ល្បែងប្រជាប្រិយជាច្រើនប្រភេទ ដែលជនជាតិខ្មែរនាសម័យដើម និយមលេងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដូចជា ចោលឈូង បោះអង្គញ់ជាដើម ហាក់សាបរលាបបន្តិចម្ដងៗ។ យុវជនមួយចំនួននាំគ្នានិយមលេងប៉ាតម្សៅ និងបាញ់ទឹកដាក់គ្នា ជាជាងការលេងល្បែងប្រជាប្រិយទៅវិញ។
រាល់ពេលជិតដល់ពិធីបុណ្យចូលឆ្នាំខ្មែរម្ដងៗ ពលរដ្ឋ ជាពិសេស យុវជនមួយចំនួនហាក់ជ្រួលជ្រើម និងតែងតែនឹកឃើញមុនគេនោះ គឺការលេងប៉ាតម្សៅ បាញ់ទឹកដាក់គ្នា និងចាក់ធុងបាសចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ រាំលេងតាមដងផ្លូវ និងតំបន់កម្សាន្តនានា ជំនួសការលេងល្បែងប្រជាប្រិយខ្មែរ។
និស្សិតរៀននៅរាជធានីភ្នំពេញផ្នែកសង្គមវិទ្យា កញ្ញា ស្រ៊ន់ ស្រីលក្ខ ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាពលរដ្ឋ ជាពិសេស យុវជន ដែលលេងប៉ាតម្សៅបាញ់ទឹកដាក់គ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរអាចនឹងពិបាកលុបបំបាត់ ព្រោះសកម្មភាពនេះបានចាក់ឫសគល់ក្នុងស្រទាប់យុវជនសម័យក្រោយៗ នេះ។ ប៉ុន្តែកញ្ញាយល់ឃើញថា ការជំរុញឱ្យយុវជន និងពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុលផុស ក៏អាចធ្វើទៅបានដែរ ប្រសិនបើអ្នកដឹកនាំចេះផ្ដួចផ្ដើមបំផុសគំនិតលេងល្បែងប្រជាប្រិយខ្មែរដល់យុវជន។
កញ្ញា ស្រ៊ន់ ស្រីលក្ខ៖ «ប្រសិនជាយុវជនទូទាំងប្រទេស គាត់អត់ចាប់អារម្មណ៍នឹងល្បែងប្រជាប្រិយទាំងអស់ ខ្ញុំមានការព្រួយបារម្ភណាស់ ព្រោះល្បែងប្រជាប្រិយជាកេរ្តិ៍ដូនតារបស់យើងមកតាំងពីដើមនាយ ក៏ប៉ុន្តែ លេងវប្បធម៌ប៉ាតម្សៅច្រើន មិនមែនមួយចំនួនតូចទេ វាច្រើនដែរ។ ក៏ប៉ុន្តែ ក៏មានយុវជនមួយចំនួនទៀត ក៏គាត់ងាកទៅលើការល្បែងប្រជាប្រិយច្រើនគួរសមដែរ ក្នុងកម្មវិធីសង្ក្រាន្តមួយចំនួន។ អ្នករៀបចំកម្មវិធី ក៏ដូចជាអ្នកដឹកនាំដែរ ត្រូវតែលុបបំបាត់ទៅថា ការប៉ាតម្សៅប៉ះពាល់កូនស្រីគេ គេហៅថា ឆ្លៀតឱកាសក្នុងការប៉ះពាល់កូនគេ បើធៀបលើប្រពៃណីខុសហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ ដើម្បីសុំអត្ថាធិប្បាយបានទេ នៅថ្ងៃទី១២ ខែមេសា។
រីឯអគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោក ស៊ីយ៉ុន សុភារិន្ទ វិញ លោកបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងយុវជនលេងប៉ាតម្សៅបាញ់ទឹក នាឱកាសបុណ្យចូលឆ្នាំខ្មែរនេះទេ។
លោក ស៊ីយ៉ុន សុភារិន្ទ៖«ឥឡូវនិយាយរឿងវប្បធម៌ប្រពៃណីខ្ញុំនិយាយបាន ប៉ុន្តែ ឆ្លងឆ្លើយរឿង ស្អីណាប្រពៃណីយើងវាអន់ថយអីហ្នឹងថា កុំសួរសំណួរហ្នឹងខ្ញុំអត់ឆ្លើយទេ មកពី សំណួរហ្នឹងធ្វើឱ្យតែឈ្លោះតែគ្នា លើកទៅឱ្យឈ្លោះគ្នាទៅ ចំណេញជាតិអូនឯងហើយ។ ខ្ញុំអត់មានយន្តការទប់ស្កាត់អីទេ»។
