ពលរដ្ឋ​មួយចំនួន​នៅ​ភ្នំពេញ​រិះគន់​ការ​បិទ​ផ្លូវ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ពេល​មាន​ក្បួន​រថយន្ត ឬ​កម្មវិធី​របស់​អ្នកធំ​ម្ដងៗ

ដោយ ប្រាជ្ញ ចេវ
2024.09.10
ពលរដ្ឋ​មួយចំនួន​នៅ​ភ្នំពេញ​រិះគន់​ការ​បិទ​ផ្លូវ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ពេល​មាន​ក្បួន​រថយន្ត ឬ​កម្មវិធី​របស់​អ្នកធំ​ម្ដងៗ ក្បួនរថយន្ត​របស់​លោក ហ៊ុន សែន កាលជានាយករដ្ឋមន្ត្រី ទៅតាមបណ្ដាខេត្ត កាលពីឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្អូញត្អែរ​ពី​បញ្ហា​ស្ទះចរាចរណ៍ ដោយសារ​មន្ត្រី​នគរបាល​បិទផ្លូវ សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ក្បួន​រថយន្ត និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ឬ​នៅ​ពេល​អ្នកធំ​ចុះទៅ​ចូលរួម​ពិធី​នៅ​កន្លែង​ណាមួយ ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម លើកឡើង​ថា វប្បធម៌​ហែហម​ថ្នាក់ដឹកនាំ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​នោះ​ទេ ពេលខ្លះ​ថែម​ទាំង បង្ក​ការ​កកស្ទះ​ចរាចរណ៍ រំខាន​ដល់​ការ​ធ្វើ​ដំណើរ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ទៀត​ផង។

ស្របពេល​ដងផ្លូវ​នានា​នៅ​រាជធានី​ភ្នំពេញ កំពុង​កកស្ទះ​ចរាចរណ៍​ស្រាប់​ហើយ​នោះ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ តែង​ត្អូញត្អែរ​ថា បញ្ហា​ស្ទះចរាចរណ៍​កាន់តែ​អាក្រក់​ថែមទៀត នៅពេល​មាន​ក្បួន​រថយន្ត​ធ្វើដំណើរ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ម្ដងៗ។

អ្នក​ដឹកជញ្ជូន​ម្ហូបអាហារ នៅ​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ជារឿយៗ​លោក​បាន​ជាប់​គាំង​នៅ​ចំណុច​ភ្លើងស្តុប មួយ​ចំនួន ក្នុង​រយៈពេល​ប្រមាណ​ជិត​កន្លះ​ម៉ោង ឬ​ច្រើនជាង​នេះ ដោយសារតែ​ការ​បិទផ្លូវ​សម្រាប់​ថ្នាក់ដឹកនាំ​ធ្វើដំណើរ​។ អ្នកធ្វើការ​លើ​វិស័យ​ដឹកជញ្ជូន​ម្ហូបអាហារ​រូប​នេះ ឲ្យ​ដឹង​ថា បញ្ហា​នេះ អាច​ធ្វើ​ឲ្យ​លោក​ប្រឈម​នឹង​ការ​ដក​ពិន្ទុ​នៅ​ក្នុង​ប្រព័ន្ធ (System) របស់​ក្រុមហ៊ុន​ដឹកជញ្ជូន និង​ទម្លាក់​ចំណាត់ថ្នាក់ (Rank) ព្រមទាំង​ខាតបង់​កម្រៃ​ជើងសា​ជាដើម។

ប្រភព​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «នៅពេល​យើង​ចាំ​យូរ​ទៅដល់​ខាត​ពេល​យើង​រក​បុង​បន្ត ដឹក​បុង​បន្ត ទី​២ ទៅ​យក​ពី​ហាង​មិនទាន់ ឧទាហរណ៍​ថា ហាង​ឲ្យ​ទៅ​យក​ឲ្យ​ទាន់ ប៉ុន្តែ​នៅពេល​យើង​ឈប់​ចង់​២០​នាទី ហាង​លុប (Cancel) បុង​បាត់​ហើយ​ដក​ពិន្ទុ​យើង​បាត់​ហើយ»

ចំណែកឯ​បុគ្គលិក​ផ្នែក​លក់ នៅ​ក្រុមហ៊ុន​ឯកជន​មួយ ក្នុង​រាជធានី​ភ្នំពេញ ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ថា នៅពេល​មាន​អាជ្ញាធរ​បិទផ្លូវ​សម្រាប់​ក្បួន​ថ្នាក់ដឹកនាំ​ធ្វើដំណើរ​ម្ដងៗ គឺ​ត្រូវ​ចំណាយពេល​រង់ចាំ​ច្រើន ចាប់ពី​កន្លះ​ម៉ោង​រហូតដល់​រាប់​ម៉ោង ។ កញ្ញា​ឲ្យ​ដឹង​ថា បញ្ហា​នេះ បាន​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ។

