ពលរដ្ឋ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ​ដោយសារ​ល្បែង​អនឡាញ​កើត​ច្រើន​ឡើង​វិញ

2023.08.28
ពលរដ្ឋ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ​ដោយសារ​ល្បែង​អនឡាញ​កើត​ច្រើន​ឡើង​វិញ សកម្មភាពពលរដ្ឋ​នាំគ្នាលេងភ្នាល់​ល្បែង​ឡូតូ​អនឡាញ តាមមូលដ្ឋាន​ដែល​កើតមាន​សឹងគ្រប់ទីកន្លែង។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជា​ពលរដ្ឋ​មួយចំនួន​អះអាង​ថា បញ្ហា​អសន្តិសុខ​កើន​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​បណ្តាល​មក​ពី​ល្បែង​ស៊ីសង កើត​ឡើង​វិញ​នៅ​គ្រប់​កន្លែង។ ពលរដ្ឋ​ទាំង​នេះ​លើក​ឡើង​ថា ការ​បង្ក្រាប​ល្បែង​ស៊ីសង​​កន្លង​មក​ហាក់​ ធ្វើ​ឡើង​បាន​តែ​មួយ​ពេល​ខ្លី ក្រោយ​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ។

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា​លើក​ឡើង​ថា ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ពិសេស​ល្បែង​ជល់ មាន់​ និង​ឡូតូ​ តាម​អនឡាន​លេង​ដោយ​បើកចំហ​គ្រប់​កន្លែង

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ក្រុង​សំពៅពូន​ ខេត្ត​កណ្តាល​ លោកស្រី ជី ភី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧​ សីហា ថា​ ល្បែង ស៊ីសង​នៅ​តំបន់​លោកស្រី ​ទាំង​លេង​ផ្ទាល់​ និង​លេង​តាម​អនឡាញ កើត​មាន​ច្រើន​ដោយ​បើកចំហ។ លោកស្រី​ថា ល្បែង​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​មាន​ពេល​ធ្វើការ​ បំផ្លាញ​លុយ​ផ្ទះ​ និង​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

លោកស្រី ជី ភី ឱ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ដែល​រង​គ្រោះ​ ដោយសារ​ល្បែង​នោះ គឺ​ក្មួយ​ លោកស្រី​ម្នាក់​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ញៀន​ល្បែង​ធ្ងន់ធ្ងរ។

លោកស្រី ជី ភី៖ «អាណា​ឆ្កួត​នៅ​លេង​ ខ្លះ​ដឹងខ្លួន​ខ្លះ​មិន​ដឹង​ខ្លួន​លក់​ដីធ្លី​លេង។ យ៉ាង​ក្មួយ​ខ្ញុំ​ស្អី​ក៏​លួច​ដែរ​យក​ទៅ​លេង​អស់​ហើយ​ ខ្សែក​ម៉ែ​អី​លួច​យក​ទៅ​លេង​អស់​ហើយ​ស្រី​ទេ ប៉ុន្តែ​និយាយ​អត់​ស្តាប់​ទេ វា​ងប់​វា​ទៅ​។ ស្រី​ទេ​តែ​លេង​ឡូតូ​ដូច​មើល​ឃើញ​អ៊ីចឹង ១០ម៉ឺន ២០ម៉ឺន»

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​រាជធានី​ភ្នំពេញ​ លោក នូ ណាន ថ្លែង​ថា លោក​អាណិត​ពលរដ្ឋ​និង​ សង្គមជាតិ​ព្រោះ​សេដ្ឋកិច្ច​កំពុង​លំបាក​ហើយ​ត្រូវ​ល្បែងស៊ីសង​ធ្វើ​ឱ្យ​ច្របល់​ថែម​ទៀត។ លោក​បន្ត​ថា ពលរដ្ឋ​ជា​ច្រើន​កន្លែង​កំពុង​ផ្ញើ​វាសនា និង​ល្បែងស៊ីសង។

លោក នូ ណាន៖ «យូរ​ៗទៅ​ផ្ញើ​វាសនា​និង​ការ​ផ្សង​វិញ។ ការ​ផ្សង​ហ្នឹង​យូរៗ​ទៅ​វា​អន្តរាយ​ទាំង​គ្រួសារ​អន្តរាយ​ទាំង​សង្គម។ អន្តរាយ​ហ្នឹង​បើ​ម្នាក់​ៗ​វក់​តែ​អាហ្នឹង​ទៅ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​អី​ខ្លះ​? គ្រួសារ​ធ្វើ​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​បំផុត​យើង​មាន​អី​បញ្ចាំ​ហ្នឹង»

