បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ជាច្រើននាក់មានបញ្ហាសុខភាព ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃទី៥ ធ្នូ ដែលជាថ្ងៃដំបូងនៃការប្រឡងបាក់ឌុបឆ្នាំនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ការប្រឡងបាក់ឌុបនៅតែមានសារសំខាន់ ខណៈដែលរដ្ឋាភិបាលនៅតែមិនទាន់អាចកម្ចាត់អំពើពុករលួយជាប្រព័ន្ធបាន។
បេក្ខជនតាមបណ្ដាខេត្តជាច្រើនមានបញ្ហាសុខភាពនៅថ្ងៃទី១ នៃការប្រឡងបាក់ឌុបឆ្នាំ២០២២ នេះ។
ទំព័រហ្វេសប៊ុកក្រសួងអប់រំបានបង្ហាញថា យ៉ាងហោចណាស់មានបេក្ខជនប្រឡងបាក់ឌុបចំនួន ៩នាក់ នៅខេត្តមួយចំនួន ដូចជា ខេត្តឧត្ដរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី មានបញ្ហាសុខភាព និងខ្លះបានសន្លប់ ក៏ប៉ុន្តែបេក្ខជនមួយចំនួនបានបន្តការប្រឡងឡើងវិញ។
បេក្ខជនប្រឡងបាក់ឌុបទាំងអស់បានពាក់ម៉ាស់ទៅចូលរួមប្រឡង ហើយតាមខ្លោងទ្វាមណ្ឌលប្រឡងនីមួយៗ មានអនុរក្សឈរជាពីរជួរចាំឆែករកមើលសំណៅឯកសារ។ ដោយឡែកនៅខាងក្រៅរបងតាមមណ្ឌលវិញ ក៏មានកងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានដាក់ពង្រាយយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពនៅក្នុងការប្រឡងនេះ ហើយអាណាព្យាបាលសិស្សជាច្រើននាក់ បានទៅអង្គុយរង់ចាំ ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា ដើម្បីបកស្រាយបន្ថែមជុំវិញការប្រឡងបាក់ឌុបនេះបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ មានឥរិយាបថល្អនៅពេលចូលប្រឡង ពួកគេបានខិតខំប្រឡងដោយពឹងផ្អែកលើសមត្ថភាពខ្លួនឯង និងមិនបានយកប្រ៊ុយយ៉ុងមកមណ្ឌលប្រឡង ឬបន្លំឱ្យអ្នកផ្សេងប្រឡងជំនួសដូចមុនៗ ឡើយ៖
លោក រស់ សុវាចា៖«តាំងពីមួយឆ្នាំទៅមួយឆ្នាំការគោរពវិន័យរបស់សិស្សគឺគោរពបានល្អ ហើយសំខាន់ទៀតគឺគាត់ខិតខំប្រឹងប្រែងរៀនសូត្រ ហើយអញ្ចឹងក៏ផ្ដល់ឱកាសឲ្យសិស្សនាក់ដែលគាត់មកពីទីជនបទហ្នឹងហា ក៏អាចប្រឡងជាប់ហើយ ប្រឡងចូលគ្រូអញ្ចឹងយើងឃើញថានៅក្នុងគរុនិស្សិតវិញ គឺគរុនិស្សិតប្រមាណជាជិត៩០ភាគរយគឺមកពីទីជនបទ»។
ជុំវិញការប្រឡងនេះដែរ យុវតីម្នាក់ដែលជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យពោធិចិនតុង គឺកញ្ញា តាំង សួនឹង ប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងបន្ទប់ដែលកញ្ញាប្រឡងមិនអាចលួចមើលប្រ៊ុយយ៉ុង ឬលួចមើលគ្នាបានឡើយ ព្រោះមានអនុរក្សជាច្រើនតាមឃ្លាំមើល។ កញ្ញា តាំង សួនឹង បន្ថែមថា ឆ្នាំនេះ កញ្ញាបានចំណាយថវិកាប្រហែល ១២ម៉ឺនរៀល ទៅលើការរៀនគួរបន្ថែម ដើម្បីត្រៀមប្រឡងបាក់ឌុប៖