ប្រភព​ថ្លែង​លាក់​ឈ្មោះ៖ «ពេល​បិតផ្លូវ​ម្ដងៗ វា​ស្ទះ​ទៅ​ធ្វើ​ឲ្យ​យើង​មួម៉ៅ ហើយ​មួយទៀត​យើង​ភ័យខ្លាច​មក​ធ្វើការ​យឺត​ម៉ោង ហើយ​បិទ​ម្ដងៗ​យូរ ហើយ​បន្ទាប់ពី​បិទផ្លូវ​ហើយ ពេល​បើកផ្លូវ​វិញ​ពួកគាត់​អត់​មាន​សម្រួល​ចរាចរណ៍​ឲ្យ​យើង​ទេ យើង​ទៅ​ខ្លួនឯង​ហ្មង ហើយ​ពេល​ដែល​ទៅ​វា​មិនមែន​ដូច​ស្តុប​ដែល​មាន​អ្នក​ទៅ​មាន​អ្នក​មក​ឯណា គឺ​ទៅ​ម្ដង​ទាំងអស់គ្នា​តែម្ដង»

អាជ្ញាធរ​រាជធានី​ភ្នំពេញ តែង​បិទផ្លូវ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរណ៍​ក្បួន​រថយន្ត​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ឬ​ដែល​ពលរដ្ឋ​តែង​ហៅថា​អ្នកធំ។

ជាក់ស្ដែង​អ្នក​ធ្វើ​ដំណើរ​រាប់​ពាន់​នាក់​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ៩ ខែ​កញ្ញា ត្រូវ​ខាតបង់​ពេលវេលា ដើម្បី​រង់ចាំ​ក្បួន​ធ្វើដំណើរ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ពី​ផ្ទះ​របស់​លោក​នៅ​ក្រុង​តាខ្មៅ ឆ្ពោះទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ការ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea)​។ ក្រោយពី​លោក ហ៊ុន សែន ឡើង​យន្តហោះ​ទៅ​ប្រទេស​កូរ៉េ ក្បួន​រថយន្ត​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​មាន​រថយន្ត​រាប់សិប​គ្រឿង បាន​ត្រឡប់មកវិញ​ដោយមាន​រថយន្ត​ស៊ីរ៉ែន​បើកផ្លូវ និង​មន្ត្រី​នគរបាល​បញ្ចៀស​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​ចេញ​ពី​មុខ​ក្បួន។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ឆ្នាំ​២០១១ ធ្លាប់​បាន​ដាក់​បញ្ជា​ឲ្យ​កំណត់​ចំនួន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​មាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​ស៊ីរ៉ែន​បើកមុខ​ក្បួន​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​រថយន្ត​ស៊ីរ៉ែន​បើកមុខ​ក្បួន គឺ​មាន​តែ​ព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​នាយករដ្ឋមន្ត្រី។

ថ្វីបើ​លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​បែបនេះ​ក៏ដោយ ក៏​មន្ត្រី​នគរបាល​មួយចំនួន ពុំបាន​អនុវត្ត​តាម​បទបញ្ជា​នេះ​ឡើយ ហើយ​នៅតែ​បន្ត​ប្រើ​រថយន្ត​ស៊ីរ៉ែន បើកមុខ​ក្បួន​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត​ដដែល។

ទាក់ទិន​នឹង​បញ្ហា​បិទផ្លូវ​ដើម្បី​ក្បួន​រថយន្ត ឬ​កម្មវិធី​របស់​អ្នកធំ​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយចំនួន តែង​បញ្ចេញ​ប្រតិកម្ម​ជារឿយៗ​លើ​គណនី​ហ្វេសប៊ុក​របស់​ពួកគាត់​។ ពួកគាត់​បាន​រិះគន់​ថា ការ​បិទផ្លូវ​នេះ បាន​ប៉ះពាល់​ដល់​ការ​ចរាចរណ៍​របស់​រថយន្ត​ពេទ្យ សិស្ស និស្សិត អ្នកធ្វើការ​ក្នុង​គ្រឹះស្ថាន​ឯកជន ការ​ប្រកប​អាជីវកម្ម ឬ​ការលក់ដូរ​តាម​ចិញ្ចើម​ផ្លូវ អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​រថយន្តឈ្នួល​ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ បញ្ហា​បិទផ្លូវ​នេះ ក៏​ប៉ះពាល់​ដល់​ការ​អនុវត្ត​មុខ​នាទី​របស់​មន្ត្រី​រាជការ​តាម​ក្រសួង​ស្ថាប័ន រួម​ទាំង​ការ​ខ្ជះខ្ជាយ​កងកម្លាំង​រាប់​រយ​នាក់ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ៩ ខែ​កញ្ញា។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​អាស៊ីសេរី​ថា ការ​ហែហម​អម​ដំណើរ​ថ្នាក់​ដឹកនាំ​នេះ ស្ទើរ​តែ​ក្លាយជា​វប្បធម៌​របស់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ទៅ​ហើយ ប៉ុន្តែ​ការ​ហែហម​នេះ ពុំបាន​ផ្ដល់​ប្រយោជន៍​អ្វី​ជា​ដុំកំភួន​ដល់​ពលរដ្ឋ​ឡើយ​។ លោក​បន្ថែម​ថា ក្រៅពី​ប៉ះពាល់​ដល់ពេល​វេលា និង​ផ្លូវចិត្ត​របស់​ពលរដ្ឋ បញ្ហា​បិទផ្លូវ​នេះ ក៏បាន​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ដងផ្លូវ ដែល​ត្រូវ​បាន​បិទផ្លូវ​នោះ​ដែរ។

