៉ាងទៀតសត្វយប់ព្រលប់ និយាយរួម មិនដូចយើងនៅផ្ទះនិងសាលារៀនទេ គឺវេទនាខ្លាំង។ បើយើងនៅផ្ទះយើងមានបង្គន់ មានភ្លើងមានទឹកអីចឹងអត់អីទេ។ ប៉ុន្តែអានេះយើងនៅកណ្ដាលព្រៃ ល្ងឹតទាំងអស់ មើលដូចចែអីយប់មិញដេកក្នុងតង់ ពស់មកចឹកក្រៅតង់ធ្លុះដល់ក្នុង គិតមើលអីចឹង » ។

ពលករដែលជាប់គាំងនៅតំបន់ព្រំដែនថៃនោះ មានទាំងកុមារអាយុក្រោម ១០ ឆ្នាំ និងស្ត្រីមានផ្ទៃពោះជាច្រើននាក់។ ពួកគាត់បានជាប់គាំងនៅព្រំដែនប្រទេសថៃជាប់ស្រុកម៉ាឡៃជាង ១០ ថ្ងៃមកហើយ ប៉ុន្តែអាជ្ញាធរខ្មែរមិនទាន់បើកឱ្យពួកគេចូលទៅកម្ពុជានៅឡើយទេ។
ពលករម្នាក់ទៀតលោក ជា ស៊ីថា ថ្លែងថា លោកអាណិតប្រពន្ធយ៉ាងខ្លាំង ព្រោះគាត់មានផ្ទៃពោះជាង ៥ ខែហើយ មិនគួរណាមកស្នាក់នៅក្នុងព្រៃយ៉ាងវេទនាបែបនេះឡើយ។ ពលករវ័យ ២៦ ឆ្នាំរូបនេះ សំណូមឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យបញ្ជូនគ្រួសារលោកត្រឡប់ទៅកម្ពុជាវិញជាបន្ទាន់ ពីព្រោះពួកលោកព្រួយបារម្ភពីសុវត្ថិភាព ជាពិសេសស្ថានភាពរបស់ប្រពន្ធលោក៖ «វេទនាណាស់បងអើយ ហើយយប់មិញមក ៣ នាក់ទៀត គ្មានអីហូបទេលំបាកណាស់។ វានៅក្នុងហ្នឹងមានមីនមានអី មានសត្វមានពិសខាំ ហើយអាហារហូបមិនគ្រប់គ្រាន់ វាភ្លៀងអត់មានអីបាំងបិទ។ ពេលភ្លៀង គឺយើងរត់ចូលជុំគ្នា កន្លែងណាដែលមានហ្នឹងគឺផ្ដុំគ្នា តង់មួយផ្ដុំគ្នាចូលបាំងភ្លៀង គេចង់ឱ្យរក្សាគម្លាតម៉េចកើតបើយើងមានតង់តែមួយយើងចូលទៅជុំគ្នាការពារទឹកភ្លៀង » ។
ក្រុមពលករទាំងនេះបានរត់គេចពីការដ្ឋានសំណង់នៅតំបន់ទីក្រុងបាងកក ត្រឡប់ទៅកម្ពុជាវិញជាបន្តបន្ទាប់ ដោយសារពួកគាត់ព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ គ្មានគ្រូពេទ្យព្យាបាលផង និងគ្មានអាហារហូបចុកក្នុងគ្រាអាសន្ននេះផង។
រដ្ឋាភិបាលលោក ហ៊ុន សែន បានចេញសេចក្ដីប្រកាសនៅថ្ងៃទី១១ ខែសីហា ដោយបន្តបិទខ្ទប់ខេត្តចំនួន៨ ជាប់ព្រំដែនប្រទេសថៃ រហូតដល់ថ្ងៃទី១៩ ខែសីហា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះដែលតា (Delta) ដែលកំពុងរាតត្បាតកាន់តែច្រើន ជាពិសេសក្នុងចំណោមពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ។ វិធានការនេះបានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់បន្តជាប់គាំងនៅតាមបណ្តោយព្រំដែនបន្ថែមទៀត។ រដ្ឋាភិបាលបានបិទខ្ទប់ព្រំដែននេះអស់រយៈពេល ១៤ ថ្ងៃហើយ គិតត្រឹមថ្ងៃទី១២ ខែសីហា។
ជាមួយគ្នានេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានជូនដំណឹងទៅអភិបាលខេត្តស្រះកែវប្រទេសថៃនៅថ្ងៃទី១២ ខែសីហាថា កម្ពុជានឹងបើកព្រំដែនវិញ ចាប់ពីម៉ោង០០ រំលងអាធ្រាត្រយប់ថ្ងៃទី១២ ខែសីហា តទៅ។