ក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី៣ ខែមេសា ព្រមានដល់សិស្សានុសិស្ស ដែលលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក ប៉ាតម្សៅជាដើម។ ក្រសួងអះអាងថា ការលេងរបៀបនេះ អាចបង្កបញ្ហាបាត់សណ្ដាប់ធ្នាប់របៀបរៀបរយ គ្មានភាពថ្លៃថ្នូរ ព្រមទាំងគ្មានសុវត្ថិភាព។ ក្រសួងណែនាំដល់គ្រប់គ្រឹះស្ថានមធ្យមសិក្សាហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ។
ជុំវិញរឿងនេះ ព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ ព្រះតេជព្រះគុណ ទេព ច័ន្ទសារិន្ទ មានថេរដីកាប្រាប់វិទ្យុអាស៊ីសេរីថា ការជ្រួលជ្រើមរបស់យុវជនមួយចំនួនចាប់យកវប្បធម៌លេងប៉ាតម្សៅ គប់ទឹកដាក់គ្នានាឱកាសចូលឆ្នាំខ្មែរមិនត្រឹមតែជំរុញ វប្បធម៌ល្បែងប្រជាប្រិយខ្មែរប្រឈមបាត់បង់ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហានេះ ថែមទាំងបង្កឱ្យកើតមានបញ្ហារំលោភលើសិទ្ធឯកជនភាពបុគ្គល និងធ្វើឱ្យសីលធម៌សង្គមកាន់តែធ្លាក់ចុះ។
ព្រះតេជព្រះគុណ ទេព ច័ន្ទសារិន្ទ៖«បើយើងគិតអំពីផលវិបត្តិ ទាក់ទងការប៉ាតម្សៅ នេះ មានអ្នកខ្លះប៉ាតម្សៅហើយបន្លំយកខ្សែក ឬដោះក្រវិល ឬអ្នកខ្លះហ្នឹងបន្លំលើសហ្នឹងអ៊ីចឹងទៅពរ។ វាហួសព្រំដែន ពេលខ្លះអាចថា គេមិនពេញចិត្តនាំឱ្យកើតមានជម្លោះដែរ។ ម្យ៉ាងទៀត ក៏ជាការយើងទៅគាំទ្រវប្បធម៌បរទេស ហើយធ្វើឱ្យល្បែងប្រជាប្រិយខ្មែរ ជាអត្តសញ្ញាណជាតិរបស់យើងវាបាត់បង់ទៅដោយសារតែយើងអត់សូវបានចាប់អារម្មណ៍»។
បើទោះបីជាមានយុវជនមួយចំនួនមិនចាប់អារម្មណ៍លេងល្បែងប្រជាប្រិយខ្មែរក្តី ក៏មានសិស្សនិស្សិតនៅតាមសាលារៀន និងសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន នៅតែបន្តនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ ដូចជា វាយក្អម ស្វាដណ្ដើមស្លឹកឈើ និងល្បែងចោលឈូងដែរ។ សិស្សានុសិស្សតាមវិទ្យាល័យក្នុងខេត្តមួយចំនួន ដូចជាខេត្តកំពត ស្ទឹងត្រែង និងកំពង់ធំជាដើម នាំគ្នាសង់រោងប្រក់ពីស្បូវនៅតាមសាលារៀន ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងឱកាសពិធីចូលឆ្នាំខ្មែរ។
ព្រះសង្ឃ និងយុវជនព្រមានថា ល្បែងប្រជាប្រិយខ្មែរមួយចំនួនអាចប្រឈមនឹងការបាត់បង់បន្តិចម្ដងៗ ប្រសិនបើរដ្ឋាភិបាលគ្មានវិធានការដោះស្រាយបញ្ហានេះ។ ក្រុមយុវជន និងព្រះសង្ឃជំរុញដល់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងយន្តការអប់រំដល់យុវជនឱ្យឈ្វេងយល់អំពីការអភិរក្សវប្បធម៌ខ្មែរគ្រប់ទម្រង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។