សិស្សវិទ្យាល័យ ហ៊ុន សែន កំពង់សិលា នៅខេត្តព្រះសីហនុ មួយចំនួន សុំឡានដឹកទំនិញធន់ធំ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ ជិះទៅមកសាលារៀន ព្រោះឪពុកម្ដាយ គ្មានមធ្យោបាយដឹកជញ្ជូនទៅកាន់សាលារៀន នៅឆ្ងាយពីផ្ទះ។
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ដើម្បីកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា និងលើកកម្ពស់វិស័យអប់រំនៅជនបទ រដ្ឋាភិបាលគួរតែ ផ្ដល់ឡានក្រុងមួយចំនួន សម្រាប់ដឹកសិស្សទៅមកនៅតំបន់នោះ។
បើគេធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ នៅពេលទៅដល់មុខវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ដែលស្ថិតនៅក្នុងឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ គេនឹងឃើញសិស្សានុសិស្សក្នុងឯកសណ្ឋានសិស្សសាលា ឈរតម្រៀបជួរគ្នានាពេលរសៀល សុំគេជិះមកផ្ទះវិញ ក្រោយចប់ម៉ោងសិក្សា។ ចំណែកនៅពេលព្រឹកវិញ សិស្សដដែលទាំងអស់នេះ តែងឈរនៅពីមុខផ្ទះរង់ចាំស្ទាក់ឡាន ដើម្បីជិះទៅសាលារៀន។យុវជន និងជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន កំពង់សិលាម្នាក់ គឺលោក ញឹម វិចិត្រ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៨ មីនាថា លោកតែងតែចាំសុំឡានដឹកទំនិញជិះទៅរៀន នៅពេលព្រឹក ហើយជួនកាលលោក តែងចូលរៀនយឺត នៅម៉ោងដំបូង។
លោក ញឹម វិចិត្រ៖ «ពិបាកត្រង់បើទៅ ត្រូវស្ទាក់ឡានយូរ ទៅដល់គ្រូ ដែលមានវិន័យតឹងតែងអាចនឹងអត់ឲ្យចូលម៉ោងដំបូង តែបើប្រឡងអត់សូវអីទេបង ខ្លាចតែយើងទៅអត់ទាន់ម៉ោង គេប្រឡងមុន»។
យុវជន ញឹម វិចិត្រ គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន ៦នាក់ ដែលមានឪពុកជាអ្នកប្រកបរបរជា កម្មករស៊ីឈ្នួលយាមចំការឲ្យគេ។ទោះជាយ៉ាងណា ភាគច្រើន នៃប្អូនៗរបស់លោកត្រូវបានឪពុកខិតខំបញ្ជូនឱ្យទៅរៀនសូត្រដូចលោកដែរ។
យុវជនរូបនោះឲ្យដឹងដែរថា ស្ថានភាពគ្រួសាររបស់លោក កំពុងស្ថិតក្នុងភាពលំបាកលំបិន ដែលមិនមានលទ្ធភាពរកមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនទៅសាលារៀននោះទេ។
យុវជន ញឹម វិចិត្រ និយាយថា នៅរដូវប្រាំងនេះ មិនសូវលំបាកដូច នៅរដូវវស្សានោះទេ ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យឡានបើកបរតាមផ្លូវមើលមិនសូវច្បាស់ និងត្រូវទទឹកខ្លួនជោគ រងារណ្ដំធ្មេញពេលត្រឡប់មកដល់ផ្ទះវិញម្ដងៗ។
យុវជន ញឹម វិចិត្រ៖ «វាពិបាកត្រង់ឡាន បើខែភ្លៀង ខែទៅមុនបន្តិចទៀត ខែភ្លៀងស្ទាក់មិនសូវបាន អ៊ីចឹងទៅវាពិបាកច្រើន»។
វិទ្យាល័យ ហ៊ុន សែន កំពង់សិលា មានសិស្សានុសិស្សសរុបជិត ៨រយនាក់ (៧៧៧) ហើយក្នុងនោះ មានសិស្ស ដែលកំពុងសុំឡានដឹកទំនិញតាមដងផ្លូវជាង ៦០នាក់។ សិស្សដែលសុំឡានដឹកទំនិញជិះ មាននៅឃុំអូរបាក់រទេះ ឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ក្នុងស្រុកកំពង់សិលា ដែលមានចម្ងាយឆ្ងាយបំផុតពីសាលាប្រមាណ ២០គីឡូម៉ែត្រ។
យុវជន ញឹម វិចិត្រ ស្នើដល់រដ្ឋាភិបាលផ្ដល់រថយន្តដឹកអ្នកដំណើរមួយចំនួន ដើម្បីដឹកសិស្សានុសិស្សនៅតំបន់នេះទៅសាលារៀន។
យុវជន ញឹម វិចិត្រ៖ «ខ្ញុំចង់សំណូមពរឲ្យបានឡានសម្រាប់ដឹកសិស្ស ដូចសាលាគេដទៃ»។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអភិបាលស្រុកកំពង់សិលា លោក ឆាយ សុគន្ធដា និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដើម្បីសុំការឆ្លើយតបសំណើនេះ បាននៅឡើយទេ នៅថ្ងៃទី៣០ មីនា។
