ប្រជាពលរដ្ឋជាច្រើននៅខេត្តបាត់ដំបងបាននាំគ្នានេសាទត្រីនៅទំនប់ទឹកសាលាតាអន ក្នុងស្ទឹងសង្កែ ស្ថិតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ដែលធ្វើឱ្យទំនប់នេះក្លាយទៅជាផ្សារត្រីតាមរដូវជាថ្មីម្ដងទៀត។ ក៏ប៉ុន្តែអ្នកនេសាទត្អូញត្អែរថា រដូវទឹកឡើងនៅឆ្នាំនេះមិនសូវសម្បូរត្រីធំដូចឆ្នាំមុនឡើយ ខណៈត្រីខ្លះស្ទើរតែបាត់បង់ពីក្នុងស្ទឹងសង្កែ ទៅហើយ។
ទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបង ចាប់ផ្ដើមឡើង និងហូរចាក់ទៅកាន់បឹងទន្លេសាបបណ្ដើរៗហើយ ដោយនាំមកនូវត្រីតូចៗជាច្រើនហូរមកតាមទឹកជំនន់។ ហ្វូងត្រីតូចៗដែលហូរមកតាមទឹកនេះ បានទាក់ទាញប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប និងនៅតាមស្រុកមួយចំនួនទៀត នាំគ្នាចេញទូកមកនេសាទនៅទំនប់ស្ទាក់ទឹកសាលាតាអន ដែលធ្វើឱ្យសំណង់ទ្វារទឹកនេះក្លាយទៅជាផ្សារត្រីស្រស់ ជាថ្មីម្ដងទៀត។
ពលរដ្ឋនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ លោកស្រី តាប់ ឯម ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្រី និងប្ដីមកដងត្រីនៅទំនប់សាលាតាអន នេះក្នុងមួយថ្ងៃបានប្រហែល ១០០គីឡូក្រាម ហើយលោកស្រីបានលក់ក្នុងមួយគីឡូក្រាមតម្លៃ ២ពាន់ ទៅ ៣ពាន់រៀល។ ប៉ុន្តែលោកស្រីថា ដោយសារឆ្នាំនេះទឹកស្ទឹងសង្កែ ហូរមកខ្លាំងធ្វើឱ្យទិន្នផលត្រីធ្លាក់ចុះជាងឆ្នាំមុន និងសម្បូរតែត្រីតូចល្អិតល្អោចប៉ុណ្ណោះ។
លោកស្រី តាប់ ឯម៖ «នៅផ្សារត្រីនេះ មនុស្សកាន់តែច្រើនហើយ។ ម្សិលមិញម្សិលម្ង៉ៃមនុស្សច្រើនដើរអត់រួចទេ។ ត្រីថោកណាស់ មួយគីឡូ ២ពាន់រៀល ឬ ១ពាន់ ៥រយរៀល»។
ជាទម្លាប់អ្នកនេសាទតាមដងស្ទឹងសង្កែ ចេញទូករាយមង និងបង់សំណាញ់ចាប់ពីចុងខែអស្សុជ រហូតដល់ខែកត្តិក ពោលគឺចាប់ពីចុងខែតុលា ដល់ពាក់កណ្ដាលខែវិច្ឆិកា ជាពិសេសនៅក្នុងខែកត្តិកខ្នើតដែលមានពន្លឺព្រះចន្ទចែងចាំងគឺជាពេលដែលអ្នកនេសាទរកត្រីបានច្រើន។
ក្នុងអំឡុងរដូវត្រីឡើង ទំនប់សាលាតាអន បានទាក់ទាញពលរដ្ឋជាច្រើនមកលេងកម្សាន្ត ដោយអ្នកខ្លះមកទិញត្រីស្រស់ៗយកទៅធ្វើម្ហូប ឬប្រឡាក់ធ្វើផ្អក និងប្រហុកដើម្បីស្តុកទុកជាដើម។ ក្រៅពីលក់ត្រីស្រស់ៗ ប្រជានេសាទនៅភូមិព្រែកតាច្រែង បានយកត្រីមួយចំនួន មកកិនធ្វើប្រហិត សង្វាក់ និងបំពងសម្រាប់លក់ឱ្យភ្ញៀវផងដែរ។
អ្នកលក់ត្រីនៅទំនប់សាលាតាអន លោកស្រី ធឿន ស្រីមុំ រៀបរាប់ថា លោកស្រីមកលក់ត្រីនៅទំនប់សាលាតាអន នេះរយៈពេល ២ឆ្នាំមកហើយ ដោយលោកស្រីលើកត្រីពីទូកអ្នកនេសាទយកមកលក់បន្ត ហើយក្នុងមួយថ្ងៃលោកស្រីអាចរកចំណូលបានប្រហែល ១០ម៉ឺនរៀល។
