ប្រជាពលរដ្ឋមួយចំនួនអះអាងថា វិធានការទប់ស្កាត់គ្រឿងញៀនរបស់រដ្ឋាភិបាលនៅតែគ្មានប្រសិទ្ធភាព ទើបធ្វើឱ្យអ្នកប្រើប្រាស់គ្រឿងញៀនកើតមានច្រើននៅតាមមូលដ្ឋាន ជាពិសេស នៅតំបន់ព្រំដែនកម្ពុជា។ ប្រតិកម្មរបស់អ្នកភូមិនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញរបាយការណ៍បង្ក្រាបជនល្មើសឆ្នាំកន្លងទៅទទួលបានលទ្ធផលល្អ។
ប្រជាពលរដ្ឋនៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យថ្លែងសុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី១៦ មីនាថា បញ្ហាអ្នកប្រើប្រាស់គ្រឿងញៀននៅតំបន់ព្រំដែនដែលពួកគេរស់នៅ គឺមិនមានការថមថយនោះទេ ផ្ទុយទៅវិញអ្នកប្រើប្រាស់កាន់តែច្រើនឡើង។ពលរដ្ឋរូបនេះបន្ថែមថាមូលហេតុអ្នកជក់ថ្នាំញៀនច្រើន ដោយសារតែវិធានការទប់ស្កាត់របស់អាជ្ញាធរគ្មានប្រសិទ្ធភាព៖ «សកម្មភាពដែលគេលក់ដូរធំដុំហ្នឹងខ្ញុំខ្លាចតែគេបង្ក្រាបមិនបាន ឮតែបង្ក្រាបៗហ្នឹងក្រែងតែស្រុកយើងអាចថា វាមានខ្សែរយៈមានអី បង្ក្រាបបានតែតូច ចំពោះអ្នកជួញដូរធំហ្នឹងបង្ក្រាបវាមិនបានគ្រឿងញៀនវាចេះតែហៀរហូរធ្លាក់ដល់ភូមិឃុំស្រុកខេត្តមួយចំនួនសឹងតែទូទាំងប្រទេសហើយ។តំបន់ណាក៏ឮតែបង្ក្រាបគ្រឿងញៀនក្មេងសេពគ្រឿងញៀន លក់គ្រឿងញៀន មានអំពើចោរប្លន់គ្រប់បែបយ៉ាងអីចឹង បង្ក្រាបរបៀបម៉េចបើវានៅតែដដែលអីចឹង » ។
លោកបន្ត អ្នកប្រើប្រាស់គ្រឿងញៀនបង្កការភ័យខ្លាចដល់ការរស់របស់ប្រជាពលរដ្ឋ ដោយសារពួកគេញៀនថ្នាំម្ដងៗតែងឈ្លោះកាប់គ្នាជាញឹកញាប់ នៅក្រុងប៉ោយប៉ែត។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមិនហ៊ានបញ្ចេញឈ្មោះម្នាក់ទៀត ឱ្យដឹងថា កន្លងទៅអាជ្ញាធរចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនញឹកញាប់ដែរ ក៏ប៉ុន្តែពួកគេនៅតែត្រឡប់មកជក់ថ្នាំញៀនវិញដដែល។លោកបន្ថែមថា បញ្ហានេះបណ្ដាលមកពីការអនុវត្ដច្បាប់របស់សមត្ថកិច្ចធូររលុង និងមានការប្រព្រឹត្តអំពើពុករលួយជាមួយជនល្មើស ទើបពួកគេមិនខ្លាចច្បាប់ ជាពិសេសអ្នកជួញដូរថ្នាំញៀន៖ «ខ្ញុំសំណូមពរឱ្យខ្លាំងបំផុតហ្នឹងគឺរកមេខ្លោង ព្រោះធម្មតាបើយើងនៅតែទប់ទឹកដែលវាស្រកមក។ អ៊ីចឹងយើងទប់រហូត ទប់យ៉ាងណាក៏ទប់មិនឈ្នះដែរ ពីព្រោះយើងមិនបានទប់ប្រភពទឹកធំដល់ពេលចឹងទៅវានៅតែស្រក់នៅតែហូរនៅតែជ្រាបព្រោះទឹកច្រើន។អីចឹងខ្ញុំសំណូមពរមែនទែនមិនដឹងថា តើគាត់មានវិធានការបែបណាឬក៏របៀបណាទេ ប៉ុន្តែគ្នាប្រជាពលរដ្ឋគឺសំណូមពរសុំឱ្យគាត់មេតារកប្រភពឱ្យឃើញឬមួយបន្ថែមការបង្ក្រាបឱ្យបានច្រើនថែមទៀត » ។
