ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ថា ក្បួន​រថយន្ត​រាប់​រយ​គ្រឿង​របស់ Gumball 3000 បង្ក​ឱ្យ​ញ័រ​រញ្ជួយ​គ្រឹះ​ប្រាសាទ

ដោយ ទីន ហ្សាការីយ៉ា
2024.09.18
ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ថា ក្បួន​រថយន្ត​រាប់​រយ​គ្រឿង​របស់ Gumball 3000 បង្ក​ឱ្យ​ញ័រ​រញ្ជួយ​គ្រឹះ​ប្រាសាទ ក្បួន​រថយន្ត​រាប់​រយ​គ្រឿង​ក្នុង​ព្រឹត្តិការណ៍ Gumball 3000 បើក​កាត់​ខ្លោងទ្វារ​ប្រាសាទបាយ័ន កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ក្រសួងទេសចរណ៍

ពលរដ្ឋ​មួយ​ចំនួន បារម្ភ​ថា ក្បួន​រថយន្ត​រាប់​រយ​គ្រឿង​ក្នុង​ព្រឹត្តិការណ៍ Gumball 3000 អាច​នឹង​បង្ក​ឱ្យ​ញ័រ​ប៉ះពាល់​ដល់​គ្រឹះ​ប្រាសាទ​អង្គរវត្ត។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹត្តិការណ៍​ជួបជុំ​រថយន្ត​កម្រិត​អន្តរជាតិ Gumball 3000 ប្រមូល​ផ្ដុំ​នូវ​រថយន្ត​សេរី​ទំនើប ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ ជាង ១រយ​គ្រឿង​នៅ​តំបន់​អង្គរ។

អ្នក​រត់​ម៉ូតូ​កង់​បី​ក្រុង​សៀមរាប លោក ឆាយ រ័ត្ន ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៧ ខែកញ្ញា​ថា ក្នុង​រយៈ​ពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី១៦ និង​ថ្ងៃ​ទី១៧ នៅ​តំបន់​អង្គរវត្ត មាន​ការ​កក​ស្ទះ​ចរាចរណ៍ ដោយ​សារ​តែ​អាជ្ញាធរ​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​តំបន់​នោះ។ លោក​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​ក្បួន​រថយន្ត​រាប់​រយ​គ្រឿង​មក​ទស្សនា​នៅ​តំបន់​អង្គរវត្ត ក៏ប៉ុន្តែ​ពលរដ្ឋ​អ្នក​មូលដ្ឋាន ដូចជា អ្នក​រត់​ម៉ូតូ​កង់​បី​ជា​ដើម បែរ​ជា​ពុំ​សូវ​មាន​ភ្ញៀវ​ដឹក​ឡើយ។ អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នេះ​បារម្ភ​ថា ក្បួន​រថយន្ត​ទំនើប ដែល​មាន​ម៉ាស៊ីន​ធំៗ និង​ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ធំៗ អាច​បង្ក​ឱ្យ​ញ័រ​រញ្ជួយ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ។

លោក ឆាយ រ័ត្ន៖ «បាទ! ជាក់ស្ដែង បើ​តាម​អ្វី ដែល​ខ្ញុំ​គិត​មើល​ទៅ វា​អាច​នឹង​ប៉ះពាល់​ដែរ ដោយសារ​សំឡេង​ម៉ាស៊ីន សំឡេង​ខ្លាំងៗ អាច​ខ្ទ័រ​ដល់​ថ្ម​ប្រាសាទ​អាច​ប៉ះពាល់​ដែរ ប៉ុន្តែ គ្រាន់តែ​ថា បើ​កម្មវិធី​គេ​រៀបចំ​អ៊ីចឹង​ហើយ គឺ​មិន​ដឹង​ថា គេ​គិត​បែប​ណា​ទេ។ តាម​អ្វី​ដែល​ប្រជាជន​មើល​ឃើញ​ដូច​ខ្ញុំ​ផ្ទាល់​មើល​ឃើញ គឺ​អាច​មើល​ឃើញ​ព្រោះ​គ្រឿង​ម៉ាស៊ីន​ឮ​សន្ធឹក​ខ្លាំងៗ ជាពិសេស​ការ​ចាក់​ធុង​បាស»