កញ្ញា តាំង សួនឹង៖«នៅមុខវិជ្ជានិងបើសិនជាយើងចង់ប្រឡងរាងបាននិទ្ទេសល្អអ៊ី យើងត្រូវរៀនគួរ បើសិនជារៀននៅគ្រាន់តែសាលារដ្ឋប្រហែលជាអត់ហ៊ានធានាដែរ ចុងក្រោយខ្ញុំសូមជូនពរអ្នកដែលប្រឡងទី១២ទាំងអស់អោយប្រឡងធ្វើបានគ្រប់គ្នាជាប់ទាំងអស់គ្នាបាននិទ្ទេសដែលខ្លួនចង់បានហើយប្រឹងឲ្យអស់ពីសមត្ថភាព បើសិនជាអត់ជាប់ធ្វើអត់បានដូចបំណងខ្លួនឯងទេកុំអស់សង្ឃឹមព្រោះយើងនៅមានពេលវេលាបន្តទៀត»។
ជុំវិញរឿងនេះ ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន យល់ឃើញថា ការប្រឡងបាក់ឌុបដោយមានការរឹតបន្តឹងដូចនេះ នៅតែមានសារសំខាន់ ដើម្បីជំរុញឱ្យសិស្សតាមវិទ្យាល័យខិតខំរៀនសូត្របន្ថែម។ ទោះជាយ៉ាងណាក្ដី លោកព្រួយបារម្ភទៅលើគុណភាពសិស្ស ព្រោះកាលពីពេលថ្មីនេះ លោកបានចុះអង្កេតការសិក្សារបស់សិស្សតាមខេត្តមួយចំនួនរកឃើញថា មានសិស្សតែ ៣០ភាគរយប៉ុណ្ណោះ ដែលអាចអានអក្សរបាននៅពេលដែលពួកគេបញ្ចប់ថ្នាក់បឋម។ លោក រ៉ុង ឈុន បន្ថែមថា ដើម្បីពង្រឹងគុណភាពអប់រំប្រកបដោយប្រសិទ្ធិភាព និងលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ រដ្ឋាភិបាលត្រូវបង្កើនប្រាក់បៀវត្សគ្រូបង្រៀនជាមធ្យមយ៉ាងតិច ៣លាន ៨សែន (៣.៨០០.០០០) ឬស្មើនឹងមួយភាគបួន នៃប្រាក់ខែតំណាងរាស្ត្រ៖
លោក រ៉ុង ឈុន៖«នៅពេលដែលមានការចូលរួមទាំងគ្រូបង្រៀន ទាំងសិស្ស ហើយប្រកួតគុណភាពពិតប្រាកដនិង យើងអាចយកឆមាស ប្រចាំខែ ប្រចាំឆ្នាំមកវាយតម្លៃ ដើម្បីបញ្ចប់ការសិក្សា ១២ឆ្នាំបានហើយ ប៉ុន្តែប្រសិនជានៅមានអំពើពុករលួយដូចពេលបច្ចុប្បន្ននេះ អាហ្នឹងយើងនឹងលំបាកហើយ ហើយវាប៉ះពាល់ទៅដល់គុណភាពនៃការអប់រំ»។
ក្រសួងអប់រំយុវជននឹងកីឡា បានរឹតបន្តឹងការប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៤ ដោយមិនឱ្យមានសកម្មភាពលួចមើល លួចចម្លងគ្នា យកទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង ឬបែកវិញ្ញាសាមុនការប្រឡងឡើយ។ កន្លងមក អ្នកជំនាញខាងវិស័យអប់រំធ្លាប់បានលើកឡើងថា ក្រសួងអប់រំមិនគួរធ្វើការប្រឡងបាក់ឌុបថ្នាក់ជាតិដូចនេះឡើយ ដោយត្រូវពង្រឹងគុណភាពអប់រំតាមសាលាវិញ ទើបអាចបង្កើនសមត្ថភាពសិស្ស និងកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សា។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះធ្វើឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ដោយមានបេក្ខភាពប្រឡងជាង ១២ម៉ឺននាក់ (១២៨.១៣៥នាក់) ក្នុងនោះស្រីជាង ៦ម៉ឺន ៨ពាន់នាក់ (៦៨.៧៧១នាក់)។ មណ្ឌលប្រឡងចំនួន ២២១កន្លែង និងមាន ៥.១៧៤បន្ទប់។ ក្រៅពីគណៈមេប្រយោគ និងគណៈកម្មការនានា អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍រាជធានី ខេត្ត គរុសិស្ស និងគរុនិស្សិត ក៏បានចូលរួមជួយរៀបចំ និងអង្កេតការណ៍ដំណើរការប្រឡងនេះដែរ ដោយបូកសរុបទាំងអស់ មានចំនួនជាង ២ម៉ឺន ៣ពាន់នាក់ (២៣.០៤៦នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។