ប្រជាពលរដ្ឋទាំងនេះ បានប្រតិកម្មនឹង របាយការណ៍បូកសរុបការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា មានតែតួលេខនៅលើក្រដាស ប៉ុន្តែមិនបានឆ្លុះបញ្ចាំការពិតឡើយ ពីព្រោះចំនួនអ្នកប្រើប្រាស់ថ្នាំញៀននៅតែកើតមានច្រើនដដែល។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ធ្វើសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ នៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី១៦ ខែមីនា។ របាយការណ៍សង្ខេបអំពីលទ្ធផលត្រួតពិនិត្យគ្រឿងញៀនទូទាំងប្រទេសនៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ បានឱ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺអាជ្ញាធរបង្ក្រាបបានជិត១ពាន់ករណី (៩.៨០៦) ឃាត់ខ្លួនជនសង្ស័យបានជាង ២ម៉ឺននាក់ (២០.៤៩០) និងរឹបអូសគ្រឿងញៀន បានជាង ៧០០គីឡូក្រាម(៧៥០) គឺកើនឡើងប្រមាណ ៣០ភាគរយ ធៀបឆ្នាំ២០១៨។ ក្នុងនោះបទល្មើសធំៗ ចាប់ពី១គីឡូក្រាមឡើងទៅ មាន ៦១ករណី ស្មើនឹងគ្រឿងញៀនសរុបប្រមាណ ៧០០គីឡូក្រាម។
នៅក្នុងឆ្នាំ២០២០នេះអាជ្ញាធរបានដាក់ចេញវិធានសំខាន់ៗ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចជា ជំរុញសកម្មភាពស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាបការនាំចូលនិងជួញដូរ លើកកម្ពស់ សកម្មភាពកិច្ចសហប្រតិបត្តិការទប់ស្កាត់ ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស ដើម្បីស្រាវជ្រាវរកបណ្ដាញឧក្រិដ្ឋជនជួយដូរគ្រឿងញៀនធំៗ ជាដើម។
ទោះជាយ៉ាងណាក្ដី ប្រធានគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា បញ្ហាដែលអាជ្ញាធរបង្ក្រាបគ្រឿងញៀនមិនបានជោគជ័យបណ្ដាលមកពី ជនល្មើសមានបណ្ដាញចែកចាយច្រើន ហើយមានមូលដ្ឋានរឹងមាំ និងមានឥទ្ធិពលខ្លាំងលើសសមត្ថកិច្ចអ្នកបង្ក្រាប។លោកបញ្ជាក់ថា ដើម្បីធ្វើការងារនេះឱ្យមានប្រសិទ្ធភាព លុះត្រាតែអាជ្ញាធរពាក់ព័ន្ធសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នាចាប់ជនល្មើសផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់៖ «ព្រោះអីយើងដឹងហើយថាមានការប្រែក្លាយពីអ្នកប្រើប្រាស់ហ្នឹងទៅជាអ្នកចែកចាយគ្រឿងញៀន អីចឹងពេលដែលមានរូបភាពឬក៏បណ្ដាញស្អិតល្មួតបែបនេះ អីចឹងបើកាលណាគេប្រើប្រាស់ពីបណ្ដាញរបស់គេពីមនុស្សញៀនថ្នាំឱ្យទៅជាអ្នកចែកចាយបណ្ដាញរបស់គេកាន់តែរឹងមាំ ។គេបានបណ្ដាញរបស់គេលក់បានលុយផងហើយគេបានប្រើប្រាស់ទៀតហើយអីចឹងគេពង្រីកបណ្ដាញគេឱ្យរីករាលដាលដល់ទីវត្តអារាមនៅឯទីជនបទ » ។
ប្រធានអង្គការ ខាណា លោក ជួប សុខចំរើន មានប្រសាសន៍ថា បច្ចុប្បន្នចំនួនអ្នកញៀនថ្នាំដែលចូលអប់រំបំបាត់នៅក្នុងអង្គការរបស់លោក និងនៅតាមស្ថាប័នរដ្ឋមានចំនួនកើនឡើងជាងឆ្នាំកន្លងទៅ ប៉ុន្តែលោកមិនមានតួលេខបង្ហាញចំនួនអប់រំទាំងនោះទេ។ លោកបន្ថែមថា ដើម្បីកាត់បន្ថយការជួញដូរគ្រឿងញៀន ដែលជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រដទៃនោះ គឺអាជ្ញាធរពាក់ព័ន្ធគួរតែអប់រំប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ថ្នាំញៀន តាមរយៈជំរុញអាណាព្យាបាលឱ្យណែនាំកូនត្រូវចៀសឆ្ងាយពីគ្រឿងញៀន។ លោកថា ការធ្វើបែបនេះនឹងធ្វើឱ្យអ្នកជួញដូរពិបាករកទីផ្សារលក់ថ្នាំញៀន ហើយទីបំផុតនាំគ្នាឈប់ប្រកបរបរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។