សកម្មជន​បរិស្ថាន អ្នកនាង​លឹម គឹមស័រ ដែល​ធ្លាប់​ធ្វើការ​ជាមួយ​ពលរដ្ឋ​នៅ​តំបន់​ ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​តំបន់​អង្គរ លើកឡើង​ថា ទិសដៅ​ភ្ញៀវ​ទេសចរណ៍​ ដែល​មក​លេង​នៅ​កម្ពុជា គឺ​មិន​ត្រឹមតែ​ទស្សនា​ប្រាង្គ​ប្រាសាទ​តែ​ប៉ុណ្ណឹង​ទេ គឺ​ពួកគាត់​ក៏​ចង់​ដឹង​ពី​របៀប​រស់នៅ​របស់​ពលរដ្ឋ​នៅ​តំបន់​អង្គរ​ផង​ដែរ។

អ្នកនាង លឹម គឹមស័រ៖ «តែ​យ៉ាង​ណា​យើង​ក៏​ចំណេញ​តិចតួច​ដែរ ត្រង់​ថា ក្រុម​អ្នក​ដែល​គេ​ធ្វើ​យូធូប (YouTube) ឬ​ក៏​អ្នក​ធ្វើ​មាតិកា (Content) ល្បីៗ មក គឺ​ធ្វើ​ឲ្យ​ផ្អើល​ឲ្យ​ល្បី​ខាង​ខ្មែរ​ច្រើន​វា​ជា​រឿង​ដែល​ល្អ ប៉ុន្តែ​យើង​មិន​មែន​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ យើង​ចង់​ឲ្យ​ក្រសួង​រៀបចំ​ការ​លក់ដូរ ការ​រស់នៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ពួកគាត់​មាន​មុខ​របរ​មាន​ចំណូល អា​ហ្នឹង​បាន​ហៅ​ថា ជួយ​ប្រជាជន​ពិត​ប្រាកដ។ បើ​សិន​ជា​នាំ​តែ​គេ​មក ឲ្យ​តែ​គេ​ស្គាល់ ប៉ុន្តែ​ចំណូល​បាន​ទៅ​តែ​ក្រុម​អ្នក​មាន​អូតែល អ្នក​មាន​ផ្ទះ​ស្នាក់​ធំៗ អត់​បាន​ដល់​ប្រជាជន​ខ្មែរ​យើង​ដដែលៗ អីចឹង​វា​អត់​មាន​ន័យ​អ្វី​ទេ សម្រាប់​ប្រជាជន​យើង»

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​រថយន្ត​សេរី​ទំនើបៗ ដែល​មាន​កម្លាំង​ម៉ាស៊ីន​ធំៗ ជាង ១រយ​គ្រឿង បាន​​ធ្វើ​ដំណើរ​ឆ្លង​កាត់​ខ្លោង​ទ្វា​ទន្លេ​អុំ ស្ថិត​នៅ​ទិស​ខាង​ត្បូង នៃ​ប្រាសាទ​អង្គរវត្ត និង​បាន​ឈប់​បន្ត​កន្ទុយ​គ្នា​នៅ​មាត់​ជណ្ដើរ​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១៦ និង​ទី១៧ ខែ​កញ្ញា។ ក្រៅ​ពី​នេះ ក្រសួង​ទេសចរណ៍ និង​អ្នក​រៀបចំ​កម្មវិធី ក៏​បាន​រៀបចំ​ជប់លៀង ដោយ​មាន​ការ​ប្រគំ​តន្ត្រី​លាន់​ឮ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ផង​ដែរ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល និង​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័គ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៧ ខែកញ្ញា។

