មនុស្ស​មួយ​ចំនួន​បន្ត​បាត់​ខ្លួន​ក្នុង​គ្រោះ​អគ្គិភ័យ​នៅ​ប៉ោយប៉ែត

0:00 / 0:00

មនុស្ស​មួយ​ចំនួន​បន្ត​បាត់ខ្លួន​នៅ​ឡើយ ក្នុង​គ្រោះ​អគ្គិភ័យ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី៣ មករា។

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣ មករា ដោយ​ស្រង់​សម្ដី​អាជ្ញាធរ​ថៃ​ថា ជនជាតិ​ថៃ​ចំនួន ៩នាក់ ដែល​គេ​បាន​ប្រទះ​ឃើញ​ក្នុង​កាស៊ីណូ​នៅ​មុន​ពេល​ហេតុការណ៍​ភ្លើង​ឆេះ​នោះ នៅ​បន្ត​បាត់ខ្លួន​នៅ​ឡើយ។ ពួក​គេ​ទាំង ៩នាក់ ស្ថិត​ក្នុង​ចំណោម​ជនជាតិ​ថៃ ៥០នាក់ ដែល​គេ​គិត​ថា បាន​បាត់​ខ្លួន​ពី​ដំបូង ប៉ុន្តែ​ក្រោយ​មក​មនុស្ស ៤១នាក់ ត្រូវ​បាន​គេ​រក​ឃើញ និង​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​បន្ទាយ​មាន​ជ័យ​លោក សេក សុខុម ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​ទេ កាល​ពី​យប់​ថ្ងៃ​ទី៣ មករា។

ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ ហ្គ្រែន ដាយមិន ស៊ីធី (Grand Diamond City) បាន​កើត​ឡើង កាល​ពី​ពាក់​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី២៨ ឈាន​ចូល​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០២២។ សមត្ថកិច្ច​កម្ពុជា​អះអាង​ថា អគ្គិភ័យ​នេះ​បាន​សម្លាប់​មនុស្ស ២៦នាក់ ក្នុង​នោះ​សាកសព ២៥នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​កន្លែង​កើត​ហេតុ និង​ម្នាក់​ទៀត​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។ ជន​រង​គ្រោះ​ទាំង​នោះ រួម​មាន​ជនជាតិ​ថៃ ម៉ាឡេស៊ី នេប៉ាល់ ចិន និង ៦នាក់​ទៀត​មិន​ទាន់​ដឹង​អត្តសញ្ញាណ​នៅ​ឡើយ។ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក ដែល​បាន​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មានជ័យ សាកសព​ទាំង ៦នាក់​នោះ មាន ៣នាក់ អាច​ជា​ជនជាតិ​ខ្មែរ ដែល​គ្រួសារ​របស់​ពួកគាត់​កំពុង​ស្វែងរក។

អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្ដើម​វាយ​កម្ទេច​អាគារ​កាស៊ីណូ​ដែល​ឆេះ​នោះ​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី២ មករា ក្រោម​ហេតុផល​ថា ដើម្បី​សម្រួល​ដល់​ការ​ចេញ-ចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​បាន​រិះគន់​ចំណាត់​ការ​ដ៏​លឿន​រហ័ស​នេះ ព្រោះ​ប្រតិបត្តិ​ការ​រុករក និង​ស្រាវជ្រាវ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី ស្រប​ពេល​ពលរដ្ឋ​ខ្មែរ និង​ថៃ​មួយ​ចំនួន​កំពុង​ស្វែងរក និង​ដង្ហោយ​សុំ​ឱ្យ​សមត្ថកិច្ច​បន្ត​ស្វែងរក​សមាជិក​គ្រួសារ​របស់​ពួកគេ​ដែល​បន្ត​បាត់​ខ្លួន​នៅឡើយ៕

Grand_Diamond_City_burnt_BMC_Police_Comm_FB_122922_2.jpg
អគារកាស៊ីណូ ហ្គ្រែនដ៍ ឌាយមិន ស៊ីធី (Grand Diamond City) ពេល​ភ្លើងកំពុងឆេះ កាល​ពី​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០២២។ រូបពីហ្វេសប៊ុកស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។