ពលរដ្ឋ​មួយចំនួន​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន

ដោយ ម៉ៅ សុធានី
2024.08.09

ពលរដ្ឋ​រស់នៅ​កៀក​ព្រំដែន​កម្ពុជា​-​វៀតណាម​តាម​ខេត្ត​មួយចំនួន​បាន​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​តំបន់​ឆ្ងាយៗ ដោយសារតែ​អត់​មានការ​ងារ​ធ្វើ​ក្នុងស្រុក។

អ្នកភូមិ​ខ្លះ​កំពុង​មាន​បញ្ហា​ជីវភាព​ធ្លាក់ចុះ និង​ប្រឈម​បញ្ហា​បំណុល ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​សូវ​មាន​ពេល​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ និង​សង្គមជាតិ​នោះ​ឡើយ។

ស្ថានភាព​តំបន់​ព្រំដែន​កម្ពុជា​-​វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង មាន​ភាព​ស្ងប់ស្ងាត់​កាន់តែ​ខ្លាំង​ឡើង មិនសូវ​មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ឡើយ ដោយ​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ខ្លះ គេ​ឃើញ មានតែ​មនុស្ស​វ័យ​ចំណាស់​មើល​កូនចៅ​ចាំផ្ទះ។

រីឯ​យុវជន​ពេញវ័យ ឬ​មនុស្ស​ពេញកម្លាំង​ភាគច្រើន ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​មួយចំនួន​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ឬ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។

យុវជន​ដែល​ចុះ​សិក្សា​ពី​ស្ថានភាព​ព្រំដែន​បារម្ភ​ថា ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ​បែប​នេះ ជា​ផ្នែក​មួយ ប៉ះពាល់​អធិបតេយ្យ​ជាតិ។

ពលរដ្ឋ​រស់នៅ​កៀក​តំបន់​ព្រំដែន ក្នុង​ខេត្តស្វាយរៀង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព សង្កេត​ឃើញ​ថា មូលហេតុ​ដែល​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ដោយសារ​សេដ្ឋកិច្ច​ស្រុត​ចុះ​ខ្លាំង ធ្វើ​ឱ្យ​ពួកគាត់ គ្មាន​លទ្ធភាព​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ដោះបំណុល។

រីឯ​ពលរដ្ឋ​ខ្លះទៀត គ្មាន​ការងារ​ធ្វើ​ក្នុងស្រុក ក៏​បង្ខំចិត្ត​ចាកចោល​ក្រុម​គ្រួសារ ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែរ។

លោកស្រី​បន្ថែម​ថា ពលរដ្ឋ​ភាគច្រើន​រវល់​តែ​រឿង​ជីវភាព​គ្រួសារ មិនសូវ​ខ្វល់​ពី​បញ្ហា​ព្រំដែន និង​នយោបាយ​នោះ​ឡើយ។

ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «ចំណាកស្រុក​ហ្នឹង​មកពី​គ្នា​រក​មិនបាន ហើយ​ស្រុក​ខ្ញុំ​គ្នា​រក​មិនបាន សេដ្ឋកិច្ច​ធ្លាក់​ចុះទៅ​គ្នា​ចេះតែ​ចេញ​ទៅ​រក​ក្រៅៗ​។ ម្យ៉ាងៗ​ទៀត​នាំគ្នា​ខ្ចី​លុយ​ធនាគារ​លាន់​ខ្លះ​ទិញ​ផ្ទះ ខ្លះ​ទិញ​ដី ព្រោះ​បង្កើត​មុខរបរ​រកស៊ី​វា​អត់​បាន​ប្រាក់​យក​មក​បង់​បន្ទប់ ធនាគារ​វិញ ណា៎​ខ្ចី​រយៈពេល​៥,,១០​ឆ្នាំ ម្ល៉ោះហើយ​បើ​មិន​ចេញ​បាន​អី​សង​គេ»។

ក្នុង​ខេត្ត​ស្វាយរៀង ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ច្រើន ឋិត​ក្នុងស្រុក​ស្វាយជ្រុំ ស្រុក​ចន្ទ្រា ស្រុក​រមាសហែក និង​ស្រុក​រំដួល​។ ស្រុក​ទាំងនេះ នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​អ្នកភូមិ​អះអាង​ថា មាន​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក​ច្រើន។

រីឯ​ស្ថានភាព​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ​ឯនោះ​វិញ ពលរដ្ឋ​មួយចំនួន​ក៏​ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ​ដែរ​ដោយ​ពួកគាត់​តែងតែ​មកលេង​ស្រុកកំណើត ជួបជុំ​បងប្អូន សាច់ញាតិ តែ​ក្នុង​ពេល​មាន​ពិធី​បុណ្យទាន​ធំៗ​ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំបិណ្ឌ។

យុវជន​ដែល​ចុះទៅ​សិក្សា​បញ្ហា​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ កញ្ញា រៀម ស្រីពេជ្ររតនា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី៨ សីហា​ថា ស្ថានភាព​ព្រំដែន​ខេត្ត​ត្បូងឃ្មុំ​មាន​ស្ថានភាព​ខ្សោយ​ខ្លាំង ខ្វះ​សេវា​អប់រំ សាលារៀន ផ្លូវ​លំបាក​ធ្វើដំណើរ និង​មិនសូវ​មាន​ពលរដ្ឋ​រស់​នៅទេ​ដោយ​ពលរដ្ឋ​ភាគច្រើន​ធ្វើ​ចំណាកស្រុក ដើម្បី​ស្វែងរក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​។

