អតីតអ្នកបើកបររថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនភ្នំពេញ សុរិយា ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារកាលពីខែមេសា ឲ្យដឹងថា ក្រុមហ៊ុនបានបដិសេធចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលសម្រេចឲ្យក្រុមហ៊ុនទទួលពួកគេត្រឡប់ចូលធ្វើការវិញ។ តំណាងក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុននឹងចរចាជាមួយអ្នកបើកបរទាំងនោះឲ្យទទួលសំណងជាថ្នូរនៃការបញ្ឈប់ការងារ។
ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ អតីតអ្នកបើកបរចំនួន ១៧នាក់ ដែលក្រុមហ៊ុនបញ្ឈប់ពីការងារនឹងជួបចរចាជាមួយក្រុមហ៊ុននៅថ្ងៃអង្គារ ទី២២ កក្កដា។
តំណាងកម្មករ លោក យឹម គុយបា និងជាអនុប្រធានសហជីពដែលគ្រោងនឹងបង្កើតនៅក្រុមហ៊ុនឲ្យដឹងថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញសេចក្ដីបង្គាប់កាលពីថ្ងៃទី៤ កក្កដា អនុញ្ញាតឲ្យអតីតអ្នកបើកបរជាបុគ្គលិក ១៥នាក់ ក្នុងចំណោម ១៧នាក់ ចូលធ្វើការវិញ។ រីឯ ២នាក់ទៀត ក្រុមហ៊ុនត្រូវបើកប្រាក់ផ្តាច់កិច្ចសន្យាដល់ពួកគេ។
ប៉ុន្តែការសម្រេចនោះ ត្រូវក្រុមហ៊ុនបដិសេធ។ លោកបន្តថា ពួកគាត់បានដាក់លិខិតមួយសុំចរចាជាមួយក្រុមហ៊ុន ហើយក្រុមហ៊ុនបានយល់ព្រមតាមសំណើ ដោយសម្រេចជួបចរចាគ្នាពីរឿងនេះនៅថ្ងៃអង្គារ ទី២២ កក្កដា៖ «សំឡេង»។
ជុំវិញបញ្ហានេះ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនឡានភ្នំពេញ សុរិយា ដឹកអ្នកដំណើរ លោក ចាន់ សុផាន់ណា មិនទាន់អាចប្រាប់ពីជំហរក្រុមហ៊ុនក្នុងការជួបចរចាជាមួយអតីតអ្នកបើកបរដែលក្រុមហ៊ុនបញ្ឈប់នោះនៅឡើយទេ។
តែមេធាវីឲ្យក្រុមហ៊ុននេះ គឺលោក ស៊ីណាល់ បញ្ជាក់ថា តាមគម្រោង ក្រុមហ៊ុននឹងចរចាជាមួយពួកគេឲ្យទទួលយកសំណងមួយសមរម្យដើម្បីបញ្ចប់រឿងនេះ។ មេធាវីរូបនេះ មិនបានទម្លាយពីប្រាក់សំណងដែលគ្រោងនឹងផ្ដល់ឲ្យនោះទេ ដោយប្រាប់ថា វាអាស្រ័យលើការត្រូវរ៉ូវគ្នារវាងភាគីទាំងសងខាង។ ប៉ុន្តែលោកអះអាង ប្រសិនបើភាគីកម្មករមិនព្រមទទួលសំណងទេនោះ ភាគីក្រុមហ៊ុននឹងទុកឲ្យតុលាការជាអ្នកសម្រេច៖ «សំឡេង»។
ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរភ្នំពេញ សុរិយា បានបញ្ឈប់អ្នកបើកបរចំនួន ១៧នាក់ កាលពីខែមេសា ដោយប្រាប់ថា ក្រុមហ៊ុនអត់ការងារធ្វើ ហើយត្រូវកាត់បន្ថយបុគ្គលិក។ តែបើតាមការអះអាងពីបុគ្គលិកប្រាប់ថា មូលហេតុពិតប្រាកដដែលក្រុមហ៊ុនបញ្ឈប់ពួកគេនោះ គឺនៅពេលដែលពួកគេគ្រោងបង្កើតសហជីពមួយក្នុងក្រុមហ៊ុនដើម្បីការពារផលប្រយោជន៍ឲ្យបុគ្គលិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។