ទាក់ទងនឹងបញ្ហានេះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែនលោក អ៊ុំ សុផល ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលអាជ្ញាធរបន្តបិទខ្ទប់មិនឱ្យពលករទាំងនោះចូលកម្ពុជា ដោយសារលោកមិនទាន់មានបញ្ជាពីថ្នាក់លើបើកឱ្យពលករចូលប្រទេសនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១២ ខែសីហា។ លោកបន្តថា នៅព្រំដែនខេត្តបន្ទាយមានជ័យមានពលករខ្មែរដែលជាប់គាំងនៅប្រទេសថៃជាង ២០០ នាក់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា ទោះជារដ្ឋាភិបាលបន្តបិទព្រំដែនក៏ដោយ ក៏អំឡុងពេលបិទនេះ អាជ្ញាធរនឹងបើកច្រកខ្លះដើម្បីដឹកជញ្ជូនពលករដែលត្រឡប់មកពីប្រទេសថៃទៅធ្វើចត្តាឡឺស័កនៅខាងទឹកដីកម្ពុជា៖ «អីចឹងតាមច្រកមិនឱ្យចូលនេះ ឱ្យបិទខ្ទប់ ប៉ុន្តែឱ្យចូលតាមច្រកតំបន់ ការព្រមព្រៀងគ្នា ដែលបានឯកភាពបញ្ជូនតាមផ្លូវណាឱ្យបញ្ជូនតាមផ្លូវហ្នឹងមក។ បើគាត់មកខ្លួនឯងគាត់មកមិនរួចទេ ទាល់តែថៃចាប់ ព្រោះឥឡូវប្រទេសថៃគេតឹងដូចយើងដែរ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញពីក្ដីកង្វល់របស់ពលករនេះបានទេនៅថ្ងៃទី១២ ខែសីហា។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា ជំរុញឱ្យអាជ្ញាធរគួរតែបញ្ជូនពលករចូលមកកម្ពុជាឱ្យបានឆាប់ ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ លោកបញ្ជាក់ថា នៅពេលមានភ្លៀងម្ដងៗ ក្រុមពលកច្រើនតែប្រមូលគ្នាជ្រកក្នុងតង់កៅស៊ូកកកុញ ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩។ បន្ថែមពីនេះលោកថា ពួកគាត់ហូបអាហារក្រៀមក្រោះយូរពេកធ្វើឱ្យសុខភាពទ្រុឌទ្រោម ហើយងាយប្រឈមនឹងឆ្លងជំងឺផ្សេងៗទៀត៖ «ព្រោះមនុស្សដែលញាំរបស់ទាំងនោះវាមិនអាចជួយដល់សរីរាង្គបានគ្រប់គ្រាន់ទេ ពីព្រោះញាំម្ហូបដដែលៗធុញហើយ។ អីចឹងហើយ ពួកគាត់ទាំងធុញម្ហូបផង ទាំងការរស់ផង វាប៉ះពាល់ទៅលើផ្លូវចិត្តគាត់យ៉ាងខ្លាំងហើយ។ អីចឹងហើយ បើគាត់ឆ្លងដែនអីអាជ្ញាធរគួរតែជួយសម្រួលដល់ពួកគាត់ ដើម្បីឱ្យពួកគាត់ហ្នឹងបានរស់នៅកន្លែងសមរម្យ មានកន្លែងព្យាបាលអីត្រឹមត្រូវមានការដេកពួនធ្វើចត្តាឡឺស័កឱ្យបានត្រឹមត្រូវជាការប្រសើរ » ។

របាយការណ៍របស់អាជ្ញាធរថៃ បង្ហាញថា ចាប់ពីចុងខែមីនា ដល់ថ្ងៃទី៥ ខែសីហាមានពលករខ្មែរជាងមួយម៉ឺន(១៤.១៩៤)នាក់ហើយឆ្លងជំងឺកូវីដ-១៩។ ក្នុងនោះយ៉ាងហោចណាស់មានពលករខ្មែរចំនួន ២ នាក់ ស្លាប់កាលពីខែមេសា និងខែឧសភា ស្របពលករឆ្លងជំងឺកូវីដ-១៩ ជាច្រើនទៀត កំពុងព្យាបាលក្នុងការដ្ឋានសំណង់ និងបន្ទប់ជួលតាមយថាកម្មរៀងៗខ្លួន។ ដោយសារតែបែបនេះហើយ ទើបពលករខ្មែរជាច្រើននាក់នាំគ្នាប្រថុយធ្វើដំណើរមកកម្ពុជាវិញ ហើយក៏ជាប់គាំងនៅតំបន់ព្រំដែន។
មន្ត្រីសិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ធគា ជឿថា អំឡុងពេលនេះមានពលករខ្មែររាប់ពាន់នាក់កំពុងជាប់គាំងនៅព្រំដែនប្រទេសថៃ ហើយពួកគាត់ភាគច្រើនរស់នៅដោយលំបាកវេទនា។ លោកស្នើយ៉ាងទទូចដល់អាជ្ញាធរកម្ពុជាឱ្យគិតគូរពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមរបស់ពលករនៅក្នុងស្ថានភាពដ៏លំបាកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។