កញ្ញា​បន្ថែម​ថា សូម្បីតែ​ផ្លូវថ្នល់​ក៏​យ៉ាប់យ៉ឺន​ដែរ ពិបាកធ្វើ​ដំណើរ ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត។

កញ្ញា រៀម ស្រីពេជ្ររតនា៖ «នៅ​ទីនោះ​ប្រជាជន​មានការ​ចំណាកស្រុក​ច្រើន ហើយ​ខ្ញុំ​ទៅ​ទីនោះ​ឃើញ​បី​ទៅ​បួន​ភូមិ​ដែរ​។ ចំពោះ​ទិដ្ឋភាព​ដែល​ខ្ញុំ​ទៅ​ជាក់ស្ដែង​គឺ អត់​មាន​ប្រជាជន​រស់នៅ​ទេ ហើយ​សម្រាប់​ផ្លូវថ្នល់​វិញ​គឺ​ពួកគាត់​រស់នៅ​ដោយ​លំបាក ហើយ​តំបន់​នោះ​ជា​តំបន់​នោះ​រស់នៅ​ដាច់ស្រយាល​មែនទែន»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ឡាំ ជា បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី៧ និង​ទី​០៨ សីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

រីឯ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ក៏​មិនអាច​ទាក់ទង​បាន​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់ថា បញ្ហា​ទាំងនេះ ជា​កត្តា​រួមផ្សំ​យ៉ាង​សំខាន់ បង្ក​ហានិភ័យ​ដល់​បូរណភាព​ទឹកដី ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល ពិនិត្យ​ឱ្យបាន​ល្អិតល្អន់ ដោយ​ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​មាន​ស្មារតី​ជាតិនិយម និង​ព​ន្លឿ​ន​អភិវឌ្ឍន៍​តាម​តំបន់​ដែន​ឱ្យ​គ្រប់​ច្រកល្ហក​៖

លោក ម៉ែន ណាត៖ «អាហ្នឹង​វា​ជា​ហានិភ័យ​ដែល​យើង​បារម្ភ​រាល់ថ្ងៃ ទើប​យើង​ចេះតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ពង្រឹងស្មារតី​ជាតិ​ឡើងវិញ​។ យើង​ឃើញ​ថា មាន​ពួក​ប៉ូលិស​ខ្មែរ​យើង​ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ហ្នឹង​គ្មាន​ដឹង​អី​ទេ ធ្វើ​ម៉េច​ការពារ​ទឹកដី​ព្រំដែន​ហ្នឹង ព្រោះ​ផែនទី​ព្រំដែន​ក៏​មិន​ចេះ​មើល ហើយ​ចំណេះដឹង​នៅ​តាម​ព្រំដែន​បន្តិចបន្តួច​ក៏​គ្មាន​អ្នកណា​បណ្ដុះ​បង្រៀន»។

កន្លង​ទៅ​ក្រុម​ការងារ ១០០​រាត្រី ដែល​បន្ត​បេសកកម្ម​ពី​លោក បណ្ឌិត កែម ឡី បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​រាត្រី​ទី​៤៥ ស្ដីពី​សមត្ថភាព​ការពារ​ព្រំដែន​របស់​កម្ពុជា ទន់ខ្សោយ​។​

របាយការណ៍​លើកឡើង​ថា សមត្ថភាព​ការពារ​ព្រំដែន​របស់​សមត្ថកិច្ច​កម្ពុជា មិន​ត្រឹមតែ​ខ្វះខាត​ច្រើន​នោះ​ទេ គឺ​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ប្រជាជន​រស់នៅ​តាម​ព្រំដែន ជាច្រើន​ទសវត្សរ៍​មក​ហើយ។

រីឯ​ខេត្ត​ចំនួន ៦ ជាប់​ព្រំដែន​វៀតណាម គឺ​ខេត្ត​ត្បូងឃ្មុំ ខេត្តតាកែវ កំពត ព្រៃវែង ស្វាយរៀង និង​ខេត្ត​កណ្តាល ជាប់​ព្រំដែន​របស់​កម្ពុជា​- វៀតណាម ស្ថានភាព​ព្រំដែន​ទីនោះ គឺ​គ្មាន​របង​ការពារ​ព្រំដែន​នោះ​ទេ។

ចំណែកឯ​នៅ​ខេត្តតាកែវ ក្នុងស្រុក​ចំនួន ២ គឺ​ស្រុក​បូរី​ជលសារ និង​ស្រុក​គីរីវង្ស មាន​ច្រកព្រំដែន​អន្តរជាតិ​ភ្នំដិន ច្រករបៀង​កំណប់ និង​ច្រក​ថ្ម​បី​ដុំ ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២៦៥ ដល់​បង្គោល​លេខ ២៧៥ គឺ​ស្ថានភាព​ព្រំដែន​នៅ​តំបន់​នោះ ក៏​ពុំ​សូវ​មានការ​អភិវឌ្ឍ​នោះ​ដែរ ប្រជាជន​ខ្មែរ ធ្វើ​ចំណាកស្រុក​ស្ងាត់​ភូមិ ស្រូវ​ស្រែ​ខ្លះ​គ្មាន​អ្នកធ្វើ និង​ជួល​ឱ្យ​វៀតណាម ដែល​ផ្ទុយគ្នា​ដាច់​ស្រឡះ​ពី​ប្រទេស​វៀតណាម មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រជាជន​រស់នៅ​ច្រើន​ស្អេកស្កះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សង្គមស៊ីវិលបារម្ភថា កសាង​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជាង ២០ខេត្ត/ក្រុង ជា​និមិត្ត​រូប​បំបែក​បំបាក់​សាមគ្គី​ខ្មែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។