ព្រះសង្ឃតាមវត្តមួយចំនួនបន្តខ្វះខាតចង្ហាន់ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅអាជ្ញាធរឱ្យជួយគិតគូរដល់ព្រះសង្ឃដែលមិនអាចចេញបិណ្ឌបាត្រ ខណៈការរាតត្បាតនៃជំងឺកូវីដ១៩ បន្តអូសបន្លាយ។ អ្នកឃ្លាំមើលសង្គមលើកឡើងថា ព្រះសង្ឃអាចរួមគ្នាធ្វើសំណើទៅមន្ត្រីសង្ឃ ឬអ្នកពាក់ព័ន្ធឱ្យបានដឹងដើម្បីជួយដោះស្រាយ។
ក្រៅតែពីខ្វះខាតស្បៀងអាហារ ព្រះសង្ឃកំពុងជួបបញ្ហាខ្វះបច្ច័យសម្រាប់បង់ថ្លៃទឹកភ្លើង ខណៈព្រះសង្ឃមិនអាចចេញទៅបិណ្ឌបាត្រ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩នេះ។
ចៅអធិការវត្តត្បែង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រះតេជព្រះគុណ សាត សុភាព មានថេរដីកាថា ពេលនេះព្រះសង្ឃគង់ក្នុងវត្តប្រឈមនឹងការខ្វះចង្ហាន់។ ជាការដោះស្រាយ បញ្ហាខ្វះចង្ហាន់នេះ ព្រះសង្ឃបាននិមន្តទៅបេះបន្លែតាមរបងវត្ត ឬវាលស្រែដើម្បីឆាន់។ ព្រះតេជព្រះគុណបន្តថា មានសប្បុរសជន និងអាជ្ញាធរបានឧបត្ថម្ភស្បៀងដូចជាអង្ករ និងមីខ្លះដែរ ប៉ុន្តែដោយវត្តនេះមានព្រះសង្ឃគង់នៅ និងរៀនសូត្រចំនួន៥០អង្គ ដូច្នេះស្បៀងដែលមាននោះមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ បើវិបត្តិជំងឺកូវីដ១៩ អូសបន្លាយតទៅទៀតនោះ។ ព្រះចៅអធិការឱ្យដឹងទៀតថា វត្តនេះក៏កំពុងពិបាករកបច្ច័យសម្រាប់បង់ថ្លៃភ្លើងផងដែរ ដោយក្នុងមួយខែៗត្រូវបង់ប្រមាណ ៦០ម៉ឺន ទៅ៨០ម៉ឺនរៀល៖ «អត់មានការចុះតម្លៃអីទេ បើមានការចុះតម្លៃអីមែនគឺល្អមែនទែន។ អាត្មាចង់ចម្រើនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សុំបិណ្ឌបាត្រជួយគិតគូរដល់ព្រះសង្ឃ ព្រោះថា កូវីដនេះបើញាតិញោមគាត់អត់ហើយ អ៊ីចឹងពឹងថ្នាក់ដឹកនាំ»។
រីឯព្រះតេជព្រះគុណ ណុប វណ្នី គង់នៅ វត្តពោធិយារាម ហៅវត្តចាស់ នៅរាជធានីភ្នំពេញ មានថេរដីកាថា ព្រះសង្ឃមួយចំនួនបាននិមន្តទៅគង់នៅវត្តតាមខេត្តមុនពេលបិទក្រុង ដូច្នេះស្បៀងអាហារដែលវត្តនៅសល់ អាចទ្រទ្រង់បានក្នុងពេលមានវិបត្តិជំងឺកូវីដនេះ ប៉ុន្តែបើបញ្ហានេះបន្តអូសបន្លាយអាចធ្វើឱ្យព្រះសង្ឃខ្វះចង្ហាន់។ ទោះយ៉ាងណា ព្រះតេជព្រះគុណថា ព្រះសង្ឃគ្មានបច្ច័យឬថវិកាសម្រាប់ប្រើប្រាស់ការចំណាយប្រចាំថ្ងៃនោះទេ៖ «អាចដោះស្រាយបានអាចទប់ទល់បានតិចតួចអីទៀត ឥឡូវនេះអង្គខ្លះលោកដាច់ដែរ ប៉ុន្តែយើងមិនដឹងធ្វើម៉េច»។
វិបត្តិជំងឺកូវីដ-១៩ បានរារាំងព្រះសង្ឃមិនអាចចេញបិណ្ឌបាត្រ ចំណែកពុទ្ធបរិស័ទក៏ពិបាកចេញក្រៅផ្ទះដើម្បីយកចង្ហាន់ ស្បៀងអាហារ ឬ ថវិកាប្រគេនព្រះសង្ឃដែរ។ ទោះយ៉ាងណាក្តី បន្ទាប់ពីសារព័ត៌មានចុះផ្សាយ បញ្ហានេះកាលពីអំឡុងខែមេសាមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំទៅអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ពិនិត្យចង្ហាន់ព្រះសង្ឃនៅតាមទីអារាមនានាក្នុងកំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ ប៉ុន្តែលោក ហ៊ុន សែន មិនបានចេញជាគោលការណ៍ជាក់លាក់ក្នុងការដោះស្រាយបញ្ហានេះទេ។ លោកគ្រាន់តែបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះមិនមានអ្នកទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចនិមន្តបិណ្ឌបាត្របានដែលអាចនាំឱ្យព្រះសង្ឃដាច់ចង្ហាន់៖ «ប្រជាជនមិនអាចចេញពីផ្ទះទៅធ្វើបុណ្យហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន ក្រៅពីរាជធានី ភ្នំពេញ និងខេត្តកណ្ដាលក៏មានខេត្តដទៃដែលត្រូវយកចិត្តទុកដាក់»។
ជុំវិញរឿងនេះអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេនៅថ្ងៃទី០៦ ខែឧសភា ដោយទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
រីឯព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគុណរាជធានីភ្នំពេញ ព្រះតេជព្រះគុណ ឃឹម សន មានថេរដីកាថា តាមព្រះតេជព្រះគុណទទួលដំណឹងពីមេគុណតាមបណ្ដាខេត្ត គឺមិនទាន់មានវត្តណាមួយដាច់ចង្ហាន់នៅឡើយទេ ប៉ុន្តែគ្រាន់តែមិនសូវសម្បូរដូចពេលធម្មតា។ ទោះយ៉ាងណា ព្រះតេជព្រះគុណមានថេរដីកាបន្តថា ចំពោះបញ្ហាថ្លៃទឹកភ្លើងព្រះអង្គឱ្យដឹងថា សូម្បីតែវត្តព្រះអង្គគង់នៅភ្នំពេញសព្វថ្ងៃក៏ត្រូវបង់ថ្លៃទឹកភ្លើងដូចពេលធម្មតាដែរ។ មន្ត្រីសង្ឃជាន់ខ្ពស់អង្គនេះយល់ថា ក្នុងស្ថានភាពសព្វថ្ងៃនេះប្រសិនបើមានការសម្របសម្រួល បន្ធូរបន្ថយ ឬពន្យារពេលដល់វត្តអារាមលើបញ្ហានេះជារឿងល្អ៖ «ពរបើសិនជាខាងអគ្គិសនីជួយបន្ធូរបន្ថយដល់វត្តដែលមានព្រះសង្ឃស្នាក់នៅរៀនសូត្រច្រើនៗគឺពិតជាប្រសើរមែនទែន ជាធម្មតាគ្រប់វត្តទាំងអាត្មាស្នាក់នៅទាំងវត្តផ្សេងៗអាស្រ័យទៅនឹងពុទ្ធបរិស័ទ ប៉ុន្តែក្នុងដំណាក់កាលនេះ ពុទ្ធបរិស័ទក៏មានការខ្វះខាតអ៊ីចឹង ហើយបើពុទ្ធបរិស័ទខ្វះខាតហើយយើងព្រះសង្ឃអាស្រ័យបច្ច័យបួនរបស់ពុទ្ធបរិស័ទក៏កាន់តែយ៉ាប់ទៀត»។
ព្រះអង្គបានណែនាំទៅមេគុណតាមវត្តឱ្យចេះជួយចែករំលែកគ្នា ត្បិតពេលនេះព្រះសង្ឃមិនអាចចេញបិណ្ឌបាត្របាន ហើយចំពោះវត្តដែលមានទីធ្លា គឺអាចដាំបន្លែបន្ទាប់បន្សំ។
ដោយឡែកអ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន គួរយកចិត្តទុកដាក់លើព្រះសង្ឃបន្ថែមទៀត។ លើសពីនេះ លោកយល់ថា ព្រះសង្ឃតាមវត្តនានាគួរផ្ដល់ព័ត៌មានទៅស្ថាប័នសង្ឃ ឬអាជ្ញាធរមូលដ្ឋានឱ្យដឹងពីបញ្ហា ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងនោះអាចពាំនាំទុក្ខលំបាករបស់ព្រះសង្ឃទៅថ្នាក់ដឹកនាំជួយដោះស្រាយ៖ «ព្រះសង្ឃនៅតាមវត្តនីមួយៗត្រូវតែលើកបញ្ហាហ្នឹងជំរុញទៅរដ្ឋាភិបាលរកដំណោះស្រាយណាមួយដែលអាចធ្វើទៅរួចសម្រាប់វត្តអារាម»។
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងដែរថា ក្រសួងធម្មការគួរផ្ដល់លេខទូរស័ព្ទដល់វត្តអារាមនានា ដើម្បីអាចទូរស័ព្ទបិណ្ឌបាត្រជំនួយពីរដ្ឋាភិបាលនៅពេលជួបបញ្ហាខ្វះចង្ហាន់។
បច្ចុប្បន្នមានវត្តអារាមទូទាំងប្រទេសជាង ៥ពាន់វត្ត និងមានព្រះសង្ឃជាង ៦ម៉ឺនអង្គ។ តាមទំនៀមទំលាប់ប្រពៃណីខ្មែរ ព្រះសង្ឃតែងពឹងលើចង្ហាន់ពុទ្ធបរិស័ទដែលនាំយកទៅប្រគេន ប៉ុន្តែចាប់តាំងការផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ ព្រះសង្ឃភាគច្រើនទូទាំងប្រទេស មិនអាចចេញបិណ្ឌបាត្របានទេ ចំណែកពលរដ្ឋក៏ពិបាកនឹងទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃ ក្នុងគ្រាដែលពលរដ្ឋជាប់ដៃដោះស្រាយបញ្ហាក្រពះរៀងៗខ្លួនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។