លោក ស៊ឹង សែនករុណា៖ «មានការ​លំបាក​មែនទែន​សម្រាប់​ការ​ធ្វើ​ដំណើរ មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ ពី​សិស្ស និស្សិត គ្រូបង្រៀន និង​មន្ត្រីរាជការ និង​កងកម្លាំង​ស៊ីវិល​ផ្សេងៗ ដែល​គេ​ត្រូវធ្វើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ​ហ្នឹង ធ្វើ​ឲ្យ​មានការ​កកស្ទះ ហើយ​ខកខាន​ពេល​វេលា ចំណាយ​ទាំង​ថវិកា ប្រេង​សាំង​អ្វី​ផ្សេងៗ ហ្នឹង​ក៏​វា​ខាត​តាម​ហ្នឹង​ដែរ អីចឹង​គឺ​មាន​រឿង​ខាត​ច្រើន វា​អត់​មានអី​ចំណេញ​ទេ ហើយ​វា​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វា​ទៅជា​រឿង​ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ដែល​តែងតែមាន​ការ​បិទផ្លូវ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ហ្នឹង​ធ្វើដំណើរ​បន្ថែម​ទៀត»

លោក ស៊ឹង សែន​ករុណា យល់ថា ការ​ប្រើប្រាស់​កងកម្លាំង និង​កង​អង្គរក្ស​រាប់​រយ​នាក់ តាម​ការពារ​គ្រប់​ទីកន្លែង​បែប​នេះ ពុំបាន​ឆ្លុះបញ្ចាំង​ពី​ពាក្យ​ថា សន្តិភាព ដូចដែល​លោក ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន តែង​អួត​សរសើរ​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «ប្រទេស​យើង​មាន​សន្តិភាព​ទៀត វា​រឹត​តែ​អត់​ស័ក្ដិសម​ទៅ​ហើយ ទីណា​ក៏​ដាក់​ដែរ ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ តាំងពី​ថ្នាក់លើ​រហូតដល់​ថ្នាក់​មូលដ្ឋាន «​អរគុណ​សន្តិភាព​»​ទាំងអស់ ប៉ុន្តែ​ពេល​ថ្នាក់ដឹកនាំ​ធ្វើដំណើរ ប្រទេស​ហ្នឹង​គេ​អាច​វាយតម្លៃ​បាន​ថា អត់​មាន​សន្តិភាព​បាត់​ហើយ ព្រោះ​បើ​មាន​សន្តិភាព​ចាំបាច់​អី​ដាក់​កង​អង្គរក្ស​ហូរហែ ចាំបាច់​អី​មាន​អ្នក​ហែហម​រណែបរណប វា​នាំ​តែ​ខាត​ពេលវេលា​មន្ត្រី​ទាំងអស់​ហ្នឹង​ស៊ីប្រាក់ខែ ហើយ​ពុករលួយ​ពេលវេលា​អត់​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ទៅតាម​តួនាទី​របស់​ខ្លួន ហើយ​យក​ពេលវេលា​ទៅ​ហែហម​ហ្នឹង​វា​ខាត​ពេលវេលា​ច្រើន​មែនទែន»

ពលរដ្ឋ និង​អ្នកឃ្លាំមើល ផ្ដល់​ទស្សនៈ​ថា រដ្ឋាភិបាល គួរតែ​កាត់បន្ថយ​ចំនួន​មន្ត្រី​ហែហម​ដំណើរ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ផង និង​ដើម្បី​ឲ្យ​មន្ត្រី​ហែហម​ទាំងនោះ ប្រើ​ពេល​វេលា ពិនិត្យ និង​ដោះស្រាយ​បញ្ហា​តាម​ដំណើរ​របស់​ពលរដ្ឋ​ផង។ ពួកគាត់​ក៏​ទទូច​ដល់​អាជ្ញាធរ​ឲ្យ​ប្រើប្រាស់​ពាក្យសម្ដី​ឲ្យ​សមរម្យ និង​ជួយ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ក្រោយពី​ក្បួន​រថយន្ត​អ្នកធំ បាន​រំកិល​ផុត​ទៅ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។