ទាក់ទងនឹងបញ្ហានេះ សកម្មជនគណបក្សឆន្ទៈខ្មែរ និងធ្លាប់ជាអតីតក្រុមប្រឹក្សាស្រុកកំពង់សិលា មកពីគណបក្សសង្គ្រោះជាតិ លោក កាន់ កុសល ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ មីនា ថា លោកតែងឃើញក្មេងៗ នៅស្រុកកំពង់សិលា ឡើងលើផ្លូវដើម្បីសុំឡានដឹកទំនិញធន់ធំជិះទៅសាលារៀន ហើយកន្លងទៅក្រុមប្រឹក្សាឃុំអូរបាក់រទេះ ធ្លាប់ដាក់សំណើស្នើសុំរថយន្តដឹកជញ្ជូនក្មេងៗ មកសាលារៀនដែរ ប៉ុន្តែមិនមានដំណោះស្រាយនោះទេ។
លោក កាន់ កុសល៖ «ចំពោះខ្ញុំវិញ ខ្ញុំឃើញថា ប្រជាពលរដ្ឋយើងលំបាក ហើយមានការព្រួយបារម្ភចំពោះកូនៗ ខ្ញុំសូមស្នើដល់សប្បុរសជន ឬមួយថ្នាក់ដឹកនាំយើង ដែលបម្រើប្រជាពលរដ្ឋសព្វថ្ងៃនេះ ធ្វើយ៉ាងណា ដើម្បីឲ្យមានឡានមួយ ឬឡានពីរសម្រាប់ដឹកសិស្សជាប្រចាំថ្ងៃ ជូនដល់កូនសិស្ស ដែលគាត់ខ្វះខាតនេះ ទៅរៀននៅវិទ្យាល័យកំពង់សិលាផង»។
កាលពីខែកុម្ភៈ កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ បានថ្លែងថា ការកសាងមូលធនមនុស្ស មិនមែនគ្រាន់តែនិយាយនោះទេ តែរាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយរួចហើយ។ លោកជំរុញឱ្យក្រសួងអប់រំ យកចិត្តទុកដាក់ ឱ្យកាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍ការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព។
ប៉ុន្តែការអួតក្ដែងៗរបស់លោក ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើនប្រសិទ្ធភាពនៃការបង្រៀន និងការរៀនតាមប្រព័ន្ធឌីជីថលដូច្នេះក៏ដោយ ប៉ុន្តែសម្រាប់កូនចៅអ្នកមានធនធាននៅកម្ពុជា គេសង្កេតឃើញកូនៗរបស់ពួកគេទាំងនោះ ត្រូវបានបញ្ជូនឲ្យទៅរៀននៅសាលារៀនឯកជន ដែលមានតម្លៃរាប់ពាន់ដុល្លារក្នុងមួយឆ្នាំ មានរថយន្តទំនើបជូនទៅរៀន ថែមទាំងមានអ្នកបើកឡានផ្ទាល់ខ្លួន រួមទាំងសន្តិសុខសម្រួលចរាចរណ៍ឲ្យថែមទៀត ដែលខុសគ្នាពីកូនចៅពលរដ្ឋរស់នៅជនបទដាច់ស្រយាល គ្មានឱកាសរៀនសូត្រពេញលេញ និងគ្មានមធ្យោបាយធ្វើដំណើរ ហើយត្រូវប្រថុយប្រថាន ស្ទាក់ឡានដឹកទំនិញខ្នាតយក្ស ក្រោមកម្ដៅថ្ងៃ និងភ្លៀង ដើម្បីបន្តដំណើរស្វែងរកចំណេះដឹង។
ទាក់ទងនឹងបញ្ហានេះ អ្នកជំនាញចរាចរណ៍ លោក គង់ រតនៈ ប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៣០ មីនាថា លោកពិតជាកោតសរសើរចំពោះការព្យាយាមសិក្សារៀនសូត្ររបស់សិស្សានុសិស្ស នៃវិទ្យាល័យកំពង់សិលា ប៉ុន្តែលោកក៏ព្រួយបារម្ភពីសុវត្ថិភាព របស់សិស្សទាំងនោះដែរ ដែលប្រថុយបក់ដៃសុំឡានធំៗ ជិះមកសាលារៀន ដើម្បីទទួលបានការសិក្សា។ លោកបន្តថា បញ្ហានេះ ពិតជាងាយនឹងប្រឈមហានិភ័យណាស់ ។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ មនុស្សចាស់ទុំ ឬប្រជាការពារ ឬគ្រូបង្រៀន គួរតែជួយសម្រួលនូវការសុំឡានដឹកទំនិញតាមផ្លូវនេះ ហើយត្រូវប្រាកដថា កុមារទាំងនោះ មិនចេញមករកមធ្យោបាយធ្វើដំណើរតាមផ្លូវថ្នល់ដោយខ្លួនឯងនោះទេ។ លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាល មានលទ្ធភាពផ្ដល់នូវរថយន្តសម្រាប់ដឹកជញ្ជូនសិស្សនៅតំបន់នោះ ជាការប្រសើរ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%។
ចំណែកអត្រាបោះបង់ការសិក្សា នៅកម្រិតមធ្យមសិក្សាបឋមភូមិ ឬកម្រិតអនុវិទ្យាល័យមានចំនួន ១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន ១,២%។ ក្រសួងថា កត្តាដែលនាំសិស្សបោះបង់ការសិក្សានេះ គឺបណ្តាលមកពីកត្តាបុគ្គល និងជីវភាពគ្រួសារក្រីក្រ ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