ប្រជាពលរដ្ឋនៅខេត្តមួយចំនួន រិះគន់ក្រសួងអភិវឌ្ឍន៍ជនបទថា មិនសូវយកចិត្តទុកដាក់ជួយដល់កសិករនៅទីជនបទ ដើម្បីឱ្យមានជីវភាពធូរធារឡើយ។ ការលើកនេះ បន្ទាប់ពីមន្ត្រីក្រសួងនេះ បានអះអាងអំពីសមិទ្ធផលរបស់ខ្លួនជាច្រើនដែលបានអភិវឌ្ឍន៍នៅទីជនបទ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។
ប្រជាពលរដ្ឋលើកឡើងស្រដៀងគ្នាថា ក្រសួងអភិវឌ្ឍន៍ជនបទបង្ហាញតែតួលេខនៅលើក្រដាស ប៉ុន្តែការអនុវត្តជាក់ស្ដែងមិនដូច្នេះឡើយ។
ពលរដ្ឋម្នាក់រស់នៅឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោក ស៊ឹប គួ ថ្លែងនៅថ្ងៃទី១៧ កុម្ភៈថា ក្នុងឃុំដែលលោករស់នៅជួបការលំបាកខ្លាំងទាំងរដូវប្រាំងនឹងរដូវវស្សា ដោយសារពុំមានការអភិវឌ្ឍន៍ណាមួយឡើយ ជាពិសេសផ្លូវដីហុយនិងមានភក់ពិបាកធ្វើដំណើរនៅរដូវវស្សា ហើយគ្មានទឹកប្រើប្រាស់នៅរដូវប្រាំង៖ «បាទ ! ទាល់តែប្រជាពលរដ្ឋបានដឹងទុក្ខធុរៈហ្នឹងតាមការពិតអាជ្ញាធរខ្លះ គាត់លើកជាបញ្ហាស្រួលៗ ខ្ញុំមើលទៅមិនមានយុត្តិធម៌ទេ។មិនមានយុត្តិធម៌ត្រង់ថា គាត់រាយការណ៍ថា គាត់អភិវឌ្ឍន៍គាត់ធ្វើ ប៉ុន្តែការធ្វើហ្នឹងបានប្រហែលតែ៣០ភាគរយអីទេ។ព្រោះនៅក្នុងភូមិតានួតដែលខ្ញុំរស់នៅហ្នឹងគឺអត់មានគ្រួស ក្រហមសោះតែម្ដង គឺមានតែផ្លូវដីសធម្មតាទេ » ។
ចំណែកកសិករម្នាក់រស់នៅស្រុកបារាយខេត្តកំពង់ធំ ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពថា ពលរដ្ឋក្នុងមូលដ្ឋានស្រុកបារាយណ៍បោះបង់ការធ្វើស្រែបណ្ដើរៗហើយ ដោយសារតម្លៃស្រូវចុះថោក ហើយគ្មានអាជ្ញាធរណាអើពើជួយដល់ពួកគាត់ឡើយ។ កសិកររូបនេះបន្ថែមថា លោកស្រីធ្វើស្រែ ២០ហិកតារ បានផលគួរសមដែរ ប៉ុន្តែលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារឡើយ ព្រោះតម្លៃស្រូវចុះថោក ដោយស្រូវសែនក្រអូប តម្លៃ ៨០០រៀលក្នុងមួយគីឡូក្រាម។លោកស្រីបញ្ជាក់ទៀតថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានចង់នាំគ្នាតវ៉ា ឱ្យប្ដូរមេដឹកនាំថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសរីកចំរើនជាងពេលបច្ចុប្បន្នដែរ ប៉ុន្តែមិនអាចជួបប្រជុំគ្នាសម្ដែងមតិបាន៖ «គេថា ជួយៗ ប៉ុន្តែ ដឹងជួយរបៀបម៉េចទេបើរបស់ធ្វើបានអីចឹងអត់មានហាងឆេងផង គេដឹងជួយដោះស្រាយអីចឹង។គេស្រេចតែមាត់គេថា យើងក្រីក្រដឹងទៅហ៊ាននិយាយណាបាន ហើយអង្ករទីផ្សារដូចអាចទទួលយកបានតម្លៃ ដល់ពេលស្រូវដូចថាសម្លាប់ប្រជាជន ដឹងថារើ បម្រាស់ទៅណាទេ ម្នាក់ៗ ចេះតែសម្ងំត្អូញទ្រាំរស់ទៅ » ។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីមន្ត្រីនៃក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញរបាយការណ៍ពីការអភិវឌ្ឍន៍របស់ខ្លួននាពេលកន្លងទៅថា ក្រសួងនេះបានធ្វើផ្លូវថ្នល់បណ្ដុះបណ្ដាលប្រជាពលរដ្ឋឱ្យមានជំនាញជាច្រើនមុខ ដើម្បីប្រកបមុខរបររកប្រាក់ចំណូលក្នុងគ្រួសារ ហើយធ្វើប្រឡាយទឹក និង សំណង់ជាច្រើនទៀត ដែលធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៧ កុម្ភៈថា ក្រសួងមួយនេះនឹងបន្តការងារយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤រដ្ឋាភិបាល ឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចបានកំណើនសេដ្ឋកិច្ច៧ភាគរយនៅ និងការកាត់បន្ថយភាពក្រីក្រឱ្យស្ថិតនៅក្រោម១០ភាគរយទៀតផង៖ «អីចឹងយើងពិនិត្យឃើញថាជារួមជីវភាពបងប្អូនប្រជាពលរដ្ឋនៅជនបទ មានការកើនឡើង ហើយដោយសារផ្លូវថ្នល់របស់យើងធ្វើបានច្រើន គឺងាយស្រួលក្នុងការធ្វើដំណើរជិះម៉ូតូ ឬក៏បើត្រាក់ទ័របើកគោយន្តទៅកាន់ស្រែចំការរបស់គាត់ ដោយសារតែផ្លូវថ្នល់របស់យើងមានការកែលំអច្រើន។ទោះបីថាមិនមានផ្លូវកៅស៊ូ ផ្លូវបេតុងក្ដីក៏យើងមានផ្លូវគ្រួសក្រហមនិងមានផ្លូវកម្រាលផ្សេងៗទៀត ដែលធ្វើគាត់ងាយស្រួលក្នុងការប្រើប្រាស់នូវយានយន្តទាំងអស់នោះ » ។
ផ្ទុយពីការលើកនេះ ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការអភិវឌ្ឍន៍ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ របស់ក្រសួងអភិវឌ្ឍន៍ជនបទ មាតែតួលេខ ប៉ុន្តែការអនុវត្តជាក់ស្ដែងមានតិចតួច ម្យ៉ាងទៀតការសាងសង់យឺតយ៉ាវ និងមិនមានស្តង់ដារនោះទេ។លោកបន្តថា ប្រជាកសិករនៅទីជនបទ ភាគច្រើនដាំដុះពឹងផ្អែកទៅលើចំណេះដឹងពីធម្មជាតិ ខ្វះការយកបង្ហាត់បង្រៀនពីក្រសួងពាក់ព័ន្ធ និងគ្មានទីផ្សារលក់កសិផលដែលមានតម្លៃសមរម្យជាដើម៖ «ហើយមួយវិញទៀតខ្ញុំមើលថា ប្រជាពលរដ្ឋនៅតែខ្វះខាតទឹក ដែលជាបញ្ហាមួយដែលមានទឹកតែក្នុងរដូវវស្សា ដោយសារតែអំណោយផលពីធម្មជាតិ។ប៉ុន្តែចាប់ពីខែវិច្ឆិការហូតមកដល់បច្ចុប្បន្ននេះគឺ ថាទឹកអត់មានសម្រាប់ពលរដ្ឋស្រោចស្រពទេ ហើយតំបន់មួយចំនួនដែលយើងទទួលបានព័ត៌មានហ្នឹងគឺថាទឹកស្ទើរតែមិនមានឱ្យគោក្របីផឹកទៅទៀត ឥឡូវនេះចាប់ផ្ដើមហើយ » ។
លោកបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទក៏មិនទាន់អភិវឌ្ឍន៍បានគ្រប់ទីកន្លែង ដែលប្រជាពលរដ្ឋជួបការលំបាក ដោយតំបន់ខ្លះ ពលរដ្ឋនៅតែគ្មានផ្លូវធ្វើដំណើរឱ្យបានសមរម្យ និងគ្មានទឹកស្រោចស្រពផលដំណាំជាដើម។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យក្រសួងមួយនេះ គួរសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្ថែមទៀត ចុះមូលដ្ឋានឱ្យបានច្រើន ដើម្បីប្រមូលព័ត៌មានពិត អំពីការអត់ឃ្លានរបស់ពលរដ្ឋ ជាពិសេស នៅតំបន់ជនបទដែលពលរដ្ឋខ្វះទឹកប្រើប្រាស់ ហើយនាំយកបញ្ហាទាំងនោះដោះស្រាយឱ្យបានឆាប់ និងឱ្យត្រូវតាមការចង់បានរបស់អ្នកស្រុក។លោក ថេង សាវឿន បន្ថែមថា ការសង់ប្រឡាយទឹកឱ្យបានច្រើនជារឿងសំខាន់របស់កសិករ ព្រោះធ្វើឱ្យពួកគាត់អាចដាំដុះរកប្រាក់ចំណូលបានគ្រប់រដូវ។ លោកថា ប្រសិនបើរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាទាំងអស់នេះទេ នឹងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែក្រីក្រ ហើយនាំគ្នាធ្វើចំណាកស្រុកកាន់តែច្រើន ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។