លោកស្រី ធឿន ស្រីមុំ៖«ចេះតែចុះទៅតាមអ្នករកត្រីទៅ។ បើគាត់រកបានច្រើនយើងទិញបានច្រើន បើគាត់រកបានតិច យើងក៏ទិញបានតិច។ ចេះតែទិញបន្តិចបន្តួចតាមគាត់ទៅ»។
ជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ ដែលមានប្រភពហូរមកពីតំបន់ភ្នំនៅឆ្នាំនេះ បាននាំមកនូវត្រីតូចល្អិតៗ មានដូចជាត្រីរៀល ត្រីចង្វាមូល ត្រីក្អិត និងមិនសូវសម្បូរត្រីធំៗដូចជា ត្រីត្អោន ត្រីសណ្ដាយ ត្រីកេះ ត្រីកញ្ចុះ ត្រីឆ្លាំង ឬត្រីឆ្ពិនដូចកាលពីមុននោះទេ ដោយអ្នកនេសាទភាគច្រើនប្រើប្រាស់មង និងសំណាញ់ក្រឡា ២ហ៊ុនកន្លះទៅ ៣ហ៊ុនទើបអាចចាប់ត្រីល្អិតៗទាំងនោះបាន។
អ្នកនេសាទត្រីនៅទំនប់សាលាតាអន ម្នាក់មកពីឃុំសំរោងក្នុង លោក ព្រឿង សំណាង រៀបរាប់ថា ត្រីឆ្នាំនេះឡើងមកច្រើន ប៉ុន្តែសម្បូរតែកូនត្រីល្អិតៗ ព្រោះទឹកជំនន់ហូរខ្លាំងដែលធ្វើឱ្យអ្នកនេសាទពិបាកចេញទូកទៅនេសាទកណ្ដាលស្ទឹង។ លោករំពឹងថា នៅដើមខែកត្តិក ចំនួនត្រីនឹងកើនឡើងជាងនេះ នៅពេលទឹកស្ទឹងសង្កែ ស្រកចុះ។
លោក ព្រឿង សំណាង៖ «យើងមករកត្រីសម្រាប់ធ្វើជាម្ហូបអាហារ មិនមែនសម្រាប់មកលក់មកដូរអ្វីទេ យកទៅធ្វើខ ឬធ្វើប្រហុកហ្នឹងឯង»។
នាយកប្រតិបត្តិអង្គការទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ និងរបបទឹកឡើងមិនទៀងទាត់បានធ្វើឱ្យពូជត្រីមួយចំនួន ធំធាត់មិនទាន់រដូវកាលនេសាទឡើយ។ លោកស្នើឱ្យប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងប្រលែងមេត្រីណាដែលជិតផុតពូជចូលទៅក្នុងស្ទឹង ឬទន្លេវិញ ដើម្បីឱ្យត្រីទាំងនោះ បង្កកំណើតឡើងវិញ។
លោក លាង ប៊ុនលាភ៖«ទោះបីយើងធ្វើហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ដោយ ធ្វើម៉េចយើងត្រូវធ្វើប្រលោះត្រីធ្វើចរាចរណ៍បម្លាស់ទីបាន។ បើយើងបិទខ្ទប់ជិតអ៊ីចឹង វាធ្វើឱ្យត្រីហ្នឹង មិនអាចធ្វើដំណើរទៅមុខបានទៀតទេ មានតែប្រភេទត្រីមួយចំនួន ដែលអាចសេសសល់ ចំណែកត្រីសំខាន់ៗ ដែលផ្លាស់ទីឆ្ងាយៗ ដូចជាត្រីព្រួលឬក៏ត្រីក្អែកដែលសំខាន់ទាំងអស់ហ្នឹង វាអាចនឹងបាត់បង់»។
ដូចគ្នានេះដែរ ប្រជានេសាទនៅទំនប់សាលាតាអន ចង់ឃើញពូជត្រីមួយចំនួន ដែលស្ទើរតែបាត់ខ្លួនពីស្ទឹងមានវត្តមានឡើងវិញ។ ពួកគាត់ស្នើឱ្យអាជ្ញាធរគ្រប់គ្រងទឹកក្នុងស្ទឹងសង្កែឱ្យមានស្ថិរភាព ទប់ស្កាត់បទល្មើសនេសាទ និងបង្កើតកម្មវិធីអភិរក្សពូជត្រីកម្រ ដើម្បីឱ្យជីវៈចម្រុះនៅក្នុងស្ទឹងសង្កែ មានភាពសម្បូរបែបឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។