អាជីវករ​ម្នាក់​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ លោក ឈាង ស៊ីណាត លើក​ឡើង​ថា ​ល្បែង​នៅ​តំបន់​លោក​កើនឡើង​ច្រើន​ ហើយ​បទល្មើស​ចោរលួច​ ចោរឆក់​ និងប្លន់​ ក៏​កើត​មាន​ច្រើន​ដែរ។ អាជីវករ​រូប​នេះ ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ផ្តល់​អាជ្ញាប័ណ្ណ ​ដល់​ក្រុមហ៊ុន​ល្បែង​ព្រោះ​លោក​ថា ​ពន្ធ​បាន​ពី​ល្បែង​ធ្វើ​ឱ្យ​សង្គម​ជួប​មហន្តរាយ។

ល្បែង​កំពុង​បើក​ផុសផុល​គ្រប់​កន្លែង​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​នានា​នោះ​គឺ ​បើក​នៅ​តាម​ហាង​ហ្វេ និង​ផ្ទះ​លក់​ម្ហូប​អាហារ។ កន្លែង​ទាំង​នោះ​អ្នក​លេង​នៅ​ជុំ​គ្នា​ ហើយ​ក៏​ហ៊ោរ​កញ្ជ្រៀវ ​ពេល​ លទ្ធផល​ចេញ​ម្តងៗ ​ពេល​ខ្លះ​ក៏​មាន​អំពើហិង្សា ​នៅ​កន្លែង​លេង​នោះ។

ជុំវិញ​រឿង​នេះ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ លោក យង់ គិបអេង ចាត់​ទុក​ល្បែង ​ស៊ីសង​ជា​ជំងឺ​ធំ​មួយ​នៅ​ក្នុង​សង្គម​ដែល​អាជ្ញាធរ​បង្ក្រាប​បាន​តែ​មួយ​ឆាវៗ។ លោក ​ជំរុញ​ឱ្យ​សមត្ថកិច្ច​បង្ក្រាប​ឱ្យ​ចំ​គោលដៅ និង​ធ្វើ​ជា​ប្រចាំ​ទើប​មាន​ប្រសិទ្ធភាព។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ដើម្បី​សាកសួរ​ ជុំវិញ​ បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា។

កាល​ពី​ចុង​ឆ្នាំ​២០២២ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ ហើយ​ថា បើ​មន្ត្រី​ណា ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង។

លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​ស្ទាក់ស្ទើរ​ជាមួយ​ការ​ដក​ចេញ​ពី​មុខ​តំណែង​នូវ​អភិបាល​ខេត្ត និង​រាជធានី អភិបាល​ស្រុក​ក្រុង​ខណ្ឌ ឬ​មន្ត្រី​នគរបាល​ថ្នាក់​ណា​ក៏​ដោយ ដែល​រក​ឃើញ​ថា មិន​ទទួល​​ខុស​ត្រូវ​លើ​មុខ​ងារ​របស់​ខ្លួន។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា យើង​មិន​បណ្តោយ​ឱ្យ​សភាពការណ៍​​បង្ក​ឡើង​បែប​អានាធិបតេយ្យ​ក្នុង​បនល្បែង​ត​ទៅ​ទៀត​ទេ ត្រូវ​តែ​ម៉ឺងម៉ាត់​ត្រូវ​តែ​ដាច់​ខាត»

សម្រាប់​លោក នូ ណាន ចាត់​ទុក​សម្តី​ថ្នាក់ដឹកនាំ​ថ្លែង​ពី​ការ​បង្ក្រាប​ល្បែង ​កន្លង​ទៅ​ដូច​ការ​ ជះ​ទឹក​ចោល ​ព្រោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់ ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។ ប្រជា​ពលរដ្ឋ​ និង​សង្គមស៊ីវិល ​រក​ឃើញ​ថា ល្បែងស៊ីសង​គឺ​ជា​ប្រភព​នៃ​អំពើ​ចោរកម្ម ​និង​អំពើហិង្សា​ក្នុង​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។