កាល​ពី​ពេល​កន្លង​ទៅ អាជ្ញាធរ​ជាតិ​អប្សរា ធ្លាប់​ហាម​មិន​ឲ្យ​យានយន្ត​ឆ្លង​កាត់​មុខ​ប្រាសាទ​អង្គរវត្ត​ឡើយ ក្រោម​ហេតុផល ៣យ៉ាង គឺ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ បញ្ហា​យានយន្ត​ចត​គ្មាន​សណ្ដាប់​ធ្នាប់​បណ្ដាល​ឲ្យ​ខូច​សោភណភាព និង​បញ្ហា​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​ខ្លះ បាន​ចត​ដាក់​ភ្ញៀវ​ជិត​ប្រាសាទ ធ្វើ​ឲ្យ​ញ័រ​រញ្ជួយ​ដល់​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ។

អ្នក​សិក្សា​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​ម្នាក់ ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​សាង​សង់​ផ្លូវ​ថ្នល់​នា​សម័យ​អង្គរ គឺ​ដូនតា​ខ្មែរ ធ្វើ​ឡើង​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដូចជា ថ្មើរ​ជើង ឬ​ការ​ជិះ​រទេះ​ប៉ុណ្ណោះ។ លោក​ថា ផ្លូវ​ថ្នល់ ដែល​នៅ​ជាប់​ប្រាង្គ​ប្រាសាទ​ទាំង​នេះ អាច​នឹង​រង​នឹង​កម្លាំង​ញ័រ ហើយ​អាយុកាល​នៃ​សំណង់ ក៏​នឹង​កាត់​បន្ថយ​ដែរ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ប្រាសាទ​ហ្នឹង យើង​ដឹង​តែ​ស្រុត​ហើយ បើ​វា​រង​រំញ័រ​ដែរ ហើយ​ដី​ប្រាសាទ​គេ​មិន​មាន​ធ្វើ​គ្រឹះ​មក​ពី​ណា ដោយ​គ្រាន់​យក​បន្តុប​លើ​គ្នា​ឲ្យ​ជាប់»

ព្រឹត្តិការណ៍​ជួបជុំ​ឡាន​អន្តរជាតិ ហ្គាំបល ៣០០០ លើក​ទី២៥ (2024 Gumball 3000 Rally) ធ្វើ​ឡើង​នៅ​តំបន់​អាស៊ី ដែល​ចេញ​ដំណើរ​ពី​ប្រទេស​វៀតណាម (Vietnam) ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ហើយ​បន្ត​ដំណើរ​ទៅ​ប្រទេស​ថៃ (Thailand) រួច​ឆ្ពោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ហើយ​គោលដៅ​ចុងក្រោយ​នៅ​ប្រទេស​សិង្ហបុរី (Singapore) ក្នុង​រយៈ​ពេល ៨ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី២២ ខែកញ្ញា។ ក្បួន​រថយន្ត​ទាំង​នេះ បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា (Gumball 3000 Rally in Cambodia) កាលពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែកញ្ញា។

គេ​សង្កេត​ឃើញ​ភាគ​ច្រើន​នៃ​អ្នក​ចូលរួម​ព្រឹត្តិការណ៍ ហ្គាំបល ៣០០០ គឺ​ជា​ជនជាតិ​ខ្មែរ ហើយ​មាន​ជន​បរទេស​តិច​តួច​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​កីឡាករ សហគ្រិន តារា​ល្បីៗ និង​អ្នក​មាន​ឥទ្ធិពល (influencers) លើ​ពិភពលោក ។

ចំណែក​កូនចៅ​អ្នក​មាន​លុយ​មាន​អំណាច​នៅ​កម្ពុជា​វិញ បាន​ប្រមូល​ផ្ដុំ​រថយន្ត​ទំនើបៗ ជាង ១រយ​គ្រឿង នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ដើម្បី​ចូលរួម​កម្មវិធី​នេះ។ ប៉ុន្តែ​រថយន្ត​មួយ​ចំនួន ដែល​យក​មក​ចូលរួម​នេះ មិន​បំពាក់​ស្លាក​លេខ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។